មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTREAL)រកឃើញថា ពលករចំណាកស្រុកបានក្លាយជាក្រុមដែលងាយរងគ្រោះបំផុតនៅក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។ អង្គការនេះ ស្នើឲ្យស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា រួមទាំងស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជួយអន្តរាគមន៍ដល់ពលករចំណាកស្រុកដែលកំពុងត្រូវការជំនួយសង្គ្រោះបន្ទាន់។
របាយការណ៍កម្រាស់ ៤០ទំព័រ របស់អង្គការសង់ត្រាល់ (CENTREAL)បង្ហាញថា ក្នុងចំណោមពលករកម្ពុជា ប្រមាណជិត ២លាននាក់ ដែលកំពុងរស់នៅនិងធ្វើការក្នុងប្រទេសថៃ មានពលករជាច្រើនពាន់នាក់ កំពុងជួបប្រទះការលំបាកខ្លាំងដែលទាមទារផ្ដល់នូវជំនួយសង្គ្រោះបន្ទាន់។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់(CENTREAL)បានចេញរបាយការណ៍មានចំណងជើងថា បញ្ហាប្រឈមរបស់ពលករកម្ពុជាក្នុងអំឡុងពេលនៃការផ្ទុះមេរោគកូវីដ-១៩ ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា រកឃើញថា ពលករចំណាកស្រុកកំពុងប្រឈមបញ្ហាដូចជា បាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ប្រឈមខ្លាំងនឹងការឆ្លងជំងឺកូវីដ-១៩ មិនទទួលបានការគាំពារពីរបបសន្តិសុខសង្គម និងសេវាសុខភាពផ្សេងទៀត។
របាយការណ៍នេះបញ្ជាក់ថា ពលករខ្មែរ ដែលមានវិជ្ជមានកូវីដ-១៩ ក៏មិនអាចទទួលបានការព្យាបាលត្រឹមត្រូវ និងមិនទាន់ពេលវេលានៅឯមន្ទីរពេទ្យ។ ចំណែកឯ ក្រុមពលករធ្វើការក្នុងវិស័យសំណង់ និងពិសេសពលករដែលមិនមានឯកសារស្របច្បាប់បានជួបបញ្ហាលំបាករឹតតែខ្លាំង ដោយសារពួកគេត្រូវផ្អាកការងារ និងមិនអាចចាកចេញទៅក្រៅបាន។
លើសពីនេះ ពួកគេជានិច្ចកាលមិនទាន់ទទួលបានការយកចិត្តទុកដាក់ពេញលេញនៅឡើយ។ រដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានធ្វើការឆ្លើយតបបន្ទាន់ និងជួយពលករដែលជួបការលំបាកបានខ្លះៗ ពោលគឺនៅមិនទាន់គ្រប់គ្រាន់ក្នុងការសម្រាលបន្ទុករបស់ពលករជាច្រើនម៉ឺននាក់ដែលកំពុងជួបបញ្ហាជីវភាព និងសុខភាពនៅឡើយទេ។
មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល (Central) កញ្ញា ទ្រី សុភា ថ្លែងថា គោលបំណងនៃការចេញផ្សាយរបាយការណ៍នេះ គឺដើម្បីពាំនាំពីក្ដីកង្វល់នានា និងផ្ដល់ព័ត៌មានដល់ភាគីពាក់ព័ន្ធអំពីបញ្ហាប្រឈមជាក់ស្ដែងដែលពលករកម្ពុជាកំពុងជួបប្រទះនៅក្នុងប្រទេសថៃ ហើយពលករខ្លះទៀតកំពុងព្យាយាមធ្វើដំណើរមកកម្ពុជាវិញ។ មន្ត្រីរូបនេះស្នើឲ្យអាជ្ញាធរនិងភាគីពាក់ព័ន្ធ បង្កើតឬកែសម្រួលគោលនយោបាយច្បាប់ និងវិធានការនានា ដើម្បីធានាបាននូវដំណោះស្រាយដែលមានប្រសិទ្ធភាពឆ្លើយតប ចំពោះសុខុមាលភាព សុវត្ថិភាពស្បៀងអាហារ សុវត្ថិភាពផ្លូវកាយផ្លូវចិត្ត និងសេចក្ដីថ្លៃថ្នូរសម្រាប់ពលករកម្ពុជា៖ « សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធដើម្បីធ្វើយ៉ាងណាពង្រីកនូវវិធានការក្នុងការឆ្លើយតបនឹងផ្ដល់ជំនួយសង្គ្រោះបន្ទាន់ទៅដល់ពលករដែលគាត់ជួបប្រទះ គឺតាមស្ថានភាពជាក់ស្ដែងនូវអ្វីដែលបានកើតមានឡើង។ យើងសង្ឃឹមថា ជាការរួមចំណែកមួយនៅក្នុងការបញ្ជៀសពីបញ្ហាផ្សេងៗ និងធ្វើការរំលេចឡើងដើម្បីឲ្យអ្នកដែលធ្វើគោលនយោបាយហ្នឹង គឺដាក់ចេញនូវគោលនយោបាយមួយដែលរួមបញ្ចូល ឬការគិតគូរជាមួយនឹងក្រុមពលករ គាត់គឺក្រុមមួយដែលទទួលរងគ្រោះនៅក្នុងវិបត្តិនេះ » ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីរដ្ឋាភិបាលដើម្បីឆ្លើយតបនឹងរបាយការណ៍នេះបាននៅឡើយទេ នៅថ្ងៃទី១៦ ខែកញ្ញា។
ពលករចំណាកស្រុកទាំងមានឯកសារ និងទាំងមិនមានឯកសារមានចន្លោះពី ១លាន៨សែននាក់ ទៅ២លាននាក់ ដែលកំពុងបម្រើការងារនៅប្រទេសថៃ ក្នុងវិស័យសំណង់ ឧស្សាហកម្មម្ហូបអាហារ គ្រឿងអេឡិចត្រូនិក ឧស្សាហកម្មនេសាទ កសិកម្ម សេវាកម្ម និងអ្នកធ្វើការតាមផ្ទះ។
របាយការណ៍អង្គការសង់ត្រាលបញ្ជាក់ថា ពលករខ្មែរជាច្រើនគ្មានជម្រើសអ្វីក្រៅពីបង្ខំចិត្តវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញឡើយ បើទោះបីពួកគេត្រូវចំណាយខ្ពស់ធ្វើដំណើរដោយប្រថុយប្រថាន ងាយចាញ់បោកមេខ្យល់ និងងាយប្រឈមឆ្លងមេរោគក៏ដោយ។ ដោយឡែក ពេលមកដល់ព្រំដែនពួកគេជួបបញ្ហាមួយចំនួនទៀតនៅតាមមណ្ឌលចត្តាឡឺស័ក មានដូចជា ភាពចង្អៀតណែនដែលមិនអាចរក្សាគម្លាតសុវត្ថិភាព មិនមានបន្ទប់ទឹក និងគ្មានកន្លែងលាងសម្អាតដៃគ្រប់គ្រាន់ ហើយបន្ទប់ទឹកប្រើរួមគ្នារវាងបុរស និងស្ត្រី សម្ភារៈប្រើប្រាស់មិនគ្រប់គ្រាន់ ពិសេសសម្រាប់ ស្ត្រី និងកុមារ។
មន្ត្រីអង្គការដដែល កញ្ញា ទ្រី សុភា ទទូចឲ្យរដ្ឋាភិបាលពង្រីកនូវយន្តការឆ្លើយតបទៅនឹងវិបត្តិកូវីដ- ១៩ ដើម្បីជួយដល់ពលករកម្ពុជាដែលកំពុងជួបការ លំបាកទាំងនេះឲ្យបានសព្វជ្រុងជ្រោយជាបន្ទាន់ និងមានប្រសិទ្ធភាព៖ « ស្នើសុំផងដែរដល់ការអន្តរាគមន៍ក៏ដូចជាការសហការគ្នា រវាងរដ្ឋាភិបាលទាំងពីររវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ក្នុងការពង្រីកក៏ដូចជាគោលនយោបាយ ក្នុងការផ្ដល់នូវជំនួយសង្គ្រោះផ្សេងៗដើម្បីទៅដល់ពលករ ហើយមិនត្រូវគិតថាទាល់តែគាត់ ពលករស្របច្បាប់មានឯកសារស្របច្បាប់ទើបយើងផ្ដល់ជំនួយនោះទេដោយសារតែក្នុងកាលៈទេសៈនេះយើងដឹងហើយអ្នកណាដែលរងគ្រោះជាងគេអ្នកណាដែលអត់ត្រូវបានគេកេងប្រវ័ញ្ចគាបសង្កត់វិបត្តិនេះអ៊ីចឹង បើយើងត្រូវគិតគូរទៅដល់ពួកគាត់ » ។
អង្គការអន្តរជាតិផ្នែកទេសន្តរប្រវេសក៍ (IOM) ប្រចាំកម្ពុជា កាលពីថ្ងៃទី៥ ខែសីហា បង្ហាញថា ចំនួនពលករខ្មែរដែលវិលត្រឡប់មកប្រទេសវិញមានចំនួន ជាង២២ម៉ឺន៥ពាន់នាក់ (225,235) ក្នុងនោះស្ត្រីជាង ១០ម៉ឺន២ពាន់នាក់ (102,472) ឬស្មើនឹង ៤៥.៥ភាគរយ ដោយសារស្ថានភាពផ្ទុះរាលដាលជំងឺកូវីដ-១៩ នៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។