ពលរដ្ឋ​ស្រុក​ពួក​ស្នើ​បញ្ឈប់​សកម្មភាព​អាជ្ញាធរ​អប្សរា​ដែល​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ការ​រស់​នៅ​ពួកគាត់

0:00 / 0:00

ពលរដ្ឋ​ស្រុក​ពួក ខេត្តសៀមរាប ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​សាលាឃុំ​ខ្នាត ដើម្បី​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​បញ្ឈប់​សកម្មភាព​ធ្វើទុក្ខបុកម្នេញ​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់​នេះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា តំបន់​នេះ ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​ប្រាសាទ និង​ស្នើ​ដល់​រដ្ឋាភិបាល កំណត់​សិទ្ធិ​របស់​អាជ្ញាធរ​អប្សរា ឲ្យ​បាន​ច្បាស់​លាស់។

ពលរដ្ឋ ប្រមាណ​៤​រយ​នាក់ នៅ​ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប នៅ​ថ្ងៃទី​១៦ ធ្នូ ប្រមូលផ្ដុំ​គ្នា​តាម​ភូមិ​នីមួយៗ ហើយ​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​សាលាឃុំ ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បង្ក​ការ​លំបាក​ដល់​ការរស់នៅ​របស់​ពលរដ្ឋ។ ពួកគាត់​បាន​នាំគ្នា​កាន់​រូបថត​ក្រុម​គ្រួសារ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល រួមមាន​រូបលោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ហ៊ុន សែន និង​ភរិយា​របស់​លោក ហើយ​បាន​កាន់​បដា ពណ៌​ស ដែល​ពួកគាត់​បាន​សរសេរ​ថា យើង​ទាំងអស់គ្នា មិន​ឲ្យ​អាជ្ញាធរ​អប្សរា​បន្ត​គាបសង្កត់​ពួកគាត់​ទៀត​ទេ។

សំឡេងពលរដ្ឋ៖ «យើង​ត្រូវតែ​ហ៊ាន​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​អាជ្ញាធរ​អប្សរា ព្រោះ​អាជ្ញាធរ​អប្សរា​មិនបាន​មក ជួយ​ប្រជាពលរដ្ឋ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង​ទេ មែន​ទេ​បងប្អូន​?មែន ឬ​មិនមែន​?យើង​មិន​គាំទ្រ​ឲ្យ​អាជ្ញាធរ​អប្សរា​មក​គ្រប់គ្រង​នៅ​តំបន់​យើង​ទៀត​មែន​ទេ​បងប្អូន​?ជ័យ​យោ​សន្តិភាព»។

ពលរដ្ឋ​ម្នាក់ នៅ​ឃុំ​ខ្នាត ស្រុក​ពួក លោក ផាត សាទាល ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៦ ខែ​ធ្នូ ថា កត្តា ដែល​នាំ​ឲ្យ​ពលរដ្ឋ​ជាច្រើន​រយ​នាក់ ប្រមូល​ផ្ដុំ​គ្នា ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​សាលាឃុំ​នៅ​ថ្ងៃ​នេះ គឺ​បណ្ដាល​មក​ពី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដើរ​អង្កេត​ការណ៍​នៅក្នុង​តំបន់​លោក​ទាំងយប់​ទាំង​ថ្ងៃ ហើយ​នៅពេល​ពលរដ្ឋ​ជួសជុលផ្ទះ ដែល​ចាស់​ទ្រុឌទ្រោម ឬ​ចែក​ដី​ឲ្យ​កូនចៅ ដែល​ទើប​រៀបការ​ក្ដី ក៏​ត្រូវ​សុំច្បាប់​ពី​អាជ្ញាធរ​ជាតិ​អប្សរា ប៉ុន្តែ​ការ​សុំច្បាប់​ទាំងនោះ​ត្រូវ​ចំណាយ​ពេល​ច្រើន និង​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយតប។

លោក ផាត សាទាល៖ «ធ្វើ​អា​បុក​អណ្ដូងទឹក​ក៏​មិន​បាន ធ្វើ​ទ្រនំ​មាន់​ក៏​មិន​បាន ធ្វើ​ផ្ទះ ឬ​ប្ដូរ​ស័ង្កសី​ផ្ទះ​ចាស់​ក៏​មិន​បាន ថា​អត់​បាន​ទាំងអស់​ហ្មង ធ្វើ​ថ្នល់​ក៏​ត្រូវ​សុំច្បាប់​វា​(​អាជ្ញាធរ​ជាតិ​អប្សរា)​ដែរ ដាក់​ច្បាប់​ទៅ​ហើយ តែ​៣​ខែ​ហើយ អត់​មាន​ចេញ​ច្បាប់​ឲ្យ​សោះ បាទ​។ អត់​បាន​ដូច​តែ​គ្នា បើ​និយាយ​ទៅ​ឲ្យ​ដូច​និយាយ​ថា កូន​ទំ​លើ​ក្បាល​ម៉ែឪ»។

ពលរដ្ឋ​នៅ​ឃុំ​ខ្នាត ស្រុក​ពួក ម្នាក់ទៀត គឺ​លោក សំ អុល ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មូលហេតុ ដែល​ពលរដ្ឋ​ដាក់​ញត្តិ​នៅ​ថ្ងៃ​នេះ គឺ​ដោយសារតែ​អាជ្ញាធរ​ជាតិ​អប្សរា ហាមឃាត់​មិន​ឲ្យ​ជួសជុលផ្ទះ ត​សំយ៉ាប​ផ្ទះ និង​សាងសង់​បង្គន់​អនាម័យ​ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ក្នុង​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់ និង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ។

លោក សំ អុល៖ «អង្គការ​យូណេស្កូ​ឲ្យ​គាត់​ចុះ​ត្រួតពិនិត្យ​បង្គោលព្រំ​ប្រទល់​អប្សរា​ត្រង់​ណា ដែល​គាត់​សមរម្យ ដែល​គួរតែ​គ្រប់គ្រង កុំ​ឲ្យ​គាត់​គ្រប់គ្រង​ហួសហេតុ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​។ ខ្ញុំ​សង្ឃឹមថា អង្គការ​យូណេស្កូ ដែល​ជា​ប្រទេស​សេរី​មួយ សង្ឃឹមថា​គាត់​ចុះ​ជួយ​ប្រជាពលរដ្ឋ ដែល​ជួប​រងទុក្ខ​វេទនា​ពី​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា»។

ពលរដ្ឋ​ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​មិន​បាន​ចេញ​មក​ទទួល​ញត្តិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​នៅ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​មាន​អភិបាលស្រុក​ពួក ខេត្តសៀមរាប​លោក ស៊ិន ចាន់ថុល ចេញ​មក​ទទួល​ញត្តិ​។ អភិបាលស្រុក​ពួក លើកឡើង​ថា លោក​បាន​ទទួល​បញ្ហា​នេះ ហើយ​លោក​សន្យា​ថា ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ នឹង​មាន​ការ​ឆ្លើយតប​ត្រឡប់​ទៅវិញ ប៉ុន្តែ​លោក​មិនបាន​កំណត់​ថ្ងៃ​ណាមួយ​ជាក់លាក់​នោះ​ទេ។

ទន្ទឹម​នឹង​នេះ ពលរដ្ឋ​អះអាង​ថា ពួកគាត់​នឹង​មិន​បញ្ឈប់​ការ​ទាមទារ​នេះ​ទេ ពួកគាត់​នឹង​បន្ត​ការ​ដាក់​ញត្តិ​នៅ​តាម​ស្ថាប័នរដ្ឋ​ឯទៀត ដូចជា សាលាខេត្ត​សៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា រហូតដល់​មាន​ដំណោះស្រាយ ដែល​អាច​ទទួល​យក​បាន​សម្រាប់​ពួកគាត់។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ ទាន់​អាច​ទាក់ទង អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ដើម្បី​សុំ​ការ​ឆ្លើយ​តប​ការ​លើកឡើង​របស់​ពលរដ្ឋ​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១៦ ខែធ្នូ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​តែ​គ្មាន​អ្នកទទួល។

ទោះជា​យ៉ាងណា អ្នកសម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ (LICADHO) ខេត្តបាត់ដំបង លោក អ៊ិន គង់ជិត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ចុះទៅ​អង្កេត​នៅ​តំបន់​នោះ ហើយ​បាន​សង្កេត​ឃើញ​ថា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ដែល​ពលរដ្ឋ​ដាក់​ញត្តិ​នៅថ្ងៃនេះ គឺ​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​ប្រសាទ ហើយ​ពលរដ្ឋ​ភាគច្រើន​នៅ​តំបន់​នេះ សុទ្ធតែ​ជា​អ្នកភូមិ​ចាស់​រស់នៅ​តាំងពី​ដូនតា​មក​។ លោក​បន្ថែម​ថា ការ​ដាក់​ញត្តិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​នេះ ជា​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​។ លោក​ស្នើ​ដល់​រដ្ឋាភិបាល​បង្កើត​កិច្ចពិភាក្សា​ជាមួយ​ពលរដ្ឋ​នៅ​តំបន់​នេះ ដើម្បី​ដឹង​ពី​តម្រូវការ​របស់​ពួកគាត់។

លោក អ៊ិន គង់ជិត៖ «យើង​ឃើញថា មន្ត្រី​អាជ្ញាធរ​អប្សរា​ក្ដី អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ក្ដី អាជ្ញាធរ​រដ្ឋាភិបាល​ក្ដី តែងតែ​និយាយ​អំពី​គោលការណ៍​ស្ម័គ្រចិត្ត ប៉ុន្តែ​បើ​គោលការណ៍​ស្ម័គ្រចិត្ត​ម្ដេច​មិន​ផ្ដល់​សិទ្ធិ​ឲ្យ​គាត់​ចាត់ចែង ការ​កែ​សម្រួល ជួសជុល​សាងសង់​លំនៅឋាន​របស់​គាត់ ដែល​សំណង់​ខ្លះ​ចាស់​ទ្រុឌទ្រោម​ហើយ​ត្រូវការ​ការ​ជួសជុល ត្រូវការ​កែ​លម្អ អញ្ចឹង​សុខចិត្ត​ឲ្យ​ពួកគាត់​រស់នៅ​ដោយ​ប្រឈម​នឹង​ហានិភ័យ​នៃ​គ្រោះថ្នាក់ នៃ​សំណង់ផ្ទះ​ពួកគាត់​ដែល​ចាស់ៗ​ហ្នឹង​ហា»។

ទាក់ទង​នឹង​បញ្ហា​នេះ អង្គការ​យូណេស្កូ កាលពី​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា អង្គការ​យូណេស្កូ បារម្ភ​អំពី​ការ​ផ្លាស់​ទីលំនៅ​របស់​ពលរដ្ឋ​ដោយ​បង្ខំ។

អង្គការ​យូណេស្កូ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​គោរព​សិទ្ធិ​ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ ដោយ​ត្រូវ​អនុវត្ត​តាម​សំណើ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ ដែល​បាន​លាតត្រដាង​អំពី​ការរំលោភ​សិទ្ធិមនុស្ស​របស់​អាជ្ញាធរ​រដ្ឋាភិបាល​។ ករណីនេះ អង្គការ​យូណេស្កូ​សម្រេច​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជាត្រូវ​ដាក់​របាយការណ៍​ជាថ្មី​ពី​ស្ថានភាព នៃ​ការ​អភិរក្ស​រមណីយដ្ឋាន​អង្គរ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។ យូណេស្កូ​ថែមទាំង​តម្រូវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ចូល​ការ​ឆ្លើយតប​នឹង​សំណើ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​ចូលក្នុង​របាយការណ៍​ជាតិ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។