ប្រមុខរដ្ឋាភិបាលបានចេញបទបញ្ជាដ៏ម៉ឺងម៉ាត់ ថាចាប់ពីម៉ោង ១២:០០នាទីយប់ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែមករា អ្នកឆ្លងកាត់ផ្លូវជាតិលេខ៤ ទាំងអស់នឹងឈប់បង់ប្រាក់រាល់ពេលធ្វើដំណើរទៀតហើយ។ ប្រជាពលរដ្ឋសាទរចំពោះការសម្រេចរបស់លោក ហ៊ុន សែន នេះ។
អ្នកគ្រប់គ្រងក្រុមហ៊ុន អេ.ហ្សិត អ៊ីនវេសមេន (AZ Investment) និយាយថា ខាងក្រុមហ៊ុននឹងបញ្ឈប់រាល់សកម្មភាពដូចសេចក្ដីសម្រេចរបស់រដ្ឋាភិបាល។
លោក ហ៊ុន សែន បានចេញបញ្ជាដ៏ម៉ឺងម៉ាត់ក្នុងពេលប្រជុំសភា កាលពីព្រឹកថ្ងៃទី១៣ មករា នៅវិមានរដ្ឋសភា។ ការអនុវត្តរបៀបវារៈនៃកិច្ចប្រជុំសភា មិនទាន់ទាំងបានចប់ស្រួលបួលនៅឡើយផង ភ្លាមនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមួយរំពេចដែរថា រដ្ឋាភិបាលសម្រេចលុបចោលគម្រោងទាំងស្រុងរបស់ក្រុមហ៊ុន អេ.ហ្សិត នៅម៉ោង ១២:០០នាទីយប់ថ្ងៃទី១៣ មករា។ ការសម្រេចរបស់ប្រធានគណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺដោយលោកអះអាងថា បន្ទាប់ពីបានទទួលសារពីប្រជាពលរដ្ឋ និងបើកការស៊ើបអង្កេតទៅរកឃើញថា ក្រុមហ៊ុន អេ.ហ្សិត នៅតែបំពានគោលនយោបាយដែលបានដាក់ចេញកាលពីថ្ងៃទី៥ ខែមករា។ លោកបន្តថា «ទាក់ទងផ្លូវជាតិលេខ៤ តែម្ដង។ ពិតមែនតែសេចក្ដីសម្រេចនេះមិនទាន់បានចុះហត្ថលេខា ក៏ប៉ុន្តែក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំអាចប្រកាសជូនជាមុនថា រាជរដ្ឋាភិបាលនឹងលុបចោលនូវកិច្ចសន្យាលើផ្លូវជាតិលេខ៤ នេះ»។
ការសម្រេចបិទគម្រោងរបស់ក្រុមហ៊ុន អេ.ហ្សិត និងបញ្ឈប់រាល់ការបង់លុយទាំងស្រុងពីអ្នកឆ្លងកាត់ផ្លូវជាតិលេខ៤ នេះ បន្ទាប់ពីលោក សុន ឆ័យ តំណាងរាស្ត្រមកពីគណបក្សជំទាស់ បានស្នើនៅក្នុងសម័យប្រជុំសភាកាលពីព្រឹកថ្ងៃទី១៣ ខែមករា ដោយទាមទារឲ្យរដ្ឋាភិបាលពិចារណាលុបចោលគម្រោងវិនិយោគរបស់ក្រុមហ៊ុន អេ.ហ្សិត ចេញ។
យ៉ាងនេះក្ដីលោក ហ៊ុន សែន បញ្ជាក់នៅក្នុងពេលសភាកំពុងដំណើរការប្រជុំនោះថា ការសម្រេចនៅពេលនេះ របស់រដ្ឋាភិបាលពុំមែនជាការធ្វើតាមការចង់បានរបស់គណបក្សជំទាស់ឡើយ។ ផ្ទុយទៅវិញ លោកនាយករដ្ឋមន្ត្រីនិយាយថា ជារួមរដ្ឋាភិបាលបានចេញគោលការណ៍ និងធ្វើសេចក្ដីសម្រេចចិត្តរួចទៅហើយ ក្រោយពីស៊ើបអង្កេតរួច។ លោកបន្តថា «ពិតមែនហើយកាលពីព្រឹកមិញនេះ ឯកឧត្ដម សុន ឆ័យ គាត់ក៏បានលើក ក៏ប៉ុន្តែរឿងនេះវាបានកើតឡើងតាំងពីម្សិល ដោយសារតែខ្ញុំបានទទួលនូវព័ត៌មានពាក់ព័ន្ធជាមួយក្រុមហ៊ុន មិនបានអនុវត្តនូវអ្វីដែលខ្ញុំបានប្រកាសកាលពីថ្ងៃទី៥ មករា»។
នៅក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១៣ ខែមករា ដំណាលគ្នានឹងបញ្ជាបន្ថែមទៀតរបស់លោក ហ៊ុន សែន នេះដែរ គឺរដ្ឋាភិបាលបានប្រគល់ភារកិច្ចនេះឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹងជញ្ជូន ទទួលបន្ទុកកិច្ចការនេះ ក្រោយពីលុបចោលនូវកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន អេ.ហ្សិត។
ក្រុមហ៊ុន អេ.ហ្សិត របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ចាប់វិនិយោគលើសេវាកម្មយកកម្រៃថែទាំ និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពីខែមីនា ឆ្នាំ២០០១។ ក្នុងពេលក្រុមហ៊ុននេះ ចាប់ផ្ដើមដំណើរការជំហានដំបូង កាលណោះមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ជាពិសេសអ្នកប្រកបរបររថយន្តឈ្នួល។
អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន អេ.ហ្សិត លោក ជួន វ៉ាន់ឌន បញ្ជាក់ថា ភាគីក្រុមហ៊ុនពុំមានប្រតិកម្មណាមួយចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលនៅពេលនេះទេ។ លោកបន្តថា មានសម្ភារៈមួយចំនួននឹងត្រូវប្រគល់ឲ្យរដ្ឋគ្រប់គ្រងវិញ ដូចជាបញ្ជរបង់ប្រាក់ និងបង្រៀនពីបច្ចេកទេសខ្លះៗដល់មន្ត្រីទទួលបន្ទុក ក្រោយក្រុមហ៊ុនបញ្ឈប់ដំណើរការ។ បន្ថែមពីលើនេះទៀត លោក ជួន វ៉ាន់ឌន បន្តថា ចំណែកការដ្ឋានខ្លះដែលមិនទាន់ដំណើរការចប់រួចរាល់ ខាងក្រុមហ៊ុននឹងបន្តជួសជុលឲ្យចប់ទៅតាមគម្រោងរបស់ខ្លួន។ លោកបន្តថា «ក្នុងម៉ោង ១២ ហ្នឹង គឺតំណាងក្រសួងសាធារណការ គាត់ចុះទៅ ដើម្បីទទួលថាយើងពិតជាឈប់ពីរថយន្តមែន ដើម្បីបញ្ជាក់ពីអនុសាសន៍នៃការណែនាំ។ ទីពីរ គឺយើងនឹងប្រគល់ជូននូវជញ្ជីង គឺជញ្ជីងថ្លឹងរថយន្តផ្ដល់ឲ្យខាងអ្នកជំនាញ ហើយយើងថានឹងបណ្ដុះបណ្ដាលគាត់ក្នុងរយៈពេលណាមួយ»។
បច្ចុប្បន្នក្រុមហ៊ុន អេ.ហ្សិត មានបុគ្គលិកដែលកំពុងបម្រើការ ៤៥០នាក់។ ក្រៅពីនេះ នៅមានបុគ្គលិកបណ្ដែតចំនួន ២០០នាក់បន្ថែមទៀត។ ដើម្បីអាចដំណើរការទៅបានរាល់ថ្ងៃខាងក្រុមហ៊ុនបានបែងចែកជា ២វេនសំខាន់។ ក្នុងនោះខាងបញ្ជរបង់ប្រាក់ចំនួន ៤វេន ហើយក្នុងមួយវេន ត្រូវធ្វើការ ៦ម៉ោង។ ក្រុមហ៊ុនផ្សេងទៀត គឺខាងសំណង់។ លោក ជួន វ៉ាន់ឌន បញ្ជាក់ថា ក្រុមសំណង់នេះគឺត្រូវប្រតិបត្តិការជួសជុល និងថែទាំផ្លូវជាប្រចាំ។
បើទោះជាបែបណា នេះជាលើកទី៣ នៅក្នុងពាក់កណ្ដាលអាណត្តិរបស់លោក ហ៊ុន សែន ដែលសម្រេចលុបចោលការវិនិយោគលើសេវាកម្មយកកម្រៃ និងថែទាំផ្លូវ។ ជុំវិញសម្រេចនេះ ត្រូវបានអ្នកវិភាគយល់ឃើញថា នេះជាមធ្យោបាយស្តាប្រជាប្រិយភាពឡើងវិញ និងស្វះស្វែងរកការគាំទ្រ បន្ទាប់ពីគណបក្សកាន់អំណាចបាក់ស្រុត ក្រោយការបោះឆ្នោតកាលពីឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។