ជនជាតិដើមភាគតិចនៅខេត្តភាគឦសាន ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ នៅតាមផ្ទះរៀងៗ ខ្លួន ដោយពុំហ៊ានចួបជុំគ្នាច្រើនទេ ព្រោះការពារជំងឺកូវីដ១៩។ ពួកគេសែនព្រេងថ្វាយទេវតាឆ្នាំថ្មី ដោយភ្ជាប់ប្រពៃណីជនជាតិដើមភាគតិច ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីបួងសួងសុំសេចក្ដីសុខចម្រើន។
ខេត្តព្រះវិហារស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី គឺជាតំបន់មានជនជាតិដើមភាគតិចរស់នៅច្រើនរួមមានជនជាតិដើមភាគតិចព្នង កួយ កាវេត ឡាវ និងគ្រឹងជាដើម។ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារភាគច្រើនមានជនជាតិដើមភាគតិច ព្នង ស្ទៀង កួយ និង កាវេត។ ចំណែកនៅខេត្តមណ្ឌលគិរី និងរតនគិរីភាគច្រើនមានជនជាតិដើមភាគតិចព្នង ទំពួន កាចក់ ព្រៅ លន់ កាវេត និងចារាយ។ មិនខុសពីពលរដ្ឋខ្មែរទូទៅនោះទេ ក្រុមជនជាតិដើមភាគតិចទាំងនេះ ក៏កំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅតាមផ្ទះរៀងៗ ខ្លួនដែរ ក្នុងសម័យកាលជំងឺកូវីដ១៩ នេះ។
ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ លោកស្រី ហូយ ថាវិន កត់សម្គាល់ថា ជនជាតិកួយចាប់យកប្រពៃណីបុណ្យចូលឆ្នាំខ្មែរដូចជនជាតិខ្មែរដែរជាច្រើនឆ្នាំមកហើយ។ ក្នុងពិធីចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះអ្នកភូមិវេចនំអន្សម ផ្លែឈើ ទៀន ធូប និងសម្ភារៈផ្សេងៗ ថ្វាយទេវតាឆ្នាំថ្មី នៅតាមផ្ទះរៀងៗ ខ្លួន។ លោកស្រីថា ជនជាតិដើមភាគតិចកួយភាគច្រើន ប្រកាន់ភ្ជាប់ព្រះពុទ្ធសាសនា និងផ្សារភ្ជាប់ជំនឿប្រពៃណីជនជាតិដើមភាគតិច។ លើសពីនេះទៀត ពិធីបុណ្យឆ្នាំនេះ អ្នកភូមិមិនហ៊ានចួបជុំគ្នាច្រើនដូចឆ្នាំមុនៗ នោះទេ ព្រោះអនុវត្តតាមការណ៍ណែនាំរបស់រដ្ឋាភិបាល ដោយគ្រាន់តែនៅផ្ទះរៀងៗ ខ្លួន ធ្វើពិធីសែនព្រេនតិចតួច និងយកចង្ហាន់ទៅវត្តអារាម៖ «មានទទួលទេវតាសែនព្រេន ទិញផ្លែឈើ និងទិញអីៗ។ បើមានអ្នកប្លែកមុខមក តាមភូមិ តាមផ្ទះជិតខាង នឹកឃើញគេមិនដើរទៅណាបាន ចួបជុំគ្នាបានហូបទឹកជាមួយគ្នា បើថា អ្នកប្លែកមុខមកពីឆ្ងាយក៏ប្រយ័ត្នប្រយែង »។
កាលពីដើមឡើយជនជាតិដើមភាគតិចស្ទើរគ្រប់ក្រុមពុំមានប្រពៃណីចូលឆ្នាំដូចពលរដ្ឋដទៃទៀតក្នុងប្រទេសនោះឡើយ។ ពួកគេតែងប្រារព្ធពិធីសែនព្រេនភូមិ ឬសែនព្រេនពេលបង្កបង្កើនផល និងប្រមូលផលកសិកម្ម ក្នុងសហគមន៍តែប៉ុណ្ណោះ។ ប៉ុន្តែនៅរយៈពេល ៣ទសវត្សរ៍ចុងក្រោយនេះ ក្រុមសហគមន៍ជនជាតិដើមភាគតិចភាគច្រើន បានវិវឌ្ឍខ្លួនស្របតាមប្រពៃណីខ្មែរ ដូចពលរដ្ឋខ្មែរ ដែលប្រកាន់ជំនឿប្រារព្ធពិធីបុណ្យចូលឆ្នាំសម្រាប់ជាប្រពៃណីជាតិ។
ជនជាតិដើមភាគតិចកួយនៅខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ក៏មានពិធីលេងល្បែងប្រជាប្រិយរបស់ខ្មែរ ឬរៀបចំរាំកម្សាន្តនៅតាមសហគមន៍។ ជនជាតិកួយតែងប្រារព្ធរបាំវាយខែលជាស្ទើរជារៀងរាល់ឆ្នាំ ដើម្បីបួងសួងសុំសេចក្ដីសុខ និងរំឭកគុណបុព្វបុរសខ្មែរធ្វើសង្គ្រាមដោយប្រើអាវុធ រួមមាន ដាវ និងលំពែង។ ទោះយ៉ាងណាក្ដី ក្នុងពិធីបុណ្យឆ្នាំនេះ ពួកគេផ្អាកការប្រារព្ធពិធីទាំងនេះដោយសារការរីករាលដាលជំងឺកូវីដ១៩។ អ្នកភូមិខ្លះចាក់ធុងបាសរាំកម្សាន្តបន្តិចបន្តួចតាមផ្ទះចួបជុំក្រុមគ្រួសារ និងខ្លះទៀត វេចនំអន្សម សែនព្រេនថ្វាយទេវតា និងទទួលទានអាហារជុំចួបជុំគ្រួសារ។
ជនជាតិដើមភាគតិចកួយ រស់នៅខេត្តស្ទឹងត្រែង លោក ថាន់ វ៉ន ត្អូញថា ការរីករាលដាលជំងឺកូវីដ១៩ ឆ្នាំនេះ លោកគ្មានអារម្មណ៍ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនោះទេ ម្យ៉ាងជីវភាពខ្វះខាត ហើយត្រូវរកលុយសងធនាគាររាល់ខែទៀត។ លោកថា គ្រួសារលោករៀបចំពិធីថ្វាយទេវតាតិចតួច និងចួបជុំកូនចៅនៅផ្ទះ។ លោកមិនសប្បាយរីករាយចូលរួមពិធីបុណ្យចូលឆ្នាំ តាមទីវត្តអារាមដូចឆ្នាំមុនៗ នោះទេ ព្រោះអ្នកភូមិភាគច្រើនភ័យខ្លាចឆ្លងជំងឺ៖ «ចូលឆ្នាំវាមានគ្រប់តែឆ្នាំ តែឆ្នាំនេះវាពិបាក ពិបាកត្រង់ថា ប្រទេសយើងវាមានវិបត្តិជំងឺមួយធំ ចូលក្នុងប្រទេស។ បើនិយាយឱ្យខ្លីទៅវាពាក់ព័ន្ធសេដ្ឋកិច្ចថាយើងខ្វះអង្ក យើងរកលុយទិញអង្កតែយើងរកលុយវាមិនបាន។ ដូចកូនៗ ខ្ញុំច្រើនតែរកស៊ីតាមស្រុកគេ ឥឡូវមកមូលក្នុងផ្ទះទាំងអស់។ រឿងជំពាក់ធនាគារ ពិបាកវេទនា រកលុយបង់ឱ្យគេ បើនិយាយរឿងយ៉ាប់ៗ ណាស់ »។
នៅឯខេត្តមណ្ឌលគិរីឯណោះវិញ មានជនជាតិដើមព្នងប្រមាណ ៨០ភាគរយ ក៏មានទម្លាប់រៀបចំពិធីបុណ្យចូលឆ្នាំខ្មែរសម្រាប់ប្រពៃណីចូលឆ្នាំថ្មី ប៉ុន្តែឆ្នាំនេះ ពួកគេធ្វើពិធីតូចៗ តាមផ្ទះ និងមិនហ៊ានចួបជុំមនុស្សច្រើនឡើយ។ ជនជាតិព្នងតែងតែរៀបចំពិធីសែនព្រេនប្រើប្រាស់ស្រាពាងសម្រាប់ពិធីជួបជុំក្រុមគ្រួសារផឹកស៊ីក្នុងសហគមន៍ ដើម្បីអបអរចូលឆ្នាំខ្មែរ។
ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីលោក ក្លាន ថូល ប្រាប់អាស៊ីសេរីថា បើទោះបីឆ្នាំនេះជនជាតិដើមព្នង ពុំបានចូលរួមដើរលេងកម្សាន្តជាមួយប្រជាពលរដ្ឋខ្មែរនៅតាមវត្តអារាម និងតំបន់រមណីយដ្ឋានក្ដី ក៏ប៉ុន្តែពួកគេមួយចំនួនក៏បានរៀបចំនំផ្លែឈើផ្កា និងទៀនធូបទទួលទេវតាថ្មីនៅតាមផ្ទះរៀងៗ ខ្លួនដែរ។ លោកថា ជនជាតិដើមព្នងភាគច្រើនកាន់ព្រះពុទ្ធសាសនាតែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃតាមវត្តអារាម៖ «ចួបជុំពាក់ម៉ាស និងត្រៀមអាកុលដើម្បីលាងដៃតាមដែលក្រសួងសុខាភិបាលណែនាំ។ យើងអត់មានចួបជុំដូចឆ្នាំទៅទេ ប៉ុន្តែឆ្នាំហ្នឹងប្រហែលកម្សត់មែនទែនមុនចូលឆ្នាំ ខ្ញុំហ្នឹងចង់ទៅលេងខេត្តកំពង់ចាម និងចង់ទៅលេងព្រះវិហារបាន អ៊ីចឹងឥលូវយើងមិនអាចទៅបានដែរ »។
អាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានមន្ទីរវប្បធម៌ ខេត្តមណ្ឌលគិរី លោក ស៊ី ទូច បាននៅឡើយទេ ព្រោះទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកលើក។
ប៉ុន្តែមន្ត្រីនៃមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី លោក អ៊ឹម ចាន់ណា ធ្លាប់លើកឡើងថា ជនជាតិដើមភាគតិចកាន់តែច្រើន បានបោះបង់ជំនឿប្រពៃណីជនជាតិដើមដែលមិនរីកចម្រើន និងទទួលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋមកគោរពប្រតិបត្តិរួមជាមួយវប្បធម៌ប្រពៃណីល្អៗ របស់សហគមន៍ទុកជាជំនឿសម្រាប់ការអភិវឌ្ឍសហគមន៍បានកាន់តែប្រសើរ។ លោកថា ជនជាតិដើមភាគតិចកាន់តែច្រើន បានចាប់យកប្រពៃណីចូលឆ្នាំរបស់ជាតិខ្មែរ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមានរយៈពេលបីថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ រាជរដ្ឋាភិបាលបានចេញបញ្ជាបិទផ្លូវតភ្ជាប់ពីទីក្រុងភ្នំពេញទៅតាមបណ្តាខេត្តនានា ដើម្បីទប់ស្កាត់ការត្រឡប់ទៅស្រុកកំណើតរបស់កម្មករ ក្នុងពេលរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។