ក្រុមកូដករក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ២នាក់បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា តាមបណ្ដឹងរបស់ក្រុមហ៊ុន ដែលបានប្ដឹងពួកគាត់ថា បានរំលោភលំនៅឋាន និងបង្ខាំងដោយខុសច្បាប់។ កូដករណាហ្គាវើលដ៍ និងមន្ត្រីសង្គមស៊ីវិលទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ហើយរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគួរពន្លឿនបញ្ចប់វិវាទដោយយកច្បាប់ការងារជាគោលដើម្បីលើកកម្ពស់សិទ្ធិការងារនៅកម្ពុជា។

កូដករណាហ្គាវើលដ៍ (NagaWorld) ពីរនាក់ គឺកញ្ញា សុខ ថាវុធ និងលោកស្រី នេត ចរិយា ដែលជាប់បណ្ដឹងរបស់ក្រុមហ៊ុនដោយសារការតវ៉ាអហិង្សាស្វែងរកដំណោះស្រាយវិវាទការងារដែលអូសបន្លាយពេលជិតមួយឆ្នាំនោះនៅថ្ងៃទី១៤ ខែវិច្ឆិកា បានចូលបំភ្លឺនៅចំពោះតុលាការតាមដីកាកោះហៅ។ ក្នុងពេលចូលបំភ្លឺនេះ មានកូដករប្រមាណជិត៦០នាក់ បានប្រមូលផ្គុំគ្នាខាងមុខតុលាការដើម្បីចូលរួមឃ្លាំមើលនិងលើកទឹកចិត្តដល់អ្នកទាំងពីរ។ កូដករទាំងនោះបានឈរនៅផ្នែកម្ខាងផ្លូវមុខសាលាដំបូងរាជធានីភ្នំពេញដោយលើកបដាសរសេរថា «ខ្ញុំមកធ្វើជាសាក្សី» ក្រោមការរៀបចំសណ្ដាប់ធ្នាប់យ៉ាងតឹងរឹងពីអាជ្ញាធរ។
កូដករណាហ្គាវើលដ៏ដែលចូលបំភ្លឺកញ្ញា សុខ ថាវុធ ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី១៤ ខែវិច្ឆិកា ថា កញ្ញាបានឆ្លើយបំភ្លឺនិងបដិសេធការចោទរបស់ក្រុមហ៊ុន ដោយថា ពួកគាត់មិនបានរំលោភលំនៅឋាន ឬបំពានច្បាប់ណាមួយដូចជាការចោទប្រកាន់របស់ក្រុមហ៊ុននោះទេ។ កញ្ញាបន្តថា កូដករគ្រាន់តែកាន់បដាទាមទារនៅខាងក្រៅក្រុមហ៊ុនហើយការអនុញ្ញាតឱ្យភ្ញៀវនិងបុគ្គលិកចេញចូលក្នុងក្រុមហ៊ុននោះ គឺជាការងាររបស់សន្តិសុខក្រុមហ៊ុន។ កញ្ញា សុខ ថាវុធ បញ្ជាក់ថា ទោះមានការកោះហៅបំភ្លឺពីតុលាការប៉ុន្តែកញ្ញានៅតែបន្តសកម្មភាពកូដកម្មទាល់តែមានដំណោះស្រាយជាមួយក្រុមហ៊ុន៖
«ចង់និយាយថា យើងអត់មានបានធ្វើអ្វីខុសទេ ប៉ុន្តែបើសិនជាតុលាការគេចោទប្រកាន់មកយើងទាំងបំពានហាសបង។ អ៊ីចឹងមានអារម្មណ៍ថា ខកចិត្តតែម្ដងព្រោះច្បាប់នៅកម្ពុជាយើងខ្ញុំសង្ឃឹមលើច្បាប់ទាំងស្រុងដែលមានចែងនៅរដ្ឋធម្មនុញ្ញច្បាប់ធ្វើកូដកម្ម។ អ៊ីចឹងបើសិនជាខាងយើងធ្វើកូដកម្មហើយគេថាយើងខុសអាហ្នឹងយើងអត់មានអ្វីនិយាយ ព្រោះយើងអត់មានខុសផង។គ្រាន់តែមានអារម្មណ៍ថា ខកចិត្តបើសិនជាសាលដីកាហ្នឹងចេញមក។ សង្ឃឹមថា លោកព្រះរាជអាជ្ញានិងមិនទម្លាក់បន្ទុកមកលើនាងខ្ញុំនិងក្រុមកូដករផ្សេងទៀតដែលត្រូវបានក្រុមហ៊ុនចោទសង្ឃឹមថា គាត់ផ្ដល់យុត្តិធម៌ដល់ពួកនាងខ្ញុំព្រោះពួកខ្ញុំអត់មានកំហុសអ្វីទេ»។

ចំណែកកូដករណាហ្គាវើលដ៏ម្នាក់ទៀតលោកស្រី នេត ចរិយា លើកឡើងថា ព្រះរាជអាជ្ញាបានចោទសួរពាក់ព័ន្ធអង្គហេតុ៣ចំនុច ដែលភាគីក្រុមហ៊ុនបានប្ដឹង គឺពីបទ «រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសនិងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ » ប៉ុន្តែលោកស្រីបានបដិសេធនូវអ្វីដែលក្រុមហ៊ុនចោទ។ លោកស្រី ឲ្យដឹងថា នៅក្នុងបន្ទប់សាកសួរគាត់បានស្នើសុំអោយព្រះរាជអាជ្ញាបង្ហាញភស្តុតាងដែលថា ខាងក្រុមហ៊ុនមានវីឌីអូចោទ ប៉ុន្តែមិនមានការបង្ហាញវីដេអូភស្តុតាងនោះឡើយ។ លោកស្រីបន្តថា តុលាការបានសួរថា ការធ្វើកូដកម្មនេះមានមេក្រុមបញ្ជានិងចាត់តាំងដែរទេហើយលោកស្រីបានឆ្លើយថា ការធ្វើកូដកម្មគ្មានមេក្រុមអ្វីនោះទេ គឺដើម្បីទាមទារដំណោះស្រាយពីក្រុមហ៊ុនបញ្ចប់វិវាទការងារ៖
«ខាងក្រុមហ៊ុនគាត់កំពុងតែបង្ហាញអំពីឆន្ទៈរបស់ក្រុមហ៊ុននោះណាយកប្រព័ន្ធតុលាការមកគំរាមពួកខ្ញុំដែលជាកម្មករដែលឈរទាមទារអ៊ីចឹងហាសបង។ ព្រោះអីពួកខ្ញុំវារងភាពអយុត្តិធម៌មកវាច្រើនដែរហើយដល់ពេលចុងក្រោយទៅជាចេញប្រព័ន្ធតុលាការមកចោទពួកខ្ញុំដែលជាជនរងគ្រោះក្លាយទៅជាអ្នកទោសវិញហាស»។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាអោយកូដករណាហ្គាវើលដ៍ជាស្ត្រីចំនួន២នាក់ គឺកញ្ញា សុខ ថាវុធ និងលោកស្រី នេត ចរិយ៉ា ចូលខ្លួនទៅឆ្លើយបំភ្លឺតាមដីកាកោះហៅលើកទី២ របស់ព្រះរាជអាជ្ញារងលោក ឆាយហុង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា តាមបណ្ដឹងរបស់ក្រុមហ៊ុនដែលប្ដឹងពួកគាត់ពីបទ «រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសនិងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់»។ មកទល់ពេលនេះ មានក្រុមកូដករចំនួន៨នាក់ហើយដែលទទួលបានដីកាកោះហៅពីតុលាការតាមបណ្តឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដោយសារការតវ៉ាអហិង្សារបស់ពួកគាត់ស្វែងរកដំណោះស្រាយវិវាទការងារដែលអូសបន្លាយពេលជិតមួយឆ្នាំនោះ។
ជុំវិញរឿងនេះ ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន យល់ឃើញថា ការទាមទាររបស់បុគ្គលិកណាហ្គាវើលដ៏ជារឿងស្របទៅតាមនីតិវិធីច្បាប់។ លោកថា ការប្ដឹងរបស់ក្រុមហ៊ុនជាការគំរាមកំហែងបំភិតបំភ័យដល់កូដករព្រោះមិនចង់រកដំណោះស្រាយបែរជាប្ដឹងបន្ថែមទៀត។ លោកបន្តថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួរយកចិត្តទុកដាក់ដោះស្រាយបញ្ចប់បញ្ហាដល់កូដករ កុំអោយបន្តអូសបន្លាយដើម្បីស្តាមុខមាត់កម្ពុជាទាក់ទងការគោរពសិទ្ធិកម្មករ៖
«យើងដឹងហើយ ពួកគាត់ទទួលរងគ្រោះមួយជាន់ហើយមួយជាន់ទៀតបាទ។ ត្រូវបាននិយោជកបំពានពួកគាត់ហើយបណ្ដេញពួកគាត់ចេញពីការងារហើយមិនបានទទួលខុសត្រូវក្នុងគឺថាប្រាក់សំណងទៅតាមផ្លូវច្បាប់មួយជាន់ទៀតថែមប្ដឹងគាត់ទៅតុលាការថែមទៀត។ វាជារឿងមួយអយុត្តិធម៌ហើយក្រសួងមានសមត្ថកិច្ចក៏មិនបានយកចិត្តទុកដាក់អោយនិយោជកបំពានកម្មករតាមតែអំពើចិត្ត»។
កូដករណាហ្គាវើលដ៍ជាច្រើននាក់ទៀតអះអាងថា ពួកគាត់ បានទទួលរងនូវភាពអយុត្តិធម៌និងការធ្វើទុក្ខបុកម្នេញផ្ទួនៗគ្នា។ក្រុមហ៊ុន បានរំលោភសិទ្ធិនិងបញ្ឈប់ពួកគាត់ពីការងារទាំងបំពានដែលគេមើលឃើញជាចេតនាចង់រំលាយសហជីព។បន្ទាប់មកគ្រាន់តែពួកគាត់ចេញធ្វើកូដកម្មដោយសន្តិវិធីតាមច្បាប់ក៏ត្រូវបានក្រុមហ៊ុននិងអាជ្ញាធរ ប្រើប្រាស់កងកម្លាំងចាប់តំណាងរបស់ពួកគាត់ដាក់ពន្ធនាគារ និងប្រើប្រាស់ហិង្សាបង្ក្រាបវាយដំទាត់ធាក់លើអ្នកដែលនៅបន្តធ្វើកូដកម្មឲ្យរងរបួសជាបន្តបន្ទាប់រហូតមានស្ត្រីកូដករម្នាក់រលូតកូនក្នុងផ្ទៃ។ចុងក្រោយនេះបែរជាក្រុមហ៊ុនប្ដឹងពួកគាត់ទៅតុលាការថែមទៀត។

កាលពីថ្ងៃទី២១ ខែតុលា សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្ដីថ្លែងការណ៍ចាត់ទុកថា ការប្រើប្រាស់ប្រព័ន្ធតុលាការមិនមែនជាដំណោះស្រាយពិតប្រាកដដែលធ្វើឲ្យកូដករបោះបង់ការទាមទារសិទ្ធិការងារនិងយុត្តិធម៌នៅកន្លែងការងារឡើយប៉ុន្តែករណីនេះកាន់តែបង្ហាញពីការរំលោភសិទ្ធិការងារធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជាគ្រប់ទម្រង់។ សហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៏នេះអំពាវនាវឲ្យក្រុមហ៊ុនងាកមកគោរពសេរីភាពសហជីពនិងសិទ្ធិការងាររបស់កម្មករដែលបានរួមចំណែកយ៉ាងខ្លាំងធ្វើឲ្យក្រុមហ៊ុនរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។