សមត្ថកិច្ច​នៅ​មិនទាន់​ចាប់​ខ្លួន​ឧកញ៉ា លី សាម៉េត បាន​នៅ​ឡើយ

0:00 / 0:00

ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​អះអាង​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ និង​ចាប់ខ្លួន​ឧកញ៉ា លី សាម៉េត បាន​នៅឡើយ​ទេ ក្រោយ​ពេល​ដែល​ឧកញ៉ា និង​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន រូប​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ទម្លាយ​ពី​រឿង​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ។ អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល ស្រាវជ្រាវ​លើ​មន្ត្រី​និង​អ្នក​នៅ​ក្បែរ​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត ដោយ​គ្មាន​ការ​លើកលែង ដើម្បី​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​អនុវត្ត​ច្បាប់។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៩ ខែ​តុលា ថា មក​ដល់​ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់​ចាប់ខ្លួន លោក លី សាម៉េត បាន​នៅឡើយ​ទេ បន្ទាប់ពី​ឆ្មក់​ចូល​ត្រួតពិនិត្យ​គេហដ្ឋាន​របស់​លោក នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ កាលពី​ថ្ងៃទី៨ ខែ​តុលា ប៉ុន្តែ​មិន​ឃើញ​លោក លី សាម៉េត នៅ​ក្នុង​ផ្ទះ​ឡើយ។ លោក សំ វិច្ឆិកា បន្ត​ថា បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​កំណត់​តម្រុយ​ទីតាំង​រត់​គេចខ្លួន​របស់​លោក លី សាម៉េត។

លោក សំ វិច្ឆិកា៖ «អ៊ីចឹង​ជាមួយ​នឹង​កិច្ចការ​នេះ យើង​នឹង​អនុវត្ត​យ៉ាង​តឹងរ៉ឹង បើ​ឃើញ​គាត់​នៅ​ទីណា យើង​នឹង​អនុវត្ត​តាម​ផ្លូវ​ច្បាប់»។

គ្រូទាយ​តាម​អនឡាញ លោក លី សាម៉េត ឬ​ខ្លះ​ហៅថា​គ្រូ​មា ដែល​មាន​គោរមងារ​ជា​ឧកញ៉ា ត្រូវ​បាន​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់ កាលពី​ឆ្នាំ២០២២។ ជា​ញឹកញាប់ លោក លី សាម៉េត តែងតែ​ចេញ​មុខ​ជាមួយ​លោក ដួង តារា ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន ក្នុង​ភាព​ជា​តំណាង​របស់​លោក ហ៊ុន សែន នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន។

កាលពី​ថ្ងៃទី៧ ខែ​តុលា លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ដោយ​អះអាង​ថា លោក លី សាម៉េត តែង​ប្រើ​ឈ្មោះ​របស់​លោក ដើម្បី​ឆបោក​លុយ​គេ ដោយ​ក្នុង​នោះ មាន​ការ​បោក​លុយ​ពី​ឈ្មោះ សុខ ឡេង ចំនួន ១០​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ២០២២ និង​ក្រោយ​មក ពី​អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ លោក មួង ឃីម ចំនួន ២៣ម៉ឺនដុល្លារ។

លោក ហ៊ុន សែន អះអាង​ទៀត​ថា លោក​បាន​ទទួល​វីដេអូ​ពី​អភិបាល​ស្រុក​ល្វាឯម លោក កន សុខកាយ ដោយ​ប្រាប់​ថា លោក លី សាម៉េត បាន​យក​ប្រាក់​ពី​លោក​ចំនួន ៣០ម៉ឺនដុល្លារ ដើម្បី​រត់ការ​ឱ្យ​បាន​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ។

ក៏ប៉ុន្តែ មួយថ្ងៃ​ក្រោយមក លោក កន សុខកាយ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ចប់​តំណែង​ពី​អភិបាល​ស្រុក​ល្វាឯម ក្រោម​ហេតុផល​ថា “ប្រព្រឹត្ត​កំហុស​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ”។

ពាក់ព័ន្ធ​រឿង​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា ករណី​ឧកញ៉ា លី សាម៉េត គឺជា​ករណី​ពាល​ស៊ី​ពាល ដោយ​នៅ​ពេល​ឈ្លោះ​ប្រកែក​គ្នា និង​លែង​មាន​ប្រយោជន៍ លោក លី សាម៉េត នឹង​ត្រូវ​លោក ហ៊ុនសែន កម្ចាត់​ចោល។

ក៏ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ករណី​ចាត់​វិធានការ​ចំពោះ​លោក លី សាម៉េត នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ចែក​ផល​ប្រយោជន៍​គ្នា​នោះ​ទេ។

លោក សុខ ឥសាន៖ «យើង​ដឹង​ហើយ​ថា អ្នក​ប្រព្រឹត្តិ​បទល្មើស​ហ្នឹង វា​មាន​ល្បិច​ច្រើន​ណាស់ ក្នុង​ការ​លាក់បាំង​អំពើ​ទុច្ចរិត​របស់​ខ្លួន ខ្លាច​មេដឹកនាំ​ដឹង។ ឥឡូវ​មេដឹកនាំ​ដឹង​ហើយ គាត់​ប្រតិកម្ម​ភ្លាម ហើយ​ឱ្យ​យក​លុយ​ហ្នឹង ទៅ​សង​គេ​វិញ​មួយ​ចំនួន​ហើយ»

ក្នុង​ចំណាត់​ការ​បន្ទាន់​លើ​លោក លី សាម៉េត ក្រសួង​យុត្តិធម៌​បាន​សម្រេច​បង្កក​ទ្រព្យសម្បត្តិ​ឧកញ៉ា​រូប​នេះ ខណៈ​លោក ហ៊ុន សែន ជំរុញ​ឱ្យ​អ្នក​ចាញ់បោក​លោក លី សាម៉េត ប្ដឹង​ឬ​ទាមទារ​សំណង​ត្រឡប់​ទៅវិញ។

អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា មនុស្ស​នៅ​ក្បែរ​ខ្លួន​លោក ហ៊ុន សែន ជាច្រើន​នាក់​ទៀត ក៏​ធ្លាប់​មាន​ការ​ទម្លាយ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ការ​ឆបោក​លុយ​កាក់ និង​ទំនុក​ចិត្ត​ប្រជាពលរដ្ឋ​ផង​ដែរ។ លោក​យល់​ឃើញ​ថា អំពើពុករលួយ ដែល​លាក់​បាំង​អស់​រយៈពេល​ច្រើន​ឆ្នាំ ហើយ​ទើបតែ​ត្រូវ​ទម្លាយ​ដោយ​ថ្នាក់ដឹកនាំ​បែបនេះ ហាក់​មាន​ភាព​មិន​ប្រក្រតី និង​អាច​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ផ្សេងទៀត។

លោក ស៊ឹង សែនករុណា៖«វា​ជា​រឿង​មួយ​ដែល​ឃើញ​ក្នុង​រូបភាព​ក្នុង​ប៉ុន្មាន​ករណី​ហ្នឹង ប៉ុន្តែ​យើង​មិន​ដឹង​ថា រាប់​រយ​នាក់​ជំនួយការ ទីប្រឹក្សា​អី​ទាំងអស់​ហ្នឹង មិន​ដឹង​ថា​អ្នកនោះ​ប៉ុន្មាន​នាក់​ទៀត ដែល​គេ​ប្រព្រឹត្ត​នូវ​អំពើ​ប្រហាក់ប្រហែល​គ្នា​ហ្នឹង។ យើង​មិន​រិះគន់​ទេ ជាមួយ​នឹង​អ្នក​ដែល​គេ​ថា គេ​ធ្វើ​ល្អ ប៉ុន្តែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ហ្នឹង​ក៏​វា​ប្រហែល​គ្នា​ហ្នឹង ក៏​មិន​តិច​ដែរ»។

លោក លី សាម៉េត គឺជា​អគ្គនាយករង​ក្រុមហ៊ុន​អេងឌីប៉ូ អភិវឌ្ឍន៍ និង​ថែមទាំង​មាន​អ្នកកាសែត​ផ្ទាល់ខ្លួន​ជាច្រើន​នាក់ ចាំ​ផ្សាយ​ព័ត៌មាន​ល្អៗ​ពី​លោក។ កាលពី​ឆ្នាំ២០១៨ ឧកញ៉ា លី សាម៉េត ធ្លាប់​មាន​រឿង​ទំនាស់​ដីធ្លី​ជាមួយ​អតីត​អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ រហូត​ដល់​មាន​ការ​ស្បថស្បែ​នៅ​ព្រះអង្គ​ដងកើ និង​បាន​គេចខ្លួន​មិន​ចូល​ដោះស្រាយ​នៅ​តុលាការ​ជាច្រើន​ដង។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​អនុវត្ត​ច្បាប់​តាម​ចាប់ខ្លួន​លោក លី សាម៉េត របស់​រដ្ឋាភិបាល​នេះ ហាក់​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​មាន​ស្ដង់ដារ២ ដោយ​ចំពោះ​អ្នក​រិះគន់​លើ​រដ្ឋាភិបាល អាជ្ញាធរ​មាន​សមត្ថភាព​តាម​ចាប់ខ្លួន​យក​មក​កាត់ទោស ទោះបី​ពួកគេ​នៅ​ក្រៅ​ប្រទេស​ក៏ដោយ ខណៈ​ករណី​ឧកញ៉ា លី សាម៉េត អាជ្ញាធរ​បែរជា​មិន​អាច​ចាប់ខ្លួន​បាន​ភ្លាមៗ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។