អាជ្ញាធរថៃ នៅខេត្តស្រះកែវ បានរកឃើញទីតាំងតភ្ជាប់បណ្ដាញអ៊ីនធឺណិត ខុសច្បាប់មួយកន្លែង ដែលបង្កប់ខ្លួននៅក្នុងព្រៃ ដើម្បីតភ្ជាប់បណ្ដាញឆ្លងចូលក្នុងទឹកដីកម្ពុជា។ អគ្គស្នងការនគរបាលជាតិថៃ សន្និដ្ឋានថា ករណីនេះ ពាក់ព័ន្ធសកម្មភាពការឆបោកតាមអនឡាញ ការជួញដូរ និងបង្ខាំងមនុស្សខុសច្បាប់ និងការបម្រើឱ្យសេវាកម្មល្បែងភ្នាល់ខុសច្បាប់តាមអនឡាញ ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា និងមានភ្នាក់ងារនៅក្នុងប្រទេសថៃ។
មន្ត្រីសង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរថៃ(Thai) និងបើកការស៊ើបអង្កេតត្រង់តំបន់ ដែលអាជ្ញាធរថៃរកឃើញទីតាំងតភ្ជាប់បណ្ដាញអ៊ីនធឺណិតខុសច្បាប់ ដោយតភ្ជាប់បណ្ដាញឆ្លងចូលក្នុងទឹកដីកម្ពុជា។
អ្នកសម្របសម្រួលកម្មវិធីផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូប្រចាំខេត្តបាត់ដំបង និងបន្ទាយមានជ័យ លោក អ៊ិន គង់ជិត យល់ឃើញថា ការលួចលាក់បង្កើតបណ្ដាញអ៊ីនធឺណិតខុសច្បាប់នៅតាមច្រកព្រំដែន គឺជាបញ្ហាដែលអាជ្ញាធរនៃប្រទេសទាំងពីរ គួរសហការគ្នាដើម្បីបង្ក្រាប និងទប់ស្កាត់។ លោកជំរុញឱ្យអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរថៃ និងបើកការស៊ើបអង្កេតត្រង់តំបន់ដែលសង្ស័យឱ្យបានទាន់ពេលវេលា។
លោក អ៊ិន គង់ជិត៖ «អាជ្ញាធរគួរតែរួសរាន់ក្នុងការផ្ដល់កិច្ចសហការបង្ក្រាបឱ្យបានទាន់ពេលវេលា បើពុំនោះទេ ជនទាំងនោះអាចនឹងរួចខ្លួន ហើយថ្ងៃក្រោយពួកគេនឹងអាចលបលួចបង្កើតតំបន់ទាំងនោះឡើងវិញ ដើម្បីប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាហ្នឹង និងបទល្មើសឆ្លងដែនហ្នឹងបន្តទៀត ហើយជនរងគ្រោះក៏នៅតែមានកើតតទៅទៀតដែរ»។
ការលើកឡើងនេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខេត្តស្រះកែវ (SaKeo) ប្រទេសថៃ(Thai) កាលពីថ្ងៃទី៣ ខែមេសា បានចុះត្រួតពិនិត្យទីតាំងអាគារដំណើរការប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់មួយកន្លែង ស្ថិតក្នុងស្រុកអារញ្ញប្រៈថេត (Aranyaprathet) ដែលអូសខ្សែក្រោមដីប្រវែងប្រហែល ៧រយម៉ែត្រ ឆ្លងកាត់ព្រំដែនមកកម្ពុជា។ នៅក្នុងប្រតិបត្តិការឆែកឆេរ កម្លាំងសមត្ថកិច្ចថៃ បានជីកកាយយកខ្សែហ្វាយប័រ (Fiber) ដែលកប់នៅក្រោមដីជាច្រើនម៉ែត្រ និងរកឃើញ កុំព្យូទ័រ អេក្រង់ ទូរស័ព្ទស្មាតហ្វូន និងថេបប្លេត (Tablet)ជាច្រើនគ្រឿង រួមទាំងឧបករណ៍អេឡិចត្រូនិកមួយចំនួនទៀត។
កិច្ចអន្តរាគមន៍នេះ ធ្វើឡើងក្រោយកិច្ចប្រជុំមួយប្រកាសអំពីលទ្ធផលនៃការរកឃើញកន្លែងសម្ងាត់លាក់បណ្ដាញអ៊ីនធឹណិតខុសច្បាប់ របស់អគ្គស្នងការនគរបាលជាតិ និងអាជ្ញាធរខេត្តស្រះកែវ នៃប្រទេសថៃ កាលពីថ្ងៃទី២ ខែមេសា។
តាមការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុក អគ្គស្នងការនគរបាលជាតិថៃ (Thai) ឱ្យដឹងថា សមត្ថកិច្ចបានចុះទៅឆែកឆេរកន្លែងតភ្ជាប់អ៊ីនធឺណិត នៅក្នុងខុនដូមួយកន្លែង នៅខេត្តស្រះកែវ និងបានចុះពិនិត្យក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត មួយកន្លែងទៀត នៅទីក្រុងបាងកក (Bangkok)។ នៅក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចថៃបានចូលទៅក្នុងអគារខុនដូបោះបង់ចោលមួយកន្លែង ហើយរកឃើញប្រព័ន្ធដំណើរការអ៊ីនធឹណិតល្បឿនលឿនទំហំ ១ពាន់មេហ្គាបៃយ៍ (Megabyte) និង ២រយមេហ្គាបៃត៍ (Megabyte) ប្រព័ន្ធដំណើរការមេចំនួន៦ និងមានអាសយដ្ឋានដំណើរការអ៊ីនធឹណិត (IP Adress) ចំនួនជាង ៣រយលេខ (៣៨៤)។
ក្នុងករណីនេះ អាជ្ញាធរថៃចាប់ខ្លួនជនជាតិថៃចំនួន ២នាក់ ដែលបានធ្វើសកម្មភាពលួចកាត់បណ្ដាញអ៊ីនធឹណិត នៅមុនពេលសមត្ថកិច្ចចុះទៅឆែកឆេរ និងរកឃើញមនុស្ស ៤នាក់ផ្សេងទៀត ដែលមានឈ្មោះក្នុងឯកសារស្នើសុំសេវាអ៊ីនធឺណិត ដែលបង់ថ្លៃសេវាចំនួនជាង ៣សែនបាត ឬប្រហែលជិត ២ម៉ឺនដុល្លារ ប៉ុន្តែអាជ្ញាធរថៃ នៅមិនទាន់រកឃើញមេខ្លោងការតបណ្ដាញអ៊ីនធឺណិតខុសច្បាប់នេះនៅឡើយទេ។
អភិបាលស្រុកអារញ្ញប្រៈថេត (Aranyaprathet) លោក ធីរៈវុឌ្ឍ ឌិនមាត (Thirrakvuth Dinmath) ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ មេសា ថា កម្លាំងសមត្ថកិច្ចថៃ (Thai) បានចុះកាយ និងកាត់ផ្ដាច់ខ្សែបណ្ដាញអ៊ីនធឹណិតរួចរាល់ហើយ។ លោកបន្តថា អ្នកពាក់ព័ន្ធ ឬមេខ្លោងដែលនៅពីក្រោយរឿងនេះ អាចកំពុងសំងំនៅលើទឹកដីកម្ពុជា ប៉ុន្តែអាជ្ញាធរថៃ មិនបានស្នើសុំកិច្ចសហប្រតិបត្តិការពីភាគីកម្ពុជានោះទេ ព្រោះករណីនេះកើតឡើងនៅលើទឹកដីថៃ និងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។
លោក ធីរៈវុឌ្ឍ ឌិនមាត៖ «មេខ្លោងដែលនៅពីក្រោយរឿងនេះ អាចនៅប្រទេសកម្ពុជា ក៏ថាបាន ឬមិនមែននៅប្រទេសកម្ពុជា ក៏ថាបាន។ ប៉ុន្តែយើងមិនទាន់ដឹងច្បាស់ ថាពួកគេជាជនជាតិខ្មែរ ឬក៏ជាជនជាតិថៃ ដែលលាក់ខ្លួននៅលើទឹកដីកម្ពុជា យ៉ាងណានោះទេ»។
តាមផែនទីបង្ហាញរបស់អគ្គស្នងការនគរបាលជាតិថៃ បានបង្ហាញពីការតបណ្ដាញខ្សែអ៊ីនធឺណិតក្រោមដី អូសកាត់ដីរបស់ក្រុមហ៊ុនអចលនទ្រព្យមួយ ដែលមានទីតាំងនៅខាងក្រោយអាគារខុនដូនោះ មានចម្ងាយប្រហែល ៧០០ម៉ែត្រ រហូតមកដល់ព្រំដែនប្រទេសកម្ពុជា នៅម្ដុំស្រះស្រល់ ឬហៅថាតំបន់ ស្ដារហ្គោល (Star Gold) ក្នុងក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។ ពលរដ្ឋម្នាក់ដែលសុំលាក់អត្តសញ្ញាណនិងសំឡេង អះអាងថា តំបន់នេះគ្រប់គ្រងដោយសមាជិកព្រឹទ្ធសភា គឺលោក កុក អាន។
ការចុះបង្ក្រាបទីតាំងបណ្ដាញអ៊ីនធឺណិតខុសច្បាប់ ដែលអាជ្ញាធរថៃ សន្និដ្ឋានថា ជាសកម្មភាពការឆបោកតាមអនឡាញ ការជួញដូរ និងបង្ខាំងមនុស្សខុសច្បាប់ និងការបម្រើឱ្យសេវាកម្មល្បែងភ្នាល់ខុសច្បាប់តាមអនឡាញ ហាក់ស្របគ្នាទៅនឹងការលើកឡើង របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោក រស់ ភីរុណ ដែរថា គេហទំព័រ និងកម្មវិធីល្បែងភ្នាល់តាមអនឡាញ ដែលកំពុងមានសកម្មភាព នៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺជាក្រុមហ៊ុនខុសច្បាប់ មានប្រភពនៅក្រៅប្រទេស និងខ្លះទៀត អាចមានវត្តមាននៅលើទឹកដីកម្ពុជា ផ្ទាល់តែម្ដង។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងឌីជីថល ថៃ លោក ប្រៈស៊ើត ចាន់ថារាក់រ៉ុងថង (Prasert Chantararuangthong) លើកឡើងថា ករណីតបណ្ដាញអ៊ីនធឺណិតខុសច្បាប់ ចូលក្នុងទឹកដីកម្ពុជានេះ គឺជាបទល្មើសធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិថៃ ហើយអាជ្ញាធរ នឹងរកមេខ្លោងក្នុងរឿងនេះ មកទទួលទោសឱ្យបាន មុនរយៈពេលមួយខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។