ប្រធាន​អង្គការ​ខ្មែរ​ម្នាក់​ត្រូវ​វៀតណាម​ចាប់​ខ្លួន​ពេល​ទៅ​មើល​ព្រំដែន​នៅ​ស្វាយរៀង

ជនជាតិ​វៀតណាម នៃ​ខេត្ត​ឡុងអាន (Long Ann) បាន​ចាប់​បុរស​ម្នាក់​ជា​ប្រធាន​អង្គការ​សិទ្ធិកុមារ ស៊ី រ៉ៃត៍ (C Rights) កាល​ពី​រសៀល​ថ្ងៃ​ទី​៤ ខែ​កក្កដា នេះ។

ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក ផែន ប៊ុនធឿន បាន​នាំ​កុមារ និង​យុវជន​ប្រមាណ ៤០​នាក់ ចុះ​មើល​បង្គោល​ព្រំដែន​លេខ​២០៣ នៅ​ចំណុច​ភូមិ​ធ្លកថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

យុវជន​ឈ្មោះ យឺន និវត្តន៍ ដែល​បាន​ចូល​រួម​ទៅ​តំបន់​ព្រំដែន​នោះ បាន​ឲ្យ​ដឹង​ថា ​ពលរដ្ឋ​វៀតណាម​បាន​នាំ​គ្នា​មួយ​ក្រុម​ចូល​មក​វាយ​ពួកគេ​ក្នុង​ទឹកដី​ខ្មែរ។ ក្រុម​ជនជាតិ​វៀតណាម ទាំង​នោះ បាន​ប្រើ​ដំបង​​ និង​ដុំ​ដី​ក្នុង​ពេល​​ប៉ះ​ទង្គិច​នោះ ហើយ​ពលរដ្ឋ​វៀតណាម មួយ​ចំនួន​កាន់​កាំបិត​នៅ​នឹង​ដៃ​ផង។ បន្ទាប់​ពី​ដេញ​វាយ ត្រូវ​ក្បាល​ប្រធាន​អង្គការ​នោះ​ហើយ ជនជាតិ​វៀតណាម បាន​នាំ​បុរស​នោះ​ចូល​ក្នុង​ទឹក​ដី​របស់​គេ​បាត់​ទៅ។ ទោះ​យ៉ាង​ណា​ករណី​នេះ​ពួកគេ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ខ្មែរ តែ​រហូត​មក​ដល់​ម៉ោង​ប្រមាណ ៧​យប់​ថ្ងៃ​ដដែល ពួកគេ​នៅ​ពុំ​ទាន់​ទទួល​បាន​ដំណឹង​ថា យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​​ក៏​ពុំ​ទាន់​អាច​ទាក់ទង​ដើម្បី​បញ្ជាក់​ព័ត៌មាន​បន្ថែម​បាន​នៅ​ឡើយ​ដែរ។

ទីតាំង​ដែល​ពលរដ្ឋ​វៀតណាម ចាប់​ខ្លួន​ប្រធាន​អង្គការ​ខ្មែរ​នេះ គឺ​ជា​ទីតាំង​តែ​មួយ​ដែល​ពលរដ្ឋ​ខ្មែរ និង​វៀតណាម បាន​ប៉ះ​ប្រយុទ្ធ​គ្នា​មួយ​ប្រាវ​បណ្ដាល​ឲ្យ​របួស​រៀងៗ​ខ្លួន កាល​ពី​ថ្ងៃ​​ទី​២៨ ខែ​មិថុនា។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ នៅ​ពេល​ដែល​ពលរដ្ឋ​វៀតណាម រារាំង​មិន​ឲ្យ​ខ្មែរ​ចូល​ទៅ​ពិនិត្យ​ព្រំដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។