បក្ស​ប្រឆាំង​ ​និង​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​មាន​វិបត្តិ​ថវិកា ទើប​ឧកញ៉ា​ធំ​ៗ​បរិច្ចាគ​ថវិកា​ទ្រង់ទ្រាយ​ធំ​ម្តង​ទៀត

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​តម្លាភាពជឿ​ថា នៅ​ពេល​អ្នកជំនួញ​ម្នាក់ៗ​ហ៊ាន​បរិច្ចាគ​ទឹកប្រាក់​ខ្ទង់​លាន​ដុល្លារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ករណី​ជំងឺ​កូវីដ១៩ ញឹកញាប់​បែប​នេះ​ ​ពួកគេ​ ​ប្រាកដ​ជា​រំពឹង​ចង់​បាន​ផល​តបស្នង​ពី​រដ្ឋាភិបាល​មក​វិញ ជាមិនខាន។ ការ​លើកឡើង​នេះ ដោយសារតែ​ពួក​ឧកញ៉ា​មហាសេដ្ឋី​ធំ​ៗ​ ​បន្ត​បរិច្ចាគ​ថវិកា​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ម្តង​ទៀត។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់គ្នា​ចុងក្រោយ​នេះ ក្រុម​ឈ្មួញ​ឧកញ៉ា​មហាសេដ្ឋី​ធំ​ៗ​ ​បាន​ចាប់ផ្តើម​ផ្តល់​លុយ​រាប់​លាន​ដុល្លារ​ជាថ្មី​ម្តង​ទៀត ដល់​រដ្ឋាភិបាល​ដើម្បី​ចូលរួម​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ បើ​ទោះបីជា​លោក​ ​ហ៊ុន សែន មិន​បាន​ប្រកាស​កៀរគរ​ជា​ចំហរ​ក៏ដោយ។ តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិលោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា កន្លង​មក​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រមូល​ថវិកា​ពី​ក្រុម​ឧកញ៉ា​ទាំងនេះ​ម្តង​រួចហើយ ដើម្បី​ត្រៀម​ទិញ​វ៉ាក់សាំង ប៉ុន្តែ​មក​ទល់​ពេល​នេះ​ថវិកា​ទាំង​នោះ​បាត់​ដំណឹង​សូន្យ​ឈឹង។ លោក​យល់​ថា ការ​ចូលរួម​បរិច្ចាគ​ថវិកា​ពី​ក្រុម​ឧកញ៉ា​មុខ​ដដែល​ៗ​ជាថ្មី​ម្តងទៀត ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​មុននេះ​ ​ប្រហែល​ដើម្បី​ជួយ​ដល់​របប​ក្រុងភ្នំពេញ ដែល​កំពុង​ប្រឈម​វិបត្តិ​ខ្វះ​ថវិកា​ធ្ងន់ធ្ងរ៖ «វគ្គ ទី ដែល លុយ ដែល ប្រមូល មក ដើម្បី ទិញ វ៉ាក់សាំង អត់ ទាន់ ឃើញ ទិញ ផង ទេ ហើយ ថ្មីៗ នេះ ក្រសួង​សេដ្ឋកិច្ច និយាយ ថា រដ្ឋាភិបាល បាន ប្រើប្រាស់ ថវិកាជាតិ ជាង ពាន់ លាន ( ដុល្លារ ) ជិត អស់ហើយ សម្រាប់ ឆ្នាំ ២០២០ ហើយ ឆ្នាំ ២០២១ នឹង ចំណាយ ជាង ពាន់ លាន ដុល្លារ ទៀត តែ យើង ឃើញ ជាក់ស្តែង មិន ដឹង ថា ចំណាយ ទៅលើ អី ទេ ព្រោះ សូម្បីតែ ទិញ វ៉ាក់សាំង ដូ មិន​ទាន់ បាន ទិញ ផង ហើយ មិន​បាន ជួយ ប្រជាពលរដ្ឋ រឿង ជំពាក់ លុយ ធនាគារ ទេ ដូច្នេះ យើង សង្ស័យ ពី អំពើពុករលួយ ដែល លុយ ទាំងនោះ ធ្លាក់ ចូលក្នុង ហោប៉ៅ មន្ត្រី ធំ »។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ​បន្ត​ថាមូលហេតុ​ដែល​ក្រុម​ឧកញ៉ា​ទាំងនេះ​ ​ហ៊ាន​បរិច្ចាគ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​ម្នាក់ៗ​នេះ ព្រោះ​ពួកគេ​ ​ធ្លាប់​បាន​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន​សម្បើម​ពី​របរ​រកស៊ី​បំផ្លាញ​ធនធាន​ធម្មជាតិ រកស៊ី​មិន​បង់ពន្ធ​ ​ពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស​ជាដើម​ ​ដោយមាន​ខ្នង​បង្អែក​ជា​ប្រមុខ​រដ្ឋាភិបាល៖ «ប្រទេស គេ ដទៃទៀត រដ្ឋាភិបាល គេ មាន កញ្ចប់ ថវិកា ខ្លួនឯង ដើម្បី ទិញ វ៉ាក់សាំង និង ទប់ ស្កាត់ ជំងឺ កូ វីដ គេ មិនដែល រៃ​លុយ ពី ពលរដ្ឋ ពី ឧកញ៉ា ដូច យើង ទេ យើង ដឹង ហើយ ថា អ្នក ក​ ស៊ី គេ បរិច្ចាគ លុយ គេ មិនដែល គិត ផល ខាត ទេ តែងតែ គិត ផល ចំណេញ ដូច្នេះ ជួយ រដ្ឋាភិបាល លាន បាន មកវិញ យ៉ាងហោច ក៏ ១០លាន ដែរ។ នេះ គឺ របៀប ឯង ជួយ អញ អញ ជួយ ឯង។ ពេលនេះ រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវការ ខាង លោក ឧកញ៉ា ជួយ ប៉ុន្តែ នៅ ពេល ថ្ងៃក្រោយ គាត់ ចង់​បាន ដីសម្បទាន សេដ្ឋកិច្ច គាត់ ចង់ លុប បឹង ចង់ នាំ ទំនិញ ចូល ដោយ មិន បង់ពន្ធ ចង់ កាប់ព្រៃ ឈើ ដូច្នេះ រដ្ឋាភិបាល លោក ហ៊ុន សែន ក៏ អនុគ្រោះ ដល់ ឧកញ៉ា ទាំងអស់ នោះ»។

ការ​លើកឡើង​នេះ​ ​គឺ​បន្ទាប់ពី​ក្រុម​ឧកញ៉ា​ជាច្រើន​រូប​ ​ដែល​រង​ការចោទប្រកាន់​ថា ធ្វើ​ ​ជំនួញ​មិន​សុចរិត រំលោភ​សិទ្ធិមនុស្ស​ ​អំពើពុករលួយ​ ​រឹបអូស​ដីធ្លី អំពើ​ឃាតកម្ម និង​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ជាដើម​ ​បាន​ប្រកាស​បរិច្ចាគ​ថវិកា​ទ្រង់ទ្រាយ​ធំ​ជាង​លើក​មុន​ៗ​ទៀត ដោយ​ភាគច្រើន​មាន​ទឹកប្រាក់​ចាប់ពី ៣​លាន​ដុល្លារ។ នេះ​គឺជា​ការ​បរិច្ចាគ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​៣​ហើយ បន្ទាប់ពី​ពួកគេ​ ​ទើប​តែ​ចូលរួម​បរិច្ចាគ​ថវិកា​ដល់​រដ្ឋាភិបាល​សម្រាប់​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ ​កាលពី​ខែ​តុលា​ ​និង​ចូលរួម​បរិច្ចាគ​ថវិកា​ ​ដើម្បី​ត្រៀម​ទិញ​វ៉ាក់សាំង កាលពី​ខែ​ធ្នូ ឆ្នាំ​២០២០​។ ឧកញ៉ា​ទាំងនេះ​ ​មាន​ដូចជា​៖ លោក គិត ម៉េង និង​លោក លី យ៉ុ​ងផាត់ គឺជា​ម្ចាស់​បនល្បែង​ ​ជា​ម្ចាស់ ក្រុមហ៊ុន​ទូរទស្សន៍​ ​និង​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​របប​លោក​ ហ៊ុន សែន ធ្វើឱ្យ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ត្រូវ​អស់​ដី និង​ផ្ទះសម្បែង​ដោយសារ​ការ​បណ្តេញ​ចេញ​ដោយបង្ខំ និង​ការ​បំផ្លិច​បំផ្លាញ​ធនធានធម្មជាតិ។ ក្រៅពី​នេះ​លោក ពុង ឃាវសែ លោក សុខ គង់ លោក ហុង ពីវ ក្រុមហ៊ុន​ប៉េង ហួត ក្រុមហ៊ុន ជីបម៉ុងគ្រុប និង​ឧកញ៉ា​ ​ជាន់​ថ្មី​វ័យក្មេង ឡេង ​ណាវ៉ាត្រា ជាដើម​ ​រង​ការ​ចោទ​ថា ជា​តួអង្គ​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដីធ្លី​ពលរដ្ឋ និង​ទ្រព្យសម្បត្តិ​សាធារណៈ​ដូចជា​ភ្នំ​បឹង​ទន្លេ តាមរយៈ​គម្រោង​វិនិយោគ​របស់​ពួកគេ និង​រង​ការ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​រួម​ទាំង​ក្តោបក្តាប់ មុខ​ជំនួញ​ខុសច្បាប់​ជាច្រើន។ដោយឡែក​លោក ថោង សារ៉ាត់​វិញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងក្តី​ឃាតកម្ម​លើ​លោក អ៊ឹង ម៉េងជឺ ថៅកែ​ហាង​ពេជ្រ កាលពី​ឆ្នាំ​២០១៤ ហើយ​ជាប់ពន្ធនាគារ​រយៈពេល​ខ្លី​បំផុត។

រីឯ​មហាសេដ្ឋី​ជនជាតិ​ម៉ាឡេស៊ី​លោក តាន់ ស្រ៊ី ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ណាហ្គាខប (NagaCorp) បាន​បរិច្ចាគ​ថវិកា​ច្រើន​ជាង​គេ​ដោយ​ម្តងៗ​រហូត​ដល់ ៥​លាន​ដុល្លារ ខណៈ​ក្រុមហ៊ុន​បនល្បែង​ដ៏​ធំ​ជាង​នៅ​ស្រុកខ្មែរ​មួយ​នេះ រង​ការ​ចោទ​ថា រំលោភ​សិទ្ធិ​ការងារ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​បុគ្គលិក។ លោក តាន់ស្រ៊ី ទើប​ទទួល​បាន​ ​សញ្ជាតិ​ខ្មែរ​ ​និង​ទើប​ទទួល​បាន​សិទ្ធិ​វិនិយោគ​ខ្នាត​ធំ​ពី​របប​ក្រុងភ្នំពេញ​ ​នៅក្បែរ​ឧទ្យាន​ជាតិ​អង្គរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​គម្រោង​នេះ​កំពុង​ទទួល​ ​រង​ការរិះគន់​ថា អាច​ប៉ះពាល់​ដល់​ប្រាសាទ​អង្គរវត្ត​ដែល​ជា​តំបន់​ទេសចរណ៍​ប្រវតិ្តសាស្ត្រ​ដ៏​សំខាន់​នៅ​កម្ពុជា។

នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក អ៊ឹម នរិន្ទ ថ្លែង​ថា​ ​ប្រសិនបើ​ការ​បរិច្ចាគ​ ​ក្នុង​ចេតនា​ល្អ ឬ​ជួយគ្នា​ក្នុង​គ្រាអាសន្ន​គឺជា​រឿង​ល្អ ប៉ុន្តែ​លោក​ ​ក៏មាន​ចម្ងល់​ចំពោះ​កញ្ចប់​ថវិកា​ដែល​រដ្ឋាភិបាល​ទទួល​បាន​ពី​សប្បុរស​ជន​កន្លងមក ពុំបាន​បង្ហាញ​ព័ត៌មាន​ច្បាស់លាស់​អំពី​ការ​ចំណាយ​ទៅ​លើ​អ្វីខ្លះ​នោះ​ទេ។ លោក​ ​ព្រួយបារម្ភ​ថា ក្រុម​ឈ្មួញ​ធំ​ៗ​បរិច្ចាគ​ប្រាក់​រាប់​លាន​ដុល្លារ​ជាបន្តបន្ទាប់​បែប​នេះ​ ​អាច​ពួកគេ​ ​រំពឹង​ចង់បាន​ផល​តបស្នង​ពី​រដ្ឋាភិបាល​មកវិញ​ដែរ ដែល​នាំឱ្យ​មាន​ទំនាស់​ផលប្រយោជន៍​ ​ហើយ​គម្រោង​វិនិយោគ​ផ្សេងៗ​គ្មាន​តម្លាភាព។ លើស​ពី​នេះ​ ​លោក​ ​បារម្ភ​ថា​ ​ក្រុមហ៊ុន​ទាំងនេះ​ ​អាច​នឹង​មិន​សូវ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ផ្សេងៗ​ដូចជា​ការ​បង់ពន្ធដារ​ជាដើម​ដោយសារ​មាន​ ​រដ្ឋាភិបាល​ជា​ខ្នង​បង្អែក​៖ «បញ្ហា ការ បរិច្ចាគ ពី ឧកញ៉ា ធំ នេះ ក៏ ពាក់ព័ន្ធ នឹង បញ្ហា ដែល យើង លើកឡើង ​​ គឺ វប្បធម៌ ជួយគ្នា​ទៅវិញទៅមក មានន័យ ថា អ្នក រក ស៊ី ជួយ អ្នក នយោបាយ ហើយ អ្នក​នយោបាយ ជួយ អ្នករក ស៊ី ព្រោះ យើង អត់ ដឹង ថា បន្ទាប់​ពី ការ ​​ បរិច្ចាគ ហើយ ​​ នេះ ទៅ រដ្ឋាភិបាល នឹង ផ្ដល់ នូវ ការ តបស្នង អនុគ្រោះ អ្វី ផ្សេង ទៀត ដូច្នេះ យើង ព្រួយបារម្ភ ពាក់ព័ន្ធ នឹង បញ្ហា ទំនាស់ ផលប្រយោជន៍ ជាបន្តបន្ទាប់ ទៀត ដែរ ព្រោះ ធម្មតា ទេ មិន មាន នរណា ម្នាក់ ដែល មាន សណ្តាន ចិ ត្ត បរិច្ចាគ ម្តង លាន ម្តង លាន ហើយ ច្រើនដង ដោយ មិន សង្ឃឹម ថា នឹង ទទួល បានការ តបស្នង ត្រឡប់​មក​វិញ ទេ ហើយ បញ្ហា ទាក់ទង នឹង ការ តបស្នង នេះ ក៏ យើង អត់​មាន ព័ត៌មាន ដែរ»។

ទាក់ទង​បញ្ហា​នេះ​ ​អាស៊ី​សេរី​ ​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានទេ​ ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។ ទោះ​ជា​ ​យ៉ាងណា លោក មាស សុខសេនសាន ប្រាប់​វិទ្យុ​ក្នុងស្រុក​ថា កញ្ចប់​ថវិកាជាតិ​ជាង​ពីរ​ពាន់​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​ ​ត្រៀម​សម្រាប់​ដោះស្រាយ​វិបត្តិ​កូវីដ​នេះ គឺ​ចំណាយ​អស់​ជាង​១​ពាន់​លាន​ដុល្លារ​ហើយ ចាប់​ពី​ឆ្នាំ​២០២០មក។ ក្នុង​នោះ​ចំណាយ​ទៅលើ​ការ​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​ក្រីក្រ និង​ចំណាយ​សម្រាប់​ការ​ធ្វើ​ចត្តាឡីស័ក ការ​ធ្វើ​តេ​ស្ត​រក​ជំងឺ​កូវីដ និង​ការ​ព្យាបាល​ជំងឺ​កូវីដ​ជាដើម។ លោក​ ​អះអាង​ថា​ ​រដ្ឋាភិបាល​ ​គ្រោង​នឹង​បញ្ចេញ​ថវិកាជាតិ ១​ពាន់​លាន​ដុល្លារ​ថែម​ទៀត​សម្រាប់​ប្រើប្រាស់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ក្នុង​ឆ្នាំ​២០២១។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​តម្លា​ភាព​ ​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​ថា មាន​ថវិកាជាតិ​គ្រប់គ្រាន់​ហើយ​នោះ​ ​គួរតែ​ប្រើប្រាស់​ថវិកា​ជាតិ​នោះ​ ​ទប់​ស្កាត់​ជំងឺ​កូវីដ ពោល​គឺ​មិន​ត្រូវ​ប៉ះពាល់ ឬ​ពាក់ព័ន្ធ​ជាមួយ​ថវិកា​របស់​អ្នកជំនួញ​នោះ​ទេ។ ពួកគេ​ ​ជឿ​ថា​ ​ឈ្មួញ​មួយ​ចំនួន​ ​ផ្តល់​ជំនួយ​បែប​ហុត​ទឹក​សំឡឹង​កាក ឬ​ចង់​បាន​ផល​តបស្នង​ពី​រដ្ឋាភិបាល​មកវិញ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍ជាតិនិង​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។