អ្នកឃ្លាំមើលសង្គមលើកឡើងថា រដ្ឋាភិបាលមិនអាចបោសសម្អាតមន្ត្រីអសកម្មនៅក្នុងពន្ធនាគារអស់នោះទេ ប្រសិនបើរដ្ឋាភិបាលគ្មានឆន្ទៈក្នុងការលុបបំបាត់អំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋ។ ពួកគាត់អះអាងថា ភាពអសកម្មរបស់មន្ត្រីពន្ធនាគារ បង្កឱ្យមានភាពអយុត្តិធម៌ដល់ជនជាប់ឃុំ ខណៈអ្នកមានលុយទទួលបានកន្លែងរស់នៅសមរម្យ និងមានសេរីភាពជាងអ្នកជាប់ឃុំមនសិការ។
អ្នកឃ្លាំមើលបញ្ហាសង្គមសង្កេតឃើញថា បញ្ហាអំពើពុករលួយ និងភាពមិនប្រក្រតីនៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែមួយចំនួននៅតែជាបញ្ហាចម្បងដែលធ្វើឱ្យមន្ត្រីពន្ធនាគារខិលខូចមួយចំនួនឆ្លៀតឱកាសប្រព្រឹត្តអំពើស៊ីសំណូកនៅក្នុងពន្ធនាគារ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែតុលា ថា ប្រធានមណ្ឌលអប់រំកែប្រែដែលទើបតែឡើងកាន់ដំណែងថ្មីគួរតែពិនិត្យ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ដើម្បីកុំឱ្យមានភាពមិនប្រក្រតីនៅក្នុងពន្ធនាគារ។ លោកបន្តថា បញ្ហាភាពចង្អៀតណែននៅក្នុងពន្ធនាគារ និងបញ្ហាអំពើពុករលួយក៏ជាកត្តារារាំងក្នុងការអនុវត្តច្បាប់ឱ្យមានតម្លាភាពផងដែរ។
លោក អំ សំអាត៖«ការពិតទៅអ្វីដែលអាចធ្វើឱ្យស្ថានភាពក្នុងពន្ធនាគារមានភាពល្អប្រសើរវាទាក់ទងនឹងការគ្រប់គ្រងហ្នឹងដែលគឺការកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ហើយការកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារនេះគឺមិនមែនគ្រាន់តែជាតួនាទីរបស់អគ្គនាយកដ្ឋានពន្ធនាគារ ឬប្រធានពន្ធនាគារទេវាទាក់ទងនឹងស្ថាប័នជាច្រើនដូចជា តុលាការ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធផ្សេងៗទៀតរួមគ្នារកមធ្យោបាយធ្វើយ៉ាងណាកាត់បន្ថយជនជាប់ឃុំ»។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឈន សាណាត ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានមណ្ឌលអប់រំកែប្រែទី១ថ្មី របស់ លោក នុត សវនា កាលពីថ្ងៃទី១៨ ខែតុលា ដោយបញ្ជាឱ្យមន្ត្រីនៅក្រោមឱវាទទាំងអស់យកចិត្តទុកដាក់ក្នុងការបោសសម្អាតភាពអសកម្មនៅក្នុងពន្ធនាគារ និងព្រមានចាត់វិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីពន្ធនាគារទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើស។ លើសពីនេះ លោក ឈន សាណាត បានបញ្ជាក់ថា ករណីមានការចុះផ្សាយព័ត៌មានតាមបណ្ដាញសង្គមពីភាពមិនប្រក្រតីក្នុងពន្ធនាគារ គឺមន្ត្រីពន្ធនាគារត្រូវសហការស្រាវជ្រាវរកឫសគល់នៃបញ្ហាដើម្បីធ្វើការផ្ទៀងផ្ទាត់ និងមានវិធានការច្បាប់។
ទោះជាយ៉ាងណា ប្រធានមណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស លោក នុត សវនា បានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៨ ខែតុលា ថា លោកប្ដេជ្ញាចិត្តដោះស្រាយបញ្ហាអំពើពុករលួយ និងបញ្ហាគ្រឿងញៀនក្នុងពន្ធនាគារព្រៃស ដើម្បីលើកកម្ពស់វិស័យអប់រំកែប្រែនៅកម្ពុជា។
លោក នុត សវនា៖«សុំការគាំទ្រពីថ្នាក់ដឹកនាំក៏ដូចជា ក្រសួងមហាផ្ទៃ និងសហការីទាំងអស់ក៏ដូចជាមន្ត្រីក្រោមឱវាទដែលសុំតែការលើកទឹកចិត្ត និងការគាំទ្រហើយជួយផ្ដល់នូវធាតុចូលដែលមានប្រយោជន៍ក្នុងការបំពេញភារកិច្ចនេះ ពីព្រោះបញ្ហានេះគឺជាអសកម្មខ្លាំងដែលជាឧបសគ្គដែលយើងមិនអាចធ្វើទៅដើម្បីបំពេញភារកិច្ចឱ្យបានប្រសិទ្ធភាព និងសុចិភាពផង»។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោកគ្មានជំនឿលើប្រធានពន្ធនាគារព្រៃសថ្មីថា អាចធ្វើឱ្យមានភាពល្អប្រសើរឡើងនៅក្នុងពន្ធនាគារនោះទេ ប្រសិនបើបញ្ហាអំពើពុករលួយក្នុងស្ថាប័នរដ្ឋនៅតែកើតមាន។ លោកសង្កេតឃើញថា នៅពេលមានព័ត៌មានបែកធ្លាយពីសកម្មភាពជនជាប់ឃុំជាជនបរទេសបានប្រើប្រាស់គ្រឿងញៀន និងផឹកស៊ីច្រៀងរាំក្នុងពន្ធនាគារ រដ្ឋាភិបាលតែងតែបញ្ជាឱ្យផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារថ្មី ក៏ប៉ុន្តែបញ្ហាអសកម្មនេះនៅតែបន្តកើតមាន។
លោក ស៊ឹង សែនករុណា៖«ខ្ញុំគ្មានជំនឿទេដោយសារតែកម្ពុជាមានអំពើពុករលួយជាប្រព័ន្ធ បក្ខពួកនិយមស្អីៗទាំងអស់ហ្នឹងហើយខ្ញុំគិតថា រឿងហ្នឹងមិនអាចធ្វើទៅបានទេ។ ប៉ុន្តែប្រសិនជាធ្វើបានយើងមានការសាទរជាមួយអ្នកដែលមានជំនាញ អ្នកដែលមានសមត្ថភាព ពិតប្រាកដនៅក្នុងការដឹកនាំក្នុងការគ្រប់គ្រង ការចាត់ចែងដោយមិនប្រកាន់និន្នាការនយោបាយអ្នកជាប់ទោសទាំងអស់ហ្នឹង»។
កន្លងទៅក្រុមគ្រួសារអ្នកជាប់ឃុំមនសិការមួយចំនួនរិះគន់មន្ត្រីពន្ធនាគារថា អនុវត្តច្បាប់មានស្តង់ដារពីរ ដោយដាក់ជនជាប់ឃុំមនសិការក្នុងបន្ទប់ចង្អៀតណែន គ្មានអនាម័យ អាហារហូបចុកមិនគ្រប់គ្រាន់ និងខ្វះជីវជាតិ ខុសប្លែកពីអ្នកមានលុយ មានអំណាច និងជនជាតិចិនមួយចំនួនដែលជាឈ្មួញជួញដូរគ្រឿងញៀនរស់នៅក្នុងបន្ទប់ទូលាយ និងមានលក្ខខណ្ឌចេញចូលក្នុងបន្ទប់ងាយស្រួលជាងជនជាប់ឃុំដទៃទៀត។ លើសពីនេះកាលពីថ្ងៃទី២៩ ខែកក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារលោក ព្រុំ ចាន់នី ដែលពាក់ផ្កាយបីត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតហើយត្រូវតុលាការសម្រេចឃុំខ្លួនលោកបណ្ដោះអាសន្ននៅមណ្ឌលកែប្រែទី១ ពីបទសមគំនិតក្នុងអំពើស៊ីសំណូករំលោភអំណាច និងបទប្រកាសទ្រព្យសម្បត្តិ និងបំណុលពុំត្រឹមត្រូវពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារពេទ្យដើម្បីស្នើសុំការលើកលែងទោសឱ្យទណ្ឌិតមានជំងឺឱ្យបាននៅក្រៅឃុំ។
អ្នកឃ្លាំមើលសង្គមលើកឡើងថា ដើម្បីបោសសម្អាតមន្ត្រីអសកម្មនៅក្នុងពន្ធនាគារគឺរដ្ឋាភិបាលត្រូវតែបោសសម្អាតមន្ត្រីពុករលួយពីថ្នាក់លើមកជាមុនសិន ដើម្បីធានាថា នៅក្នុងស្ថាប័នរដ្ឋចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមគ្មានមន្ត្រីស៊ីសំណូក និងបក្ខពួកនិយម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។