ក្រុម​សហជីព​​ខក​ចិត្ត​​ចំពោះ​​ថៅកែ​ក្រុមហ៊ុន​​កាស៊ីណូ​ណាហ្គាវើលដ៍​ បន្ត​បដិសេធ​មិន​ទទួល​​យក​កម្មករ​​ជាង​២០០នាក់​ឱ្យចូលធ្វើ​ការវិញ

ថ្នាក់​ដឹកនាំ​សហជីព​ក្រុមហ៊ុន​កាស៊ីណូ​​ណាហ្គាវើលដ៍​​​៥​នាក់​ ខកចិត្ត​ចំពោះភាគីក្រុមហ៊ុន​ដែល​នៅ​តែបន្ត​បដិសេធ​មិនឱ្យ​មានវត្តមាន​​សហជីពក្នុង​កន្លែង​ការងារ​ និង​នៅតែមិនព្រមទទួល​យកកម្មករ​ជាង២០០នាក់​ឱ្យចូលធ្វើការ​វិញនៅក្នុង​ជំនួបចរចា​នៅថ្ងៃទៅ​ទី៦ ខែមេសា។

តំណាងប្រតិភូចរចា​ កញ្ញា សុន ស្រីពេជ្រ​ ប្រាប់វិទ្យុអាស៊ីសេរី​ថាការចរចា​លើក​នេះ ក៏មិនខុសលើកមុនៗ​នោះឡើយ​ ដោយភាគី​ក្រុមហ៊ុននៅតែ​ប្រកាន់ជំហរ​បដិសេធ​មិនព្រម​ចរចា​លក្ខខណ្ឌ​ទាំងពីរ​ចំណុចដំបូង​ដែល​ក្រុមកូដករទាមទារ​នោះទេ។ កញ្ញាបន្ត​ បើភាគីក្រុមហ៊ុន​មិនបានគោរព​តាមការ​ចរចា​ទៅតាមដំណាក់កាល​នីមួយៗ​ ក្រុម​សហជីពក៏​មិនព្រមការចរចា​នៅចំណុច​បន្ទាប់​ទៀតបាន​នោះ​ទេ៖ «ពួកខ្ញុំនៅតែ​មានឆន្ទៈ​ចូលរួមការ​អញ្ចើញ​របស់ក្រសួង។ ប៉ុន្តែ​ភាគីខាងក្រុមហ៊ុន​មិនថា​ជម្រើស​ដោះដូរ​របស់កម្មករ​ម៉េច ដែលយើង​ថាអាចសមគួរ​ត្រូវពិចារណា​ហើយភាគីក្រុមហ៊ុន​តែ​បដិសេធ​រហូត។ យើងមើល​ឃើញ​ថា ការ​ប្រជុំប៉ុន្មាន​លើក ប៉ុន្មានសារ​ហើយ​នៅតែ​គ្មាន​លទ្ធផល​ ដោយសារ​តែចំណុច​អាទិភាព​ទីមួយ​ដែលកម្មករ​លើកឡើង​មតិភាគ​ច្រើនហ្នឹង​ ក្រុមហ៊ុន​តែង​បដិសេធ​រាល់ការ​ប្រជុំ »

កញ្ញា​ បន្ថែមថា ក្រៅពី​ការចរចានៅមាន​ភាពតានតឹង​គ្មានដំណោះស្រាយ​ពីភាគី​ក្រុមហ៊ុន​ ក្រុមសហជីព​ក៏បាន​សួរដេញដោល​ទៅកាន់​ក្រសួងការងារ​ និងភាគីក្រុមហ៊ុន​ដែលបាន​កាត់ឈ្មោះ​ក្រុមសហជីព​ចេញកន្លែងធ្វើ​ការដោយ​មាន​ការ​ធានា​ដោយ​ច្បាប់។ ជាការ​ឆ្លើយតប​កញ្ញាថា​ ភាគីក្រុមហ៊ុន​បានលើកហេតុផល​ថាដោយ​សារ​តែវិបត្តិ​ជំងឺកូវិដ-១៩​ ទើបក្រុមហ៊ុន​ស្នើទៅកាន់​អធិការកិច្ចការងារ​ដើម្បី​បញ្ឈប់​បុគ្គលិក​ជាកញ្ចប់​ការងាររួម។ ក្រុមកូដករ​ និងសហជីព​ថាការលើកឡើង​នេះមិនសមហេតុផល​ឡើយ​ ព្រោះក្នុង​ចំណោមបុគ្គលិក​ដែល​ត្រូវក្រុមហ៊ុន​បញ្ឈប់ជាង២០០នាក់​នោះ​ សុទ្ធសឹង​តែមាន​ឈ្មោះក្នុង​រចនាសម្ព័ន្ធ​របស់​សហជីព​ដែលមាន​កិច្ចគាំពារ​ពិសេស​ដោយ​ច្បាប់ជាតិ​ និង​អន្តរជាតិ​។

ទោះជាយ៉ាងណា​ ក្រុមសហជីព​​ឱ្យដឹងថា​ក្រសួងការងារ​ទុកពេលឱ្យភាគីចរចា​ទាំង​សងខាង​ពិចារណា​ឡើងវិញ​ ដោយនឹង​មានការ​ជួបជជែកចរចា​ជាថ្មីទៀត​នៅថ្ងៃទី២១មេសា ​ខាងមុខ។ ក្រុមសហជីព​ ថាពួកគេ​នឹងបន្ត​ចូលរួមចរចា​ជានិច្ច​ និងទទូច​ឱ្យក្រសួងការងារ​ឈរនៅ​ចំណុចកណ្ដាល​ជំរុញ​ដល់ភាគី​ក្រុមហ៊ុន​ពន្លឿន​ការចរចា​ដោយ​ភាពស្មោះត្រង់​ និងតម្លាភាព​ស្របតាម​ច្បាប់​ស្ដីពី​ការងារ។

ទោះយ៉ាងណា​ ក្រុមកូដករណាហ្គាវើលដ៍​បញ្ជាក់ជំហរ​ថា​ បើភាគីក្រុមហ៊ុន​នៅតែមាន​ចេតនា​ចង់បំបាត់សំឡេង​សហជីព​បែបនេះ​ ពួកគាត់​នឹងនៅតែបន្ត​ចេញធ្វើកូដកម្ម​ដោយសន្តិវិធី​ បើទោះបី​រងការ​បង្ក្រាបហិង្សា​ពី​ក្រុមអាជ្ញាធរ​យ៉ាង​ណា​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។