រដ្ឋាភិបាលប្រកាសថា នឹងលុបចោលនូវប្រភេទពន្ធមួយចំនួនដែលប៉ះពាល់ដល់ពលរដ្ឋជាកសិករ និងអាជីវករខ្នាតតូចតាចនៅឆ្នាំ២០១៦ ខាងមុខនេះ។
ប្រភេទពន្ធទាំងនោះ មានដូចជាពន្ធលើរបបម៉ៅការ និងលុបពន្ធផ្លូវសម្រាប់យានយន្តមួយចំនួនដូចជាគ្រឿងចក្រសម្រាប់កសិកម្ម និងជលយានជាដើម។ ទាក់ទងបញ្ហានេះអ្នកឃ្លាំមើលដំណើរការសេដ្ឋកិច្ចកម្ពុជា គាំទ្រចំពោះការសម្រេចបែបនេះ។
អ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា គម្រោងកាត់បន្ថយពន្ធនេះជាមធ្យោបាយល្អមួយសម្រាប់ជួយដល់កសិករ និងម្ចាស់អាជីវកម្មតូចតាច និងជាការដោះបន្ទុករដ្ឋាភិបាលផង។
ការលើកឡើងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នឹងលុបចោលពន្ធលើរបបម៉ៅការ និងពន្ធផ្លូវលើម៉ូតូ ម៉ូតូរ៉ឺម៉កកង់បី គ្រឿងចក្រសម្រាប់កសិកម្ម និងជលយានជាដើម នៅក្នុងពិធីសម្ពោធស្ពានជ្រោយចង្វារទី២ នៅព្រឹកថ្ងៃទី២២ ខែតុលា។
តាមឯកសារស្ដីពីប្រភេទពន្ធបានបង្ហាញថា ពន្ធលើរបបម៉ៅការ គឺសំដៅលើពន្ធលើសហគ្រាសធុនតូច និងមធ្យម ដែលជាទូទៅពន្ធប្រភេទនេះជាការកំណត់ពន្ធតាមការពិភាក្សាគ្នារវាងភ្នាក់ងារប្រមូលពន្ធជាមួយម្ចាស់ ឬតំណាងអាជីវកម្ម។
អ្នកវិភាគសេដ្ឋកិច្ច លោក ស្រី ចន្ធី យល់ឃើញថា វិធានការនេះជាការផ្តល់ឱកាសប្រកួតជែងស្មើភាពមួយ និងធ្វើឲ្យចំណូលតាមរយៈការប្រមូលពន្ធនោះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៖ «របៀបម៉ៅការអ៊ីចេះ ដូចថា ខ្ញុំជាក្រុមហ៊ុនខ្ញុំដេញថ្លៃបានគ្រប់គ្រងផ្សារមួយហ្នឹងរយៈពេល ៥ឆ្នាំ ហើយខ្ញុំបង់ឲ្យរដ្ឋវិញ ៥០លានរៀលក្នុងមួយឆ្នាំ។ ខ្ញុំយកថ្លៃភាស៊ីប៉ាតង់អីគ្រប់សព្វ ហើយខ្ញុំអាចឡើងថ្លៃបានតាមអតិផរណា ខ្ញុំទទួលបាន ៦០លានរៀលជាងឆ្នាំទីមួយ ឆ្នាំទី២ ខ្ញុំបាន ៨០លានរៀល តែខ្ញុំបង់ឲ្យរដ្ឋតែ ៥០លានរៀលរហូត ប៉ុន្តែ ៥០លានឆ្នាំនេះ និង ៥០លានឆ្នាំក្រោយវាអត់ដូចគ្នាទេ ដោយសារអតិផរណាឧទាហរណ៍»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការលុបចោលពន្ធលើរបបម៉ៅការ និងការកាត់តម្លៃប៉ាតង់តាមទំហំនៃក្រុមហ៊ុនពាណិជ្ជកម្មនោះ គឺជាការសម្រួលយ៉ាងច្រើនសម្រាប់អាជីវកម្មដែលលក់ដូរតិចតួចមិនត្រូវបានជាប់ពន្ធទៀតទេ៖ «នេះជាការបន្ធូរបន្ថយសម្រាប់ប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែអាជាប់របបម៉ៅការនេះ ជួនកាលម៉ៅការតាំងពីឆ្នាំ៩៥ (១៩៩៥) ដល់ឆ្នាំ២០០៥ ២០ឆ្នាំក្រោយ គឺនៅដដែល មានន័យថា ម៉េច...? ម៉ៅការកាលពីជាន់នោះមួយឆ្នាំ ៥០ម៉ឺនរៀល ២០ឆ្នាំក្រោយនៅតែបង់ពន្ធ ៥០ម៉ឺនរៀលដដែល នេះជាការបាត់បង់ចំណូលពន្ធមួយ ប៉ុន្តែរឿងលំបាកជាងគេ មន្ត្រីពន្ធដារជាច្រើនរបស់យើងទៅប៉ះពាល់ប្រជាពលរដ្ឋដែលជាអ្នកលក់តូចតាច អាពន្ធម៉ៅការមួយខែ ២ ទៅ ៣ម៉ឺនរៀលនោះ អាហ្នឹងលុបវាចោលទៅ ដើម្បីជួយប្រជាពលរដ្ឋរបស់យើង»។
សេចក្ដីព្រាងស្ដីពីការកំណត់ពន្ធថ្មីរបស់រដ្ឋាភិបាលបានបង្ហាញដែរថា ការសម្រេចលុបចោលពន្ធលើរបបម៉ៅការនេះគឺសម្រាប់ពលរដ្ឋមានអាជីវកម្មតូចតាច ដែលត្រូវបង់ពន្ធប្រចាំខែពីចំនួន ២-៣ម៉ឺនរៀល ឬប្រចាំឆ្នាំចំនួន ៥០ម៉ឺនរៀលជាដើម។ ប៉ុន្តែមានការកែសម្រួលប្រាក់ពន្ធប៉ាតង់ ចំពោះអ្នកជាប់ពន្ធតូច និងមធ្យម ដើម្បីប៉ះប៉ូវពីការបាត់បង់ប្រាក់ដែលប្រមូលបានពីរបបម៉ៅការកន្លងមក។
ការប៉ះប៉ូវនេះសម្រាប់អ្នកជាប់ពន្ធតូច ត្រូវបង់ចំនួន ៤០ម៉ឺនរៀល អ្នកជាប់ពន្ធមធ្យម ១,២០លានរៀល ចំណែកឯអ្នកជាប់ពន្ធធំ ចាប់ពីកម្រិតអប្បបរមាចំនួន ៣លានរៀល ទៅអតិបរមាចំនួន ៥លានរៀលជាប្រចាំឆ្នាំ។
ការលុបចោលរបបពន្ធម៉ៅការត្រូវជំនួសមកវិញនូវរបបកំណត់ពន្ធតែមួយ គឺរបបស្វ័យប្រកាសដែលបែងចែកអ្នកជាប់ពន្ធជា ៣ប្រភេទ។ ទី១ អ្នកជាប់ពន្ធតូច គឺសហគ្រាសដែលមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០លានរៀល ដល់ ៧០០លានរៀល ទី២ អ្នកជាប់ពន្ធមធ្យម គឺសហគ្រាសដែលមានផលរបរប្រចាំឆ្នាំចាប់ពី ៧០០លានរៀល ដល់ ២.០០០លានរៀល និងទី៣ អ្នកជាប់ពន្ធធំ គឺសហគ្រាសដែលមានផលរបរប្រចាំឆ្នាំចាប់ពី ២.០០០លានរៀល ឬសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។
លោក ស្រី ចន្ធី មានប្រសាសន៍ថា ការកែទម្រង់លើការប្រមូលពន្ធដោយអនុគ្រោះដល់អ្នករកស៊ីតូចតាច ដូចជានៅតាមផ្សារជាដើមនេះ នឹងជួយឲ្យពួកគាត់មានលំនឹង និងងាយស្រួលបោះជំហានទៅមុខ ម្យ៉ាងទៀត នឹងអាចលុបបំបាត់អំពើពុករលួយនៅថ្នាក់ក្រោមជាតិបាន៖ «ហើយអាចថា មន្ត្រីដែលនៅខាងក្រោមៗនោះ ខិលខូចអីអ៊ីចឹងទៅ គាត់អាងថា រដ្ឋាភិបាលមើលមិនអស់គាត់ជំរិតសហគ្រាសខ្នាតតូច មធ្យមអីអ៊ីចឹងទៅ ដល់ធ្វើអ៊ីចឹងទៅវាអាចសម្រួលដល់បរិស្ថាននៃអភិបាលកិច្ចល្អហ្នឹងវាកាន់តែប្រសើរថែមទៀត ហើយការប្រកួតប្រជែងសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក៏កាន់តែល្អដែរ»។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏នឹងលុបចោលនូវពន្ធផ្លូវប្រចាំឆ្នាំ ចំពោះទោចក្រយានយន្ត (ម៉ូតូ) ត្រីចក្រយានយន្ត មានរ៉ឺម៉ក ឬរ៉ឺម៉កកង់បី គ្រឿងចក្រសម្រាប់កសិកម្ម និងជលយានជាដើម។ បច្ចុប្បន្នយានយន្តទាំងនេះត្រូវបង់ពន្ធក្នុងតម្លៃចាប់ពី ៣.៥០០រៀល ៤.៥០០រៀល និង ៧.៥០០រៀល ទៅតាមកម្លាំងម៉ាស៊ីន ត្រីចក្រយានយន្ត បង់តម្លៃ ១៥.០០០រៀល សម្រាប់គោយន្តឆ្នៃតម្លៃ ១៥ម៉ឺនរៀល ត្រាក់ទ័រត្រូវបង់តាមកម្លាំងម៉ាស៊ីន តម្លៃចាប់ពី ៣ម៉ឺន ទៅ ៥ម៉ឺនរៀល។ ចំណែកជលយាន ដូចជាទូកម៉ាស៊ីនចំហៀង (ជើងបង្កង) ត្រូវបង់ចំនួន ១ម៉ឺនរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។