ជនជាតិដើមភាគតិចកួយជាង ១០០នាក់រស់នៅខេត្តព្រះវិហារ ចោទទាហានមួយក្រុមថា គូសដីហាមពួកគាត់មិនឱ្យដើរឆ្លងកាត់ ក្នុងតំបន់ដីកំពុងមានជម្លោះរវាងពលរដ្ឋ និងទាហានទាំងនោះ ហើយគំរាមថា បើនៅតែឆ្លងកាត់ពួកគេនឹងប្រើកាំភ្លើងបាញ់។
មន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើរបស់ក្រុមទាហានទាំងនេះថា បំពានច្បាប់ និងរំលោភសិទ្ធិពលរដ្ឋ។
ជនជាតិដើមភាគតិចកួយរស់នៅក្នុងភូមិដងផ្លិត និងភូមិណារុង ឃុំឆែបពីរ ស្រុកឆែបអះអាងថា ពួកគេភ័យខ្លាចមិនហ៊ានចូលទៅអាស្រ័យផលលើដីស្រែចម្ការ និងរកត្រីសាច់ ឬឃ្វាលគោក្របី ដែលឋិតក្នុងតំបន់ព្រៃជំនឿនោះឡើយព្រោះខ្លាចទាហានបាញ់ពួកគាត់។
ជនជាតិដើមភាគតិចចោទទាហានឈូសឆាយព្រៃជំនឿ
ជនជាតិដើមភាគតិចរស់នៅភូមិដងផ្លិត លោក ប្រុក ឆេត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ កុម្ភៈ ថា ពេលនេះក្រុមទាហានជិត ១០នាក់ ពាក់ឯកសណ្ឋានយោធា ប្រដាប់ដោយកាំភ្លើងអាកា (AK) បានបោះតង់ស្នាក់នៅតំបន់នោះ ដើម្បីយាមកាងការពារឱ្យក្រុមហ៊ុនរបស់ឧកញ៉ា អ៊ុក គឹមសាន ដែលកំពុងឈូសឆាយព្រៃជំនឿ របស់សហគមន៍អស់រាប់រយហិកតារ ជាង ១ ខែមកហើយ។ លោកថា ក្រុមទាហានទាំងនោះបានគំរាមពលរដ្ឋ និងហាមឃាត់ពលរដ្ឋមិនឱ្យឆ្លងកាត់តំបន់ដែលក្រុមហ៊ុនកំពុងឈូសឆាយ។
លោក ប្រុក ឆេត៖«គ្រាន់តែទៅព្រៃទៅចំការក៏គាត់ហាមមិនឱ្យចូល ហើយគ្រាន់តែប្រជាពលរដ្ឋទៅរកត្រីតាមអូរក៏មិនឱ្យទៅទៀត គេនៅការពារជិត មានទាំងត្រាក់ទ័រជុំវិញនោះឯង។ និយាយរួមគេមិនឱ្យទាំងដើរទៅទៀត គេមកអុកឡុកព្រៃឈើពួកខ្ញុំគេមកបំផ្លាញឈូសឆាយអស់ហើយ ឯប្រជាពលរដ្ឋគ្រាន់តែសួរនោះយកកាំភ្លើងគំរាមកំហែង»។
កាលពីថ្ងៃទី២២ កុម្ភៈ ជនជាតិដើមភាគតិចកួយជាង១០០នាក់ រស់នៅភូមិណារុង និងភូមិដងផ្លិត បានចុះឃ្លាំមើលសកម្មភាពគ្រឿងចក្រជាង១០គ្រឿង កំពុងឈូសឆាយព្រៃជំនឿរបស់ពួកគាត់ត្រង់ចំណុចប្រលានតាដេវ ដោយប្រទះឃើញទាហានមួយក្រុម ស្ពាយកាំភ្លើងអាកាឈរគំរាមពលរដ្ឋ មិនឱ្យចូលទៅតំបន់ឈូសឆាយនោះ។
អត្ថបទដែលទាក់ទង៖
អភិបាលរងខេត្តព្រះវិហាររំលោភដីព្រៃ
ក្នុងពេលនោះក្រុមទាហាន និងពលរដ្ឋឈ្លោះប្រកែកគ្នា ពាក់ព័ន្ធនឹងការរំលោភយកដីព្រៃជំនឿជាង១ពាន់ ហិកតារ (១.០៥០) ជាទ្រព្យឯកជន ពីសំណាក់អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន។
តំណាងសហគមន៍ជនជាតិដើមកួយ ភូមិដងផ្លិត លោក សោម ណៃ អះអាងថា ក្រុមហ៊ុនសម្រុកឈូសឆាយព្រៃជំនឿអស់រាប់រយហិកតារបន្ថែមទៀត បង្កផលប៉ះពាល់ដល់ដីស្រែចម្ការរបស់ជនជាតិដើមភាគតិចជាច្រើនគ្រួសារ ដែលពួកគាត់មានទម្លាប់ធ្វើស្រែតាមប្រឡោះព្រៃ។ លោកថា ពលរដ្ឋកំពុងខឹងសម្បារនឹងក្រុមទាហានទាំងនោះ ដែលធ្វើបាបរាស្ត្រខ្មែរ។
លោក សោម ណៃ៖«ផ្លូវនោះមិនអាចសេសសល់សម្រាប់ប្រជាពលរដ្ឋទៀតទេ ហើយពលរដ្ឋគាត់ចង់រកមធ្យោបាយដោះស្រាយពីណាទៅណាទេ កំពុងតែគិតគូររកដំណោះស្រាយ សំណូមពរថ្នាក់លើដែលអាចជួយគាត់បាន»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនទាន់ឆ្លើយតបបញ្ហានេះភ្លាមៗទេ ដោយសុំពេលពិនិត្យ និងផ្ទៀងផ្ទាត់ជាមួយមន្ត្រីប្រចាំការតំបន់នោះសិន។
លោក ឈុំ សុជាត៖«ខ្ញុំអត់ទាន់ហ៊ាននិយាយទេ ព្រោះអត់មានមូលដ្ឋានច្បាស់លាស់ ទាល់តែខ្ញុំដឹងច្បាស់ថារឿងនោះយ៉ាងម៉េចយ៉ាងណាទើបខ្ញុំអាចនិយាយបាន»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះពីអភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បាននៅឡើយទេ នៅថ្ងៃ២៤ កុម្ភៈ។ រីឯអភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរ។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តព្រះវិហារ លោក ម៉ៃ វុទ្ធី ពន្យល់ថា ការប្រើកម្លាំងទាហាន ការពារប្រយោជន៍ឯកជន ជាទង្វើរំលោភច្បាប់កងទ័ព។ រីឯការគូសដី ហាមឃាត់ពលរដ្ឋមិនឱ្យឆ្លងកាត់ ជាសញ្ញាគំរាមកំហែង និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។
លោក ម៉ៃ វុទ្ធី៖«ករណីនេះរដ្ឋមន្ត្រីក្រសួងការពារជាតិគួរតែត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសទាហាននៅពេលដែលទាហានបានប្រើប្រាស់តួនាទីបម្រើឯកជនបែបនេះ គួរតែមានវិធានការឱ្យបានមើលម៉ាត់និងយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋកុំឱ្យពួកគាត់មានការភ័យខ្លាចនៅពេលឃើញកម្លាំងទាហាន»។
តំបន់ព្រៃជំនឿ ព្រៃអារក្ស និងតំបន់ព្រៃអាស្រ័យផល ដែលកំពុងឈូសឆាយនោះ មានផ្ទៃដីជាង ១ ពាន់ ៥០ ហិកតារ (១.០៥០) ដែលជនជាតិដើមភាគតិចកួយ ចំនួន២ភូមិ អាស្រ័យផល ធ្វើកសិកម្មដាំដុះ និងរកអនុផលព្រៃឈើច្រើនជំនាន់មកហើយ។ ព្រៃនៅតំបន់នោះ ក៏ជាជម្រកសត្វត្មាតព្រៃដ៏កម្រ ព្រៃជំនឿវាលស្មៅឃ្វាលគោក្របី និង អូរធម្មជាតិជាច្រើនកន្លែង។
ប្រជាសហគមន៍ទទូចឱ្យរដ្ឋាភិបាល ទុកព្រៃជំនឿជាទ្រព្យសមូហភាព ដោយមិនចង់ឃើញព្រៃជំនឿមួយនេះធ្លាក់ក្នុងដៃ បុគ្គលមានលុយមានអំណាចនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។