ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី មិនខ្លាចការធ្វើបាបទេ ព្រោះការទាមទារផលប្រយោជន៍សម្រាប់គ្រូបង្រៀនគឺជាឆន្ទៈកើតចេញពីបេះដូង។ ថ្វីត្បិតពេលនេះ អ្នកស្រី រងការធ្វើបាបពីជនមិនស្គាល់មុខបណ្ដាលឲ្យរងរបួសធ្ងន់ និងមានជនមិនស្គាល់ឃ្លាំមើលជាប្រចាំ ប៉ុន្តែអ្នកស្រីប្ដេជ្ញាថា ដរាបណា នៅមានកម្លាំងអ្នកស្រី មិនរួញរា ក្នុងការធ្វើសកម្មភាពទាមទារផលប្រយោជន៍សម្រាប់គ្រូបង្រៀននិង លោក រ៉ុង ឈុន ឡើយ។
កំពុងសម្រាកព្យាបាលបន្ទាប់ពីនិយាយពីការធ្វើបាប និងការរើសអើង អ្នកស្រី អ៊ុក ឆាយាវី ថ្លែងមិនអស់សេចក្ដីទេ ព្រោះចាប់តាំងពីផ្ដើមប្រឡូកក្នុងការងារសមាគមគ្រូបង្រៀនឯករាជ្យនៅឆ្នាំ២០០០ ជាមួយ លោក រ៉ុង ឈុន មក គ្រូបង្រៀនស្ត្រីរូបនេះជួបប្រទះការធ្វើបាប មិនចាញ់លោក រ៉ុង ឈុន ប៉ុន្មានឡើយ។ តែយ៉ាងណា អ្នកស្រី អ៊ុក ឆាយាវី មានកម្លាំងចិត្តធ្វើការជានិច្ចនិងមិនដែលខ្វល់ខ្វាយពីការធ្វើបាបទាំងឡាយព្រោះ អ្នកស្រី មានគោលដៅមួយ គឺចង់ឲ្យគ្រូបង្រៀនទទួលបានផលប្រយោជន៍រស់នៅក្នុងជីវភាពថ្លៃថ្នូរ និងម្យ៉ាងដោយសារអ្នកស្រីស្ញប់ស្ញែង និងវីរភាពរបស់ លោក រ៉ុង ឈុន។
មានមាឌធំ សម្បុរខ្មៅអ្នកស្រី អ៊ុក ឆាយាវី គឺជាគ្រូកីឡាកម្រិតមូលដ្ឋាន នៃវិទ្យាល័យព្រះជ័យវរ្ម័នទី៧ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ អ្នកស្រី ចាប់ផ្ដើមចេញបង្រៀននៅឆ្នាំ១៩៩៤។ អំឡុងនោះ អ្នកស្រី សម្រាលកូនប្រុសដំបូង តែមិនទទួលបានលុយគោលនយោបាយឆ្លងទន្លេរបស់រដ្ឋទេ ។ ប៉ុន្មានឆ្នាំក្រោយមក នៅពេលសម្រាលកូនស្រីទី២ អ្នកស្រី បានទាមទារលុយរដ្ឋជួយគ្រូបង្រៀនជាស្ត្រី ចំនួនមួយសែន (១០០ ០០០)រៀល ក្នុងការផ្ដល់ឲ្យសម្រាប់សម្រាលកូន។ អ្នកស្រី បានខំប្រឹងទាមទារច្រើនលើកច្រើនសា ក៏ទទួលបានលុយនោះ ទើបធ្វើឲ្យគ្រូបង្រៀនរូបនេះ យល់ថា មានតែការធ្វើសកម្មភាពទាមទារទេ ទើបគ្រូបង្រៀនទទួលបានអត្ថប្រយោជន៍របស់ខ្លួន៖ « សឹងតែគ្រប់ខេត្តក្រុង អ្នកដែលឆ្លងទន្លេ អត់បានទទួលថវិកាពីរដ្ឋាភិបាល ដូចការប្រកាសទេ។ អ្វីដែលរដ្ឋាភិបាល ប្រកាសយើងចាំ យើងកត់ទុក នាយករដ្ឋមន្ត្រី បានប្រកាសថា អ្នកដែលឆ្លងទន្លេ អ្នកកើតកូនមួយ ត្រូវទទួលបានប្រាក់ឧបត្ថម្ភប៉ិននេះៗ។ ដល់ពេលខ្ញុំខ្លួនឯង កូនទី១ គឺខ្ញុំអត់បាន។ យើងសួរគេទៅ គេថា លុយអត់ធ្លាក់មក។ ដល់ពេលកូនទី២ ខ្ញុំទាមទារបានជោគជ័យ។ នេះពិតជាលុយដែលរដ្ឋាភិបាលបានឲ្យ។ យើងឃើញថា បើគ្មានការទាមទារគឺច្បាស់ជាអត់បាន។ ឆន្ទៈរបស់ខ្ញុំដែលឃើញថា ការទាមទារបានជោគជ័យ ហើយនិងភាពស្មោះត្រង់ឆន្ទៈ របស់លោក រ៉ុង ឈុន ដែលដឹកនាំសមាគមហ្នឹង ឃើញគោលការណ៍របស់គាត់ »។

អ្នកស្រី អ៊ុក ឆាយាវី គឺជាមន្ត្រីរាជការក្លាហានក្នុងការនិយាយរិះគន់រដ្ឋាភិបាលដោយមិនខ្លាចញញើត។ អ្នកស្រីហ៊ានដឹកនាំគ្រូបង្រៀនចេញធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗរាល់ឆ្នាំ។ អ្នកស្រី ក៏តែងតែចូលរួមទាមទារឲ្យដោះលែងលោក រ៉ុង ឈុន វិញដែរ ។ សកម្មភាពតវ៉ាកន្លងមក អ្នកស្រី ក៏រងការព្រមាននិងធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ដូចជារងការឃ្លាំមើលពីជនមិនស្គាល់មុខ រកការគំរាមកំហែង ដោយប្រយោល និងរងការរើសអើងនៅកន្លែងធ្វើការជាដើម៖ « ទៅអង្គុយកន្លែងណា ខ្ញុំឈរកន្លែងណា អត់មានអ្នកមកជិតយើងទេ ព្រោះអ្វីគេគិតថា មកជិតយើងច្បាស់ជាត្រូវគេលាបពណ៌ថា ជាបក្ខពួករបស់យើង។ មានការរើសអើងណាស់។ ម្យ៉ាងទៀត នៅសាលាដទៃ អ្នកដឹកនាំ ( សាលា ) គេប្រាប់ថា បើឃើញខ្ញុំ នៅឲ្យឆ្ងាយ »។
ក្នុងវ័យ ៤៦ឆ្នាំ អ្នកស្រី អ៊ុក ឆាយាវី រងការធ្វើបាបខ្លាំងជាងរាល់ដង។ ក្រុមជនមិនស្គាល់មុខច្រើននាក់ បានចាប់ផ្ដួលម៉ូតូអ្នកស្រី ពេលកំពុងបើកបរលើផ្លូវ កាលពីថ្ងៃទី១០ សីហា បណ្ដាលឲ្យដួលសន្លប់នៅលើផ្លូវនិងហូរឈាមច្រើនកន្លែង។ អ្នកស្រីចោទជនមិនស្គាល់មុខថា ប៉ុនប៉ងសម្លាប់អ្នកស្រី ក្រោមរូបភាពគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែយ៉ាងណា ប្រធានសមាគមគ្រូបង្រៀនរូបនេះ មិនជឿជាក់លើនគរបាលថា អាចស្វែងរកយុត្តិធម៌ឲ្យអ្នកស្រីបានទេ។ អ្នកស្រី សុខចិត្តប្ដឹងទៅអង្គការគ្រូបង្រៀនពិភពលោក និងក្រុមអង្គការសិទ្ធិមនុស្សឲ្យជួយឃ្លាំមើលព្រោះគ្មានជឿទាល់តែសោះថា ប៉ូលិសអាចរកយុត្តិធម៌ឲ្យបាន៖ « ទោះបីខ្ញុំប្ដឹង ក៏គ្មានយុត្តិធម៌ដែរ នៅស្រុកខ្មែរ។ អ៊ីចឹង ខ្ញុំគ្រាន់តែដាក់លិខិតទៅសង្គមស៊ីវិល ឲ្យគេជួយឃ្លាំមើលខ្ញុំតែប៉ិនហ្នឹង ហើយនិងដាក់ទៅ EI អ៊ីចឹងទៅ។ បើឲ្យខ្ញុំដាក់ ( ប្ដឹងទៅប៉ូលិស ) ខ្ញុំគ្មានពេលវេលាឯណា ឲ្យគេកោះហៅខ្ញុំ បន្តិចកោះហៅ បន្តិចកោះហៅ។ ម្យ៉ាងសុខភាពខ្ញុំក៏អត់សូវស្រួល »។
បច្ចុប្បន្នមុខរបួសរបស់អ្នកស្រី អ៊ុក ឆាយាវី ចាប់ផ្ដើមធូរស្រាលវិញខ្លះហើយ ក្រោយពីសម្រាកព្យាបាលជាច្រើនថ្ងៃមក ពេលនេះ អ្នកស្រីអាចបរិភោគអាហារបានគ្រាន់បើជាងមុន និងអាចនិយាយបានខ្លះ។
ទាក់ទងនឹងក្រុមជនមិនស្គាល់មុខច្រើននាក់ចាប់ផ្ដួលម៉ូតូអ្នកស្រី អ៊ុក ឆាយាវី នេះអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា នគរបាលមិនអាចបើកការស្រាវជ្រាវ ឬស្វែងរកចាប់ខ្លួនជនបង្កបានទេ ដោយសារគ្មានពាក្យប្ដឹងរបស់ជនរងគ្រោះ។ មន្ត្រីប៉ូលិសរូបនេះបដិសេធករណីជនមិនស្គាល់មុខឃ្លាំមើល ប្រធានសមាគមគ្រូបង្រៀនរូបនេះ និងជំរុញឲ្យអ្នកស្រី អ៊ុក ឆាយាវី ដាក់ពាក្យប្ដឹង ក្នុងនាមជាពលរដ្ឋល្អ ដើម្បីសហការជាមួយសមត្ថកិច្ច៖ « សិទ្ធិរបស់គាត់ ខ្លួនគាត់ មានបញ្ហាគាត់មិនទៅប្ដឹង តើយើងខ្ញុំមានមូលដ្ឋានអ្វី សម្រាប់បម្រើការងារហ្នឹង ទី១។ ទី២ គាត់ជាប្រជាពលរដ្ឋល្អ គាត់មានកាតព្វកិច្ចទៅប្ដឹងសមត្ថកិច្ចផ្ដល់ព័ត៌មានទៅសមត្ថកិច្ចបានវាត្រឹមត្រូវ។ ដោយឡែកការសង្ស័យថា មានជនស៊ីវិលសង្ស័យជនស៊ីវិល ជាសមត្ថកិច្ច អាហ្នឹង គឺជាការខ្លាចស្រមោលខ្លួនឯងទេ។ ខ្ញុំជឿថា សមត្ថកិច្ចគ្មានពេលវេលាណា ចំណាយ រកពេលរកកម្លាំងធ្វើការមិនមានផង មានពេលវេលាឯណាទៅតាមដានមនុស្សម្នាក់។ គាត់មានបញ្ហាអ្វីខ្លួនឯង អានេះ គាត់ខ្លាចស្រមោលខ្លួនឯងផង ក៏មិនដឹង »។
កូនស្រី របស់អ្នកស្រី អ៊ុក ឆាយាវី កញ្ញា យិន ម៉ូលីនី ប្រាប់ថា ទោះជាយ៉ាងណា ក្រុមគ្រួសារគ្មានជំនឿថា ប៉ូលិសអាចផ្ដល់យុត្តិធម៌ឲ្យបានទេ ព្រោះម្ដាយរបស់កញ្ញាធ្លាប់រងការធ្វើបាប ច្រើនដងហើយ មិនដែលទទួលបានយុត្តិធម៌ទេ គឺមានតែរងគ្រោះជាងមុន។ កញ្ញាសង្ឃឹមថា អង្គការ និងស្ថានទូតនានាជួយអន្តរាគមន៍ករណីនេះ ទើបមានយុត្តិធម៌ សម្រាប់ម្ដាយកញ្ញា៖ « គាត់ជួយជ្រោមជ្រែងគ្រូបង្រៀនកម្មករ។ គាត់ដើរតែជួយគេខាងសង្គម ហើយគាត់មិនសាកសម នឹងទទួលការគំរាមកំហែងបែបនេះទេ។ អត់សមទាល់តែសោះហ្មង អ្នកស្រលាញ់ជាតិត្រូវជាក់គុក អ្នកស្រលាញ់ជាតិត្រូវជួបឧបទ្ទវហេតុដោយចៃដន្យអ៊ីចឹង »។
យុវតីវ័យ២០ឆ្នាំដដែល បន្តថា កញ្ញា និងឪពុករបស់កញ្ញា មានមោទនភាពចំពោះសកម្មភាពការងារ និងឆន្ទៈរបស់ អ្នកស្រី អ៊ុក ឆាយាវី។ កញ្ញា ថា អ្នកម្ដាយមិនដែលរួញរាក្នុងការតវ៉ា ដើម្បីផលប្រយោជន៍គ្រូបង្រៀនឡើយ បើទោះជាជនមិនស្គាល់មុខ ឃ្លាំមើលឬធ្វើបាប ដូចសព្វថ្ងៃនេះក៏ដោយ។
ក្នុងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមិនមែនតែអ្នកស្រី អ៊ុក ឆាយាវី និងលោក រ៉ុង ឈុន ទេ ដែលរងការធ្វើបាបយ៉ាងហោចណាស់ មានសមាជិកគ្រូបង្រៀនឯករាជ្យជាង១០នាក់ផ្សេងទៀត រងការធ្វើទុក្ខបុកម្នេញ ជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៨មក។ អ្នកទាំងនោះ មានដូចជា ក្រុមគ្រូបង្រៀន១១នាក់ រួមទាំង លោក រ៉ុង ឈុន ផង ត្រូវលុបឈ្មោះចេញពីក្រសួងអប់រំ ដោយចោទថា ក្រុមគ្រូទាំង១១នាក់ អវត្តមាន។ ក្នុងចំណោមអ្នកទាំង១១នាក់ មាន២នាក់ គឺ លោកគ្រូ ជុំ ចាន់ និង លោកគ្រូពៀត ម៉ាប់ ត្រូវបានចាប់ខ្លួន ដោយចោទពីបទញុះញង់យោធា កុំឲ្យស្ដាប់បញ្ជា។ ចំណែក២នាក់ទៀត គឺ លោកគ្រូ កែវ ថៃ និង លោកគ្រូ ស៊ុន ធន់ ត្រូវចាប់ឃុំខ្លួន កាលពីដើមខែមិថុនា ពីបទចោទដូចគ្នា។
អ្នកគ្រូ អ៊ុក ឆាយាវី ប្រាប់ថា ការធ្វើបាបការចាប់ខ្លួន ការគំរាមកំហែង ការលាបពណ៌និងការបំបិទសិទ្ធិសេរីភាពទាំងឡាយបណ្ដាលឲ្យសមាគមគ្រូបង្រៀនឯករាជ្យ ពិបាកធ្វើកិច្ចការងារជួយគ្រូបង្រៀនរងគ្រោះ ហើយក៏ពិបាកទាមទារផលប្រយោជន៍សម្រាប់គ្រូបង្រៀនដែរ។ លើសពីនេះ ការគាបសង្កត់ទាំងនេះ ធ្វើឱ្យគ្រូបង្រៀនខ្លាចមិនហ៊ានចូលរួមជាមួយសមាគមគ្រូបង្រៀនឯករាជ្យទៀតផង។ អ្នកស្រីប្រាប់ថា មន្ត្រីក្រសួងអប់រំ បានបន្ថែមការព្រមានទៀតលើសមាជិកសមាគមគ្រូបង្រៀនឯករាជ្យថា មិនឲ្យចូលរួមសកម្មភាពបាតុកម្ម តវ៉ា ទាមទារដោះលែង លោក រ៉ុង ឈុន ទៀតផង។
សមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យម្នាក់ សុំលាក់ឈ្មោះ សោកស្ដាយចំពោះការធ្វើបាបអ្នកស្រី អ៊ុក ឆាយាវី។ លោកអះអាងថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ជាសមាគមជួយការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់គ្រូបង្រៀន ដូច្នេះ មិនគួររងការធ្វើទុក្ខបុកម្នេញលើសមាគមឡើយ។ លោកថា សមាគមគ្រូបង្រៀនឯករាជ្យតែងតែជួយទាមទារផលប្រយោជន៍សម្រាប់គ្រូបង្រៀនទាំងអស់៖ « ការជួយទៅលើគ្រូបង្រៀន នូវអ្វី ជាភាពមិនធម្មតា។ កាលពីមុខវាមានម៉ោងលើស ឬមានបញ្ហាណារំលោភសិទ្ធិទៅលើគ្រូបង្រៀនអ៊ីចឹងទៅ ហ្នឹងឧទាហរណ៍ទេណា ការផ្លាស់ប្ដូរដោយមិនបានការសម្រេចចិត្តពីម្ចាស់ខ្លួន និយាយរួមឲ្យតែបញ្ហាគ្រូ បញ្ហាណាកើតទៅលើគ្រូ គឺសមាគមគ្រូហ្នឹង គាត់ជួយអន្តរាគមន៍ទៅលើផ្នែកគ្រូ។ អ៊ីចឹង ដោយសារមានលក្ខន្តិកច្រើន ខ្ញុំអត់បាននិយាយអស់អ៊ីចឹងណា។ យើងមើលទៅលក្ខន្តិកហ្នឹងល្អ យើងជាបុគ្គលិកសិក្សា យើងត្រូវតែចូលអ៊ីចឹងណា »។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង្កើតឡើងកាលពីឆ្នាំ១៩៩៦ ដោយ លោក រ៉ុង ឈុន។ កាលពីបង្កើតដំបូងមានសមាជិកចំនួន៣០នាក់។ បច្ចុប្បន្នប្រធានសមាគម អ្នកស្រី អ៊ុក ឆាយាវី ថា បើទោះរកការគំរាម និងរើសអើង តែសមាគមនេះ មានសមាជិកច្រើន (និងជាសមាជិកនៃអង្គការអប់រំអន្តរជាតិ (Education International) ដែលមានគ្រូបង្រៀនទូទាំងពិភពលោក ជាងពីរលាននាក់។ អង្គការអប់រំអន្តរជាតិមួយនេះ ក៏ធ្លាប់សរសេរលិខិត២ច្បាប់ផ្សេងគ្នា ផ្ញើជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារដោះលែង លោក រ៉ុង ឈុន និងសម្ដែងការព្រួយបារម្ភពីការធ្វើទុក្ខបុកម្នេញអ្នកស្រី អ៊ុក ឆាយាវី។
ទោះជាយ៉ាងណា អ្នកស្រី អ៊ុក ឆាយាវី ប្ដេជ្ញាថា នៅក្រោយពេលព្យាបាលជាសះស្បើយ អ្នកស្រីនឹងបន្តការទាមទារឲ្យដោះលែង លោក រ៉ុង ឈុន និងរក្សាជំហរទាមទារផលប្រយោជន៍ សម្រាប់គ្រូបង្រៀនដោយមិនតក់ស្លុតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។