ក្រសួងមហាផ្ទៃនៅតែបន្តដំណើរការ ស៊ើបអង្កេតសំណុំរឿងបង្ខាំងមនុស្ស ដើម្បីជំរិតទារប្រាក់ ២០ម៉ឺនដុល្លារ ដែលមានជាប់ពាក់ព័ន្ធនឹងមេប៉ូលិសជាន់ខ្ពស់ខេត្តតាកែវ និងបក្ខពួក។ អង្គការសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរស៊ើបអង្កេតករណីនេះដោយឯករាជ្យ ព្រោះជាបទល្មើសប្រព្រឹត្តដោយអាជ្ញាធរមានសមត្ថកិច្ច។
មន្ត្រីជំនាញកំពុងបន្តស៊ើបអង្កេតសំណុំរឿងបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់ ដែលពាក់ព័ន្ធនឹងស្នងការរងនគរបាលខេត្តតាកែវ លោក ហ៊ិន សុខខេង ដោយយកចិត្តទុកដាក់។
អគ្គាធិការរង និងជាអ្នកនាំពាក្យអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ លោក ឯម វិចិត្រ ថ្លែងថា មន្ត្រីជំនាញកំពុងបន្តបេសកកម្មស៊ើបអង្កេតនៅឡើយ នៅថ្ងៃទី២៧ មករានេះ ដូច្នេះលោកមិនទាន់អាចប្រាប់ពីលទ្ធផលបានទេ។ លោកសន្យាថា នៅពេលស៊ើបអង្កេតរួចរាល់ ក្រសួងមហាផ្ទៃនឹងមានសេចក្តីជូនដំណឹងលម្អិតមួយ ដោយបង្ហាញពីលទ្ធនៃការស៊ើបអង្កេតករណីនេះ៖ «ស៊ើបអង្កេតខ្ញុំម៉េចដឹងថា ពេលណាត្រូវចប់ ព្រោះស៊ើបអង្កេត។ បាទយើងកំពុងធ្វើការ ពេលណាចប់ យើងនឹងមានសេចក្ដីជូនដំណឹង»។
កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឱ្យ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ លោក ឯកសេង វណ្ណៈ ដឹកនាំមន្ត្រីជំនាញមួយក្រុម ចុះស៊ើបអង្កេត និងស្រាវជ្រាវ សំណុំរឿងបង្ខាំងមនុស្ស និងជំរិតទារប្រាក់ នៅខេត្តតាកែវ។ ការចុះស៊ើបអង្កេតនេះ ក្រោយពីអាជ្ញាធរបានទទួលពាក្យបណ្តឹងពីពលរដ្ឋដែលប្តឹង ស្នងការរងខេត្តតាកែវ លោក ហ៊ិន សុខខេង និងបក្ខពួក ពីបទបង្ខាំងមនុស្ស ដើម្បីបង្ខំឱ្យពួកគេបង់ប្រាក់ជាច្រើនម៉ឺនដុល្លារ ជាថ្នូរដោះលែងឱ្យរួចខ្លួន។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តតាកែវ លោក សុខ សំណាង និងលោក ហ៊ិន សុខខេង ផ្ទាល់ ដើម្បីសុំការបំភ្លឺរឿងនេះបានទេ ព្រោះទូរសព្ទហៅចូលច្រើនដង តែគ្មានអ្នកទទួល នៅថ្ងៃទី២៧ មករា។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ករណីនេះនៅត្រឹមជាបណ្ដឹងចោទប្រកាន់នៅឡើយ មិនប្រាកដថា រឿងនេះពិត ឬមិនពិតនោះទេ។ លោកថា អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងរង់ចាំលទ្ធផលស្រាវជ្រាវ របស់មន្ត្រីជំនាញ អធិការរកិច្ច នៃក្រសួងមហាផ្ទៃ។ មេប៉ូលិសផ្កាយបីរូបនេះបញ្ជាក់ថា ប្រសិនបើរកឃើញថា ស្នងការរងនគរបាលខេត្តតាកែវ លោក ហ៊ិន សុខខេង និងអ្នកពាក់ព័ន្ធបានប្រព្រឹត្តកំហុសមែន អាជ្ញាធរនឹងអនុវត្តតាមច្បាប់៖«ពាក្យបណ្តឹងហ្នឹងពិត ឬមិនពិត ហើយមន្ត្រីបានប្រព្រឹត្តខុសឬអត់ទេ គ្រាន់តែជាការចោទប្រកាន់ ក៏ប៉ុន្តែក្រសួងមហាផ្ទៃបានរៀបចំអធិការកិច្ចចុះទៅហើយ ព្រោះខាងអគ្គស្នងការនគរបាលជាតិ រង់ចាំតែលទ្ធផល អធិការកិច្ចទេ។ បើសិនរកឃើញ ពាក់ព័ន្ធនឹងផ្លូវច្បាប់ នឹងអនុវត្តវិធានការច្បាប់ តែប៉ុណ្ណឹងទេ»។
កាលពីចុងឆ្នាំ២០២០ ពលរដ្ឋ ៥នាក់ ក្នុងនោះ ៣នាក់ជាជនជាតិវៀតណាម បានទៅដាក់ពាក្យបណ្ដឹង នៅក្រសួងមហាផ្ទៃ ដើម្បីឱ្យស្ថាប័នកំពូលមួយនេះ រកយុត្តិធម៌ ករណីស្នងការរងខេត្តតាកែវ លោក ហ៊ិន សុខខេង និងបក្ខពួក ជានគរបាលមួយចំនួនទៀត បានចាប់បង្ខាំងមនុស្ស ដើម្បីជំរិតទារប្រាក់ពីពួកគេចំនួន ២០ម៉ឺនដុល្លារ កាលពីចុងឆ្នាំ ២០១៩។ ពួកគេរៀបរាប់ក្នុងបណ្តឹងនោះថា ស្នងការរងខេត្តតាកែវ និង នគរបាលមួយចំនួនទៀតបាន បំភិតបំភ័យ និងដកហូតយកខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រ ពីពួកគេទៀតផង។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) លោក នី សុខា សាទរចំពោះចំណាត់ការ របស់ក្រសួងមហាផ្ទៃ ក៏ប៉ុន្តែលោកចង់ឃើញ ស្ថាប័នកំពូលមួយនេះ ដោះស្រាយសំណុំរឿង នេះ ឱ្យមានប្រសិទ្ធភាព ដើម្បីព្រមានដល់មន្ត្រីផ្សេងៗទៀត។ លោកថា ចំណាត់ការនេះ គួរតែមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាពីឯករាជភាពនៃការស៊ើបអង្កេត ដោយសុក្រឹតដែលអាចជឿទុកចិត្តបាន៖ «បើស្ថាប័នសាមីរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយ ជាធម្មតាទេ គេចង់និយាយថា កូនចៅនិងមេ វាអាចជាបញ្ហាពិបាក ក្នុងការចាត់វិធានការ។ ខ្ញុំឃើញថា រដ្ឋាភិបាលបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឱ្យដាច់ពីអង្គភាពណាមួយ ដើម្បីងាយក្នុងការមានវិធានការលើមន្ត្រីគ្រប់អង្គភាពទាំងអស់ដែលបានប្រព្រឹត្តអំពើពុករលួយហ្នឹង»។
បន្ថែមពីលើនេះ មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញឱ្យក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានការឱ្យគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព លើមន្ត្រីទាំងឡាយណា ដែលប្រព្រឹត្តអំពើពុករលួយ ដើម្បីកាត់បន្ថយអយុត្តិធម៌សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។