តុលាការកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែមករា បានលើកលែងការចោទប្រកាន់លើប្រធានធនាគារហិរញ្ញវត្ថុ DGB លោក គឹម តាវ-អូ (Kim Tae-oh) ពីបទប្រព្រឹត្តអំពើពុករលួយនៅប្រទេសកម្ពុជា។
ទីភ្នាក់ងារព័ត៌មានកូរ៉េ យ៉ុង ហាប់ (Yonhap News Agency) ផ្សាយថា លោក គឹម តាវ-អូ (Kim Tae-oh) ត្រូវបានតុលាការលើកលែងការចោទប្រកាន់ ពីបទសូកប៉ាន់ប្រាក់ចំនួន ៣លាន ៥សែនដុល្លារ ដល់មន្ត្រីជាន់ខ្ពស់កម្ពុជា ជាថ្នូរនឹងការទទួលបានអាជ្ញាប័ណ្ណ ដើម្បីបើកធនាគារពាណិជ្ជកម្មនៅប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ២០២០។ ធនាគារហិរញ្ញវត្ថុ DGB គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំមួយ ដែលកំពុងពង្រីកសេវាកម្មរបស់ខ្លួន នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះ គឺមាននៅប្រទេសវៀតណាម និងឡាវ។
រដ្ឋអាជ្ញានៃតុលាការតំបន់ដេហ្គូ (The Daegu District Court) កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ បានស្នើចៅក្រមឲ្យផ្ដន្ទាទោសលោក គឹម តាវ-អូ ឲ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ និងផាកពិន័យជាប្រាក់ជាង ៨លានដុល្លារ។ បន្ថែមពីនេះ តុលាការតំបន់ដេហ្គូដដែល ក៏បានលើកលែងការចោទប្រកាន់ទៅលើក្រុមបក្សពួករបស់លោកមួយចំនួនទៀត រួមមានប្រធានប្រតិបត្តិការសកលរបស់ធនាគារ អនុប្រធានធនាគារហិរញ្ញវត្ថុ DGB ព្រមទាំងមន្ត្រីមួយចំនួនដែលបានចូលរួមប្រតិបត្តិការបើកធនាគារពាណិជ្ជនេះ នៅកម្ពុជាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។