រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិតព្រមានស្នងការខេត្តកណ្ដាលលើកទី១ ដោយមូលហេតុខ្ជីខ្ជាការងារគ្រប់គ្រង និងដឹកនាំ។ សង្គមស៊ីវិលថា ការដំឡើងឋានន្តរសក្ដិ របស់មន្ត្រីរាជការមិនឆ្លងកាត់ ការយល់ព្រម ឬសួរមតិថ្នាក់ក្រោម ទើបបណ្ដាលឲ្យមានការមិនពេញចិត្ត។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការតាមវិន័យកងនគរបាលជាតិ ប្រសិនស្នងការខេត្តកណ្ដាល លោក អ៊ាវ ចំរើន មិនកែប្រែកំហុស និងឥរិយាបថ ដឹកនាំ តាមការណែនាំរបស់លោក។ ប៉ុន្តែមិនបង្ហាញជាក់លាក់ថា វិធានការនោះ ជាអ្វីឡើយ។ លិខិតចុះថ្ងៃទី២៥ កក្កដា តែទើបបានផ្សព្វផ្សាយជាសាធារណៈ លោក ស ខេង ស្ដីបន្ទោសស្នងការខេត្តកណ្ដាលថា ខ្វះការយកចិត្តទុកដាក់លើការងារគ្រប់គ្រង និងដឹកនាំ។
នៅមុនការចេញលិខិតនេះ ច្រើនខែ គឺកំឡុងខែឧសភា ក្រសួងមហាផ្ទៃ ធ្លាប់ចាត់ក្រុមអធិការកិច្ច ចុះទៅស៊ើបអង្កេត ករណីប៉ូលិស១២នាក់ លាក់អត្តសញ្ញាណ បានសរសេរលិខិត ប្ដឹងថា ស្នងការខេត្តកណ្ដាល លោក អ៊ាវ ចំរើន ដឹកនាំរបៀបប្រើអំណាចផ្ដាច់ការ ធ្វើបាបកូនចៅ និងប្រព្រឹត្តអំពើពុករលួយ។ លិខិតអនាមិក នោះ ចុះថ្ងៃទី១៩ ខែមេសា មានផ្ដិតស្នាមមេដៃ ចំនួន ១២មេដៃ តែមិនបង្ហាញឈ្មោះឡើយ។ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ធ្លាប់បានបដិសេធការស៊ើបអង្កេតលើបណ្ដឹងអនាមិកនោះ ដោយសំអាងថា មានភាពមិនច្បាស់លាស់។
ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន មិនធ្វើអត្ថាធិប្បាយទេ ចំពោះការព្រមានរបស់ លោក ស ខេង នេះ៖ « ខ្ញុំយល់ថា ខ្ញុំអត់ត្រូវមានអ្វី ត្រូវបកស្រាយអ្វីទេណា។ សុំទោសណា »។
ក្រោយមានលិខិតអនាមិកប្ដឹងលោក អ៊ាវ ចំរើន ក្រុមប៉ូលិសចំនួន ១០៤នាក់ ក្រោមបង្គាប់ស្នងការនគរបាលខេត្តកណ្ដាល បានផ្ដិតមេដៃធានាអះអាងថា លោក អ៊ាវ ចំរើន មិនបានដឹកនាំរបៀបផ្ដាច់ការ ពុករលួយ ឬធ្វើបាបកូនចៅទេ។ ស្នាមមេដៃរបស់ក្រុមប៉ូលិសទាំង ១០៤នាក់ បានបង្ហាញឈ្មោះ និងតួនាទីច្បាស់លាស់ ដែលមានចាប់ពីស្នងការរងខេត្តកណ្ដាល ដល់មន្ត្រីប៉ូលិសមូលដ្ឋាន។ ក្រុមប៉ូលិសទាំង ១០៤នាក់ ចោទថា លិខិតអនាមិក មានចេតនាបំបែកបំបាក់សាមគ្គីផ្ទៃក្នុងដោយសារ ខឹងលោក អ៊ាវ ចំរើន បញ្ជាឲ្យបង្ក្រាបទីតាំងល្បែងស៊ីសង ជល់មាន់ អាប៉ោង កាលពីកំឡុងថ្ងៃចូលឆ្នាំខ្មែរ។
កាលពីថ្ងៃទី១៤ ខែមេសា លោក អ៊ាវ ចំរើន បញ្ជាឲ្យបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែង ស្ថិតនៅភូមិពាម ឃុំព្រែកអំបិល ស្រុកស្អាង។ លោក អ៊ាវ ចំរើន ធ្លាប់ប្រាប់អាស៊ីសេរីថា ទីតាំងជល់មាន់នោះ បើក ៥ថ្ងៃជាប់គ្នា កំឡុងមុនថ្ងៃចូលឆ្នាំខ្មែរ តែសមត្ថកិច្ចមូលដ្ឋានមិនដឹង ហើយក្នុងចំណោមមនុស្សនៅសៃវៀនជល់មាន់ជាង ៣០០នាក់ សមត្ថកិច្ចចាប់បាន ៤នាក់ ឯជាង ៣០០នាក់ទៀត ខ្លះរត់ចោលស្បែកជើង ម៉ូតូ ឡាន និងមាន់ជល់ច្រើនក្បាល។
ប៉ុន្មានថ្ងៃក្រោយមក ស្នងការខេត្តកណ្ដាល បានដកមន្ត្រីប៉ូលិសមូលដ្ឋាន ៣នាក់ ពីតំណែង គឺអធិការនគរបាលស្រុកស្អាង លោក សេង សុជាតិ អធិការរងនគរបាលស្រុកស្អាង លោក ស៊ុប លាងសែ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល លោក ជៃ សំអាត ឲ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិក នៃស្នងការខេត្តកណ្ដាល ដើម្បីត្រួតពិនិត្យការងាររដ្ឋបាល។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការព្រមានរបៀបស្ដីបន្ទោស តាមនីតិវិធីរដ្ឋបាល ជាការល្អ។ តែការពិនិត្យវាយតម្លៃការងារ និងរបៀបកែប្រែឥរិយាបថការងារ បន្ទាប់ពីស្ដីបន្ទោសរួច មិនទាន់ត្រូវបានរដ្ឋាភិបាលអនុវត្តត្រឹមត្រូវទេ។ លោកថា ការស្ដីបន្ទោស ឬព្រមានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាការបង្ហាញថា ការដំឡើងឋានន្តរសក្ដិស្នងការខេត្តកណ្ដាលកន្លងមក មានភាពមិនប្រក្រតី និងមិនបានសុំយោបល់មន្ត្រីថ្នាក់ក្រោម ទើបមានការជំទាស់ពីថ្នាក់ក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។