ជនរងគ្រោះម្នាក់ ដែលរងរបួសធ្ងន់ក្នុងករណីបាញ់ និងដុតផ្ទះពលរដ្ឋ នៅភូមិពូធឿង សង្កាត់បិតត្រាំង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែកុម្ភ: បានស្លាប់បាត់បង់ជីវិតហើយ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ សាច់ញាតិ និងមន្ត្រីអង្គការសង្គមស៊ីវិលសោកស្តាយ ដែលអាជ្ញាធរនៅមិនទាន់វែកមុខជនបង្កយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ។
ក្រោយពេលបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងរាជធានីភ្នំពេញ បានជិតមួយសប្ដាហ៍មក ពេលនេះ ជនរងគ្រោះ ឈ្មោះ សឿង សឿង សុភក្រ័្ត បានស្លាប់បាត់បង់ជីវិតដោយសាររបួសត្រង់ក្បាលធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន។
ប្រពន្ធជនរងគ្រោះលោក សឿង សុភក្រ័្ត គឺលោកស្រី ហេង វត្តី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែមីនា ថា ប្ដីលោកស្រីបានស្លាប់ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភ: ក្រោយពេលមានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម សម្រុកចូលមកដុតផ្ទះពលរដ្ឋ ហើយប្រើកាំបិតកាប់ចំត្រង់ក្បាលប្តីលោកស្រីខាងស្ដាំ។ លោកស្រីបន្តថា បច្ចុប្បន្ន លោកស្រីរៀបចំធ្វើបុណ្យសពឱ្យប្តី នៅរាជធានីភ្នំពេញ នៅផ្ទះម្ដាយក្មេក ហើយលោកស្រីនៅមិនទាន់វិលត្រឡប់ទៅខេត្តព្រះសីហនុវិញទេ ពីព្រោះនៅបារម្ភអំពីសុវត្ថិភាព។
លោកស្រី ហេង វត្តី៖«មានតែម្រាមដៃដប់សុំឱ្យពួកគាត់ជួយអស់រលីងហើយពេលនេះ មានតែប្តីមួយរ៉ាប់រងត្រូវចិញ្ចឹមកូន ឥឡូវកូនត្រូវចូលរៀនអត់មានអ្វីពឹងពាក់។ មានតែឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាទាំងអស់ហ្នឹងឱ្យឃើញផង ហើយរឿងដីធ្លី បើរបស់គេមានក្រដាសឯកសារអីឱ្យគេមកយកចុះ ប៉ុន្តែ ពួកខ្ញុំនៅយូរហើយ អត់មានអីទេ។ ដីរដ្ឋគេមកវាស់វែងមួយសាហើយ ប៉ុន្តែ មានអ្នកប្ដឹងរញ៉េរញ៉ៃទៅ គេក៏មិនវាស់ឱ្យទៅ»។
លោកស្រី ហេង វត្តី បញ្ជាក់ថា ប្តីលោកស្រីមិនដែលមានជម្លោះជាមួយអ្នកណាឡើយ ប៉ុន្តែ មុនថ្ងៃកើតហេតុ ប្ដីលោកស្រីត្រូវបានជនម្នាក់ឈ្មោះ ផល គឹមវីរៈ ប្ដឹងអំពីបទចូលកាន់កាប់លើដីខុសច្បាប់ និងឱ្យទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែកុម្ភៈ តែប្ដីលោកស្រីមិនបានទៅបំភ្លឺតាមការកោះហៅរបស់ស្នងការដ្ឋាននគរបាលខេត្តនោះទេ ដោយសារនៅក្នុងបណ្ដឹងមានភាពមិនប្រក្រតី ហើយលោកស្រីអះអាងថា ដីដែលគ្រួសារលោកស្រីអាស្រ័យផល គឺមានភូមិឃុំទទួលស្គាល់។

លុះដល់យប់កើតហេតុ ប្តីលោកស្រីបានទៅជួយអ្នកភូមិ ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមដុតផ្ទះ ប្រើកាំបិតដេញកាប់ និងបាញ់រះលើអ្នកភូមិ ហើយអ្នកភូមិខ្លះទៀត រងរបួសក្នុងហេតុការណ៍នោះ។ ដោយឡែក ប្តីលោកស្រីត្រូវជនមិនស្គាល់មុខយកផ្គាក់កាប់ចំក្បាលខាងស្ដាំ ហើយក្រុមដៃដល់ទាំងនោះ មកគំរាមលោកស្រីឱ្យចាកចេញពីដី ដែលលោកស្រីកំពុងរស់នៅថែមទៀត។
ឆ្លើយតបរឿងនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា ឱ្យវិទ្យុអាស៊ីសេរីដឹងថា មកទល់ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ៦នាក់ហើយ និងកំពុងបន្តនីតិវិធីសាកសួរជនសង្ស័យ ប៉ុន្តែ ជនសង្ស័យទាំងនោះ នៅមិនទាន់ឆ្លើយសារភាពពីអ្នកបញ្ជាពីក្រោយខ្នងឡើយ។ លោក ស រដ្ឋា ទទួលស្គាល់ថា ករណីដុតផ្ទះរបស់ពលរដ្ឋនេះ គឺជាប់ពាក់ព័ន្ធនឹងករណីវិវាទដីធ្លីមែន។
លោក ស រដ្ឋា៖«យើងបានឃាត់ខ្លួនមួយចំនួន តែនៅបន្តស្រាវជ្រាវមួយចំនួនទៀត ពាក់ព័ន្ធនឹងអ្នកបញ្ជា ហើយអ្នកបញ្ជាហ្នឹង យើងបើកការស៊ើបអង្កេត ហើយនិងបន្តនីតិវិធីស្រាវជ្រាវករណីហ្នឹង»។
កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ មានករណីប្រើហិង្សាមួយ នៅក្នុងភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នាប្រមាណ ២០នាក់ ចូលទៅបិទប៉ារ៉េតភ្លើងអ្នកភូមិហើយបាញ់ និងដុតផ្ទះសម្បែងពលរដ្ឋ ដែលបណ្ដាលឱ្យពលរដ្ឋ ២នាក់រងរបួសធ្ងន់ និងស្រាល។ ក្នុងនោះមានជនរងគ្រោះ ឈ្មោះ សឿង សុភក្រ័្ត រងរបួសធ្ងន់ត្រង់ក្បាល និងលោក ចាយ ចាន់រ៉ា រងរបួសត្រង់ដៃស្រាល ហើយផ្ទះសម្បែងពលរដ្ឋចំនួន ៤ខ្នង និងម៉ូតូ ២គ្រឿងរងការខូចខាតទាំងស្រុង។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ លោកស្រី ណារ៉េន មានប្រសាសន៍ថា ករណីដុតផ្ទះសម្បែង និងកាប់សម្លាប់ពលរដ្ឋបែបនេះ គឺជាទង្វើអមនុស្សធម៌ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកបន្តថា សមត្ថកិច្ចគួរតែចុះស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ និងធានាដល់ការរស់នៅរបស់ពលរដ្ឋប្រកបដោយសុខសុវត្ថិភាព ពីព្រោះលោកសង្កេតឃើញថា ពលរដ្ឋមួយចំនួនតក់ស្លុត នៅពេលមានហេតុការណ៍នេះកើតឡើង។
លោក ស្រី ណារ៉េន៖«សមត្ថកិច្ចគួរតែព្យាយាមធ្វើម៉េចពន្លឿននូវការស៊ើបអង្កេតហ្នឹងធ្វើម៉េចវែកមុខជនប្រព្រឹត្តបទល្មើសហ្នឹងយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ទៅកុំឱ្យមាននិទ្ទណ្ឌភាព។ ហើយបើយើងទុកបណ្ដែតបណ្ដោយទៀត បង្កភាពភ័យខ្លាចដល់ពលរដ្ឋនៅតំបន់ហ្នឹងអ៊ីចឹង ពីព្រោះរឿងកើតហេតុ ហើយមកទល់ពេលនេះ នៅតែមិនទាន់ចាប់ជន ដែលប្រព្រឹត្តល្មើសច្បាប់យកទៅផ្ដន្ទាទោស អ៊ីចឹងយើងមានការព្រួយបារម្ភ»។
សាច់ញាតិ និងមន្ត្រីអង្គការសង្គមស៊ីវិលជំរុញអាជ្ញាធរឱ្យពន្លឿនការស៊ើបអង្កេតករណីនេះ ពីព្រោះពួកគាត់សង្កេតឃើញរឿងមិនប្រក្រតី ដែលស្ថាប័នពាក់ព័ន្ធត្រូវតែសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅ ដើម្បីផ្ដល់យុត្តិធម៌ដល់អ្នកស្លាប់ និងកុំឱ្យជនល្មើសកាប់សម្លាប់មនុស្សតាមអំពើចិត្តបន្តទៀត ដែលបង្កឱ្យអំពើនិទ្ទណ្ឌភាពក្នុងសង្គមកើនឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។