ពលរដ្ឋខេត្តស្ទឹងត្រែងស្នើឲ្យអភិបាលខេត្តថ្មីលោក សរ សុពុត្រា ជួយរកយុត្តិធម៌ករណីប្រធានមន្ទីរបរិស្ថានខេត្តនេះលោក ស្រេង ជាហេង តែងតែបញ្ជាឱ្យមន្ត្រីក្រោមឱវាទចាប់ខ្លួនពលរដ្ឋស្លូតត្រង់ ដើម្បីជំរិតទារលុយជាថ្នូរដោះលែងឱ្យមានសេរីភាព។
បញ្ហានេះអ្នកភូមិថា ធ្វើឱ្យពលរដ្ឋខ្លះជំពាក់បំណុលធនាគារ និងពលរដ្ឋខ្លះទៀតជាប់ពន្ធនាគារដោយសារតែគ្មានលុយបង់ឱ្យមន្ត្រីទាំងនោះ។
ការឃាត់ខ្លួនពលរដ្ឋស្លូតត្រង់ បញ្ជូនទៅឃុំខ្លួននៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ហើយមន្ត្រីបានទូរសព្ទប្រាប់ឱ្យក្រុមគ្រួសារ ប្រមែលប្រមូលលុយ ឬដើរខ្ចីបុលគេ ជាច្រើនលានរៀល ដើម្បីលស់សមាជិកគ្រួសាររបស់ពួកគាត់ជាថ្នូរដោះលែងឱ្យមានសេរីភាព គឺជាប្រធានបទក្តៅដែលពលរដ្ឋកំពុងដង្ហោយរកយុត្តិធម៌។
ពលរដ្ឋមួយចំនួនរស់នៅស្រុកថាឡាបរិវ៉ាត់ កំពុងខឹងគុំកួន និងស្អប់ខ្ពើម ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង ថា បានប្រព្រឹត្តអំពើពុករលួយ ដោយបញ្ជាឱ្យកូនចៅចាប់ខ្លួនពលរដ្ឋ ដើម្បីជំរិតទារប្រាក់ជាច្រើនលានរៀល ប្រសិនបើពលរដ្ឋគ្មានលុយបង់ឱ្យពួកគេទេ មន្ត្រីជំនាញនឹងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ។
ពលរដ្ឋរស់នៅភូមិកាំងក្ងោកឃុំកាំងចាម លោកស្រី ឃុត ខឿន អាយុ ៣០ឆ្នាំប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ តុលាថាមន្ត្រីបរិស្ថានបានចាប់ខ្លួនអ្នកភូមិ២នាក់កាលពីខែដើមខែមេសា ឆ្នាំ២០២៤ ក្នុងនោះក៏មានប្តីរបស់លោកស្រីម្នាក់ដែរដោយចោទពីបទកាប់រុករានដីព្រៃខុសច្បាប់ហើយបញ្ជូនពួកគាត់ទៅឃុំខ្លួននៅមន្ទីរបរិស្ថានខេត្ត។
លោកស្រីថា ក្នុងពេលឃុំខ្លួន មន្ត្រីបានទូរស័ព្ទប្រាប់លោកស្រី ឱ្យយកលុយ ៧លានរៀល ឬស្មើជិត ២ពាន់ដុល្លារ ទៅលស់ប្តី បើគ្មានលុយទេ នឹងត្រូវជាប់គុក។
លោកស្រីបន្ថែមថា ពេលនេះប្តីរបស់លោកស្រី ឈ្មោះ សេក សាក់ និងអ្នកភូមិម្នាក់ទៀតឈ្មោះ ជា កំពុងជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ ដោយត្រូវមន្ត្រីបរិស្ថានប្រឌិតសំណុំរឿងបញ្ជូនទៅតុលាការ។
លោកស្រី ឃុត ខឿន៖«ទារពីខ្ញុំប្រាំពីរលាន ហើយខ្ញុំថាអត់មានលុយឱ្យទេពូ!គាត់ថាអ្ហែងអត់មានលុយមកលស់ប្ដីទេ ពូយកប្ដីអ្ហែងទៅទៀតហើយ។ គាត់ថាខ្ញុំក្មេងសាមញ្ញៗស្រករក្រោយ ទើបអាងថា ខ្ញុំនិយាយមិនមែនយកជាការពិត។ ខ្ញុំដឹងថាខ្លួនខ្ញុំក្មេងតែខ្ញុំមិនចេះតែនិយាយមុសាមួលបង្កាច់អ្នកដទៃទេ»។
ស្ត្រីដដែលបន្ថែមថាមន្ត្រីបរិស្ថានឈ្មោះ អ៊ីវ ឆេង ហៅ ឈក បានគំរាមឱ្យប្តីរបស់លោកស្រីត្រូវតែសារភាពប្រាប់តុលាការតាមអ្វីដែលពួកគេចង់បានប្រសិនបើគាត់មិនឆ្លើយសារភាពទេមន្ត្រីនឹងចាប់ខ្លួនសមាជិកគ្រួសារពួកគាត់ទាំងអស់ដាក់គុក។
ជាមួយគ្នានេះលោកស្រីថាមន្ត្រីបរិស្ថានរូបនេះបានទូរស័ព្ទសុំទោសលោកស្រីដែរព្រោះគាត់ធ្វើនេះក្រោមបញ្ជាពីថ្នាក់លើ។
រីឯពលរដ្ឋម្នាក់ទៀត ឈ្មោះ វ៉ែន វុទ្ធី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ តុលា ថាបច្ចុប្បន្នគ្រួសារលោកជំពាក់បំណុលគេវ័ណ្ឌកដោយសារតែខ្ចីលុយធនាគារដើម្បីបង់ឱ្យមន្ត្រីបរិស្ថានជាថ្នូរដោះលែងឱ្យមានសេរីភាព។ លើសពីនេះទៀត លោកថា ប្រសិនបើលោកគ្មានលុយបង់ឱ្យមន្ត្រីទេពួកគេនឹងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខណៈលោកមិនបានប្រព្រឹត្តកំហុសឡើយ។
លោកអំពាវនាវឱ្យអភិបាលខេត្ត លោក សរ សុពុត្រា ជួយរកយុត្តិធម៌ករណីនេះ ព្រោះមន្ត្រីបរិស្ថានបានគំរាមលោកមិនឱ្យនិយាយពីរឿងនេះជាយូរមកហើយ។
លោក វ៉ែន វុទ្ធី៖«ហើយលេងចាប់គ្នាជំរិតម្ដងម្នាក់ពីរបីពាន់អីអ៊ីចឹង ឱ្យគ្នាទៅយកឯណាមានតែលុយចងការគេទេឥឡូវខ្ញុំឈឺចាប់ណាស់ តើអយុត្តិធម៌នៅកន្លែងណាឥឡូវ»។
ប្រតិកម្មរបស់ពលរដ្ឋធ្វើឡើង ក្រោយពីប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បានចេញលិខិតបដិសេធច្រានចោលចំពោះព័ត៌មានចុះផ្សាយថា មន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែងរងការចោទថាចាប់ខ្លួនពលរដ្ឋជំរិតទារលុយជាថ្នូរនឹងការដោះលែង។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បាននៅឡើយទេ នៅថ្ងៃទី១០ តុលា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ក៏ប៉ុន្តែអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បកស្រាយថាគណៈបញ្ជាការឯកភាពខេត្តនឹងមិនអនុញ្ញាតឱ្យមន្ត្រីទទួលថវិកាពីជនល្មើសជាថ្នូរនឹងការដោះដូរសេរីភាពនោះឡើយហើយលោកបញ្ជាក់ថាអ្នកដែលប្រព្រឹត្តកំហុសប៉ះពាល់ធនធានធម្មជាតិនឹងត្រូវអនុវត្តច្បាប់ជាធរមាន។ លោកអះអាងថាមន្ត្រីរូបណាដែលប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់ពលរដ្ឋនឹងត្រូវទទួលវិន័យ។
លោក ម៉ែន គុង៖«យោងតាមគោលការណ៍ គឺគ្មានគណៈបរិស្ថានខេត្តណា មន្ត្រីឬក៏អ្នកណាទៅទទួលលុយពីនាក់ដែលរងការដាក់វិន័យ ដូចជាដោះដូរថ្នូរនឹងប្រាក់ ឬរបស់របរអ្វីផ្សេងទេ ហើយមន្ត្រីរូបណាដែលពាក់ព័ន្ធជាមួយនឹងករណីទាំងអស់នេះ ក៏ត្រូវកម្រិតទៅតាមទោសនីមួយៗដែរ»។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា មន្ត្រីបរិស្ថានទទួលលុយពីពលរដ្ឋ ១៦លានរៀល ឬស្មើនឹង ៤ពាន់ដុល្លារ ហើយសរសេរក្នុងរបាយការណ៍បំភ្លៃថា ទទួលលុយពីពលរដ្ឋតែជិត ៧លានរៀល គឺជាអំពើពុករលួយ ដែលទាមទារឱ្យអភិបាលខេត្តស៊ើបអង្កេត និងដោះស្រាយឱ្យច្បាស់លាស់ ដើម្បីផ្តល់យុត្តិធម៌ជូនពលរដ្ឋ។
លោក ប៉ែន ប៊ុណ្ណារ៍៖«ទោះបីជាផាកពិន័យយ៉ាងម៉េចក៏ដោយ បើគេផាកប៉ុន្មាន របាយការណ៍ត្រូវដាក់ប៉ុណ្ណឹងឱ្យគេ តែបើមើលទៅឃើញខុសគ្នាម្នាក់ពាក់កណ្ដាល ដាច់អ៊ីចឹង គឺត្រូវដាក់ពិន័យមន្ត្រីទៅតាមផ្លូវច្បាប់»។
ពលរដ្ឋអះអាងថា មន្ត្រីបរិស្ថានអនុវត្តច្បាប់បានតែពលរដ្ឋតូចតាចធ្វើជាកម្មករសម្អាតដីចម្ការឱ្យគេប៉ុណ្ណោះ។ រីឯបុគ្គលមានលុយមានអំណាចកាប់ទន្ទ្រានដីព្រៃអភិរក្ស ក្នុងដែនជម្រកសត្វព្រៃឡង់ អស់រាប់រយហិកតារ បែរជាមិនឃើញមន្ត្រីទាំងនោះចុះអនុវត្តច្បាប់នោះទេ។
ចំណែកឯជនមានអំណាចនៅពីក្រោយខ្នងទៀតសោត ក៏មិនឃើញមន្ត្រីទាំងនោះស៊ើបអង្កេត ដើម្បីអនុវត្តច្បាប់ឱ្យស្មើភាពគ្នាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។