"ភាព​ក្រីក្រ​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​តាម​សហគមន៍​ខ្វះ​លុយ​ទិញ​មួក​សុវត្ថិភាព"

0:00 / 0:00

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា បង្កើត​កម្មវិធី​ប្រកួតប្រជែង ជ្រើសរើស​ឃុំ សង្កាត់ គំរូ​ចំនួន​៣ ក្នុងចំណោម ឃុំ សង្កាត់​ចំនួន​១៨ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ពីរ​ផ្សេងទៀត គឺ​ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ស្ពឺ ដើម្បី​ធ្វើជា​គំរូ​ល្អ​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ពាក់​មួយ​សុវត្ថិភាព។ កម្មវិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ២១ មករា ក្រុង​ភ្នំពេញ។

មន្ត្រី​ឃុំ-សង្កាត់ សាទរ​ចំពោះ​កម្មវិធី​ប្រកួត​ប្រជែង​នេះ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​មិន​ពាក់មួក​សុវត្ថិភាព។

មន្ត្រី​ឃុំ-សង្កាត់​ដែល​ចូលរួម​ប្រកួត​ជ្រើសរើស ឃុំ-សង្កាត់​គំរូ​ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ​ពាក់​សុវត្ថិភាព លើក​ឡើង​ថា នឹង​រិះរក​មធ្យោបាយ​ធ្វើ​យ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ជនបទ និង​តំបន់​ដាច់​ស្រយាល​ពាក់មួក​សុវត្ថិភាព។

ចៅសង្កាត់​ច្បារអំពៅ​ទី​១ ក្រុងភ្នំពេញ លោក ពៅ ហួត និយាយ​ថា ការ​បង្កើត​កម្មវិធី​លើកទឹកចិត្ត ឃុំ សង្កាត់​ឱ្យ​ចូល​រួម​ផ្សព្វផ្សាយ​ការ​ពាក់មួក​សុវត្ថិភាព​នេះ គឺជា​យន្តការ​មួយ​ល្អ​ហើយ​អាច​ជួយ​ទប់ស្កាត់ ការ​ស្លាប់ និង​ការ​រង​របួស​ដោយសារ​មិន​ពាក់មួក​សុវត្ថិភាព នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍។

លោក​និយាយ​ថា អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​ត្រង់​ថា ពលរដ្ឋ​គិត​ថា​លុយ​សំខាន់​ជាង​ជីវិត ម្ល៉ោះហើយ ការ​ចំណាយ​លុយ​ទិញ​មួយ​សុវត្ថិភាព​ពាក់ គឺជា​អ្វី​ដែល​ពលរដ្ឋ​គិត​ថា​មិន​ចាំបាច់ និង​មិន​មាន​ប្រយោជន៍​សម្រាប់​ពួកគាត់៖ «មាន​ការ​លំបាក​ដោយ​សារ​ប្រជាពលរដ្ឋ លោក​ខ្វះ​ការ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​ជួន​ពេលខ្លះ​ពលរដ្ឋ​នៅ​តាម​សហគមន៍ គាត់​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ទិញ​មួក​សុវត្ថិភាព​ទេ»។

ទោះបីជា​យ៉ាងណាក៏ដោយ លោក ពៅ ហួត បញ្ជាក់​ជំហរ​ថា លោក​នឹង​ជំ​រុញ​ឱ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ឱ្យ​យល់​ពី​តម្លៃ​នៃ​ការពារ​របស់​មួក​សុវត្ថិភាព។ លោក​ថា​ការ​ប្រកួតប្រជែង​ជ្រើសរើស ឃុំ សង្កាត់​គំរូ​នេះ ក៏​ជា​លើក​ទឹក​ដល់​មន្ត្រី​ឃុំ សង្កាត់​ទាំងអស់​ឱ្យ​មាន​ភាព​ក្លៀវក្លា ដើម្បី​បំពេញការងារ​របស់​ខ្លួន​ឱ្យ​អស់ពី​ចិត្ត។

ប្រធាន​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា លោក គឹម បញ្ញា បញ្ជាក់​ថា ការ​ប្រឡង​ប្រណាំង​នេះ មានបំណង​ធ្វើ​ឱ្យ​ឃុំ-សង្កាត់​គោលដៅ​ទាំង​១៨ កាន់​តែ​មាន​សុវត្ថិភាព និង​មាន​អ្នកប្រើប្រាស់​ផ្លូវ ប្រកបដោយ​ចំណេះដឹង និង​មាន​ឥរិយាបថ​ល្អ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍៖ «ពេលខ្លះ​សូម្បីតែ​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ឃុំ - សង្កាត់​របស់​គាត់ ក៏​គាត់​អាច​ផ្សព្វផ្សាយ​បាន ហើយ​ស្ថាប័ន​រដ្ឋាភិបាល នៅ​ពេល​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក៏​លោក​អាច​ផ្សព្វផ្សាយ​បាន ហើយ​នៅ​ពេល​ប្រជុំ​ក្នុង​វត្ត ក៏​គាត់​អាច​ផ្សព្វផ្សាយ​បាន។ អ៊ីចឹង​ឃុំ - សង្កាត់​មាន​ភាព​ងាយ​ស្រួល​ជាង»។

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី បង្កើត​គម្រោង​មួយ​ឈ្មោះថា “មួក​សុវត្ថិភាព​មួយ ជួយ​សង្គ្រោះ​ជីវិត​បាន​មួយ»។ តាមរយៈ​គម្រោង​នេះ គឺ​ជំរុញ​ឱ្យ​ឃុំ សង្កាត់​ធ្វើការ​ប្ដេជ្ញា​ចិត្ត លើក​ទឹក​ចិត្ត ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍ ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​គ្រប់គ្នា។

ប្រធាន​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី លោក គឹម បញ្ញា មានប្រសាសន៍ថា ក្រុម​ដែល​ងាយ​រងគ្រោះ​ដោយ​គ្មាន​មួយ​សុវត្ថិភាព គឺ​ក្រុម​អ្នក​ជិះ​ម៉ូតូ និង​ក្រុម​អ្នកបើកបរ​ម៉ូតូ​ដោយ​ស្រវឹង និង​ពលរដ្ឋ​នៅ​តាម​សហគមន៍។ ពលរដ្ឋ​សហគមន៍ មិនសូវ​ចិត្ត​ពាក់​សុវត្ថិភាព​នោះ​ទេ។ លោក​បន្ថែម​ថា ភាគច្រើន​នៃ​ពលរដ្ឋ​នៅ​សហគមន៍ គិត​ថា​ខ្លួន​ជិះ​ម៉ូតូ​ជិតៗ និង​ក្នុង​ស្រុកភូមិ​របស់​ខ្លួន និង​គិត​ថា មួក​សុវត្ថិភាព​មានតម្លៃ​ថ្លៃ៖ «មាន​លេស​ដោះ​សារ​ច្រើន​ពេលខ្លះ គាត់​ថា ក្ដៅ។ ក្ដៅ​អី​ពេល​យប់​ហ្នឹង​ ! គាត់​ខូច​ម៉ូដ​សក់​គាត់។ ក្បាល​របស់​គាត់​សំខាន់​ណាស់ ព្រោះ​វា​ជា​បណ្ដុំ​នៃ​ប្រព័ន្ធ​ប្រសាទ»។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​នៅ​ផ្លូវ ២៧១ ក្នុង​រាជធានី​ភ្នំពេញ លោក ឈុំ អឿន លើក​ឡើង​ថា ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​ពាក់មួក​សុវត្ថិភាព និង​ការ​ផ្សព្វផ្សាយ​ចំណេះ​ស្ដីពី​ការ​ធ្វើដំណើរ​នៅ​លើ​ដង​ផ្លូវ នឹង​ជួយ​ពលរដ្ឋ​គ្រប់រូប​អាច​គេច​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍។

សម្រាប់​លោក​វិញ លោក​ទិញ​មួក​សុវត្ថិភាព ដាក់​តាម​ម៉ូតូ​ជានិច្ច​ដើម្បី​ឱ្យ​ភ្ញៀវ​ដែល​ជិះ​ម៉ូតូ របស់​លោក គេច​ផុត​ពី​ការ​រង​របួស​ផ្សេងៗ នៅ​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ និង​ការពារ​កុំ​ឱ្យ​ប៉ូលិស​ចាប់៖ «មួក​សុវត្ថិភាព​ការពារ​អាយុជីវិត​យើង កុំឱ្យ​ជួប​គ្រោះថ្នាក់ និង​ការពារ ដី​ហុយ​ទៀត»។

ឃុំ-សង្កាត់​ចំនួន​៣ ដែល​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​ប្រកួតប្រជែង​នឹង​ទទួល​បាន​រង្វាន់ និង​ផ្ដល់​ឱកាស​ទៅ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស ដើម្បី​សិក្សា​បន្ថែម​ពី​យន្តការ​លើកកម្ពស់​កា​រពាក់​មួក​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។