ព្រះសង្ឃខ្មែរ២អង្គដែលឈឺឆ្អាលរឿងការងារសង្គម បន្តភៀសព្រះកាយយ៉ាងលំបាកនៅកន្លែងមានសុវត្ថិភាព ដើម្បីគេចពីការតាមចាប់ព្រះកាយពីសំណាក់មន្ត្រីសង្ឃនិងអាជ្ញាធររបបក្រុងភ្នំពេញ។ ការភៀសព្រះកាយនេះ បន្ទាប់ពីព្រះអង្គបានចូលរួមតវ៉ាសុំឱ្យតុលាការដោះលែងលោក រ៉ុង ឈុន កាលពីខែសីហា ហើយអាជ្ញាធរបន្តតាមចាប់ព្រះអង្គ។ មន្ត្រីសង្គមស៊ីវិលចាត់ទុករឿងនេះថា ជាការបិទសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋដោយខុសច្បាប់។
ព្រះសង្ឃដែលកំពុងភៀសព្រះកាយព្រះភិក្ខុ បូរ បេត មានថេរដីកានៅព្រឹកថ្ងៃទី១៦វិច្ឆិកាថា ព្រះអង្គនិងព្រះតេជព្រះគុណ ស៊ុម សុវណ្ណឌី កំពុងលាក់ព្រះកាយនៅកន្លែងមានសុវត្ថិភាពហើយ ក៏ប៉ុន្តែព្រះអង្គមិនហ៊ាននិមន្តចេញបិណ្ឌបាតតាមផ្ទះប្រជាពលរដ្ឋ និងទៅជួបព្រះសង្ឃនៅទីវត្តអារាមឡើយ។ព្រះអង្គ ឱ្យដឹងថា បច្ចុប្បន្នមានមន្ត្រីសង្ឃនិងអាជ្ញាធរបានតាមសួររកព្រះអង្គនៅផ្ទះញោមរបស់ព្រះអង្គ និងតាមទីវត្តដែលព្រះអង្គធ្លាប់ចេញចូលនិងគង់នៅកន្លងមក៖ «តាមពិតបើសិនជាយើងចុះចូលគណបក្សកាន់អំណាចប្រហែលគេមិនចាប់ទេ ប៉ុន្តែអាត្មាមិនព្រមចុះចូលជាមួយគេ។គេទៅទាក់ទងតាមរយៈឪពុកម្ដាយយើង មិនមែនទាក់ទងតាមអាត្មាទេ មេឃុំនៅខាងអាត្មាហ្នឹងក៏បានឱ្យអាត្មាចុះចូលទៅកុំឱ្យមានបញ្ហាអីតទៅទៀតអីចឹង។ តែអាត្មាជំហររឹងមាំថា មិនចុះចូលជាមួយគណបក្សប្រជាជនទេ ព្រោះបើចូលប្រៀបបានដូចជិះជាន់រាស្ត្រ និងឱ្យយួនចូលស្រុកអីចឹង។អាត្មាតាំងចិត្តរាំងមាំទៅដើរទៅមុខដើម្បីសង្គមអាត្មា » ។
ព្រះភិក្ខុ ស៊ឹម សុវណ្ណឌី ព្រះជន្ម៥៤ព្រះវង្សា និងព្រះអង្គ បូរ បេត ព្រះជន្ម៣៤ព្រះវស្សា គង់នៅវត្តប្រយូរវង្ស រាជធានីភ្នំពេញ។ព្រះសង្ឃទាំង២អង្គនេះបានចាកចេញពីវត្តកាលពីយប់ថ្ងៃទី៤សីហា ហើយបានទៅលាក់ព្រះកាយក្នុងព្រៃអស់ជាច្រើនខែ ដើម្បីសុវត្ថិភាពរបស់ព្រះអង្គ។
ការរត់ភៀសព្រះកាយនេះ បន្ទាប់ពីព្រះអង្គបានចូលរួមតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យតុលាការដោះលែងមេដឹកនាំសហជីព និងតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន កាលពីដើមខែសីហាកន្លងទៅ។ ចាប់តាំងពីថ្ងៃទី៤សីហាមក មន្ត្រីសង្ឃនិងអាជ្ញាធររបបក្រុងភ្នំពេញជាច្រើននាក់ នៅតែទៅរកព្រះអង្គនៅវត្តប្រយូរវង្ស ខណ្ឌចំការមន ជាច្រើនលើកច្រើនសារ។
ទាក់ទងនឹងបញ្ហានេះព្រះមេគណ រាជធានីភ្នំពេញ ព្រះតេជគុណ ឃឹម សន មានថេរដីកា មន្ត្រីសង្ឃនិងអាជ្ញាធរមិនបានតាមចាប់ព្រះអង្គ បូរ បេត និង ព្រះអង្គ ស៊ុម សុវណ្ឌឌី ដូចការចោទប្រកាន់ឡើយ គឺព្រះសង្ឃទាំង២អង្គនេះបានរត់ភៀសព្រះកាយដោយព្រះអង្គឯង៖ «អត់ផងអត់ ដូចអត់ដែលឮនិយាយផង ហើយអាត្មាក៏ព្រះសង្ឃនៅហ្នឹងក៏មិនឮនិយាយថាមានព្រះសង្ឃ២អង្គអីអត់បានគង់នៅវត្តអីផង ហើយអាត្មាមន្ត្រីសង្ឃនេះក៏អត់បានធ្វើអីដែរ » ។
ព្រះសង្ឃទាំង២អង្គនេះតែងចូលរួមជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ក្រុមយុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋ ចុះល្បាតតំបន់ព្រំដែនកម្ពុជានិងវៀតណាមជាញឹកញាប់ ចូលរួមតស៊ូមតិជាមួយពលរដ្ឋមានទំនាស់ដីធ្លីមកពីតាមបណ្ដាខេត្តតវ៉ានៅតាមស្ថាប័នកំពូលៗរបស់រដ្ឋនៅរាជធានី ភ្នំពេញ និងតែងចុះល្បាតព្រៃឈើជាប្រចាំ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក ស៊ឹង សែនករុណា យល់ថា ព្រះតេជព្រះគុណ ទាំង២អង្គនេះប្រឈមនឹងការចាប់ព្រះកាយ ប្រសិនបើព្រះអង្គវិលចូលវត្តវិញអំឡុងពេលនេះ ដោយសារព្រះអង្គមានសកម្មភាពលេចធ្លោនៅក្នុងសង្គម។លោកចាត់ទុករឿងនេះថា គឺជាការបំភិតបំភ័យបិទសិទ្ធិសេរីភាពសម្ដែងមតិរបស់ព្រះសង្ឃ ដោយខុសច្បាប់។មន្ត្រីសង្គមស៊ីវិលរូបនេះ និយាយថា ការចូលរួមតវ៉ាដោយសន្តិវិធីរបស់ព្រះសង្ឃទាំងនោះ គឹជាការសម្ដែងមតិដែលជាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ៖ «យើងឃើញហើយព្រះសង្ឃដែលចូលរួមបើយើងប្រៀបធៀបវាមានស្តង់ដារ២ បើព្រះសង្ឃដែលចូលរួមគាំទ្រសកម្មភាពនយោបាយជាមួយរដ្ឋាភិបាល ឬគណបក្សកាន់អំណាចអីគឺអាចធ្វើអ្វីៗបាន។ប៉ុន្តែបើព្រះសង្ឃដែលលោកធ្វើកិច្ចការងារសង្គម ឬគណបក្សផ្សេងៗទៀត គឺមិនអាចធ្វើបានទេ។អីចឹងតើយើងយកអាហ្នឹងមកនិយាយថាព្រះសង្ឃខុសច្បាប់ដែរដោយរបៀបម៉េច អីចឹងបានន័យថាកម្ពុជាគឺអនុវត្តតែងតែធ្វើឡើងដោយស្តង់ដារ២ក្នុងខណៈដែលច្បាប់បង្កើតឡើងអត់មានឱ្យអ្នកណាធ្វើបានហើយអ្នកណាធ្វើមិនបានមិនមែនទេ គឺអាចធ្វើបានដូចគ្នា » ។
ក្រោយពីអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនលោក រ៉ុង ឈុន ភ្លាម មានពលរដ្ឋ ក្រុមសកម្មជននយោបាយ ក្រុមកម្មករ គ្រួបង្រៀន និងព្រះសង្ឃ រួមទាំងយុវជនជាច្រើននាក់ បានចេញតវ៉ាជាបន្តបន្ទាប់ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន វិញ ដោយអះអាងថា លោក រ៉ុង ឈុន មិនបានប្រព្រឹត្តិកំហុសនោះទេ។ ប៉ុន្តែការតវ៉ាដោយសន្តិវិធីរបស់ពួកគេ ត្រូវបានអាជ្ញាធរបង្ក្រាប និងបានចាប់ខ្លួនជាបន្តបន្ទាប់ ហើយពួកអាជ្ញាធរ និងសន្តិសុខក្រុងភ្នំពេញមួយចំនួន ក៏បានបន្លំបៀតបៀនកេរ្តិ៍ខ្មាសលើអ្នកតវ៉ាជាស្ត្រីក្មេងៗ ទៀតផង។ មកដល់ពេលនេះ មានអ្នកតវ៉ា និងជាអ្នកគាំទ្រ លោក រ៉ុង ឈុន ជាង១០នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ឃុំនៅពន្ធនាគារព្រៃស។ក្នុងនោះមានព្រះសង្ឃខ្មែរថាវរៈមួយអង្គគឺព្រះតេជព្រះគុណ កើត សារាយ ត្រូវបានអាជ្ញាធរចាប់ផ្សឹកហើយបញ្ជូនទៅឃុំខ្លួនដែរ។ តុលាការ បានចោទប្រកាន់អ្នកទាំងនោះពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរនៅក្នុងសង្គម និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ប៉ុន្តែអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័នរួមមាន ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានថ្កោលចំពោះការការចាប់ខ្លួនទាំងនេះដោយចាត់ទុកថាជារឿងនយោបាយ និងបានទាមទារ ឲ្យរដ្ឋាភិបាលបញ្ជាក់អំពីមូលដ្ឋានច្បាប់ និងភស្តុតាងនៃការចាប់និងការឃុំខ្លួន លោក រ៉ុង ឈុន រួមទាំងអ្នកតស៊ូ មតិផ្សេងទៀត ព្រមទាំងបានស្នើឱ្យរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាពវិញជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។