ស្ត្រីម្នាក់រស់នៅរាជធានីភ្នំពេញបានប្រើជីវិតចុងក្រោយរបស់ខ្លួនចូលរួមតស៊ូមតិ សុំឱ្យតុលាដោះលែងសកម្មជនសង្គម ព្រះសង្ឃ និងសកម្មជននយោបាយ ជាបន្តបន្ទាប់។ នៅឆ្នាំ២០២០នេះ ស្ត្រីរូបនេះតែងតែរងការវាយដំពីសំណាក់អាជ្ញាធរក្រុងភ្នំពេញក្នុងពេលចូលរួមតវ៉ាបណ្ដាលឱ្យរបួសធ្ងន់ធ្ងរជាច្រើនលើក។ កាលពីថ្ងៃទី២៣ តុលា លោកស្រីត្រូវកងសន្តិសុខបានវាយធ្វើបាប និងចាប់សែងដូចសត្វជ្រូកក្នុងពេល ដែលលោកស្រីចូលរួមដាក់ញត្តិជាមួយក្រុមក្រុមស្ត្រីប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ នៅមុខស្ថានទូតចិនប្រចាំនៅក្រុងភ្នំពេញ។ លោកស្រី សាត ផា ថ្លែងថា បើទោះជាលោកស្រីកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យក្ដី ក៏លោកស្រីនៅតែប្រកាន់ជំហរចូលរួមតស៊ូមតិតទៅមុខទៀតដោយមិនមានការរាថយឡើយ។
តើហេតុអ្វីបានជាស្ត្រីរូបនេះប្ដូរជីវិតចូលរួមតស៊ូមតិយ៉ាងសកម្មបែបនេះ?
លោកស្រី សាត ផា សម្បុរជ្រះ និងមាឌរាងដំបង មានស្រុកកំណើតនៅខេត្តកំពង់ចាម រៀបរាប់ឱ្យអាស៊ីសេរីដឹងថា លោកស្រីបានមករស់នៅរាជធានីភ្នំពេញជាង ២០ឆ្នាំហើយ ដោយដំបូងឡើយជាអ្នកលក់ចេកចៀនតាមចិញ្ចើមផ្លូវ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ ស្ត្រីវ័យ ៤៧ឆ្នាំរូបនេះបន្ថែមថា ក្រោយមកអំឡុងឆ្នាំ២០០៧ លោកស្រីបានក្លាយជាពលរដ្ឋម្នាក់នៅក្រុងភ្នំពេញ នៅតំបន់បឹងកក់ ហើយក្លាយជាអ្នកតស៊ូមតិ ដើម្បីការពារដីរបស់ខ្លួន។ លោកស្រីនិយាយទាំងអួលដើមកទៀតថា ដោយសារមានប្រវត្តិឈឺចាប់ពីមុនមក ដែលជាប្រជាពលរដ្ឋរងគ្រោះដីធ្លីតំបន់បឹងកក់នោះ បានជំរុញឱ្យលោកស្រីមានចិត្តស្រឡាញ់ប្រទេសជាតិកាន់តែខ្លាំង។ លោកស្រីប្រាប់ថា ការតស៊ូរបស់លោកស្រីអំឡុងពេលនេះ គឺចង់ឱ្យប្រទេសកំណើតដ៏តូចមួយនេះមានយុត្តិធម៌សង្គម និងមានប្រជាធិបតេយ្យ ដើម្បីឱ្យពលរដ្ឋខ្មែររស់នៅមានសុខសន្តិភាពយ៉ាងពិតប្រាកដ ដោយមិនមានការចាប់មនុស្សតាមអំពើចិត្តដូចសព្វថ្ងៃទៀត៖ «ខ្ញុំចង់បានប្រទេសរបស់ខ្ញុំឱ្យមានសន្តិភាពពិតប្រាកដកុំឱ្យពលរដ្ឋយើងទៅនៅប្រទេសគេរងទុក្ខលំបាកណាស់ អ្នកខ្លះបាត់បង់ជីវិតចោលកូន ចោលក្រុមគ្រួសារ។អីចឹងខ្ញុំផ្ដាំឱ្យពុក ម៉ែបងប្អូនហ៊ានងើបឈរឡើងដូចខ្ញុំកុំខ្លាច មុននឹងក្រោយគង់តែគេសម្លាប់យើងទេ ជំនាន់អាពត ឆ្អែតហើយ ខ្ញុំកើតមកទាន់ក៥ គេសម្លាប់ឪពុកខ្ញុំ រស់នៅវេទនាណាស់។ម៉ែខ្ញុំចិញ្ចឹមខ្ញុំវេទនាណាស់គាត់បានប្រាប់ខ្ញុំពីថ្ងៃមុនគាត់ថា គាត់មិនដែលឱ្យស្រមោចខាំកូនមួយទេ ស្រណោះដែលគេវាយកូន » ។
ចាប់តាំងពីដើមឆ្នាំ២០២០មកលោកស្រីសាត ផា តែងចូលរួមយ៉ាងសកម្មជាមួយក្រុមស្ត្រី ដែលជាប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ តវ៉ាទាមទារឱ្យតុលាការដោះលែងសកម្មជននយោបាយទាំងនោះវិញ។ លោកស្រីចាត់ទុកការចាប់ខ្លួន សកម្មជននយោបាយ ព្រះសង្ឃ សកម្មជនសង្គម និងអ្នកចំរៀងរែបសរុបជិត៤០នាក់កន្លងមកនេះ គឺជារឿងអយុត្តិធម៌បំផុត ពីព្រោះលោកស្រីជឿជាក់ថា ពួកគាត់ទាំងនោះមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។ កន្លងមកលោកស្រីតែងតែចូលរួមសម្ដែងមតិជាមួយប្រពន្ធសកម្មជនគណបក្សប្រឆាំង យុវជនខ្មែរថាវរៈ និងព្រះសង្ឃដើម្បីឱ្យមានយុត្តិធម៌សង្គម ជាបន្តបន្ទាប់។ ការតវ៉ាកន្លងទៅលោកស្រីតែងតែរងការវាយដំពីសំណាក់កងសន្តិសុខ ខណ្ឌ៧មករា ខណ្ឌដូនពេញ និងសន្តិសុខខណ្ឌចំការមនម្ដងហើយម្ដងទៀត បណ្ដាលឱ្យលោកស្រីរបួសធ្ងន់ចំនួន៣លើករួចមកហើយ៖ «នៅស្ថានទូតចិនដាក់រាប់រាយមកបង្ក្រាបពួកនាងខ្ញុំ ហើយចាប់ពួកខ្ញុំ៣នាក់ឡើងលើឡាន រហូតគេចាប់ខ្ញុំបោកគេរុញខ្ញុំប្រតាយប្រតប់ខ្ញុំ ឱ្យខ្ញុំដោលហើយគេជាន់ខ្ញុំ គេសែងខ្ញុំបោះដូចជាខ្ញុំអ្នកទោសឧក្រិដ្ឋ។និយាយទៅពួកគាត់សាហាវចំពោះខ្ញុំណាស់ខាងរដ្ឋាភិបាលហ្នឹងសាហាវមែនទែន។និយាយទៅរបបគាត់ផ្ដាច់ការយកមែនទែនគាត់ធ្វើបាបប្រជាពលរដ្ឋគ្រាន់តែមានម្រាមដៃ១០អត់មានអាវុធនៅលើដៃទេ គឺសាហាវមែនទែនគាត់ធ្វើបាបពួកខ្ញុំនេះ » ។
លោកស្រី សាត ផា មានកូនស្រីម្នាក់ប្រុសម្នាក់ ប៉ុន្តែពួកគេមានគ្រួសារ ហើយបានបែកផ្ទះទៅរស់នៅតាមខេត្តអស់ហើយ ។សព្វថ្ងៃលោកស្រីគឺជាស្ត្រីមេម៉ាយរស់នៅរាជធានីភ្នំពេញម្នាក់ឯង។ ស្ត្រីរូបនេះសង្ឃឹមថា ការតវ៉ារបស់លោកស្រី នៅថ្ងៃខាងមុខ កម្ពុជានឹងទទួលបានយុត្តិធម៌ពេញលេញ។
ចំណែកប្រពន្ធសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតបក្សសង្គ្រោះជាតិរាជធានីភ្នំពេញលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងថា លោកស្រី សាត ផា គឺជាស្ត្រីខ្មែរម្នាក់ដែលមានមនសិការជាតិ និងស្រលាញ់យុត្តិធម៌ដែលពិបាករក។លោកស្រីឱ្យដឹងថា ក្នុងពេលចូលរួមតវ៉ាជាមួយពួកលោកស្រីម្ដងៗ លោកស្រីជាមនុស្សក្លាហានជាងគេ និងនិយាយតមាត់ជាមួយអាជ្ញាធរមិនភ័យខ្លាចការចាប់ខ្លួននោះឡើយ៖ «ខ្ញុំបានទៅពេទ្យទៅមើលគាត់ខ្ញុំសួរគាត់ថា បងចុះបើជើងបងពិការត្រូវវះយ៉ាងម៉េចទៅ គាត់ថាគាត់ប្ដូរជីវិតហើយ បាក់ជើងអីគាត់ហ្នឹងទៅ គាត់ថាប្រសិនបើដល់ដំណាក់ហ្នឹងមែន គាត់ឈឺចាប់គាត់ទិញសាំងដុតខ្លួនឯង។ ខ្ញុំថាបងកុំដល់ថ្នាក់ហ្នឹងពេក ខ្ញុំស្ងើចសរសើរគាត់ព្រោះខ្ញុំធ្វើអត់បានដូចគាត់ទេ ព្រោះខ្ញុំអត់ដែលធ្លាប់ទើបតែលើកទីមួយរបស់ខ្ញុំ ហើយខ្លួនគាត់តែមួយគាត់អត់ខ្វល់ទេហើយខ្ញុំមិនដែលបានហៅគាត់ទេ គាត់មកជួយតវ៉ាដោយខ្លួនឯង » ។
កាលពីថ្ងៃទី២៣តុលា លោកស្រីសាត ផា ត្រូវបានប៉ូលិសនិងកងសន្តិសុខនៅខណ្ឌចំការមន វាយដោយដៃផង អុកនឹងក្បាលជង្គង់ផងរហូតលោកស្រីដួលសន្លប់ ។ បន្ថែមពីនេះ អាជ្ញាធរបានចាប់ដៃចាប់ជើងលោកស្រីសែងក្នុងពេលដែលលោកស្រីចូលរួមដាក់ញត្តិជាមួយក្រុមស្ត្រីប្រពន្ធសកម្មជនគណបក្សប្រឆាំងប្រមាណ ២០នាក់នៅមុខស្ថានទូតចិនប្រចាំនៅក្រុងភ្នំពេញ ទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ និងប្រទេសហត្ថលេខីទាំងអស់ គោរពនិងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឲ្យបានត្រឹមត្រូវ។

លោកស្រីសាត ផា ត្រូវបានក្រុមស្ត្រីអ្នកចូលរួមតវ៉ាជាមួយលោកស្រីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅក្រុងភ្នំពេញតាំងពីរសៀលថ្ងៃទី២៣ តុលា មកមិនទាន់បានធូរស្រាលនៅឡើយទេ។ លោកស្រីឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ តុលាលោកស្រីឈឺចុកចាប់ពេញខ្លួន ជាពិសេសរបួសចាស់ត្រង់ក្បាលជង្គង់ដែលកងសន្តិសុខខណ្ឌ ៧មករា ចាប់រុញបញ្ចូលឡានក្នុងពេលតវ៉ាកាលពីខែសីហាកន្លងទៅ។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា ការបង្ក្រាបពលរដ្ឋទាំងនោះ ដោយសារពួកគាត់តវ៉ាដោយគ្មានការជូនណឹង ឬការអនុញ្ញាតពីអាជ្ញាធរក្រុងភ្នំពេញឡើយ។ លោក បន្ថែមថាអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែចាត់វិធានការដើម្បីការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូន ស្ថានទូតបរទេសនៅកម្ពុជា។
ចំណែកប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)លោក នី សុខា កត់សំគាល់ថា ការតវ៉ារបស់ក្រុមស្ត្រីប្រពន្ធសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ឃុំនោះ ជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ។លោកចាត់ទុកការបង្ក្រាបដោយហិង្សារបស់កងសន្តិសុខក្រុងភ្នំពេញនោះ គឺជាការបិទសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋដោយខុសច្បាប់ និងជាការដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ៖ «ខ្ញុំគិតថាមិនមែនជាគោលការណ៍ប្រជាធិបតេយ្យទេ ពីព្រោះគោលការណ៍ប្រជាធិបតេយ្យមិនមានសុទ្ធតែមតិស្របទេ គឺវាមានមតិស្របនិងមតិផ្ទុយ។ហើយមតិផ្ទុយមិនមែនសុទ្ធតែជាខ្មាំងសត្រូវរបស់អាជ្ញាធរនោះទេ មតិផ្ទុយហ្នឹងក៏ត្រូវអាជ្ញាធរយកទៅពិចារណាទៅ ត្រង់ថាដោះស្រាយយ៉ាងម៉េចត្រូវតែមានការពន្យល់ ត្រូវតែមានហេតុផលសមសម្រប ត្រូវតែមានការដោះស្រាយបញ្ហាឱ្យបានសមស្របដូចរដ្ឋធម្មនុញ្ញបាននិយាយហើយ និយាយអំពីសំណើនិយាយអំពីកង្វល់របស់ប្រជាពលរដ្ឋត្រូវតែបានទទួលយកទៅដោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់អង្គការរដ្ឋ » ។
កន្លងទៅអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានថ្កោលទោសចំពោះក្រុមប៉ូលិស និងក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ដែលចាប់អូសស្ត្រី អ្នកតវ៉ាតាមដងផ្លូវ និងចាប់បោះពួកគេចូលក្នុងឡាន ថាជាអំពើរំលោភសិទ្ធិមនុស្ស។ អង្គការនេះទទូចឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ទង្វើហិង្សាប្រឆាំងក្រុមអ្នកតវ៉ាដោយសន្តិវិធីជាបន្ទាន់ និងត្រូវគោរពសិទ្ធិសេរីភាព បញ្ចេញមតិ និងការជួបជុំរបស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ទោះជាយ៉ាងណាក្ដី លោកស្រី សាត ផា ឱ្យដឹងថា លោកស្រីបានបូជាជីវិតចុងក្រោយរបស់ខ្លួនដែលនៅសេសសល់ ដើម្បីបំពេញប្រយោជន៍ជាតិ។ លោកស្រីថា នៅពេលដែលព្យាបាលជំងឺជាសះស្បើយលោកស្រីនឹងបន្តចូលរួមសម្ដែងមតិជាមួយក្រុមស្ត្រីប្រពន្ធសកម្មជនគណបក្សប្រឆាំងទៀត ដើម្បីទាមទារឱ្យរកយុត្តិធម៌ រហូតមានដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។