ពលរដ្ឋរងគ្រោះជាង ៨០០រយនាក់ស្នើឱ្យតុលាការខេត្តសៀមរាបពន្លឿនចាត់វិធានការច្បាប់ឱ្យឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកសងប្រាក់ជូនពលរដ្ឋវិញ បើពុំដូច្នេះទេ ពួកគាត់នឹងផុងខ្លួនកាន់តែធ្ងន់នឹងបញ្ហាបំណុល ហើយឈានដល់ធនាគាររឹបអូសយកផ្ទះសម្បែង និងដីស្រែ។
ពលរដ្ឋចាញ់បោកក្រុមហ៊ុនលក់អចលនទ្រព្យរបស់ឧកញ៉ា ឡេង ចាន់ណា រស់នៅខេត្តសៀមរាប និងខេត្តបាត់ដំបង កំពុងអន្ទះអន្ទែងក្នុងចិត្ត ខ្លាចក្រែងតុលាការខេត្តសៀមរាបអូសបន្លាយពេល មិនដោះស្រាយរឿងនេះ និងប្រព្រឹត្តអំពើពុករលួយ ធ្វើឱ្យពួកគាត់ជួបការលំបាកកាន់តែខ្លាំង គ្មានលទ្ធភាពរកប្រាក់សងធនាគារ។
ពលរដ្ឋរស់នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោកស្រី ដុះ សុភាព ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ មីនា ថា សមត្ថកិច្ចបានចាប់ខ្លួនឧកញ៉ារូបនេះដាក់ពន្ធនាគារ នៅមិនទាន់គ្រប់គ្រាន់ទេ តុលាការត្រូវធ្វើយ៉ាងណាឱ្យឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកសងប្រាក់ជូនពួកគាត់វិញ ឱ្យបានឆាប់ ដើម្បីឱ្យពួកគាត់សង់ធនាគារវិញ។
លោកស្រីបារម្ភខ្លាចក្រែងតុលាការពន្យារពេលដោះស្រាយសំណុំរឿងនេះ ហើយលួចដោះលែងឧកញ៉ារូបនេះស្ងាត់ៗ ធ្វើឱ្យពលរដ្ឋនៅតែរងគ្រោះ។
លោកស្រី ដុះ សុភាព៖ «ខ្ញុំចង់បានតែលុយខ្ញុំ ដាក់គុក ក៏មិនបានប៉ុន្មានថ្ងៃ និងប៉ុន្មានខែដែរ ព្រោះអីលុយពលរដ្ឋច្រើនណាស់ យកលុយសូកតែបន្តិចលែងបាត់ហើយ។ ឈឺចាប់មែនទែន ដេកយំ នឹកឃើញអត់អីបង់អង្គការ(ធនាគារ)ពិបាកចិត្តពេក ខ្លះចងក»។
ស្ត្រីដដែលបន្ថែមថា គ្រួសារលោកស្រី បានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនប្រ៊ីលាន ស៊ីធី (Brilliant City) របស់ឧកញ៉ា ឡេង ចាន់ណា ជាង ៥ម៉ឺនដុល្លារ (៥៥.០០០) អាមេរិក ដោយក្នុងមួយខែ ទទួលបានការប្រាក់ ៥ ភាគរយ។ ប្រាក់ទាំងនេះគ្រួសារលោកស្រីបានខ្ចីពីធនាគារ ដើម្បីវិនិយោគ ដោយយកប្លង់ផ្ទះជាទ្រព្យបញ្ចាំ។
កាលពីថ្ងៃទី១២ ខែមីនា សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួន ផ្អែកតាមបណ្តឹងរបស់ពលរដ្ឋរងគ្រោះជាង ៨០០នាក់ ពាក់ព័ន្ធនឹងការឆបោកលុយពួកគាត់សរុប ជាង ៣០០លានដុល្លារ។
ពលរដ្ឋម្នាក់ទៀតរស់នៅស្រុកក្រឡាញ់ ខេត្តសៀមរាប លោកស្រី យុន សំអាង ប្រាប់វិទ្យុអាស៊ីសេរីថា គ្រួសារលោកស្រីបានខ្ចីលុយធនាគារជាង ៤ ម៉ឺនដុល្លារ ដើម្បីយកប្រាក់ទាំងនោះ វិនិយោគជាមួយក្រុមហ៊ុន ឧកញ៉ា ឡេង ចាន់ណា កាលពីឆ្នាំ២០២២ ហើយមកទល់ពេលនេះក្រុមហ៊ុនមិនទាន់ផ្តល់សំណងជូនលោកស្រីនៅឡើយទេ។ រីឯធនាគារ នឹងរឹបអូសយកផ្ទះសម្បែងលោកស្រីប្រសិនបើលោកស្រី គ្មានប្រាក់សងគេ។
កន្លងទៅគ្រួសារលោកស្រីបានបង្ខំចិត្តលក់ដីស្រែកេរដូនតា ម៉ូតូ និងទ្រព្យសម្បត្តិដែលនៅសេសសល់សងធនាគារអស់ហើយ។
លោកស្រី យុន សំអាង៖ «បើមិនបានការប្រាក់ក៏សូមតែដើម ទោះជាដើមហ្នឹងមិនគ្រប់ចំនួន សងគេ ខ្លាចគេរឹបអូសផ្ទះ។ សូមដឹងឮដល់សម្តេច កុំបិទភ្នែក និងបិតត្រចៀក ដែលពលរដ្ឋរងទុក្ខយ៉ាងនេះ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ដើម្បីសុំការអធិប្បាយរឿងនេះ បាននៅឡើយទេ នៅថ្ងៃទី១៣ មីនា។
ក៏ប៉ុន្តែកាលពីថ្ងៃទី១២ មីនា សាលាដំបូងខេត្តសៀមរាបបានចេញសេចក្តីប្រកាសព័ត៌មានមួយថា នគរបាលខេត្តសៀមរាបបានឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ហើយបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តនីតិវិធី។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ សាលាដំបូងខេត្តសៀមរាបបានចេញសេចក្ដីថ្លែងការណ៍មួយទៀត ឱ្យដឹងថា សាលាដំបូងខេត្តសៀមរាបបានចេញដីកាសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់ឧកញ៉ា ឡេង ចាន់ណា ជាបណ្ដោះអាសន្ន ដើម្បីសងជូនម្ចាស់បំណុល។
ជុំវិញរឿងនេះ ប្រធានសមាគមអាដហុក (Adhoc) លោក នី សុខា យល់ថា តុលាការត្រូវពន្លឿនពិនិត្យមើលឱ្យច្បាស់លាស់នូវទ្រព្យសម្បត្តិ របស់ឧកញ៉ារូបនេះ និងបក្ខពួកដោយធ្វើយ៉ាងណាត្រូវយកទ្រព្យទាំងនេះ សងជូនពលរដ្ឋរងគ្រោះឱ្យបានត្រឹមត្រូវ។
លោក នី សុខា៖ «ចាប់មនុស្សដាក់ពន្ធនាគារ ហើយពលរដ្ឋនៅតែរងគ្រោះ មិនទទួលសំណង។ ខ្ញុំគិតថា ពលរដ្ឋនៅតែរងគ្រោះដដែល យើងនៅតែបន្តថា រឿងអនុវត្តព្រហ្មទណ្ឌជារឿងមួយ យ៉ាងណាត្រូវដោះស្រាយបញ្ហាសំណងឱ្យបានត្រឹមត្រូវ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការស្រាយបំភ្លឺរឿងនេះ ពីតំណាងក្រុមហ៊ុនប្រ៊ីលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា បាននៅឡើយទេ នៅថ្ងៃទី១៣ ខែមីនា។
ពលរដ្ឋព្រមានថា ពួកគាត់នឹងតវ៉ាទ្រង់ទ្រាយធំ នៅខេត្តសៀមរាប ប្រសិនបើតុលាការ និងអាជ្ញាធរខេត្តសៀមរាបមិនផ្តល់យុត្តិធម៌ ក្នុងរឿងនេះទេ ព្រោះពួកគាត់កំពុងផុងខ្លួននឹងវិបត្តិបំណុលវ័ណ្ឌក ខ្លះទៀតមានបញ្ហាផ្លូវចិត្ត ខ្លះរត់ចោលស្រុក និងពលរដ្ឋខ្លះទៀតបង្ខំចិត្តលក់ដីស្រែថោកៗ ដើម្បីសងធនាគារមួយគ្រា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។