ភ្ញៀវ​ទេសចរ​ប្រមាណ​៣០​ម៉ឺន​នាក់​ទៅ​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ខេត្ត​សៀមរាប

0:00 / 0:00

ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​កន្លង​ទៅ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។ តើ​ខេត្ត​ណា​ខ្លះ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ច្រើន​ជាង​គេ​នៅ​ក្នុង​ឆ្នាំ​នេះ?

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប ដែល​រៀប​ចំ​អបអរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ បាន​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ ឲ្យ​ទៅ​លេង​កម្សាន្ត​ច្រើន​ជាង​គេ​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា។

តាម​ព័ត៌មាន​ពី​អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង ប្រាប់​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ ៣០​ម៉ឺន​នាក់ បាន​ទៅ​ទស្សនា និង​ចូល​រួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រយៈពេល ៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ មេសា។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប បាន​រៀប​ចំ​នៅ​តំបន់​ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន ទីលាន​ជល់​ដំរី និង​ទីតាំង​មួយ​ចំនួន​ទៀត។ កាល​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ ឆ្នាំ​២០១៣ ក៏​មាន​រៀប​ចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែរ ដែល​ពេល​នោះ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ជិត ២០​ម៉ឺន​នាក់។ តាម​ការ​សន្និដ្ឋាន​ពី​មន្ត្រី​ទេសចរ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​កាល​ពី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​មុន ដោយសារ​តែ​មាន​កម្មវិធី​ប្លែកៗ និង​មាន​ការ​រៀប​ចំ​តាំង​ពិព័រណ៍​នំ​អន្សម​យក្ស​ធំ​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា។

ក្រៅ​ពី​ខេត្ត​សៀមរាប បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ជាប់​តំបន់​ឆ្នេរ ក៏​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ច្រើន​ដែរ។

អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក អឿ វិបុល ឲ្យ​ដឹង​ថា តាម​ការ​ប៉ាន់ស្មាន​ដំបូង ភ្ញៀវ​ទេសចរ​ជិត ៥​ម៉ឺន​នាក់​មក​លេង​នៅ​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ និង​នៅ​តាម​តំបន់​ផ្សេងៗ​ទៀត ដែល​លោក​នៅ​មិន​ទាន់​បូក​សរុប​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​លើ​កោះ នៅ​រមណីយដ្ឋាន​ថ្ម​រូង និង​នៅ​រមណីយដ្ឋាន​ក្បាល​ឆាយ ជាដើម៖ «ចំនួន​ភ្ញៀវ​ទេសចរ​ទាប​ជាង​មុន​បន្តិច ដោយសារ​តែ​តំបន់​ភ្ញៀវ​ទេសចរ​យើង​មាន​រៀប​កន្លែង​ច្រើន ដូច​ជា​នៅ​លើ​កោះ ពី​មុន​ភ្ញៀវ​ខ្មែរ​មិន​ដែល​ទៅ​លេង​ទេ តែ​ឥឡូវ​ក្នុង​មួយ​ពាន់​នាក់ មាន ៤០០​នាក់​ហើយ​ទៅ​លេង មាន​ន័យ​ថា ៤០​ភាគរយ​ទៅ​លេង​នៅ​លើ​កោះ ហើយ​បណ្ដា​រមណីយដ្ឋាន​ផ្សេងៗ​មាន​ការ​រៀប​ចំ​កើន​ឡើង​ទៅ ក៏​អាច​រំលែក​ភ្ញៀវ​ទេសចរ​ដើរ​លេង​ច្រើន»

នៅ​ឯ​ខេត្ត​កែប ប្រធាន​មន្ទីរ​ទេសចរណ៍ លោក សោម ចិន្តា ប្រាប់​ថា ភ្ញៀវ​ទេសចរ​ជាង ៨​ម៉ឺន​នាក់​ទៅ​លេង​នៅ​ទីនោះ គឺ​ច្រើន​ជាង​ឆ្នាំ​មុន​ជាង​១​ម៉ឺន​នាក់។ លោក​បន្ត​ថា មូលហេតុ​ដែល​កើន​នេះ ដោយសារ​តែ​ខេត្ត​កែប ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ និង​ការ​ថែ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​បាន​ល្អ៖ «នៅ​ខេត្ត​កែប ហ្នឹង​វា​រក្សា​បាន​ល្អ ស្ថិរភាព សន្តិសុខ​សុវត្ថិភាព​ល្អ មិន​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ធំ​ដុំ​ទេ ជា​រៀង​រាល់​ឆ្នាំ​តែង​តែ​អ៊ីចឹង។ ចំណុច​ទី​២ ដោយសារ​តែ​ខេត្ត​កែប មាន​សក្ដានុពល​អេកូ​ទេសចរណ៍​ធម្មជាតិ»

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង លោក ប៊ុន បៀវ ឲ្យ​ដឹង​ថា លោក​នៅ​មិន​ទាន់​បូក​សរុប​តួលេខ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​នេះ​នៅ​ឡើយ​ទេ។ តែ​តាម​ការ​សន្និដ្ឋាន ចំនួន​ភ្ញៀវ​អាច​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន ដែល​មាន​ចំនួន​ជាង ១​ម៉ឺន​នាក់។ លោក​ពន្យល់​ថា មូលហេតុ​ដែល​ភ្ញៀវ​កើន​ឡើង​នេះ ដោយសារ​តែ​កត្តា​ផ្លូវ​ងាយ​ស្រួល ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ។

ចំណែក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី វិញ ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ជាង ១​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ​រយៈពេល​៣​ថ្ងៃ។ ចំនួន​នេះ​កើន​ឡើង​តិចតួច បើ​ធៀប​កាល​ពី​ឆ្នាំ​មុន។ លោក​កត់​សម្គាល់​ថា ភ្ញៀវ​ជាតិ​មាន​ការ​កើន​ឡើង ហើយ​ភ្ញៀវ​អន្តរជាតិ​មាន​ការ​ថយ​ចុះ​បន្តិច ដោយសារ​តែ​ពិបាក​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​មណ្ឌលគិរី៖ «ភ្ញៀវ​បរទេស​ថយ​ចុះ​បន្តិច​វិញ គឺ​ថយ ៣,៣៨​ភាគរយ។ តាម​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ ពាក់ព័ន្ធ​ភ្ញៀវ​បរទេស​នេះ គឺ​មាន​ការ​លំបាក ជួន​កាល​ភ្ញៀវ​បរទេស​មក​លេង​នៅ​កំពង់ចាម ខេត្ត​ក្រចេះ គាត់​ពិបាក​រក​ឡាន​មក​ខេត្ត​មណ្ឌលគិរី ពេល​ខ្លះ​គាត់​អត់​ស្គាល់​ទីតាំង​ឡាន​ផ្សេងៗ​ណា​មួយ​ផ្សេង។ ទី​២ ឡាន​តាក់ស៊ី​មួយ​ចំនួន​គាត់​អត់​ដំណើរ​ការ​ពេល​ចូល​ឆ្នាំ»

ចំណែក​នៅ​ខេត្ត​ក្រចេះ វិញ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក រុន ធារ៉ា កត់​សម្គាល់​ថា ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​នេះ​មាន​ចំនួន​ជាង ៩​ម៉ឺន​នាក់ ភាគ​ច្រើន​ជា​ភ្ញៀវ​ជាតិ។ ចំនួន​នេះ គឺ​កើន​ឡើង ៨,៤១​ភាគរយ បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ចំនួន​ជាង ៨​ម៉ឺន​នាក់។ លោក​បន្ត​ថា កត្តា​ដែល​ភ្ញៀវ​កើន​ឡើង​នេះ ដោយសារ​តែ​ជីវភាព​ពលរដ្ឋ​ធូរធារ និង​បញ្ហា​ផ្លូវ​ងាយ​ស្រួល​ធ្វើ​ដំណើរ។

យ៉ាង​ណា ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​រិះគន់​ថា អាជ្ញាធរ​ហាក់​មិន​មាន​វិធាន​ការ​ទប់ស្កាត់​តម្លៃ​សេវា​ផ្ទះ​សំណាក់ សណ្ឋាគារ ម្ហូប​អាហារ និង​ថ្លៃ​សេវា​ដឹក​ជញ្ជូន ខណៈ​ដែល​នៅ​តំបន់​ខ្លះ​ត្រូវ​បាន​ឈ្មួញ​បង្កើន​ថ្លៃ​ខុស​សព្វ​មួយ​ដង​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ។

មន្ត្រី​ទេសចរ​ខ្លះ​បាន​ពន្យល់​ថា អាជ្ញាធរ​ពិបាក​នឹង​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​សេវា​ទាំង​នោះ ដោយសារ​តែ​តម្រូវ​ការ​ខ្ពស់ និង​អ្នក​លក់​ម្ហូប​អាហារ​ខ្លះ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ ទើប​ធ្វើ​ឲ្យ​សេវា​ម្ហូប​អាហារ​ឡើង​ខ្ពស់។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ទប់ស្កាត់​ការ​ដំឡើង​តម្លៃ​សេវា​អ្វី​ផ្សេងៗ​នៅ​រដូវ​បុណ្យ​ទាន​នោះ អាច​ធ្វើ​បាន ប្រសិន​បើ​មាន​ឆន្ទៈ​ចង់​ទប់ស្កាត់​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។