លោក រ៉ុង ឈុន ថា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​រើសអើង​មិន​ជួប​គ្រូ​ដែល​រង​ការ​បញ្ឈប់

0:00 / 0:00

លោក រ៉ុង ឈុន ថា​ការ​ដែល​រដ្ឋមន្ត្រី​ក្រសួង​អប់រំ មិន​ព្រម​ជួប​ពិភាក្សា​ជាមួយ​ក្រុម​គ្រូបង្រៀន​ដែល​ក្រសួង​បាន​បញ្ឈប់​ពី​ការងារ​នោះ គឺជា​ការរើសអើង ដោយសារ​ពួកគេ​ចូលរួម​ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។

សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ស្នើ​ទៅ​លោក​រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ឱ្យ​បើក​ចិត្ត​ទូលាយ​ធ្វើការ​ឆ្លើយតប​ចំពោះ​សំណើ​របស់​ក្រុម​គ្រូបង្រៀន។

សំណើ​របស់​លោក រ៉ុង ឈុន អតីត​សមាជិក​គ.ជ.ប និង​គ្រូបង្រៀន​១២​រូប​ផ្សេងទៀត​ដែល​ក្រសួង​អប់រំ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ​មិន​ទទួល​បាន​ការ​ឆ្លើយតប ឬ​អនុញ្ញាត​ឱ្យ​ជួប​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន​ទេ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា​នេះ។ លោក រ៉ុង ឈុន ថា ក្រុម​គ្រូ បង្រៀន​នឹង​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​អង្គការ​អន្តរជាតិ​ខាង​ផ្នែក​ការងារ (ILO) អង្គការ​អប់រំ​អន្តរជាតិ និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ទៀត​ដើម្បី​ឱ្យ​ស្ថាប័ន​នោះ​អន្តរាគមន៍។

លោក រ៉ុង ឈុន ហៅ​ទង្វើ​ខាងលើ​ថា ជា​ការ​រើសអើង​ក្រុម​គ្រូបង្រៀន​ដែល​ក្លាហាន​ហ៊ាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ លោក​បន្ត​ថា ចិត្ត​ចង្អៀតចង្អល់​របស់​លោក​រដ្ឋមន្ត្រី​បែបនេះ មិន​អាច​ធ្វើ​ឱ្យ​ក្រសួង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កំណែទម្រង់​ស៊ីជម្រៅ​នៃ​ប្រព័ន្ធ​អប់រំ​បានទេ។ «»

កាលពីដើម​ខែ​មេសា កន្លង​ទៅ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ដាក់​លិខិត​ជូន​រដ្ឋមន្ត្រី ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ដើម្បី​ជួប​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ករណី​ក្រសួង លុបឈ្មោះ​ពួកគេ​ចេញ​ពី​ក្របខ័ណ្ឌ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន បាន​ទេ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា។

មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា យល់​ថា តួនាទី​របស់​ក្រសួង​អប់រំ​ត្រូវតែ​មាន​ការ​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​ក្រុម​គ្រូបង្រៀន​ដែល​ស្នើសុំ​ជួប​នោះ ទោះ​ផ្ដល់​ចម្លើយ​បែប​ណា​ក្តី។ លោក​បន្ត​ថា ការដែល​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ព្យាយាម​គេចវេះ ឬ​រើសអើង​បែបនេះ​មក​លើ លោក រ៉ុង ឈុន និង​គ្រូ​បង្រៀន​ផ្សេងទៀត​នៅ​ពេល​នេះ​មិនមែន​ជា​ការទទួលខុសត្រូវ​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ទេ។ «»

លោក រ៉ុង ឈុន ថា នេះ​ជា​មិនមែន​ជា​លើកទីមួយ​ទេ ដែល​ក្រសួង​អប់រំ​មិន​ព្រម​ឆ្លើយតប​លិខិត​របស់​ក្រុម​គ្រូបង្រៀន​ដែល​ដាក់​ទៅ​ក្រសួង​តាមរយៈ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន កាល​ពី​ខែ​មករា​កន្លង​ទៅ បាន​បញ្ឈប់​លោក រ៉ុង ឈុន ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ ដោយ​លើក​ហេតុផល​ថា​អវត្តមាន​ពី​ការងារ​ដោយ «​គ្មាន​ច្បាប់​អនុញ្ញាត»។ ចំណែក​គ្រូបង្រៀន​ចំនួន​១២​រូប​ផ្សេងទៀត​សុទ្ធសឹងតែ​ជា​អតីត​ក្រុមប្រឹក្សា​ខេត្ត​-​ក្រុង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​ក្រសួង​លុប​ឈ្មោះ​ចោល​ក្នុង​ហេតុផល​ដូចគ្នា​ដែរ។

ក្រុម​គ្រូបង្រៀន​ទាំងនោះ​ចោទ​ប្រកាន់​ថា ក្រសួង​លុបឈ្មោះ​ពួកគេ​គឺ​ធ្វើ​ខុសច្បាប់​ស្ដីពី​សហ លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល។ បើ​ផ្អែក​តាមច្បាប់​នេះ​មុននឹង​លុបឈ្មោះ​បុគ្គលិក​ណា​ម្នាក់​ចេញ ពី​ក្របខ័ណ្ឌ​គឺ​ត្រូវ​មាន​ការ​ស្ដីបន្ទោស​ផ្ទាល់មាត់ ឬ​តាមរយៈ​លិខិត​ចំនួន​បី​ដង ប៉ុន្តែ​ការ​លុបឈ្មោះ លោក លោក រ៉ុង ឈុន និង​គ្រូបង្រៀន​ចំនួន​១២​រូប​ផ្សេងទៀត​នោះ ក្រសួង​អប់រំ​មិនបាន​ហៅ​ពួកគាត់​ទៅ​សាកសួរ​ឱ្យ​បាន​ច្បាស់លាស់​ទៅតាម​ច្បាប់ និង​លក្ខន្តិកៈ​របស់​ក្រសួង​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។