ជនជាតិដើមភាគតិចព្នងមួយគ្រួសារ ក្នុងចំណោម ៥២គ្រួសារ ដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងខេត្តស្ទឹងត្រែងនៅតែស្ដាយ ស្រណោះ ភូមិកំណើត និងផ្ទះសម្បែងរបស់ពួកគេ ដែលត្រូវបានក្រុមហ៊ុនបិទទ្វារទឹកពន្លិចភូមិជាង ៣ ឆ្នាំមកហើយ។ ស្ត្រីជនជាតិដើមភាគតិចម្នាក់ បានបង្ហាញពីទុក្ខកង្វល់ជាច្រើន ក្នុងពេលដែលពួកគេរំកិលមករស់នៅទីតាំងថ្មីប្រមាណ ៣ឆ្នាំកន្លងមកនេះដូចជា ខ្វះស្បៀងអាហារ និងទឹកស្អាតប្រើប្រាស់ជាដើម។
ជនជាតិដើមភាគតិចព្នង រស់នៅភូមិក្បាលរមាស (ចាស់) ឃុំក្បាលរមាស ស្រុកសេសាន សម្ដែងការឈឺចាប់ខ្លោចផ្សា និងរងទុក្ខលំបាកជាច្រើនឆ្នាំមកហើយ បន្ទាន់ពីមានទំនប់វារីអគ្គិសនីសេសានក្រោមពីរ ធ្វើឱ្យភូមិកំណើត និងផ្ទះសម្បែង របស់អ្នកភូមិ ក្លាយជាអាងស្តុកទឹកផលិតថាមពលអគ្គិសនី។ ប្រការនេះធ្វើឱ្យអ្នកភូមិ ៥២គ្រួសារ បានបង្ខំចិត្ត មករស់នៅទីតាំងថ្មី ចំណុចទួលស្រែវែង ឆ្ងាយពីភូមិចាស់ ៤គីឡូម៉ែត្រ ជាតំបន់ខ្វះប្រភពទឹក លំបាកធ្វើស្រែចម្ការ និងពិបាករកត្រីសាច់បរិភោគចិញ្ចឹមជីវិត។
ប្រធានសហគមន៍ជនជាតិដើមភាគិចព្នងភូមិក្បាលរមាស លោកស្រី ស្រាំង ឡាញ់ ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៤ ធ្នូថា ទីតាំងថ្មីដែលក្រុមពលរដ្ឋ ៥២គ្រួសារកំពុងរស់នៅនោះ ពុំមានភាពងាយស្រួល ដូចនៅភូមិចាស់ឡើយ ព្រោះតំបន់នេះនៅឆ្ងាយពីប្រភពទឹក នៅពេលខែប្រាំងអណ្ដូងទឹករីង និងគ្មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ឡើយ។ ចំណែកដីស្រែចម្ការ ដែលពួកគេទើបតែកាប់ឆ្ការព្រៃ ដើម្បីធ្វើកសិកម្មចិញ្ចឹមជីវិត ក៏មិនបានហុចផលគាប់ប្រសើរ ដូចនៅភូមិចាស់នោះទេ។ រីឯការស្វែងរកអនុផលព្រៃឈើ បានថយចុះជាបន្តបន្ទាប់ ដោយសារទំហំព្រៃឈើកាន់តែរួមតួច៖ « ប្រឈមការរស់នៅការផ្លាស់ទីថ្មី ផ្ទះថ្មីស្រែចម្ការថ្មីគឺ ប្រឈមការលំបាកប្រឈមការចំណាយច្រើន ចំណាយលើធ្វើផ្ទះសម្បែងថ្មី។ ពីមុនយើងរស់នៅលើតាមដងទន្លេ អត់សូវចំណាយច្រើនទេ ដល់យើងរស់នៅទីទួលវាឆ្ងាយពីទឹក » ។
លោកស្រី ស្រាំង ឡាញ់ វ័យ ៤៣ឆ្នាំ ថ្លែងថា គ្រួសារលោកស្រីមានដី ២ហិកតារ ធ្វើស្រែពុំទទួលបានផលច្រើន ដូចនៅភូមិចាស់ឡើយ។ ចំណែកកូនៗ លោកស្រី ៣នាក់ បង្ខំចិត្តឈប់រៀន ដោយសារតែជីវភាពខ្វះខាត និងការផ្លាស់ប្ដូរទីលំនៅជាដើម។ លោកស្រីថា ក្រៅពីមុខរបរធ្វើស្រែចម្ការ អ្នកភូមិបានស្វែងរកអនុផលព្រៃឈើ ដូចជារកជ័រទឹក បោចវល្លិ៍ រកឃ្មុំ រកថ្នាំបុរាណ និងនេសាទត្រីចិញ្ចឹមជីវិត ក្នុងព្រៃសហគមន៍ភូមិក្បាលរមាស៖ « មិនដែលបានក្រុមហ៊ុនឧបត្ថម្ភលុយ១០០ខ្មែរមិនដែលទេ។ កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ គេដើរប្រកាសដើរបង្ខំឱ្យយើងវាស់វែងគេឱ្យ ៦០០ដុល្លារ បើយើងទទួលលុយគេ គេឱ្យរុះរើផ្ទះ។ ឱ្យទៅយកផ្ទះថ្មី សំណងហ្នឹងមិនសមនឹងការបាត់បង់ខូចខាត។ គេឱ្យ ដូចជា ដើមដូង និងដើមស្វាយ ៥ដុល្លារ ទៅ ១០ដុល្លារទេ » ។
ស្ត្រីជនជាតិដើមភាគតិចរូបនេះបន្ថែមថា ថ្វីត្បិតតែពលរដ្ឋរស់នៅលំបាក ខ្វះខាតស្បៀង តែអ្នកភូមិភាគច្រើនបានជួយគ្នា ចូលព្រៃកាប់ឈើសង់ផ្ទះដោយខ្លួនឯង ដោយគ្មានការឧបត្ថម្ភពីក្រុមហ៊ុន និងអាជ្ញាធរនោះទេ។ អ្នកភូមិបានមូលមតិគ្នា កសាងតំបន់ថ្មីនេះ ដើម្បីប្រយោជន៍រួមរបស់សហគមន៍រួមមាន កន្លែងបន់ស្រន់ សាលាប្រជុំសហគមន៍ និងវត្តអារាមជាដើម។ ចំណែកក្រុមហ៊ុន នៅមិនទាន់ផ្តល់សំណង ប៉ះប៉ូវថ្លៃខូចខាតផ្ទះសម្បែង និងភូមិកំណើត ជូនអ្នកភូមិ ៥២គ្រួសារ នៅឡើយទេមកទល់ពេលនេះ។
ប្រជាសហគមន៍ភូមិក្បាលរមាស ឱ្យដឹងថា នៅគ្រាដែលពួកគេផ្លាស់ប្ដូរលំនៅឋាន មករស់នៅភូមិថ្មីនៅរយៈពេល ៣ឆ្នាំចុងក្រោយនេះ អាជ្ញាធរ និងក្រុមហ៊ុន បានកសាងផ្លូវមួយខ្សែក្រាលក្រួសក្រហមប្រវែង ១៣គីឡូម៉ែត្រ ជីកស្រះទឹក ២ ផ្តល់ស៊ីទែនទឹកជូនពលរដ្ឋ ៤០គ្រួសារ ជីកអណ្ដូងស្នប់ចំនួន ៤ សង់ប៉ុស្តិ៍សុខាភិបាល ១ខ្នង និងសាលារៀនមួយខ្នងមាន ៣បន្ទប់។ អ្នកភូមិថា ការអភិវឌ្ឍន៍របស់អាជ្ញាធរ និងក្រុមហ៊ុននៅមិនទាន់បំពេញតម្រូវការចាំបាច់ ជូនពលរដ្ឋនៅឡើយទេ។
ទំនប់វារីអគ្គិសនីសេសានក្រោម២ អាចផលិតថាមពលអគ្គិសនីបាន ៤០០មេហ្កាវ៉ាត់ គឺជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុនរបស់កម្ពុជាគឺ រូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង កាន់កាប់ចំណែកភាគហ៊ុនចំនួន ៣៩% រួមជាមួយក្រុមហ៊ុន ហាយដ្រូឡានឆាង (Huaneng Hydrolancang International Energy) របស់ចិន កាន់កាប់ចំណែកភាគហ៊ុនចំនួន ៥១% និងក្រុមហ៊ុន អីវីអិន (EVN International Joint Stock Company) របស់វៀតណាម កាន់កាប់ភាគហ៊ុនចំនួន ១០% មានតម្លៃ ៨១៦លានដុល្លារអាមេរិក។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង មានប្រសាសន៍ថា តំបន់នោះ អាជ្ញាធរ និងក្រុមហ៊ុនកំពុងអភិវឌ្ឍន៍ជាបណ្ដើរៗ រួមមាន ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យជាដើម។ លោកបញ្ជាក់ថា អាជ្ញាធរខេត្តនឹងកោះប្រជុំជាមួយក្រុមការងារជំនាញពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហានានា ជូនពលរដ្ឋ ៥២គ្រួសារ បូករួមទាំងពលរដ្ឋបំបែកគ្រួសារ ដែលរស់នៅតំបន់នោះ។ លើសពីនេះទៀត អាជ្ញាធរកំពុងរកមធ្យោបាយដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ និងការសិក្សាពីគម្រោង អភិវឌ្ឍន៍ថ្មីៗ មួយចំនួនទៀត៖ « ជាក់ស្ដែងនៅពេលមានមូលនិធិឃុំ ឬក៏មូលនិធិ ពីដៃគូអ្នកវិនិយោគអភិវឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន យើងនឹងកៀករបានធនធាន និងបន្តការដោះស្រាយតាមសំណូមពររបស់ពលរដ្ឋ ក៏ដូចជាការសិក្សាក្នុងគម្រោងថ្មីមួយចំនួនទៀត ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋក្នុងមូលដ្ឋាននោះ » ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី សង្កេតឃើញថា ការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនេះ បង្កផលប៉ះពាល់ធំធេង ដល់សិទ្ធិជនជាតិដើមភាគតិច និងការថយចុះប្រពៃណីវប្បធម៌ ជាពិសេសការផ្តល់សំណងមិនសមរម្យជាដើម។ លោក សង្កេតឃើញថា ក្តីកង្វល់ទាំងឡាយរបស់ពលរដ្ឋរស់នៅទីនោះ អាជ្ញាធរនៅមិនទាន់ដោះស្រាយឱ្យបានសមរម្យនៅឡើយទេ៖ « មូលដ្ឋានហ្នឹងហើយ ដែលជាផលលំបាករបស់ពលរដ្ឋរាល់ថ្ងៃហ្នឹង ទី១ ផលលំបាកនៃការតស៊ូដើម្បីរស់នៅ ដើម្បីជីវភាពប្រចាំថ្ងៃផង ទី២ រងបណ្ដឹងពីអាជ្ញាធរដែលប្ដឹងពួកគាត់ថាប្រឆាំង និងអាជ្ញាធរសាធារណៈអ៊ីចឹងទៅនៅពេលដែលគាត់មិនព្រម ចាកចេញពីកន្លែងភូមិចាស់ របស់គាត់។ សុខចិត្តភៀសខ្លួនមកនៅទីទួល ហើយនាំគ្នាធ្វើហើយ រក្សាប្រពៃណីរបស់គាត់ហ្នឹង » ។
មកទល់ពេលនេះពលរដ្ឋរស់នៅឃុំក្បាលរមាស ៥២ គ្រួសារ ឬស្មើនឹងពលរដ្ឋជាង ២០០នាក់ បូករួមទាំងពលរដ្ឋបំបែកគ្រួសារបដិសេធមិនព្រមទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុន ហើយបច្ចុប្បន្នពួកគេបន្តរស់នៅទីតាំងថ្មីជាប់ភូមិចាស់។ ក្រុមពលរដ្ឋទាំងនោះរស់ពឹងផ្អែកលើព្រៃសហគមន៍ដែលជាប្រភពចំណូលសេដ្ឋកិច្ចរបស់ពួកគេ ដូចជា ឃ្វាលគោក្របីធ្វើចម្ការវិលជុំរកអនុផលព្រៃឈើបេះបន្លែ និងដងជ័រទឹកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។