សាច់ញាតិ​ជនរងគ្រោះ​ដែល​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ​ចង់​ឃើញ​ការ​យក​ចិត្ត​ដាក់​ពី​អាជ្ញាធរ

0:00 / 0:00

សាច់ញាតិ​ជនរងគ្រោះ​ដែល​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ​ស្នើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បន្ត​ធ្វើ​ពិធីបុណ្យ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ឱ្យ​បាន​រាល់​ឆ្នាំ ហើយ​អាជ្ញាធរ​គួរ​បន្ត​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ ចំពោះ​ឧបទ្ទវហេតុ​កាល​ពី ១៣ឆ្នាំ​មុន។ មន្ត្រី​សង្គម​ស៊ីវិល​នៅតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​រក​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ និង​សាធារណជន​ទទួល​យក​បាន​។

សាច់ញាតិ​ជនរងគ្រោះ​ដែល​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ​ថា​ក្នុង​រយៈ​ពេល​​១៣ឆ្នាំ​មក​កន្លង​នេះ​ ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​តែ​មិន​ទាន់​ទទួល​យក​បាន​នូវ​ការ​ស្លាប់​ដែល​មិន​មាន​មូលហេតុ​ជាក់​លាក់​ និង​មិន​មាន​​អ្នក​ទទួល​ខុសត្រូវ។

ពលរដ្ឋ​មក​ពី​ខណ្ឌ​ចោមចៅ លោក ចែម ម៉ុន្ថា គឺ​ជា​ឪពុក​ជនរងគ្រោះ​យុវជន​ យ៉ង សុខចំរើន ដែល​មក​អុជ​ធូប​នៅ​ស្តូប​គោរពវិញ្ញាណក្ខន្ធ​នៅ​គល់​ស្ពាន​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​ធ្វើ​ដំណើរ​មក​ទី​នេះ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​​​អុជ​​ធូប​ដល់​កូន​ប្រុស។ លោក ចែម ម៉ុន្ថា ថា លោក​កត់សម្គាល់​ឃើញ​ថា​អាជ្ញាធរ​ចាប់​ផ្ដើម​លែង​យកចិត្ត​ទុកដាក់​​ ឬ​ខក​ខាន​​ធ្វើ​ពិធី​គោរពវិញ្ញាណក្ខន្ធ​​​​ដល់​ជន​រង​គ្រោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ ខណៈ​មាន​តែ​ក្រុម​គ្រួសារ​​មួយ​ចំនួន​ប៉ុណ្ណោះ​ បន្ត​មក​ធ្វើ​បុណ្យ​តាម​បែប​គ្រួសារ។

លោក ចែម ម៉ុន្ថា ឱ្យ​ដឹង​ទៀត​ថា អស់​រយៈ​ពេល ១៣ឆ្នាំ​មក​នេះ លោក​នៅ​តែ​នឹក​រឭក​កូន​ស្ទើរ​តែ​រាល់​ថ្ងៃ ហើយ​លោក​នៅ​មាន​ចម្ងល់​​ពី​មូលហេតុ ដែល​នាំ​ឱ្យ​មាន​ឧបទ្ទវហេតុ​នេះ​កើត​ឡើង។ លោក ចែម ម៉ុន្ថា ថា អាជ្ញាធរ​នៅ​តែ​ពុំ​ទាន់​​ផ្ដល់​ការ​ស៊ើបអង្កេត​ណា​មួយ​ពី​មូលហេតុ​នៅ​ឡើយ​ទេ ទើប​លោក​បង្ខំ​ចិត្ត​ទុក​ការ​ស្លាប់​របស់​កូន​​ជា​រឿង​សម្ពាយ​បុណ្យ​របស់​កូន​លោក​ទៅ​វិញ។

លោក ចែម ម៉ុន្ថា៖«សូម្បី​តែ​គាត់​អ្នក​ធំៗ ក៏​គាត់​មិន​ដឹង​ដែរ​ ងាប់​អ៊ីចឹងៗ ខ្ញុំ​ទាញ​ផល​បុណ្យ​វិញ​ ធ្វើ​ម៉េច អាយុ​វា​បាន​ប៉ុណ្ណឹង​ ម្ល៉ោះ​ហើយ​តាម​ផលបុណ្យ​របស់​វា​ទៅ»។

ចំណែក​លោក ថាត់ ថៃ គឺ​ជា​ប្អូនប្រុស​របស់​ជនរងគ្រោះ ធុច ស្រីរ័ដ្ឋ ថា លោក​មាន​ការ​ខក​ចិត្ត​ដែល​អាជ្ញាធរ​មិន​រៀបចំ​ពិធី​បុណ្យ​បង្សុកូល​ដល់​ជន​រង​គ្រោះ​ឱ្យ​ដូច​រយៈ​ពេល ១០ឆ្នាំ​ដំបូង។ លោក ថាត់ ថៃ ចាត់​ទុក​ថា​ការ​មិន​អើពើ​ពី​សំណាក់​អាជ្ញាធរ​នេះ​​គឺ​ជា​រឿង​អយុត្តិធម៌​ ព្រោះ​ថា បងស្រី​របស់​លោក និង​ជនរងគ្រោះ​​ផ្សេង​ទៀត​​​​បាន​ស្លាប់​ដោយ​ពុំ​​ដឹង​ពី​មូលហេតុ​ជាក់លាក់​ ហើយ​អាជ្ញាធរ​ក៏​មិន​យក​ចិត្ត​ទុកដាក់​ដល់​ពួកគាត់។

លោក​ ថាត់​ ថៃ៖«ប្អូន​ជា​សាច់ញាតិ​ឬ​ប្អូន​ប្រុស​របស់​គាត់​​គឺ​មាន​អារម្មណ៍​ថា​ក្នក់ចិត្ត​មួយ​ដែរ​​​ ចង់​និយាយ​ថា​មនុស្ស​គាត់​ស្លាប់​ហើយ​ ហើយ​សាច់ញាតិ​មក​ចូល​រួម​គម្រប់​ខួប​ហ្នឹង​​ បើ​មាន​រោង​អី​ឱ្យ​សាច់ញាតិ​ក៏​គាត់​មក​​ដើម្បី​ងាយ​ស្រួល​ តែ​នេះ​មក​ស្ងាត់​ជ្រាប​»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី និង​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ វិច្ឆិកា។

ជុំវិញ​ករណី​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា ក្រោយ​ពី​មាន​ឧបទ្ទវហេតុ​កើត​ឡើង​មក​អាជ្ញាធរ​បាន​ត្រឹម​តែ​ផ្ដល់​សំណង​ទៅ​ក្រុម​គ្រួសារ​ជនរងគ្រោះ ប៉ុន្តែ​អាជ្ញាធរ​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ ឬ​រក​អ្នក​ទទួល​ខុស​ត្រូវ​​ជុំ​វិញ​ករណី​រត់​ជាន់​គ្នា​ស្លាប់​នោះ​ទេ។ លោក អំ សំអាត ថា​អាជ្ញាធរ​គួរ​តែ​បន្ត​ស្រាវ​ជ្រាវ​រក​អ្នក​ទទួល​ខុសត្រូវ​ឱ្យ​បាន​ឆាប់ៗ ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ និង​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌។

លោក អំ សំអាត៖«បញ្ហា​ហ្នឹង​ក្រុម​គ្រួសារ​ជនរងគ្រោះ​​នៅ​តែ​មាន​បញ្ហា​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ក្រុម​គ្រួសារ​របស់​គាត់​ទទួល​មរណភាព​ ឬ​រង​របួស​នៅ​ក្នុង​ផ្លូវ​ចិត្ត​ជា​និច្ច។ ចំណុច​ទី​មួយ​គឺ ជា​ការ​ដោះ​ស្រាយ​ផ្លូវចិត្ត​គ្រួសារ​ជន​រងគ្រោះ​ដែរ​ដោយ​យល់​ថា ជា​ការ​គិតគូរ​ពី​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មាន​ការ​គិតគូរ​បញ្ហា​ពួកគាត់»។

ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ កាល​ពី​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ បាន​បណ្ដាល​ឱ្យ​មនុស្ស​ចំនួន ៣៥៣នាក់​ស្លាប់ និង ៣៩៣នាក់​រង​របួស ចំ​ថ្ងៃ​ទី​បី​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក។ ក្នុង​គម្រប់​ខួប ១៣ឆ្នាំ​នេះ អាជ្ញាធរ​ពុំ​បាន​រៀប​ចំ​ពិធី​អ្វី​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ទាំង​នោះ​ទេ​ មាន​តែ​សមាជិក​​គ្រួសារ​មួយ​ចំនួន​បាន​មក​អុជ​ធូប និង​ដាក់​កម្រង​ផ្កា​នៅ​ស្តូប​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​សាងសង់ ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។