អាជ្ញាធរ បង្កើន​ការរឹត​បន្តឹង​តាម​ព្រំដែន​ខេត្តជាប់​​វៀតណាម ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩

0:00 / 0:00

អាជ្ញាធរ​ខេត្ត​នៅ​ជាប់​ព្រំដែន​វៀតណាម បាន​បង្កើន​ការរឹត​បន្តឹង​តាម​ច្រក​ចេញ​ចូល​ទាំងអស់​ ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩ (Covid-19) ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​ខាង​មុខ​នេះ តាម​ការ​ណែនាំ​របស់​​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន។ ទោះជា​យ៉ាងណា ពលរដ្ឋ​ខ្លះ​ ឲ្យ​ដឹង​ថា ជនជាតិ​ខ្មែរ​មិន​អាច​ឆ្លង​ដែន​ទៅ​វៀតណាម​បាន​ទេ តែ​​ជនជាតិ​វៀតណាម​ នៅ​តែ​អាច​ឆ្លង​ចូល​កម្ពុជា​បាន។

អាជ្ញាធរ​ខេត្ត​​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម បាន​បន្ថែម​គោលដៅ​ប្រចាំការ និង​យាមកាម​​តឹងរ៉ឹង ដើម្បី​ទប់​ស្កាត់​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​រវាង​ពលរដ្ឋ​​ប្រទេស​ទាំងពីរ។ វិធានការ​ថ្មីនេះ គឺ​ជា​ការ​អនុវត្ត​តាម​​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​បង្ការ​ការ​រីក​រាល​ដាល​​ជំងឺ​កូវីដ-១៩ បន្ទាប់​ពី​ប្រទេស​វៀតណាម​ផ្ទុះ​រាលដាល​ជំងឺកូវីដ-១៩ ជាថ្មី​ម្តងទៀត។

អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់ អាស៊ីសេរី ថា លោក​បាន​ដឹកនាំ​​មន្ត្រី​ និង​កងកម្លាំង ចុះ​ត្រួត​ពិនិត្យ​មើល​ច្រក​ទ្វារ​អន្តរជាតិ​​​ក្អម​សំណ និង​ជ្រៃធំ ​​​កាល​ពី​ថ្ងៃទី០៥ កុម្ភៈ ដើម្បី​រឹត​បន្តឹង និង​បង្ការ​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ខាង​មុខ​នេះ។

លោក ឲ្យ​ដឹង​​ថា ខេត្ត​​កណ្ដាល​​ មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម ជិត​សាមសិប (២៩,៥) គីឡូម៉ែត្រ មាន​ច្រក​ទ្វារ​អន្តរជាតិ​២ និង​ច្រក​ទ្វារ​តំបន់​២ សុទ្ធ​តែ​បាន​រៀបចំ​ទីតាំង​​សម្រាប់​ធ្វើ​ចត្តាឡីស័ក និង​អាច​​ដាក់​​​មនុស្ស​ បាន​ច្រើន​រយ​នាក់។​ អភិបាល​ខេត្តកណ្តាល​រូបនេះ បន្ត​ថា ស្ថានភាព​​បច្ចុប្បន្ន អាជ្ញាធរ​ទប់​ស្កាត់ ​ពលរដ្ឋ​ទាំងពីរ​ប្រទេស​មិន​ឲ្យ​លួច​ឆ្លង​ដែន​ បាន​ល្អ​ប្រសើរ៖ « ច្រក​តំបន់​២ ឯ​ច្រក​អន្តរជាតិ​២​ទៀត វា​បួន។ ឯ​ក្រៅពី​នេះ មិន​មាន​ដាច់​ខាត​ ក្នុង​ការ​ឆ្លង​ចេញ​ចូល ​ដាច់​ខាត​ គឺ​កម្លាំង​យើង​មាន​នៅ​តាម​ប៉ុស្តិ៍​គោល​ដៅ​នីមួយៗ​ ក្នុង​ការ​ត្រួត​ពិនិត្យ​ ដោយ​ហ្មត់ចត់​បំផុត គឺ​អត់​មាន​ឲ្យ​ឆ្លង​ចេញ​ចូល​ទេ ទាំង​ទំនិញ​ ក៏​ដោយ​ ក៏​អត់​អាច​ឆ្លង​ដែរ គឺ​ត្រូវ​ចូល​មក​ច្រក​អន្តរជាតិ ឬ​ក៏​ច្រក​តំបន់​របស់​យើង»។

ចំណែក​អភិបាល​រង និង​ជា​អ្នកនាំពាក្យ​សាលា​ខេត្ត​ត្បូងឃ្មុំ លោក កេង ប៊ុនណា វិញ លោក​ប្រាប់ អាស៊ីសេរី ថា អាជ្ញាធរ បាន​ពង្រាយ​កង​កម្លាំង​តាម​ព្រំដែន​​ ចំនួន​២ ទៅ​៣នាក់ ក្នុង​មួយ​គីឡូម៉ែត្រ បណ្ដាក់​​​តាម​បណ្ដោយ​ព្រំដែន​ ជាង​មួយរយ (១៤៣) គីឡូម៉ែត្រ នៃ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ទប់​ស្កាត់​ការលួច​ឆ្លង​ដែន​ខុស​ច្បាប់។ លោក​អះអាង​ថា ស្ថានភាព​ការ​ឆ្លង​ដែន​នៅ​​​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ មាន​ភាពប្រក្រតី និង​តម្រូវ​ឲ្យ​​ពលរដ្ឋ​ខ្មែរ និង​ វៀតណាម ​​ធ្វើ​ចត្តាឡីស័ក​ទាំង​អស់ នៅ​ពេល​ឆ្លង​ដែន៖ « ប្រចាំ​ការ​ ខ្លាច​តាម​លួច​ចូល យើង​បារម្ភ​ត្រង់​ហ្នឹង​។ ទើប​អ៊ីចឹង​ហើយ បាន​យើង​ចាត់​តាំង​កម្លាំង​ទាំង​សឹក​រង ក៏​ដូច​ជា ប៉េអិម ដែល​ជា​សមត្ថកិច្ច។ និយាយ​រួម​ទៅ មួយ​គីឡូ​ដី គឺ​ពីរ ទៅ​បី ប៉ុស្តិ៍​។ យើង​ដាក់​ហ្នឹង​ មិន​មែន​ថា​ម្ដេច​ទេ គឺ​ខ្លាច​ចេញ​ចូល​ដោយ​ខុស​ច្បាប់ ដូច​បាន​រៀបរាប់​ខាង​លើ​អ៊ីចឹង »

ទោះជា​យ៉ាងណា ពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​ អះអាង​ថា ជនជាតិ​វៀតណាម​ខ្លះ​ នៅ​តែ​អាច​ឆ្លងដែន​ចូល​មក​ប្រទេស​កម្ពុជា ទិញ​លក់​ផលិត​ផល និង​រក​ស៊ី​បាន​ ជា​ធម្មតា បើ​ទោះ​ជា​កម្ពុជា និង​​វៀតណាម បាន​​​បិទ​ព្រំដែន និង​ពង្រាយ​កងកម្លាំង​ការពារ​ព្រំដែន​ យ៉ាង​តឹងរ៉ឹង​ក៏ដោយ។

អ្នកស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ ម្នាក់ លោក ជា វីរៈ ឲ្យ​ដឹង​ថា ពលរដ្ឋ​​កម្ពុជា មិន​អាច​​ឆ្លង​​ទៅ​ខាង​វៀតណាម​បាន​ទេ តែ​ពលរដ្ឋ​វៀតណាម​ខ្លះ នៅ​តែ​អាច​​ឆ្លង​ចូល​​មក​​រកស៊ី នៅ​ខេត្ត​នេះ​បាន។ លោក ឲ្យ​ដឹង​ថា ​​មន្ត្រី​ខិលខូច​ខ្លះ បាន​លួច​បើក​​ដៃ​​​ឲ្យ​ជនជាតិ​វៀតណាម ចូល​មក​រកស៊ី​​ទិញ​អេតចាយ និង​ ចូល​មក​បើក​ឡាន​ដឹក​កសិផល ដល់​ខេត្ត​ត្បូងឃ្មុំ។ ចំណែក​ជនជាតិ​វៀតណាម​ខ្លះ​ទៀត បាន​លួច​ឆ្លង​ដែន​ ចូល​តាម​ច្រក​​របៀង​មក​កម្ពុជា។ អ្នក​ជាយដែន​រូប​នេះ បារម្ភ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ដោយសារ​ការទប់ស្កាត់​មិនមាន​ប្រសិទ្ធភាព៖« ឈ្មួញ​វៀតណាម ដែល​មាន​មុខ​របរ​ រកស៊ី​នៅ​ក្នុង​ស្រុកខ្មែរ អ៊ីចឹង​ទៅ​ មាន​អ្នក​នាំ​ផ្លូវ មាន​អ្នក​សម្រួល​ឲ្យ​គេ​ចូល​មក​តែ​ម្ដង។ ទី២ ចូល​លាក់​លួច តាម​ច្រក​របៀង​ផ្សេងៗ ហើយ​ខ្ញុំ​ជឿ​ថា ការណ៍​ដែល​វៀតណាម ចូល​មក​ខ្មែរ​យើង​នេះ សុទ្ធ​តែ​មាន​បណ្ដាញ​ គេ​ឲ្យ​ចូល​ហើយ​។ ខ្ញុំ​ជឿ​ថា ពួក​មន្ត្រី​ព្រំដែន​អ្វី​គ្រប់​គ្នា គឺ​សុទ្ធ​តែ​ដឹង។ ពេលខ្លះ គាត់​ជា​អ្នក​នាំ​ចូល យួន​ឲ្យ​លុយ​បន្តិច​បន្តួច​ទៅ បង្ហាញ​ផ្លូវ​ឲ្យ​គេ​ទៀត ខ្ញុំ​បាន​ឃើញ​ជាក់​ស្ដែង »

ស្រដៀង​គ្នា​នេះ សមាជិក​ក្រុម​ការងារ​១០០រាត្រី លោក ឃីម សុខុម សង្កេត​ឃើញ​ថា ក្នុង​ស្ថាន​ភាព​បិទ​ព្រំដែន​ជិត​មួយ​ឆ្នាំ​មក​នេះ​​ ពលរដ្ឋ​វៀតណាម ​​មាន​ឱកាស​ឆ្លង​ដែន​ចូល​កម្ពុជា​បាន​ច្រើន ជាង​​ពលរដ្ឋ​ខ្មែរ ​ដែល​លួច​​ឆ្លង​ដែន​ចូល​ប្រទេស​វៀតណាម។ អ្នក​ឃ្លាំមើល​ព្រំដែន​រូប​នេះ ស្វាគមន៍​ការ​រឹត​បន្តឹង​ និង​យាម​ល្បាត​ តាម​ព្រំដែន​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ខាង​មុខ​នេះ ​តែ​លោក​ ស្នើសុំ​ ឲ្យ​អាជ្ញាធរ​​រឹត​បន្តឹង​ឲ្យ​​មាន​ប្រសិទ្ធភាព​ ទើប​អាច​ទប់​ស្កាត់​​ការ​​លួច​ឆ្លង​ដែន​ខុស​ច្បាប់​បាន៖ « ជា​ធម្មតា ពួកគាត់​ធ្លាប់​តែ​ទទួល​បាន​អត្ថប្រយោជន៍​ពី​បណ្ដា​ជន​អ្នក​ដែល​ចូល​មក​រកស៊ី​នៅ​ហ្នឹង​អ៊ីចឹង​ណា។ ជាក់ស្ដែង​ ខ្ញុំ​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ពី​អ្នក​ភូមិ ពី​ក្មេង​នៅ​ក្បែរៗ​ហ្នឹង​ គាត់​ថា ជនជាតិ​វៀតណាម​ រៀប​ចូល​មក​អ៊ីចឹង គេ​មាន​ស្រោម​សំបុត្រ អ្នក​លក់ដូរ​អ្វី​អ៊ីចឹង គេ​ហុច​លុយ ហុច​កាក់​អ្វី ឲ្យ​ពួកគាត់ អ្នក​នៅ​យាម​នៅ​ហ្នឹង​អ៊ីចឹង​ទៅ ចេញ​ចូល​វា​រាង​ធូរ រាង​ងាយ​ស្រួល »

កម្ពុជា និង​វៀតណាម មាន​ព្រំ​ប្រទល់​​គោក​ជាប់​គ្នា​ ​ជាង​មួយពាន់ (១.២៧០) គីឡូម៉ែត្រ ចាប់​ពី​ខេត្ត​រតនៈគិរី រហូត​ដល់​ខេត្ត​កំពត។ រដ្ឋាភិបាល​វៀតណាម បាន​​​បិទ​ព្រំដែន​​ ជាមួយ​កម្ពុជា ​ដោយ​មិន​ប្រាប់​មុន កាល​ពី​​​ពាក់​កណ្ដាល​​ខែមីនា ឆ្នាំ២០២០ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩។ មួយ​ថ្ងៃ​​ក្រោយ​មក គឺ​នៅ​ថ្ងៃទី១៩ មីនា ឆ្នាំ២០២០ រដ្ឋាភិបាល​កម្ពុជា ប្រកាស​បិទ​ព្រំដែន​កម្ពុជា ជាមួយ​វៀតណាម និង​រឹត​បន្តឹង​ការ​ចេញ​ចូល​ តែ​​រដ្ឋាភិបាល​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា ឲ្យ​មាន​ការ​ដឹក​ទំនិញ​ចេញ​ចូល​ទៅ​វិញ​ទៅ​មក​រហូតដល់​បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូលមតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។