សហជីពទទូចឲ្យថៅកែក្រុមហ៊ុន ស៊ី កូ (SHEICO(Cambodia)Co LTD) ទទួលយកកម្មការិនី ដែលកំពុងមានផ្ទៃពោះចូលធ្វើការវិញ ក្រោយពីថៅកែក្រុមហ៊ុនបានបញ្ឈប់កម្មការិនីរូបនោះ កាលពីថ្ងៃទី២៩ ឧសភា ក្រោមហេតុផល កម្មការិនីរូបនោះ សុំច្បាប់ឈប់សំរាកទៅមើលកូនឈឺ។ កម្មការិនី ដែលត្រូវបានថៅកែបញ្ឈប់ពីកន្លែងការងារ គឺលោកស្រី ស៊ុន ចំរើន មានតួនាទីជាអ្នកត្រួតពិនិត្យគុណភាព(QC) នៅក្នុងក្រុមហ៊ុន ស៊ីកូ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង។
ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា ក្រោយពីទទួលពាក្យបណ្ដឹងពីកម្មការិនីរងគ្រោះរួចមក លោកបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅកាន់សមាគមអ្នកបញ្ជាទិញ ដើម្បីអន្តរាគមន៍ចំពោះបញ្ហានេះ។ លោកយល់ថា ការបញ្ឈប់កម្មការិនី ដែលមានផ្ទៃពោះ ដោយហេតុផលត្រឹមតែកម្មការិនីរូបនោះ សុំច្បាប់ឈប់សម្រាកទៅមើលកូនឈឺនៅផ្ទះ ជារឿងមួយ ដែលអាក្រក់បំផុតមិនអាចទទួលយកបាន និងជាការរំលោភទៅលើសិទ្ធិការងារពីសំណាក់ ថៅកែក្រុមហ៊ុនទៅលើកម្មករ។ លោកបន្ថែមថា ការបញ្ឈប់ស្ត្រីមានផ្ទៃពោះពីកន្លែងនេះ គឺប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារកម្មករ ជាពិសេស ស្ត្រីមានផ្ទៃពោះពិបាកក្នុងការស្វែងរកការងារនៅកន្លែងផ្សេងទៀត។
លោក ប៉ាវ ស៊ីណា៖ «យើងអាចមើលឃើញហើយថា សូម្បីតែកម្មការិនី ដែលជាស្ត្រីមានផ្ទៃពោះ ក៏ដូចជាសម្រាលកូនហើយ ដែលយើងនិយាយអំពីតថភាព នៃការអនុវត្តផ្លូវច្បាប់ យើងឃើញថា ការអនុវត្តនោះគឺជារឿងមួយខុសឆ្គងបំផុត ដូច្នេះយើងអាចស្រមៃថា តើបើគ្រាន់តែកម្មការិនី ដែលមានផ្ទៃពោះ ហើយគាត់សុំច្បាប់ដោយសារតែមូលហេតុសាច់ញាតិរបស់គាត់ឈឺ កូនរបស់គាត់ឈឺ ហើយត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ខ្ញុំគិតថា ចុះនៅទម្រាំបងប្អូន ដែលមិនមានគេហៅថា ផ្ទៃពោះ ឬក៏សម្រាលកូនហើយ ឬក៏គ្រាន់តែអ្នកអាចថា គាត់មានធុរៈ ដែលមិនបានសុំច្បាប់កន្លះថ្ងៃ ឬមួយថ្ងៃ ឬក៏ពួកគាត់មានបញ្ហាសាច់ញាតិគាត់មានធុរៈចាំបាច់អ៊ី ឈឺថ្កាត់អ៊ី គាត់សុំច្បាប់អ៊ី អញ្ចឹងពួកគេប្រឈមមុខក្នុងការបញ្ឈប់ពីការងារផុយៗ ឬអាចថាដេញចោលដោយឆៅៗតែម្ដង»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងភាគីក្រុមហ៊ុនស៊ីកូ ដើម្បីសុំការបកស្រាយអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី៣ មិថុនា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣ មិថុនា បានណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ ត្រូវតែដោះស្រាយវិវាទការងាររបស់កម្មករជាបន្ទាន់ ដោយមិនឲ្យរង់ចាំរហូតដល់តុលាការនោះទេ។
លោក ហ៊ុន សែន៖ «ខ្ញុំសូមបញ្ជាក់ជាមួយនឹងអស់លោកខេត្តទាំងអស់ កិច្ចការ ដែលត្រូវបានប្រគល់ជាបន្តបន្ទាប់ខិតខំដោះស្រាយបញ្ហាការមិនចុះសម្រុងណាមួយរវាងកម្មករ ជាមួយនឹងម្ចាស់រោងចក្រឲ្យបានលឿនបំផុត កុំរង់ចាំតែក្រសួងការងារ គឺអស់លោកចៅហ្វាយខេត្តនឹងត្រូវតែនាំមុខ ប្រគល់ឲ្យអនុខេត្តណាមួយធ្វើតាមដានរឿងនឹងឲ្យជាប់ជាមួយនឹងមន្ទីរការងារ រួចហើយនៅពេលដែលឃើញថា សំណុំរឿងវា វាត្រូវការរហ័ស ត្រូវការអញ្ជើញថៅកែរោងចក្រមកនិយាយដោយស្ងាត់ស្ងៀម និងអញ្ជើញកម្មករមកជួបជុំគ្នាដើម្បីដោះស្រាយ មានតែវិធីនឹងទេ កុំឡើងតុលាការវារឿងវែងឆ្ងាយណាស់»។
បើទោះបីជាលោក ហ៊ុន សែន ថ្លែងណែនាំបែបនេះក្តី ក៏កន្លងមក អាជ្ញាធរ និងក្រសួងការងារ តែងលម្អៀងទៅរកថៅកែ ដោយមិនខ្វល់ខ្វាយដោះស្រាយទៅតាមច្បាប់ និងផ្តល់ភាពយុត្តិធម៌ជូនកម្មកររងគ្រោះឡើយ។ មកទល់ពេលនេះ អាជ្ញាធរមិនត្រឹមតែមិនដោះស្រាយវិវាទការងារជូនកម្មករនោះទេ ថែមទាំងរារាំង និងបង្ក្រាបទៅលើកម្មករ ដែលចេញតវ៉ាស្វែងរកដំណោះស្រាយ ដោយចោទទាំងគ្មានមូលដ្ឋានថា ជាកម្មករស៊ីឈ្នួលធ្វើបាតុកម្ម ញុះញង់ ឬធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈជាដើម។
ប្រធានសហព័ន្ធសហជីពចលនាកម្មករ អំពាវនាវដល់ថៅកែក្រុមហ៊ុនទាំងអស់បញ្ឈប់សកម្មភាពរំលោភលើសិទ្ធិកម្មករ និងរំលោភសិទ្ធិការងារបន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។