សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ជួប​ពិភាក្សា​គ្នា​ស្ដីពី​ការ​ទប់​ស្កាត់​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា

0:00 / 0:00

មន្រ្តីស្ថានទូតសហរដ្ឋអាមេរិក​ និងអគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​ជួប​ពិភាក្សា​គ្នា ស្ដីពី​ការ​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា។ ជំនួប​នេះ​ធ្វើ​ឡើង​ក្រោយ​​ពី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ចេញ​របាយការណ៍​មួយ កាល​ពី​ចុង​ឆ្នាំ២០២០ រក​ឃើញ​ថា កម្ពុជា​មិន​បាន​គោរព​ឱ្យ​បាន​ពេញ​លេញ តាម​បទដ្ឋាន​អប្បបរមា​ក្នុង​ការ​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក ឆាត រ៉ូតឌីម៊ែ (Chad Roedemeier) ប្រាប់​អាស៊ី​សេរី តាម​សារ​អេឡិចត្រូនិក​ថា កិច្ច​ប្រជុំ​រវាង​លោក ស្ទីវ ស្ទូស៊ែរ (Steve Stuehser) អនុព័ន្ធ​ច្បាប់​តំណាង​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា អេហ្វ​ប៊ី​អាយ (FBI) ប្រចាំ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា ជា​មួយ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​លោក នេត សាវឿន ពិភាក្សា​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ និង​ការ​ជួញ​ដូរ​មនុស្ស។

លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​ជា​មួយ​ប្រទេស​កម្ពុជា ដើម្បី​ផ្ដន្ទាទោស អ្នក​រកស៊ី​​ជួញដូរ​មនុស្ស ដើម្បី​ការ​ពារ​ជន​រងគ្រោះ និង​ការ​ពារ​កុំ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម ដែល​កើត​ចេញ​ពី​ការ​ជួញ​ដូរ​មនុស្ស។

របាយការណ៍​ស្ដីពី​ការ​ជួញ​ដូរ​មនុស្ស​ឆ្នាំ២០២០ ក្រសួង​ការបរទេស​អាមេរិក​រក​ឃើញ​ថា កម្ពុជា​មិន​បាន​គោរព​ឱ្យ​បាន​ពេញ​លេញ តាម​បទដ្ឋាន​អប្បបរមា ដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស​ទេ។ ចំណែក​អំពើ​ពុក​រលួយ នៅ​តែ​ធ្វើ​ឲ្យ​រាំង​​ស្ទះ​ដល់​ការងារ​របស់​សមត្ថកិច្ច ដំណើរ​ការ​កាត់​ក្ដី​ជន​ល្មើស និង​ការ​ផ្ដល់​សេវា​ដល់​ជន​រងគ្រោះ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​លោក ឆាយ គឹមឃឿន ប្រាប់​អាស៊ី​សេរី​ថា រដ្ឋាភិបាល​បាន​ខិត​ខំ​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ជួញ​ដូរ​មនុស្ស ហើយ​បើ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​មុនៗ ការ​ជួញ​ដូរ​មនុស្ស​មាន​ការ​ថយ​ចុះ​ចំនួន​ ១រយ ៣០ដង។

លោក​បន្ត​ថា កម្ពុជា​ត្រៀម​ខ្លួន​ធ្វើ​ការងារ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដើម្បី​ទប់​ស្កាត់​ការ​ជួញដូរ​មនុស្ស៖ «ការ​ជួប​ពិភាក្សា​គ្នា​នេះ ក្នុង​គោល​បំណង​បន្ត​កិច្ច​សហប្រតិបត្តិការ រវាង​មន្ត្រី និង​អង្គភាព​អនុវត្ត​ច្បាប់ នៃ​ភាគី​ទាំង​ពីរ ដែល​ក្នុង​នោះ​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​វាយ​តម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ សហប្រតិបត្តិការ​ នា​ពេល​កន្លង​មក​ ហើយ​ភាគី​ទាំង​សហរដ្ឋ​អាមេរិក​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ ថា​នេះ​ជា​ផ្នែក​មួយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ ភាគី​កម្ពុជា​ និង​អាមេរិក»។

កាល​ពី​ចុង​ឆ្នាំ២០២០ សហរដ្ឋអាមេរិក​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា នៅ​បន្ត​ស្ថិត​នៅ​លំដាប់​ថ្នាក់​ទី២ ក្នុង​បញ្ជី​តាម​ដាន ​រយៈ​ពេល ២ឆ្នាំ ជាប់​គ្នា​កន្លង​មក​នេះ ដោយ​សារ​តែ​កម្ពុជា មិន​បាន​បង្កើត និង​អនុវត្ត​ប្រព័ន្ធ​តាមដាន​ផ្នែក​យុត្តិធម៌ ឲ្យ​បាន​គ្រប់​គ្រាន់ ដែល​ធ្វើ​ឲ្យ​ជន​សង្ស័យ​ជា​ច្រើន​នាក់​គេច​ខ្លួន​មុន​សវនាការ ​ហើយ​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​កាត់​ទោស​កំបាំង​មុខ​ជា​ច្រើន​ករណី៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។