ខណៈពិធីបុណ្យភ្ជុំបិណ្ឌខិតចូលមកដល់ កម្មករ-កម្មការិនីមួយចំនួនដែលចំណាកស្រុកមកធ្វើនៅរាជធានីភ្នំពេញមិនបានវិលទៅជួបជុំឪពុកម្ដាយ បងប្អូននៅស្រុកកំណើតដូចឆ្នាំកន្លងទៅទេដោយសារតែពួកគេ បាត់បង់ការងារធ្វើគ្មានប្រាក់ធ្វើដំណើរ និងប្រាក់ជូនឪពុកម្ដាយ។ តើពួកគាត់ ជួបបញ្ហាអ្វីខ្លះទើបធ្វើឲ្យមិនបានទៅចូលរួមបុណ្យភ្ជុំនៅស្រុកកំណើត ដូចកម្មករដទៃទៀត ?
មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង កម្មការិនីម្នាក់ដែលធ្វើផ្នែកស្បែកជើងជាង១៤ឆ្នាំនៅរោងចក្រមួយក្នុងក្រុងភ្នំពេញ លោកស្រី ឃុន ស្រីពៅ ថ្លែងថា ឆ្នាំ២០២០នេះ គឺជាឆ្នាំពិបាកជាងឆ្នាំណាៗទាំងអស់ មិនថារូបគាត់ និងកម្មករដទៃទៀតទេ គឺធ្វើការបានប្រាក់ចំណូលមក គ្រាន់តែទប់ទល់ការចំណាយពីមួយខែទៅមួយខែប៉ុណ្ណោះ ។
លោកស្រី បន្តថា ជិតដល់ភ្ជុំបិណ្ឌនេះ លោកស្រី និងស្វាមីសម្រេចចិត្តថានឹងមិនវិលទៅស្រុកកំណើតដូចឆ្នាំមុនទេ ដោយសារតែរោងចក្រហ្គូលឌិន ជែនស៊ូ (Golden Gensho) ព្យួរការងារកម្មកររយៈ២ខែ ដែលធ្វើឲ្យលោកស្រីត្រូវផ្អាកការងាររហូតដល់ដើមខែតុលា និងបាត់បង់ប្រាក់ចំណូល ។ ត្បិតជួបប្រទះបញ្ហាលុយកាក់យ៉ាងនេះក្ដី ក៏លោកស្រីនិងស្វាមីទៅធ្វើបុណ្យរាប់បាត្របាន២វត្ត នៅជិតផ្ទះជួលគាត់រស់នៅ៖ «បើនិយាយពីរឿងភ្ជុំឆ្នាំហ្នឹង និយាយដោយស្មោះត្រង់គឺបង្ខំនៅផ្ទះជួលនៅភ្នំពេញហ្នឹង ព្រោះអត់មានលុយធ្វើដំណើរទៅស្រុក ហើយអត់មានលុយចំណាយជុំបងប្អូន ។ ឆ្នាំហ្នឹង ប្រហែលភ្ជុំនៅភ្នំពេញម្នាក់ឯង ព្រោះអត់មានប្រាក់ខែ ២ខែហើយ»។
លោកស្រីឲ្យដឹងថា នៅពេលមានជំងឺកូវីដ-១៩ ភាគីរោងចក្រតែងតែសំអាងជួបវិបត្តិហិរញ្ញវត្ថុដើម្បីផ្អាកការងារកម្មករជាបណ្ដោះអាសន្ន ។ ក្នុងកំឡុងពេលនេះ លោកស្រី ត្រូវខ្ចីប្រាក់អ្នកជិតខាង ដើម្បីយកមកដោះស្រាយការហូបចុកប្រចាំនិងបង់ថ្លៃបន្ទប់ជួលនិងសងបំណុលធនាគារ ។
លោកស្រីបន្ថែមថា ក្រោយពេលក្រសួងការងារដំឡើងប្រាក់ឈ្នួលបន្ថែម ២ដុល្លារ ស្រាប់តែតម្លៃផ្ទះជួលចាប់ផ្ដើមដំឡើងថ្លៃបណ្ដើរ ហើយគ្រឿងបរិភោគនៅផ្សារក៏បន្តឡើងថ្លៃដែរ។ កម្មការិនីវ័យ ៣៦ឆ្នាំរូបនេះ សម្ដែងក្ដីកង្វល់ចំពោះតម្លៃទីផ្សារដែលបន្តឡើងថ្លៃរហូត ខណៈប្រាក់ឈ្នួលកម្មករឡើងបានបន្តិចបន្តិច៖ «២ដុល្លារគ្មានន័យទេ បើសិនមិនផ្ដល់ប្រាក់ឈ្នួលឲ្យឡើងក៏ហីចុះ តែសំខាន់លោកធ្វើម៉េចទប់ទល់ទំនិញទីផ្សារចុះទាបជាងហ្នឹង ហើយទប់ទល់កុំឲ្យមានការឡើងថ្លៃ ផ្ទះជួលទឹកភ្លើងកុំឲ្យមានការឡើងថ្លៃ លោកទប់ស្កាត់ឲ្យបានពួកខ្ញុំកម្មករអាចរស់បានមួយសមរម្យដែរ ។ បើសិនជាឡើង២ដុល្លារហើយ គ្រប់យ៉ាងនៅតែផ្ដល់ឲ្យគេឡើងសេរី ធ្វើចឹងដូចជាបង្ខំពួកខ្ញុំឲ្យស្លាប់អ៊ីចឹង ពីព្រោះរស់ទាំងវេទនា បង្ខំចិត្តរស់ ។ កម្មករនៅកន្លែងខ្ញុំ១រយនាក់សួរទៅ ៩៩នាក់ដែលគាត់ ជំពាក់ធនាគារ ជំពាក់លុយអង្គការ លុយឯកជន ដោយសារតែការចំណាយអត់គ្រប់គ្រាន់ប្រាក់ខែតិចពេកហ្នឹង»។
កម្មការិនីម្នាក់ទៀត ដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ លោកស្រី ពៅ លីណា ប្រាប់ថា គិតមកដល់បិណ្ឌទី១៣ នេះ លោកស្រី និងគ្រួសារនៅមិនទាន់ទៅធ្វើបុណ្យមួយវត្តណាទេ ដោយសារតែរវល់ធ្វើការកាត់ដេរដែលទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃ ដើម្បីយកទៅដោះស្រាយជីវភាពរស់នៅ។
លោកស្រីបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃ លោកស្រី មិនហ៊ានសម្រាកពីការងារទេ ដោយខ្លាចបាត់បង់ចំណូលដែលត្រូវយកផ្គត់ផ្គង់គ្រួសារ ក្រោយពីលោកស្រីបានបាត់បង់ការងារអស់ជាច្រើនខែនៅរោងចក្រហ៊ឹង ជីង (Hoeng Chhing) ក្នុងសង្កាត់ស្ទឹងមានជ័យ។
លោកស្រី ឲ្យដឹងថា កាលពីមុនបន្លែត្រីសាច់នៅទីផ្សារដែលពីមុនធ្លាប់ទិញបានក្នុងតម្លៃ ១ពាន់រៀលតែពេលបច្ចុប្បន្ននេះ គឺឡើងថ្លៃពី២ទៅ៣ដងដែលធ្វើឲ្យការចំណាយរបស់កម្មករកាន់តែច្រើនទៅៗ៖ «មានអារម្មណ៍ដូចពិបាកតែម្ដង ព្រោះថាខែបុណ្យទានអត់ទាន់បានទៅផ្ទះ អត់មានលុយកាក់អីហើយត្រូវដល់បង់ថ្លៃផ្ទះជួលអីផង ។ និយាយទៅយ៉ាប់តែម្ដង ពិបាកនិយាយ ។ មានអ្នកខ្លះអង្គុយដេរជាមួយគ្នានិយាយចុះឡើង ថាថ្ងៃនេះ គេជួបជុំម៉ែឪបងប្អូនកូនចៅដល់ពេលពួកខ្ញុំនៅធ្វើការ។ នៅចាំបើកលុយគេ ។ គេគំរាមកំហែង នៅក្រោមការគាបសង្កត់របស់គេអ៊ីចឹង ។ យើងជាកម្មករគ្មានសិទ្ធិអ្វីជាមួយគេ»។
លោកស្រី យល់ថាការដំឡើងប្រាក់២ដុល្លារលើប្រាក់ខែគោល១៩០ដុល្លារមិនគ្រប់គ្រាន់សម្រាប់កម្មករទេ បើតម្លៃទំនិញនៅទីផ្សារមិនព្រមចុះថ្លៃ ។ កម្មការិនីវ័យ៣០ឆ្នាំរូបនេះបញ្ជាក់ថា បើទោះបីជាប្រាក់ខែកម្មករឡើងដល់កម្រិតណាក៏ដោយ ក៏កម្មករនៅតែមិនអាចសេសសល់ប្រាក់ដើម្បីធ្វើមានបាន និងជួយគ្រួសារនៅស្រុកកំណើតបានទេ ព្រោះថាតម្លៃទំនិញនៅផ្សារឡើងខ្លាំងជាងប្រាក់ខែកម្មករទៅទៀត៖ «ទោះបីប្រាក់ខែឡើងដល់ ២៥០ ឬ ២៣០ដុល្លារ តែបើទំនិញឡើងរហូតឡើងខ្ពស់ជាងប្រាក់ខែកម្មករអ៊ីចឹង។ ខ្ញុំនិយាយឲ្យអស់ម្ដង ទោះបីឡើងដល់១ពាន់ដុល្លារក៏វាមិនមានដែរ ។ បើទំនិញទីផ្សារវាឡើងខ្ពស់ជាងប្រាក់ខែយើង។ ពីមុនប្រាក់ខែយើង៧០ ៨០អី យើងអាចចាយគ្រាន់បើ តែឥឡូវប្រាក់ខែឡើង១រយជាង ជិត២រយ វាយ៉ាប់ជាងប្រាក់ខែ ៧១ ទៀត ។ ជំនា់ហ្នឹងកាន់លុយ៤ ៥ពាន់ក៏យើងអាចទិញម្ហូបហូបបានដែរ។ ដូច ៥រយ ២រយ ៣រយក៏គេលក់ឲ្យយើងដែរ តែឥឡូវបើថាទិញគ្រឿងស្លវិញ១ពាន់២ពាន់គេមិនមុខយើងផង ។ បើថា៥រយវិញ គេលែងនិយាយរកយើងតែម្ដង»។
ស្រដៀងគ្នានេះ កម្មករផ្នែកមេកានិចនៅរោងចក្រខ្វលីធី តេក្សស្ទីល (Quality Textiles) ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លោក ប៊ី សម្បត្តិ លើកឡើងថា រូបលោក និងកម្មករដទៃ មិនត្រេកអរនឹងការដំឡើងប្រាក់ឈ្នួលបន្ថែម២ដុល្លារសម្រាប់ឆ្នាំ២០២១នោះទេ ដោយសារតែចំនួនប្រាក់ឈ្នួលមិនសមតុល្យគ្នា ទៅនឹងតម្លៃទំនិញដែលឡើងខ្ពស់នៅទីផ្សារ៖ «និយាយជារួមទៅ បងប្អូនកម្មករទាំងអស់រួមទាំងខ្ញុំក៏មិនសូវសប្បាយចិត្តប៉ុន្មានដែរ ព្រោះចំនួននេះវាតិចពេក ។ អ្នកដែលឡើងប្រាក់ឈ្នួលប្រចាំឆ្នាំគេលើកហេតុផល ពីបញ្ហាកូវីដ បញ្ហាសេដ្ឋកិច្ចអ៊ីចឹង ។ អាហ្នឹង ក៏យើងមិនទាន់ហ៊ានគិតយ៉ាងមិចដែរ ប៉ុន្តែការសប្បាយចិត្តគឺមិនសប្បាយចិត្តទេ ព្រោះដោយសារវាតិច ។ យើងយកមកទប់ទល់ការចំណាយប្រចាំថ្ងៃវាអត់សមាមាត្រគ្នា»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ប្រាក់ខែគោលស្តង់ដារដែលអាចឲ្យកម្មកររស់នៅមានជីវភាពសមរម្យនិងថ្លៃថ្នូរ គឺចន្លោះពី២៣០ដុល្លារ ដល់២៥០ដុល្លារក្នុង១ខែ ។ លោកឲ្យដឹងថា កម្មករត្រូវធ្វើការថែមម៉ោងសឹងជារាល់ថ្ងៃ ដើម្បីបានប្រាក់បន្ថែមបូកនឹងប្រាក់ខែគោល ទើបបានជាង២រយដុល្លារក្នុង១ខែ ។
ប្រធានសហជីពរូបនេះ យល់ថា ត្បិតចំនួនប្រាក់ឈ្នួលកម្មករនៅមានកម្រិតយ៉ាងនេះក្ដីប៉ុន្តែរដ្ឋាភិបាលគួរដាក់ចេញវិធានការណ៍ច្បាស់លាស់ដើម្បីទប់ស្កាត់តម្លៃទំនិញនៅទីផ្សារ កុំឲ្យឡើងថ្លៃហួសប្រមាណ៖ «យើងចង់ឲ្យប្រាក់ឈ្នួលអប្បបរមាដល់កម្រិតដែលរស់នៅសមរម្យហើយមិមែនតែកាត់ដេរ គឺគ្រប់វិស័យ។ ប៉ុន្តែពេលបច្ចុប្បន្ននេះ នៅពេលរដ្ឋាភិបាលមិនអាចដំឡើងសមរម្យ ដូច១៩២ដុល្លារនៅទាបហ្នឹង។ អ៊ីចឹង ខ្ញុំគិតថាជាដំណាក់កាលរដ្ឋាភិបាលគួរធ្វើឲ្យច្បាស់ដើម្បីឲ្យកម្មករឡើងដល់បន្ទាត់ដែលរស់នៅសមរម្យសិន ។ ហើយផុតពីហ្នឹងទៅ គឺកម្មករអាចឡើងតាមអតិផរណាបាន។ ជាមួយគ្នាប្រាក់ឈ្នួលទាបទេ រដ្ឋាភិបាលក៏ធានាដល់តម្លៃទំនិញគ្រប់ប្រភេទលើទីផ្សារឲ្យវាចុះ នៅក្នុងកម្រិតសមរម្យដែលគាត់ចាយបាន ។ ហ្នឹងខ្ញុំគិតថាវាជារឿងល្អ តែបើមិនចុះទេ គឺអត់អាចរស់បានទេ»។
វិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅទូទាំងប្រទេសកម្ពុជាមានជាង១ពាន់១រយរោងចក្រ (១,១០០) ដែលមានកម្មករកម្មការិនីធ្វើការចំនួន ៧៥ម៉ឺននាក់ (៧៥០,០០០) ។
ក្រសួងការងារ បង្ហាញថា គិតចាប់តាំងពីមានវិបត្តិជំងឺកូវីដ១៩ ពីខែកុម្ភៈ មកដល់ខែកញ្ញាមានរោងចក្រ ៤៩១ បានព្យួរការងារដោយខ្លះព្យួរយូរ ហើយខ្លះទៀតព្យួររយៈពេលខ្លីដែលបណ្ដាលឲ្យកម្មករសរុបជិត២៩ម៉ឺននាក់ រងផលប៉ះពាល់ ។ ក្រៅពីវិបត្តិជំងឺកូវីដ១៩ នេះ កម្មកររោងចក្ររាប់ ក៏ប្រឈមបាត់បង់ការងារធ្វើជារៀងរហូត ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន រំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដែលនាំឲ្យសហភាពអឺរ៉ុប សម្រេចដាក់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ២០ភាគរយពីកម្ពុជា។
ចំណែកប្រាក់ឈ្នួលគោលកម្មករវិញ ក្រសួងការងារបានដំឡើង២ដុល្លារ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កម្មករនិយោជិកពេញសិទ្ធិនឹងទទួលប្រាក់ឈ្នួលអប្បបរមាចំនួន១៩២ដុល្លារ ហើយកម្មករនិយោជិកសាកល្បងនឹងទទួលបាន១៨៧ដុល្លារក្នុងមួយខែ។
ក្រសួងការងារបញ្ជាក់ថា កម្មករនិយោជិតក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅតែទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗដូចដើម ដោយកម្មករម្នាក់ៗទទួលបានប្រាក់បៀរវត្សសរុបយ៉ាងតិចពី ២០៩ដុល្លារ ដល់២២០ដុល្លារក្នុងមួយខែ។
ទោះបីយ៉ាងណា ក្រុមសហជីពនិងកម្មករស្នើដល់ប្រមុខរដ្ឋាភិបាល ជួយដំឡើងប្រាក់ខែគោលឲ្យកម្មករឲ្យច្រើនជាងនេះ និងជួយទប់តម្លៃទំនិញកុំឲ្យដំឡើងថ្លៃពេក ព្រោះថា ប្រាក់ចំណូលកម្មករមិនអាចទប់ទល់នឹងការចំណាយលើរបស់របរថ្លៃនៅទៅផ្សារបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។