ពលរដ្ឋ​តំបន់​រុនតាឯក​គ្រោង​តវ៉ា​ជាថ្មី បើ​រដ្ឋាភិបាល​មិន​ផ្ដល់​ប្រាក់​ដែល​កាត់​ពី​ប័ណ្ណ​ក្រីក្រ​ឱ្យ​ពួកគេ​វិញ

0:00 / 0:00

ពលរដ្ឋ​តំបន់​រុនតាឯក​ជាង ២០០០​នាក់​គ្រោង​នាំគ្នា​តវ៉ា​ជាថ្មី បើ​រដ្ឋាភិបាល មិន​ផ្ដល់​ប្រាក់​ដែល​កាត់​ពី​ប័ណ្ណ​សមធម៌​ដល់​ពួកគេ​វិញ។ មន្ត្រី​រដ្ឋបាល​រុនតាឯក និង​សង្គម​ស៊ីវិល​យល់​ស្រប​នឹង​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​រុនតាឯក​គ្រោង​នឹង​នាំគ្នា​តវ៉ា​ជាថ្មី​នៅ​សប្ដាហ៍​ក្រោយ បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​តែ​មិន​ផ្ដល់​ប្រាក់​ដែល​កាត់​ពី​ប័ណ្ណ​សមធម៌ ឱ្យ​ពួកគាត់​ជាង ៦​ពាន់​គ្រួសារ​វិញ​ទេ។

ប្រជា​ពលរដ្ឋ​តាំងចិត្ត​បន្ត​ការ​តវ៉ា​បន្ទាប់​ពី​អាជ្ញាធរ​តំបន់​រុនតាឯក និង​ប្រជាពលរដ្ឋ រងគ្រោះ​បាន​ជួប​ជជែក​គ្នា ប៉ុន្តែ​អាជ្ញាធរ​នៅតែ​មិន​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​ដូច​ការ​សន្យា​របស់​អតីត​នាយករដ្ឋមន្ត្រី​កន្លង​មក។

នៅ​ថ្ងៃទី​២៧ មករា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​រុនតាឯក ជាង ២០០០​នាក់ បាន​ជួប​ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប​ដូចជា មន្ត្រី​សង្គមកិច្ច ព្រមទាំង​អភិបាលស្រុក បន្ទាយស្រី​លោក រិន ឡូត រយៈ​ពេល​កន្លះ​ម៉ោង​នៅ​ផ្សារ​រុនតាឯកថ្មី ដើម្បី​ស្វែងរក​ដំណោះស្រាយ​រឿង​រដ្ឋាភិបាល​កាត់​ប្រាក់​ប័ណ្ណ​សមធម៌​ពី​ពួកគាត់​ចំនួន​ពី ២០ ទៅ ៣០ ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ឬ​កាត់​យ៉ាងតិច​ពាក់កណ្ដាល ក្រោម​ហេតុផល​ថា យក​ប្រាក់​នោះ​ទៅ​ជួយ​អ្នករៀន​ជំនាញ​ផ្សេងៗ ប៉ុន្តែ​ជំនួប​ដ៏​ខ្លី នេះ ពុំ​មាន​លទ្ធផល​ល្អ​ទេ។

ពលរដ្ឋ​រស់នៅ​រុនតាឯក​លោកស្រី ណែម នារី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២៧ មករា ថា លោកស្រី​មិន​សុខចិត្ត​ដាច់ខាត ពីព្រោះ​ឧបត្ថម្ភ​មិន​ទាន់​បាន ២​ឆ្នាំ​ផង មាន​ការ​ប្រែប្រួល​បែប​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​រុនតាឯក​រងគ្រោះ​ធ្ងន់ធ្ងរ។

លោកស្រី ណែម នារី៖ «បើ​បងប្អូន​ដឹង​ថា ការ​ចុះឈ្មោះ​រៀន​ជំនាញ ហើយ​មាន​ការ​កាត់​លុយ​ប័ណ្ណ​សមធម៌​ក៏​គាត់​អត់​រៀន​ដែរ​ដោយសារ​អី កាត់​លុយ​គាត់​ដែរ។ ចុះ​ឥឡូវ​លុយ​គាត់​បាន ៦០​ម៉ឺន​រៀល គាត់​នៅសល់​១២ ម៉ឺន​រៀល​ដល់​ពេល​ជំនាញ ដែល​គាត់​ទៅ​បាន ២៨ ម៉ឺន​រៀល សរុបទៅ​លុយ​ហ្នឹង​តែ​៤០ ម៉ឺន​រៀល ចុះ​២០​ម៉ឺន​រៀល​ទៀត​នៅ​ទីណា»។

ពលរដ្ឋ​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ការ​កាត់​ប្រាក់​ឧបត្ថម្ភ​នេះ​មិន​ស័ក្ដិសម​ទេ។

លោកស្រី​ថា ប្រជា​ពលរដ្ឋ​នៅ​រុនតាឯក​ចំនួន ៩៩​ភាគរយ ហើយ​ដែល​ប្រឈម​ទាំង​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ និង​ជំពាក់​បំណុល​ហើយ​បំណុល​នេះ​កាន់តែ​កើន​វ័ណ្ឌក ដោយសារ​ការ​ផ្លាស់ទៅ​រស់នៅ​តំបន់​រុនតាឯក​ពួកគាត់​ត្រូវ​ខ្ចី​បំណុល​បន្ថែម​ទៀត ដើម្បី​សាងសង់​ផ្ទះ។

ពលរដ្ឋ​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «ព្រោះ​យើង​មកនេះ​អត់​មាន​ចំណូល​អី ហើយ​យើង​ខ្ចី​លុយ​គេ​យក​មក​សាងសង់​ផ្ទះ​។ អ៊ីចឹង​បំណុល​កើន បំណុល​កើន​ពី​កន្លែង​ចាស់ អ៊ីចឹង​គាត់​បាន​លុយ​ហ្នឹងឯង ដើម្បី​មក​ដោះស្រាយ​បញ្ហា​ជីវភាព និង​ដោះបំណុល​ឱ្យ​គេ ព្រោះ​យក​ស្ម័គ្រចិត្ត​ខាង​រដ្ឋាភិបាល គឺ​គាត់​ឱ្យ​តែ​ដី ហើយ​ហ្នឹង​ប័ណ្ណ​ក្រីក្រ​ទេ គាត់​អត់​បានឱ្យ​លំនៅឋាន​ដល់​ប្រជាពលរដ្ឋ​ផង​។ អ៊ីចឹង​ប្រជាពលរដ្ឋ គឺ​គាត់​ប្រើ​វិធីសាស្ត្រ យក​ប័ណ្ណ​ក្រីក្រ​ទៅ​ដាក់​បញ្ចាំង ដើម្បី​ទទួល​បាន​លុយ​មក​សាងសង់​ផ្ទះ អ៊ីចឹង​បើ ពួកគាត់​កាត់​អស់​អ៊ីចឹង​គ្នា​បាន​លុយ​ណា​ឡើង​ឱ្យ​អត្រា​ការ​ប្រាក់​ប្រចាំខែ​របស់​គេ​នោះ»។

ពលរដ្ឋ​រស់នៅ​រុនតាឯក​លោក មុត ខុន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៧ មករា ថា ពួកគាត់​គ្រោង​នឹង​នាំគ្នា​ប្រមូលផ្ដុំ​ជា​ថ្មី​ទៀត ដែល​អាច​នឹង​ឡើង​ទៅ​តវ៉ា​ដល់​ខេត្ត ពី​ព្រោះ​សព្វ​ថ្ងៃ ពួកគាត់​រស់​នៅ​តំបន់​រុនតាឯក​រក​ចំណូល​មិន​បាន ដូច្នេះ​បើ​រដ្ឋាភិបាល​កាត់​ប្រាក់​ពី​ប័ណ្ណ​សមធម៌​ដូច​ផ្ដាច់ជីវិត​ពួកគាត់​ទាំងអស់គ្នា​ដែរ។

លោក មុត ខុន៖ «ឥឡូវនេះ​គឺ​ការ​ខ្វះខាត​ច្រើន​ហើយ​ណាមួយ​វា​អត់​មានការ​ងារ​ធ្វើ ប្រជាពលរដ្ឋ​មក​ដល់​ខ្លះ​ខ្វះខាត​រក​ផ្ទះ​នៅ​មិន​បាន​ផង ខ្លះ​ក៏បាន​ផ្ទះ ដំណាំ​ដាំ​ដុះ​ក៏​អត់​មាន ហើយ​ណា​កន្លែង​នេះ ក៏​អត់​មានអី​រក​អត់​មានអី​ធ្វើ​អ៊ីចឹង អត់​មាន​លុយ​ចូល​ប្រចាំថ្ងៃ​អត់​មាន ពឹង​លើ​ប័ណ្ណ​សមធម៌​ហ្នឹងហើយ ដល់​គាត់​ផ្ដាច់​អ៊ីចឹង​ទៀត បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​អត់ៗ​តែ​មែនទែន មិនមែន​អត់​ធម្មតា​ទេ​គឺ​អត់​តែ​មែនទែន»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​អភិបាល​ខេត្ត​សៀមរាប លោក ប្រាក់ សោភ័ណ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃទី​២៧ មករា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

យ៉ាងណា​មន្ត្រីឃុំ​រុនតាឯក​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី ២៧ មករា ថា លោក​ក៏​យល់​ស្រប​នឹង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ដែរ ពី​ព្រោះ​ចំណាត់ការ​ចុងក្រោយ​នេះ​របស់​អាជ្ញាធរ​ផ្ទុយ​ពី​ការ​ប្រកាស​សន្យា​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត យល់​ថា ការ​ប្រមូល​ផ្ដុំ​របស់​ប្រជា​ពលរដ្ឋ ដើម្បី​ទាមទារ​ដំណោះស្រាយ គឺជា​ភាព​ត្រឹមត្រូវ និង​ស្រប​ច្បាប់​ហើយ​រដ្ឋាភិបាល​មាន​តួនាទី គិត​គួរ​ដោះស្រាយ​ដោយ​មាន​តម្លាភាព។ លោក​ថា បើ​មាន​ការ​សម្រេច​ថ្មី​ណាមួយ រដ្ឋាភិបាល​គួរ​ណាស់​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ជាមុន​ថា តើ​ពលរដ្ឋ​យល់ ព្រម ឬ​អត់។

លោក វណ្ណ សុផាត៖ «ស្រាប់តែ​នៅ​ស្ងាត់ៗ ថា ត្រូវ​កាត់​យក​ទៅ​ឱ្យ​គ្រូ ដើម្បី​បង្រៀន​វិជ្ជាជីវៈ​បង្រៀន ខាង​ផ្នែក​បច្ចេកទេស ស្អី​ណា​ទេ អាហ្នឹង​វា​អត់​សម​ហេតុ​សម​ផល​សោះ ហើយ​ប័ណ្ណ​សមធម៌​អត់​ត្រូវ​មាន​លក្ខខណ្ឌ​អី​ថា ត្រូវ​ដក​ពី​ហ្នឹង​ទៅ​ចំណាយ ក្នុង​កម្មវិធី​អី​ផ្សេង​ទៀត​ទេ បើ​តាម​ខ្ញុំ​ដឹង​ប័ណ្ណ​សមធម៌​គឺ​ប័ណ្ណ​សមធម៌​ហើយ​ត្រូវ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​អនុវត្ត​ឱ្យ​គ្រប់​លក្ខខណ្ឌ​របស់​គាត់»។

ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​សុំ​ពេល​មួយ​សប្ដាហ៍​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ពលរដ្ឋ​មិន​ព្រម​ហើយ​ឱ្យ​អាជ្ញាធរ​ឆ្លើយតប​យ៉ាង​យូរ​បំផុត ត្រឹម​ថ្ងៃទី​២៩ មករា បើ​មិន​ដូច្នេះ​ទេ ពួកគាត់​នឹង​ឡើង​ទៅ​តវ៉ា​ដល់​អាជ្ញាធរ​ខេត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។