ជនជាតិវៀតណាមចំនួន ១៤នាក់ ដែលគេសង្ស័យថា ជាជនភៀសខ្លួនម៉ុងតាញ៉ា ត្រូវបានបញ្ជូនចេញពីខេត្តរតនគិរី ទៅប្រគល់ឲ្យអាជ្ញាធរវៀតណាម បន្ទាប់ពីពួកគេស្ម័គ្រចិត្តវិលត្រឡប់ទៅភូមិកំណើតវិញ។ ជនជាតិវៀតណាមទាំងនោះអះអាងថា ពួកគេជាពលករចំណាកស្រុករត់ចេញពីប្រទេសវៀតណាម ទៅស្វែងរកការងារធ្វើនៅប្រទេសថៃ អស់រយៈពេល៨ខែកន្លងទៅ។
អាជ្ញាធរខេត្តរតនគិរី និងមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ ស្រុកអូរយ៉ាដាវ បានសម្របសម្រួល ឲ្យពលរដ្ឋវៀតណាម រស់នៅភាគកណ្ដាល ប្រទេសហៅកាត់ថា ម៉ុងតាញ៉ា ១៤នាក់ ឆ្លងដែនវិលទៅប្រទេសរបស់ខ្លួនវិញ នៅទី៣១ ខែកក្កដា តាមការស្ម័គ្រចិត្ត។
ជនជាតិវៀតណាមទាំង ១៣នាក់ មានស្រី ៦នាក់ និងប្រុស ៨នាក់ ក្នុងនោះមានកុមារាម្នាក់ និងកុមារីម្នាក់។ ពួកគេជាជនជាតិដើមភាគតិចចារ៉ាយ រស់នៅខេត្តយ៉ាឡាយ ប្រទេសវៀតណាម។ សាច់ញាតិរបស់ពួកគេរស់នៅប្រទេសវៀតណាម បានអន្តរាគមន៍ដឹកជញ្ជូនពួកគេពីព្រំដែនថៃ និងខ្មែរក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្លងកាត់ខេត្តសៀមរាម ខេត្តព្រះវិហារស្ទឹងត្រែង មកស្នាក់នៅក្រុងបានលុងខេត្តរតនគិរី មួយយប់ទើបបន្តដំណើរ ទៅច្រកទ្វារព្រំដែន ស្រុកអូរយ៉ាដាវ ចូលទៅប្រទេសវៀតណាម។
បុរសជនជាតិចារ៉ាយវៀតណាម ដែលជាអ្នករៀបចំដឹកជញ្ជូនពលរដ្ឋវៀតណាមទាំង ១៤នាក់អះអាងថា ជនជាតិវៀតណាមទាំង ១៤នាក់ បានលួចឆ្លងដែនពីប្រទេសវៀតណាម ចូលទៅប្រទេសឡាវ ហើយបន្តលួចឆ្លងដែនពីប្រទេសឡាវចូលទៅប្រទេសថៃ។ ពួកគេមានបំណងរកការងារមានកម្រៃខ្ពស់ នៅប្រទេសថៃ ក៏ប៉ុន្តែដោយសាររស់នៅប្រទេសថៃ ជួបបញ្ហាលំបាកទើបទូរស័ព្ទ ប្រាប់សាច់ញាតិឲ្យជួយអន្តរាគមន៍ ទៅអាជ្ញាធរវៀតណាម បានវិលមកស្រុកកំណើតវិញ៖ «សាច់ញាតិខ្ញុំមិនមានការយល់ដឹង គេប្រាប់ថាទៅលក់ដូរនៅទីនោះ បានប្រាក់ច្រើនអញ្ចឹងបងប្អូនខ្ញុំមួយគ្រួសារទៅតាមគេ ទៅដល់អត់ការធ្វើនៅមួយកន្លែងអញ្ចឹង គេអត់នៅកើតគ្មានប្រាក់ទើបត្រឡប់មកវិញ»។
ជនជាតិវៀតណាមម្នាក់ក្នុងចំណោមជនជាតិវៀតណាម ១៤នាក់ ឈ្មោះ រឡាន សាន ដែលត្រូវបានអនុញ្ញាតឲ្យឆ្លងដែន តាមច្រកទ្វារព្រំដែនអន្តរជាតិ ស្រុកអូរយ៉ាដាវ ប្រគល់ឲ្យអាជ្ញាធរវៀតណាម បញ្ជាក់ថា ពួកគេពិតជាមានបំណងស្វែងរកការងារល្អ ធ្វើនៅប្រទេសថៃ ទើបសម្រេចចាកចេញពីប្រទេស ក៏ប៉ុន្តែពេលនេះពួកគេសម្រេចវិលទៅលំនៅឋានវិញ បន្ទាប់ពីមិនអាចបន្តរស់នៅក្នុងប្រទេសថៃ យូរតទៅទៀតបាន៖ «នៅស្រុកនៅផ្ទះក្រលំបាកទឹកដី អត់មានទើបឆ្លងទៅទីនោះ ធ្វើការធ្ងន់ហើយគេមិនបើកប្រាក់ខែ ទើបសម្រេចវិលទៅស្រុកវិញ»។
ទាក់ទិនករណីនេះដែរអ្នកនាំពាក្យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) កញ្ញា វីវៀន តាន់ (Vi vian Tan) បញ្ជាក់តាមសារអេឡិចត្រូនិក នៅថ្ងៃទី៣១ ខែកក្កដា ថា កញ្ញាបានដឹងពីការវិលត្រឡប់ ដោយស្ម័គ្រចិត្តនៃក្រុមម៉ុងតាញ៉ា ១៤នាក់ ក៏ប៉ុន្តែកញ្ញាមិនបានអធិប្បាយពីអត្តសញ្ញាណជនម៉ុងតាញ៉ាទាំងនោះយ៉ាងណាឡើយ។
ចំណែកមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី ថ្លែងថា មិនមានការចាប់បង្ខំអ្វីទៅលើការវិលត្រឡប់របស់ជនជាតិវៀតណាមទាំងនោះដែរ។ លោកសង្ស័យថា ជនជាតិវៀតណាមទាំង ១៤នាក់ អាចជាជនភៀសខ្លួន ពីព្រោះមានជនភៀសខ្លួនមួយក្រុម ទើបនឹងរត់ចេញពីប្រទេសថៃ ហើយស្ម័គ្រចិត្តវិលត្រឡប់ទៅលំនៅឋានវិញ តាមរយៈការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន កាលពីខែពាក់កណ្ដាលខែកក្កដា៖ «យើងពិនិត្យនៅព្រំដែនជាក់ស្ដែង មិនឃើញមានអង្គការសហប្រជាជាតិមកទេ មានតែបងប្អូនសាច់ញាតិម្នាក់ជាចារ៉ាយវៀតណាម ធ្វើបែបបទស្នើសុំចេញ។ គាត់បញ្ជាក់ថាបងប្អូនគាត់ទៅរស់នៅទីនោះ គឺជឿតាមគេ ហើយលំបាកសុំត្រឡប់មកវិញ»។
ទោះជាយ៉ាងនេះក្ដីស្នងការរងប៉ូលិសខេត្តរតនគិរី ទទួលបន្ទុកអន្តោប្រវេសន៍ លោក ជា ប៊ុនធឿន ទទួលស្គាល់ថា ជនជាតិវៀតណាមទាំង ១៤នាក់នេះ ត្រូវបានបញ្ជូនចេញតាមរយៈការសម្របសម្រួល របស់អាជ្ញាធរវៀតណាម និងក្រុមគ្រួសារពួកគេ។ លោកចាត់ទុកថាក្រុមនេះទំនងជាអន្តោប្រវេសន៍ខុសច្បាប់៖ «ស្ម័គ្រចិត្តវិលត្រឡប់ដោយខ្លួនគាត់ អ៊ីចឹងយើងស្នើសុំទៅថ្នាក់ដឹកនាំខេត្តសម្របសម្រួលឲ្យគាត់ បានវិលត្រឡប់ទៅវិញចុះ»។
កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ មន្ត្រីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានអមដំណើរជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាម១២ ពីក្រុងភ្នំពេញមកកាន់ច្រកទ្វារព្រំដែនអន្តរជាតិ ស្រុកអូរយ៉ាដាវ ហើយប្រគល់ពួកគេទៅឲ្យអាជ្ញាធរវៀតណាមបន្ទាប់ពីជនភៀសខ្លួនទាំងនោះស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។