សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន ១០​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ការ​ផលិត​វីដេអូ​អាសអាភាស

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​អះអាង​ថា បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ១០​នាក់​រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៧ ខែ​តុលា ពាក់ព័ន្ធ​ការ​ផលិត​ខ្សែ​វីដេអូ​អាសអាភាស។

អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) នៅ​ល្ងាច​ថ្ងៃទី​២៧ ខែ​តុលា ថា ក្នុងចំណោម​ជនសង្ស័យ​ជិត ៥០​នាក់ ក្រោយ​បញ្ចប់​ការ​សាកសួរ​សមត្ថកិច្ច​រក​ឃើញ​ជនជាតិ​ចិន ១០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផលិត​វីដេអូ​អាសអាភាស និង​បាន​បញ្ជូន​ពួកគេ​ទៅ​តុលាការ។ ទោះជា​យ៉ាងណាក្ដី លោក​មិន​បាន​បញ្ជាក់​ចំពោះ​ការ​សម្រេច​របស់​តុលាការ​លើ​ជន​ត្រូវ​ចោទ​ទាំងនោះ និង​នីតិវិធី​ឃុំខ្លួន​ពួកគេ​បែប​ណា​នោះ​ទេ។

ទន្ទឹម​នឹង​ការ​អះអាង​នេះ មន្ត្រី​ប្រចាំការ​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​តួនាទី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃទី​២៧ ខែ​តុលា ថា បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ទាំងនោះ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ ក្រោម​ការ​ឃ្លាំមើល​តឹងរ៉ឹង​ពី​ព្រះរាជអាជ្ញា និង​មន្ត្រី​ប្រចាំការ។

សម្ដី​ប្រភព​អនាមិក៖ «យើង​កំពុង​ធ្វើ​នីតិវិធី ដើម្បី​បញ្ជូន​ទៅ​អយ្យការ​។ ខ្ញុំ​ប្រចាំ​បញ្ជា​ខាង​មន្ត្រី​ជំនាញ​គាត់​កំពុង​ធ្វើ​កិច្ចការ​ហ្នឹង ទុក​ឱ្យ​ជំនាញ​គាត់​សួរ[​ជនសង្ស័យ​]​។ ខ្ញុំ​ទទួល​ខាង​ព័ត៌មាន​ទេ ទាល់​សួរ​ខាង​ជំនាញ​។ ប្អូន​អាចម​ក​ខាង​នាយកដ្ឋាន​យើងខ្ញុំ ដើម្បី​សាកសួរ​មន្ត្រី​ជំនាញ ប្អូន​ដឹង​ហើយ»។

កម្លាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​យប់​ថ្ងៃទី​២៤ ខែ​តុលា បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ផលិត​វីដេអូ​អាសអាភាស​មួយ​កន្លែង​នៅ​អគារ​ក្រុមហ៊ុន​ដឹកជញ្ជូន​ម្ហូបអាហារ វ៉ាយ៍ ណាវ (Wow Now) ក្នុង​ខណ្ឌ​បឹង​កេងកង និង​បាន​ឃាត់ខ្លួន​មនុស្ស ៤៥​នាក់ ដែល​រួមមាន​ជនជាតិ​ចិន វៀតណាម និង​ខ្មែរ​ផង​ដែរ​។ ប្រតិបត្តិ​ការ​បង្ក្រាប​នេះ​ធ្វើឡើង​ក្រោម​បទបញ្ជា​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា។ លោក ឆាយ គឹមខឿន ឱ្យ​ដឹង​ថា ក្រោយ​បញ្ចប់​ការសាកសួរ​កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​តុលា សមត្ថកិច្ច​បាន​ដោះលែង មនុស្ស ៣៥​នាក់​ឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ករណី​ជនបរទេស​ផលិត​ខ្សែ​វីដេអូ​អាសអាភាស​នេះ ជា​រឿងអាស្រូវ និង​បាន​ទាញ​វប្បធម៌​ជាតិ​អាប់ឱន​ធ្ងន់ធ្ងរ។ លោក​នៅតែ​ទទូច​ដល់​សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ បន្ត​ការស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត និង​ផ្ដន្ទាទោស​ជនល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់ ដើម្បី​ព្រមាន​ដល់​ជនបរទេស​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​ប្រើប្រាស់​ទឹកដី​ខ្មែរ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​នៃ​វប្បធម៌​ជាតិ។

លោក យង់ គិមអេង៖ «ប៉ុន្តែ ប្រសិនជា​យើង​មិន​បាន​ចាត់វិធានការ​តឹងតែង​សមរម្យ សមស្រប គឺ​បញ្ហា​ហ្នឹង​នៅតែ​កើតឡើង​ទៀត​វា​ប៉ះពាល់ ហើយ​វា​បង្ក​ភាព​ភ័យ​ខ្លាច​ទៅ​ដល់​អ្នក​ទេសចរ ប្រជាពលរដ្ឋ​យើង​ដទៃទៀត វា​ជា​រឿង​ដែល​ត្រូវ​គិតពិចារណា​ចាត់វិធានការ​ខាង​ផ្លូវច្បាប់​ឱ្យ​ខាង​តែ​បាន»។

ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ មាត្រា ១៥ ចែងថា ជន​ណា​ជួញដូរ​អ្នកដទៃ​ជា​អនីតិជន​ក្នុង​គោលដៅ​ស្វែងរក​ប្រយោជន៍ បំពាន​ផ្លូវភេទ និង​ផលិត​រូបភាព​អាសអាភាស ជាដើម អាច​ប្រឈម​ត្រូវ​ផ្ដន្ទាទោស​រយៈពេល ២០​ឆ្នាំ។

មន្ត្រី​សង្គម​ស៊ីវិល​ព្រមាន​អំពី​ការ​កើនឡើង​នូវ​វីដេអូ​អាសអាភាស​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា វា​ជា​ផ្នែក​មួយ​ជំរុញ​ឱ្យ​កើតមាន​បទល្មើស​បែប​ឧក្រិដ្ឋ​ក្នុង​សង្គម និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ​ធ្ងន់ធ្ងរ ប្រសិនបើ​អាជ្ញាធរ​គ្មាន​វិធានការ​ទប់ស្កាត់​ការ​ចែកចាយ​វីដេអូ និង​អ្នក​ផលិត​វីដេអូ​អាសអាភាស​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។