អាជីវករ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ​ប្រឈម​ការ​បណ្ដេញ​ចេញ​មិន​ឱ្យ​លក់​ដូរ​ក្បែរ​អគារ​ខ្មោច

0:00 / 0:00

ក្រុម​អាជីវករ​លក់ដូរ​ជាប់​អគារ​ខ្មោច​មួយ​ចំនួន​ក្នុង​ក្រុងព្រះសីហនុ​ព្រួយបារម្ភ​អាជ្ញាធរ បណ្ដេញ​ចេញ​លែងឱ្យ​ប្រកប​របរ ខណៈ​ការ​ប្រកប​របរ​លក់ដូរ​របស់​ពលរដ្ឋ​ប្រចាំថ្ងៃ​រក​ចំណូល​មិនសូវ​បាន​។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា អាជ្ញាធរ​គួរ​រៀបចំ​កន្លែង​សម្រាប់​ឱ្យ​ពលរដ្ឋ​លក់ដូរ ដូច​អាជ្ញាធរ​រៀបចំ​កន្លែង​ឱ្យ​ជនជាតិ​ចិន​ប្រកប​អាជីវកម្ម​ដែរ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាច​រកស៊ី​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ។

អាជីវករ​មួយចំនួន​លក់ដូរ​ក្បែរ​អគារ​ខ្មោច​ក្នុង​ក្រុងព្រះសីហនុ​ចាប់ផ្ដើម​រើ​តូប​ទៅ​លក់ដូរ​នៅ​កន្លែង​ផ្សេង និង​ខ្លះទៀត​ព្រួយបារម្ភ​អាជ្ញាធរ​បណ្ដេញចេញ បន្ទាប់ពី​អាជ្ញាធរ​ចុះ​ព្រមាន​អាជីវករ​ឱ្យ​រើ​របស់របរ​ទៅ​លក់ដូរ​នៅ​កន្លែង​ផ្សេង ដោយ​លើក​ហេតុផល​ថា ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម។

តំណាង​អាជីវករ​នៅ​តំបន់​រង្វង់​មូល​តោពីរ លោកស្រី ម៉ុម នីតា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា​ថា សព្វថ្ងៃ​នេះ​រក​ចំណូល​មិនសូវ​បាន​នោះ​ទេ ហើយ​បើ​អាជ្ញាធរ​បណ្ដេញ​ចេញ​លែងឱ្យ​ប្រកប​របរ នោះ​លោកស្រី​នឹង​ប្រឈម​ការខាតបង់​ច្រើន។ លោកស្រី​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា អាជ្ញាធរ​បាន​ចុះ​ព្រមាន​អាជីវករ​ដោយ​ទុក​ពេល ៣​ថ្ងៃ​សម្រាប់​រើ​របស់របរ​ទៅ​លក់ដូរ​នៅ​កន្លែង​ផ្សេង​។ លោកស្រី​ថា បើ​អាជ្ញាធរ​បណ្ដេញ​ពលរដ្ឋ​លែងឱ្យ​លក់ដូរ ពលរដ្ឋ​រាប់​រយ​គ្រួសារ​នឹង​ប្រឈម​ជួប​បញ្ហា​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង ដោយសារតែ​អាជ្ញាធរ​មិន​បាន​រៀបចំ​កន្លែង​ថ្មី​សម្រាប់​ឱ្យ​ពលរដ្ឋ​ប្រកប​របរ​សមរម្យ។

លោក ម៉ុម នីតា៖ «ហើយ​ខ្ញុំ​ទើប​លក់​បាន ៣​ខែ​មិន​ទាន់​រួច​ថ្លៃ​ធ្វើ​តូប​ផង គ្រាន់​ធ្វើ​អីវ៉ាន់​តិចតួច​អស់​ចូល ៤​រយ​ដុល្លារ(៤០០)ទៅ ៥​រយ​ដុល្លារ​ដែរ​។ តែ​ឥឡូវ​អត់​ទាន់​ដឹង​យ៉ាងម៉េច​ដែរ បើ​គេ​ឈប់​ឱ្យ​ជួល ឬ​ឈប់​ឱ្យ​យើង​លក់​យើង​មានតែ​ឈប់​ហ្នឹង​មិន​យើង​មិន​ស្រប​តាម​គេ ព្រោះ​យើង​រស់នៅ​ក្រោម​គេ​ដែរ»។

អគារ​ខ្មោច ឬ​អគារ​មិនទាន់​សាងសង់​រួចរាល់​កំពុង​មាន​វត្តមាន​រាប់​រយ​អគារ​ក្នុង​ក្រុងព្រះសីហនុ បន្ទាប់ពី​អ្នកជំនួញ​ជនជាតិ​ចិន​បោះបង់ចោល ហើយ​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​កាលពី​អំឡុង​ឆ្នាំ​២០១៩ ក្នុង​គ្រា​មាន​ជំងឺ​រាតត្បាត​សកល​កូវីដ១៩ (Covid-19)​។ ពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​ទៅ​ជួល​ដី​នៅ​ជាប់​តំបន់​អគារ​ខ្មោច​ពី​ឈ្មួញកណ្ដាល​ជនជាតិ​ខ្មែរ​សម្រាប់​លក់​ដូរ​ក្នុង​មួយ​ខែ​ចន្លោះ ៥០​ដុល្លារ ដល់ ៥​រយ​ដុល្លារ (៥០០) ដោយ​ពុំ​មាន​ការ​ចុះ​កុងត្រា​នោះ​ទេ។ ការណ៍​ដែល​គ្មាន​ការ​ចុះ​កុងត្រា​បែបនេះ អាជីវករ​ថា ពួកគាត់​ប្រឈម​ការ​បណ្ដេញ​ចេញ​លែងឱ្យ​លក់ដូរ​គ្រប់ពេល ប្រសិន​បើ​អគារ​ខ្មោច​នោះ​គេ​បន្ត​សាងសង់​ឡើងវិញ។

ជាក់ស្ដែង​អាជីវករ​ម្នាក់ទៀត លោក ឌី បូរី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បាន​ជួល​ដី​ជាប់​អគារ​ខ្មោច​នៅ​តំបន់​រង្វង់​មូល​តោ​ពីរ​សម្រាប់​បើក​លក់​ស៊ុប​ជិត​មួយឆ្នាំ​មក​ហើយ ប៉ុន្តែ លោក​លក់ដូរ​ទាំង​ក្ដី​ព្រួយបារម្ភ​អំពី​ការ​បណ្ដេញ ដោយសារតែ​ពេល​ជួល​ដី​ពុំ​មាន​ការ​ចុះ​កុងត្រា​នោះ​ទេ។ លោក​បញ្ជាក់​ថា សព្វថ្ងៃ​ដី​កំពុង​ជួល​ធ្វើ​អាជីវកម្ម​មួយ​ខែ ២​រយ​ដុល្លារ (២០០) ប៉ុន្តែ​លោក​រក​ចំណូល​មិនសូវ​បាន​ដូច​មុន​នោះ​ទេ ខណៈ​ពលរដ្ឋ​ខ្លះ​គ្មាន​ចំណូល​ដោយសារ​អត់​ការងារ​ធ្វើ។

លោក ឌី បូរី៖ «លក់​អត់​បាន​ស្ងាត់​ភ្ញៀវ​ដែរ​ចិនៗ ចិន​គេ​មិន​មក​ហូប​របរ​តូចតាច​កន្លែង​យើង​ទេ គេ​ទៅ​កន្លែង​គ្នា​គេ។ អគារ​ទុកចោល​យើង​ជួល​កន្លែង​ក្រោមៗ​អគារ​យើង​ធ្វើ​រោង​លក់​ទៅ ជួល​អត់​កុងត្រា​ទេ យើង​ចេះតែ​លក់ៗ​ទៅ​ថ្ងៃ​ណា​គេ​ដេញ ឱ្យ​ចេញ​ស្មើ​ណា ចេញ​ស្មើ​ហ្នឹង​ទៅ​គ្មាន​អី​តវ៉ា​ព្រោះ​គេ​គ្មាន​ធ្វើ​កុងត្រា​ឱ្យ​យើង​ផង​។ រាល់ថ្ងៃ​អាជីវករ​ស្វែងរក​ទីតាំង​ខ្លួនឯង​ទាំងអស់​មិន​ថា អ្នកលក់​តាម​រទេះ ដោះស្រាយ​ខ្លួនឯង កន្លែង​ណា​រកកើត កន្លែង​ណា​រក​មិន​កើតជា​រឿង​របស់​យើង​ទេ»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន និង​អ្នកនាំពាក្យ​សាលាខេត្ត​នេះ​គឺ​លោក ឃាង ភារម្យ និង​លោក ឡុង ឌីម៉ង់ ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា។

ចំណាត់ការ​របស់​អាជ្ញាធរ​ក្រុងព្រះសីហនុ​ត្រៀម​បណ្ដេញ​ពលរដ្ឋ​លក់ដូរ​ក្បែរ​អគារ​ខ្មោច​បែបនេះ បន្ទាប់ពី​រដ្ឋាភិបាល​អះអាង​ថា នឹង​ចាត់វិធានការ​ដោះស្រាយ​គម្រោង​អគារ​វិនិយោគ​ជាប់​គាំង​ក្នុង​ខេត្ត​ព្រះសីហនុ​។ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់​គាំង​ក្នុង​ខេត្ត​ព្រះសីហនុ លោក ហ៊ាន សាហ៊ីប កាលពី​ចុងខែ​តុលា អះអាង​ថា រដ្ឋាភិបាល​បន្ត​អនុវត្ត​វិធានការ​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់​គាំង ដោយ​ឱ្យ​ម្ចាស់​អគារ​ដែល​សាងសង់​មិនទាន់​ចប់ អាច​សាងសង់​បញ្ចប់ និង​ឱ្យ​ម្ចាស់​អគារ​ដែល​បាន​សាងសង់​ចប់​អាច​មាន​សកម្មភាព​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរតែ​ផ្ដល់​ដំណោះស្រាយ​រក​កន្លែង​ទីតាំង​ថ្មី​ឱ្យ​អាជីវករ​លក់ដូរ​អាច​រកចំណូល​បាន ប្រសិនបើ​មានការ​បណ្ដេញ​ពួកគេ​លែងឱ្យ​លក់ដូរ​ក្បែរ​អគារ​ទុកចោល។ អ្នកស្រី​បន្ថែម​ថា ពលរដ្ឋ​ក្រុងព្រះសីហនុ​មួយចំនួន​គ្មាន​លទ្ធភាព​បើកហាង​ប្រកប​អាជីវកម្ម​ដូច​ជនជាតិ​ចិន​ទេ ហើយ​បើ​អាជ្ញាធរ​គ្មាន​ដំណោះស្រាយ​សម្រាប់​អាជីវករ ពួកគាត់​នឹង​កាន់តែ​ជួប​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ។

អ្នកស្រី ជៀប សុធារី៖ «ប្រសិន​បើ​ពលរដ្ឋ​ក្រីក្រ​គាត់​មាន​អាហារ​ហូបចុក ក៏​វា​ជា​បន្ទុក​ធ្ងន់​របស់​រដ្ឋ​ដែរ​ក្នុង​ការ​ជួយឧបត្ថម្ភ​បញ្ហា​ក្រីក្រ​របស់​ពួកគាត់​ឱ្យ​គាត់​មាន​បាយ​ម្ហូបអាហារ​ហូប។ ប៉ុន្តែ បើ​គាត់​មានមុខ​របរ​ហើយ​ឱ្យ​គាត់​ចាក​ចេញពី​កន្លែង​ហ្នឹង​គួរតែ​មាន​វិធានការ​ឱ្យ​គាត់​ទៅ​រក​អី​ធ្វើ​អី​នៅ​កន្លែង​ណា តើ​កន្លែង​ហ្នឹង​អាច​ដោះស្រាយ​បានទេ​?ហើយ​ជាពិសេស​ទៀត​អ្នក​ជួល​អ្នក​ចង់​បាន​លុយ គេ​សុទ្ធតែ​យក​លុយ​កក់​ហើយ​បាន​លក់ដូរ តែ​ពេល​ជួល​រួច​រដ្ឋ​ដេញ​វិញ តើ​អ្នក​ដែល​យក​លុយ​ពលរដ្ឋ ម្ចាស់​ទីកន្លែង​ជួល​ផ្ដល់​លុយ​ឱ្យ​គាត់​វិញ​អត់​?អ្នកណា​ជា​អ្នក​ជួយ​ដោះស្រាយ​បញ្ហា​ហ្នឹង​?លុយ​បើ​ដល់​ហោប៉ៅ​គេ​ហើយ​មិន​ងាយ​ខ្វេះ​មកវិញ​ទេ»។

អាជីវករ​ក្នុង​ខេត្ត​ព្រះសីហនុ​ស្នើ​ដល់​អាជ្ញាធរ​ផ្ដល់​ទីតាំង​ថ្មី​សម្រាប់​ឱ្យ​ពួកគាត់​លក់ដូរ​អាច​រក​ចំណូល​ប្រចាំថ្ងៃ​បាន​សមរម្យ ឬ​ណែនាំ​ឱ្យ​​ឈ្មួញ​ម្ចាស់​ដី​បញ្ចុះតម្លៃ​ថ្លៃ​ជួល​ដី ដើម្បី​អាច​ទប់ទល់​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។