របបក្រុងភ្នំពេញ ពុំមានគោលនយោបាយជួយកសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ខណៈដែលជំងឺជ្រូកប៉េស្តអាហ្វ្រិកកំពុងរាលដាលក្នុងខេត្តចំនួន៤ នៃប្រទេសកម្ពុជា។
អ្នកនាំពាក្យនៃរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែងថា កម្ពុជាមិនមានច្បាប់កំណត់ ពីការផ្ដល់សំណងដល់ពលរដ្ឋចិញ្ចឹមជ្រូក ដែលរងផលប៉ះពាល់ ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ។ លោក ផៃ ស៊ីផាន បញ្ជាក់ថា ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ នោះជាការទទួលខុសត្រូវរបស់ពលរដ្ឋដោយខ្លួនឯង ដោយហេតុថា ប្រទេសកម្ពុជាជាប្រទេសគោរពគោលការណ៍ទីផ្សារសេរី។ ការលើកឡើងនេះ គឺធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅថ្ងៃទី១១ កក្កដា នៅទីស្ដីការគណៈរដ្ឋមន្ត្រី៖ «ដំណាក់កាលនេះយើងអត់មានគម្រោង ក្នុងការជួយចែករំលែកនូវការបង់ខាតរបស់អ្នកចិញ្ចឹមក្នុងគ្រួសារនោះទេ។ ប៉ុន្តែក៏មិនបានសេចក្ដីថាដាច់ណាត់ យើងមិនធ្វើទេ។ នេះជាការសម្រេចចិត្តជានយោបាយទៅវិញ។ ខ្ញុំមិនដឹងទេការសម្រេចតាមនយោបាយ ប៉ុន្តែតាមគោលការណ៍ច្បាប់ យើងអត់មានទៅជួយរំលែក នៅក្នុងការខូចខាតនោះទេ។ ហើយយើងសួរថា បើរដ្ឋមានកាតព្វកិច្ចឱ្យកម្ទេចសត្វដែលមានជំងឺនោះ ត្បិតគាត់បានចូលរួមនៅក្នុងភ្នាក់ងារចម្លងជំងឺដែរ។ ហ្នឹង បានសេចក្ដីថា គាត់ត្រូវតែទប់ស្កាត់ រដ្ឋត្រូវតែទប់ស្កាត់មិនឱ្យចេញ មិនឱ្យឆ្លងតទៅទៀត»។
អាស៊ីសេរី ព្យាយាមសុំការឆ្លើយតបរឿងនេះ ពីប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ តាមប្រព័ន្ធទូរស័ព្ទជាច្រើនដង ដោយហៅចូលតែគ្មានអ្នកទទួល។
ទោះបីជាយ៉ាងណា របបក្រុងភ្នំពេញ នៅតែជំរុញលើកទឹកចិត្ត ដល់កសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ឱ្យបន្តសហការជាមួយមន្ត្រីជំនាញកសិកម្មនៅតាមសហគមន៍របស់ខ្លួន ដើម្បីការពារប្រយោជន៍របរចិញ្ចឹមជ្រូក។ ក្រៅពីនេះ លោក ផៃ ស៊ីផាន ក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ប្រញាប់រាយការណ៍ទៅសមត្ថកិច្ច ប្រសិនបើឃើញមានករណីនាំជ្រូកចូលពីប្រទេសជិតខាង ជាពិសេសពីប្រទេសវៀតណាម។
គិតមកដល់ពេលនេះ អាជ្ញាធរ បានសម្លាប់សត្វជ្រូកអស់ជិត ៨រយក្បាល (៧៩៨) ហើយមានជ្រូកជាង១ពាន់ក្បាលទៀតងាប់ ដោយសារកើតជំងឺប៉េស្តជ្រូកអាហ្វ្រិក ខណៈដែលតម្លៃសត្វជ្រូក១ក្បាល លក់បានជាង២រយដុល្លារ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងកើតឡើងនៅក្នុង ខេត្តរតនគិរី ស្វាយរៀង តាកែវនិង ខេត្តត្បូងឃ្មុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។