អ្នកឃ្លាំមើល​ថា លោក ហ៊ុន សែន មិន​ពឹងផ្អែក​ប្រាក់ខែ​ត្រឹម​១០​លាន​រៀល​ទេ តែ​ពឹង​ផ្អែកលើ​អំពើពុករលួយ

0:00 / 0:00

អ្នកឃ្លាំមើល​មួយ​ចំនួន សំដែង​មន្ទិល​សង្ស័យ​ថា តើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​ទ្រព្យសម្បត្តិ​មក​ពី​ណា ព្រោះ​ប្រាក់ខែ​លោក​ទទួល​បាន​តិច​ជាង បី​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​? ពួកគេ បង្ហាញ​ចម្ងល់​បែបនេះ ដោយសារតែ លោក ហ៊ុន សែន ប្រកាស​ថា លោក​មាន​ប្រាក់ខែ​ផ្លូវការ​ចំនួន​ ១០​លាន​រៀល ឬ​ប្រមាណ​២ពាន់ ៥រយ (២.៥០០)​ ដុល្លារ ហើយ​លោក​សម្រេច​កាត់​ប្រាក់ខែ​ទាំងស្រុង​សរុប​រយៈពេល ១៤​ខែ ​ជូន​ក្រសួងសុខាភិបាល ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​-១៩​។​

លោក ហ៊ុន សែន មាន​ប្រភព​ចេញ​ពី​ត្រកូល​អ្នកមាន​ជីវភាព​សាមញ្ញ​ធម្មតា​មួយ​ហើយ​បាន​បម្រើ​ការងារ​ជា​យោធា ឬ​មាន​អាជីព​ជា​មន្ត្រី​បម្រើ​សេវា​ធាណៈ​ពេញ​មួយ​ជីវិត​ដែល​បច្ចុប្បន្ន​នេះ​លោក មាន​ប្រាក់ខែ​បាន ១០​លាន​រៀល ប៉ុន្តែ​បើ​ពិនិត្យ​ទៅលើ​ទ្រព្យសម្បត្តិ និង​ជីវភាព​របស់​នៅ​របស់​លោក​សព្វថ្ងៃ​នេះ​វិញ ខុសគ្នា​សឹង​មិន​គួរ​ឱ្យ​ជឿ​។ សព្វថ្ងៃ​នេះ លោក ហ៊ុន សែន មាន​រហស្សនាម​ថា ជា​បុរស​ខ្លាំង ជានាយឧត្តមសេនីយ៍​ផុត​លេខ​ពាក់​ផ្កាយ​មាស​ប្រាំង​នៅ​លើ​ស្មា និង​នៅ​លើ​ដៃ​ពាក់​នាឡិកា​ប្រភេទ​ល្បីៗ មានតម្លៃ​រាប់​លាន​ដុល្លារ។

ករណី​នេះ បាន​បង្កើត​សំណួរ​ជាច្រើន​ថា តើ​លោក ហ៊ុន សែន បាន​លុយ​ពី​ប្រភព​ណា ទើប​ធ្វើ​ឱ្យ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​ក្នុង​ពេល​សព្វថ្ងៃ​នេះ រហូត​លោក​មិន​ត្រូវ​ការប្រាក់​បៀវត្ស ១០​លាន​រៀល​នោះ​រយៈពេល​ជាង​ ១​ឆ្នាំ ដោយ​សុខចិត្ត​កាត់​ឱ្យ​ក្រសួង​សុខាភិបាល ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ វិញ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា ការណ៍​ដែល​លោក ហ៊ុន សែន រួមទាំង​មន្ត្រី​គ្រាក់ៗ ​ក្នុង​របប​របស់​លោក មានទ្រព្យ​សម្បត្តិ​ចាយវាយ​ខ្ជះខ្ជាយ និង​នាំគ្នា​បរិច្ចាគ​ប្រាក់ខែ​ឱ្យ​ក្រសួងសុខាភិបាល​នេះ ព្រោះ​ពួកគេ មិនដែល​ពឹង​ផ្អែកលើ​ប្រាក់ខែ​ដើម្បី​ចិញ្ចឹម​ជីវិត​នោះ​ទេ គឺ​ពួកគេ​ពឹង​ផ្អែកលើ​ចំណូល​បាន​មក​ពី​អំពើពុករលួយ​ជាច្រើន​ប្រភព​ដូចជា​លួច​ទ្រព្យសម្បត្តិ​ធនធាន​របស់​ជាតិ​ជាដើម៖ «អ្នក​ធ្វើការ​រាជការ​នៃ​របប​លោក ហ៊ុន សែន​នេះ គាត់​ធ្វើការ​មិនមែន ដើម្បី​យក​ប្រាក់​ខែ​មក​ចិញ្ចឹមជីវិត​ទេ គឺ​ធ្វើការ​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​យក​មក​ធ្វើ​មានបាន ព្រោះ​យើង​ដឹង​ហើយ​ថា ប្រទេស​ប្រជាធិបតេយ្យ ប្រទេស​ស្អាតស្អំ អ្នករាជការ​ធ្វើការ​បម្រើ​ជាតិ គេ​ធ្វើការ​នេះ ដើម្បី​បាន​ប្រាក់ខែ​ចិញ្ចឹមជីវិត​ហើយ​បើកាលណា​កាត់​ប្រាក់ខែ គេ​នឹង​ដាច់​របប​អាហារ​ហើយ ព្រោះ​គេ​រស់​ដោយសារ​ប្រាក់ខែ»។

កាល​ពី​ថ្ងៃ​ទី​២៦ មករា លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក​មាន​បៀវត្ស​ចំនួន ​១០​លាន​រៀល​ក្នុង​មួយខែ ប៉ុន្តែ​បង់ពន្ធ​អស់​ចំនួន ៩១​ម៉ឺន (៩១០.០០០) ​រៀល នៅសល់​ជាង ​៩​លាន ​(៩.០៩០.០០០) រៀល ឬ​ប្រមាណ​ជាង ២​ពាន់ ២រយ ​(២.២០០) ​ដុល្លារ ។ លោក​បញ្ជាក់​ថា បៀរវត្ស​ទាំងអស់​ដែល​នៅសល់​ក្រោយ​បង់ពន្ធ​នេះ លោក​សម្រេច​កាត់​ជូន​ក្រសួងសុខាភិបាល ​៧​ខែ​ទៀត ចាប់ពី​ខែ​កុម្ភៈ​ដល់​ខែ​សីហា។ ក្រោយ​ការប្រកាស​របស់​លោក ហ៊ុន សែន មិនបាន​ប៉ុន្មាន​ម៉ោង​ផង ក្រុម​មន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន មន្ត្រីរាជការ​ធំៗ តាម​រាជធានី​-​ខេត្ត​ព្រមទាំង​មន្ត្រី​តុលាការ មេ​ប៉ូលិស និង​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាដើម ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អំពើ​ពុករលួយ និង​រំលោភ​សិទ្ធិ​មនុស្ស ចាប់ផ្ដើម​បណ្ដាក់​ដូច​ខ្យង​ដើម្បី​កាត់​ប្រាក់ខែ​ដូច​លោក ហ៊ុន សែន ដែរ។

លោក អេង ឆៃអ៊ាង លើកឡើង​ថា ប្រាក់ខែ​បន្តិច​បន្តូច​របស់​លោក ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​នេះ ស្ទើរតែ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​មិន​ចង់​គ្រប់​ផង ដូច្នេះ ប្រសិនបើ​ពួកគេ​ពិត​ជា ពឹងផ្អែក​ប្រាក់ខែ​នេះ​តែមួយ​មុខ​នោះ គឺ​ប្រាកដជា​គ្មាន​លទ្ធភាព​បរិច្ចាគ​ប្រាក់ខែ​ជា​បន្តបន្ទាប់ និង​មិន​អាច​ឱ្យ​ពួកគេ​ម្នាក់ៗ ​មានទ្រព្យ​សម្បត្តិ​ច្រើន​រាប់មិនអស់​ដូចជា​ភូមិគ្រឹះ​ច្រើន​កន្លែង មាន​ឡាន និង​សម្ភារៈ​ទំនើបៗ ​សូម្បីតែ​ខ្សែ​ក្រវាត់ និង​នាឡិកាដៃ​តម្លៃ​រាប់​លាន​ដុល្លារ​នោះ​ទេ​។ លោក ​បន្ត​ថា ការ​បរិច្ចាគ​ប្រាក់ខែ​នេះ គឺជា​នយោបាយ​ប្រជាភិថុតិ​របស់​របប​លោក ហ៊ុន សែន ដើម្បី​បោក​ពលរដ្ឋ​ថា ពួកគេ​គិតគូរ​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ប៉ុន្តែ​រឿងរ៉ាវ​នៅ​ពីក្រោយ គឺ​ពួកគេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​រលួយ​ដល់​ឆ្អឹង រហូត​ធ្វើ​ឱ្យ​ប្រទេសជាតិ​ខ្សោះ​គ្មាន​ថវិកា សម្រាប់​ដោះស្រាយ​វិបត្តិ​ផ្សេងៗ​រួម​ទាំង​វិបត្តិ​ជំងឺ​កូវីដ​ជាដើម៖ «បើ​យើង​មើល​សម្ភារៈ​ទ្រព្យធន​របស់​មន្ត្រី​រាជកា​រលោក ហ៊ុន សែន វា​អត់​សមាមាត្រ​ជាមួយ​នឹង​ប្រាក់ខែ​ទេ ដូច្នេះ​វា​ជា​សញ្ញា​សួរ​ថា តើ​ពួកគេ​មាន​ដោយសារ​អី​គាត់​មាន​របរ​អី​ផ្សេង​ដើម្បី​មាន​បាន។ ដូច្នេះ​នេះ​បង្ហាញ​ពី​អំពើពុករលួយ​បាត់​ហើយ។ នៅ​ប្រទេស​គេ​ផ្សេង​ដូច​សិង្ហបុរី​អី​នេះ កាលណា​អ្នកណា​មានអី​លើស​ពី​ចំណូល​របស់​ខ្លួន ខាង​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ នឹង​ស៊ើបអង្កេត​ភ្លាម មិន​បណ្ដោយ​ដូច​ស្រុក​យើង​ទេ»។

លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១១ បាន​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សម្ងាត់​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​មិន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ។ លោក​បាន​បញ្ជាក់​នៅ​ពេល​នោះ​ថា លោក មិន​មាន​ប្រភព​ចំណូល​អ្វី​ផ្សេងទៀត​នោះ​ទេ ក្រៅពី​ប្រាក់បៀវត្សរ៍​ចំនួន ៤​លាន ៦​សែន​រៀល ឬ​ស្មើ​ប្រមាណ​ ១​ពាន់​ ៥​រយ ​(១.៥០០)​ដុល្លារ​​ក្នុង​មួយ​ខែ។ ក្រោយ​មក នៅ​ចុង​ឆ្នាំ​២០១៦ លោក ហ៊ុន សែន ប្រកាស​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៧ ប្រាក់ខែ​របស់​លោក ឡើង​ដល់​ ១០​លាន​រៀល ហើយ​ប្រាក់ខែ​រដ្ឋមន្ត្រី ឬ​ទេសរដ្ឋមន្ត្រី​ឡើង​ដល់​ ៤​លាន ៥​សែន​រៀល ប្រាក់ខែ​រដ្ឋលេខាធិការ​ឡើង ៣​លាន ៥​សែន​រៀល និង​ប្រាក់ខែ​អនុរដ្ឋលេខាធិការ​ឡើ​ដល់ ២​លាន ៨​សែន​រៀល។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន់ ចាន់ឡូត មើល​ឃើញ​ថា ទោះបីជា​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ខ្លួនឯង​ថា លោក​គ្មាន​ប្រភព​ចំណូល​ផ្សេង​ក្រៅពី​ប្រាក់ខែ​ក្តី ក៏​អ្នក​នៅ​ជុំវិញ​លោក រួមមាន​កូនចៅ​របស់​លោក សុទ្ធតែ​បាន​ក្លាយ​ជា​មហាសេដ្ឋី មាន​ជំនួញ​ក្នុង​ដៃ​ធំៗ ដូច្នេះ​ប្រសិនបើ​លោក​ប្រកាស​មិន​យក​ប្រាក់​ខែ​ជា​រៀង​រហូត ក៏​មិន​ប៉ះពាល់​ដល់​ជីវភាព​របស់​គាត់​ដែរ៖ «ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ ប៉ុន្តែ​អ្នកនយោបាយ បែរ​ជា​សំញែង​សម្ភារៈ​និយម​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នេះ វា​មិនបាន​ឆ្លុះបញ្ចាំង​អំពី​ភាពជា​អ្នក​ដឹកនាំ ដែល​ផ្សាភ្ជាប់​ខ្លួន​ដូចដែល​អ្នកនយោបាយ​ធ្លាប់​លើក​ឡើង​ថា យើង​កើត​មកពី​បាតដៃ​ទទេ យើង​រួមរស់​ជាមួយគ្នា តែ​យើង​មើល​អំពី​ជីវភាព​វិញ អ្នកនយោបាយ​មិនទាន់​ដឹង​អី​ផង មាន​ទ្រព្យធន​ហូរហៀរ​សំបូរ​បែប​អ៊ីចឹង​ទៅ។ សម្រាប់​ពលរដ្ឋ​នៅ​តែ​មាន​បញ្ហា​ជីវភាព​ជំពាក់​បំណុល​ជាដើម»។

របាយការណ៍​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ឆ្នាំ​២០១៨ បង្ហាញ​ថា គ្មាន​អ្វី​ចម្លែក​ទេ​ចំពោះ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់​ក្រុម​គ្រួសារ លោក ហ៊ុន សែន ព្រោះ​លោក បាន​ទទួល​ផលប្រយោជន៍​ជាច្រើន​ពី​ប្រព័ន្ធ​នៃ​អំពើពុករលួយ​ដ៏​ធំ​មួយ​ដែល​បាន​បង្កើត​ឡើង​ក្នុង​សម័យ​កាល​ក្រោម​ការដឹកនាំ​របស់​លោក ដូចជា​ផ្ដល់​អភ័យឯកសិទ្ធិ​ដល់​ក្រុម​ឧកញ៉ា​ដែល​រកស៊ី​ជំនួញ​មិន​ស្របច្បាប់​ជាច្រើន​នៅ​កម្ពុជា។

សកម្មជន​បរិស្ថាន​មួយ​រូប​​ទៀត​គឺ លោក វឿន វាសនា និយាយ​ថា លោក​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា លោក ហ៊ុន សែន មាន​ប្រាក់ខែ​ត្រឹម​ ១០​លាន​រៀល តែ​មាន​ទ្រព្យ សម្បត្តិ​សឹង​មិន​គួរ​ឱ្យ​ជឿ។ លោក​រិះគន់​របប​សព្វថ្ងៃ​នេះថា ជា​របប​លួច​ជាតិ​សុទ្ធសាធ៖ «មូលហេតុ​ដែល​ខ្ញុំ​ថា លោក ហ៊ុន សែន មិន​ខ្វះ​លុយ ព្រោះ​លោក ហ៊ុន សែន បឹង​ក៏​លក់ ហើយ​ទន្លេ ក៏​គាត់​លក់ ឱ្យ​ក្រុមហ៊ុន។ ព្រៃឈើ និង​ព្រៃភ្នំ ក៏​លោក ហ៊ុន សែន លក់​ខ្ទេចខ្ទី​អស់​ហើយ ប៉ុន្តែ​ពលរដ្ឋ​នៅតែ​មាន​ភាព​ក្រីក្រ»។

ថ្វី​ដ្បិត​លោក ហ៊ុន សែន មិន​កើត​មក​ជាមួយ​ទ្រព្យសម្បត្តិ និង​ជា​នាយករដ្ឋមន្ត្រី​មាន​ប្រាក់ខែ​ទាប​ក្តី ប៉ុន្តែ​ក្នុងអំឡុងពេល​នៃ​ការ​កាន់អំណាច​នេះ លោក​បាន​ប្រែ​ក្លាយ​ពូជ​អម្បូរ​របស់​លោក​ឱ្យ​ក្លាយ​ជា​អភិជន​មានទ្រព្យ​សម្បត្តិ​ហូរហៀរ សូម្បីតែ​ក្មួយៗ​ របស់​លោក​មួយ​ចំនួន​ដែល​មាន​ប្រវត្តិ​ជា​បងធំ ក៏បាន​ក្លាយ​ជា​មន្ត្រីរាជការ ជា​ឧកញ៉ា មហាសេដ្ឋី​ស្ទើរ​គ្រប់ៗ ​គ្នា​ដែរ។ លោក​មាន​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​នៅ​ជិត​វិមាន​ឯករាជ្យ និង​មាន​ភូមិគ្រឹះ​ដ៏​ធំ​មួយទៀត​ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ហើយក៏​មាន​ផ្ទះ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ដែរ​។ គ្រាន់តែ​នាឡិកាដៃ​ដែល លោក ហ៊ុន សែន ពាក់​ក៏​មាន​តម្លៃ​កប់​ពពក​ដែរ ក្នុង​នោះ​មាន​ប្រភេទ​នាឡិកាដៃ​ដ៏​ប្រណិត​ម៉ាក ផាថេក ហ្វីលីប (Patek Philip) ផលិត​នៅ​ប្រទេស​ស្វីស​ផលិត​តម្លៃ​ ១លាន ២សែន​ដុល្លារ​។ ជាមួយ​គ្នា​នេះ​គេ​ក៏​ប្រទះ​ឃើញ​ថា លោក ហ៊ុន សែន ធ្លាប់​ពាក់​នាឡិកា​ជា​ច្រើន​គ្រឿង​ទៀត​ ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ ៩​លាន​ដុល្លារ។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវីត​សុន (Alejandro Gonzalez Davidson) មានប្រសាសន៍ថា ទំហំ​ប្រាក់ខែ​របស់​លោក ហ៊ុន សែន នេះ បើ​ទោះ​បី​គាត់​ខំ​សន្សំ​រយៈពេល​ ៣០ឆ្នាំ​ដោយ​មិន​ចាយ​មួយ​រយ​រៀល​សោះ ក៏​មិន​គ្រប់​សម្រាប់​ទិញ​នាឡិកាដៃ​មួយ​គ្រឿង​ផង​។ លោក​បន្ត​ថា មេដឹកនាំ​ដូច​លោក ហ៊ុន សែន នេះ គ្មាន​ភាព​អៀនខ្មាស ក្នុង​ការ​សំញែង​ទ្រព្យសម្បត្តិ​និង​ពាក់​នាឡិកាដៃ​ថ្លៃៗ​ នោះ​ទេ ទោះបីជា​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក នៅតែ​ជាប់​ឈ្មោះ​ជា​ប្រទេស​ក្រីក្រ​ក៏ដោយ៖ «គាត់​អួត គាត់​ចង់​បង្ហាញ​អំពី​ទ្រព្យសម្បត្តិ​របស់​គាត់​ដោយ​អត់​មាន​អៀនខ្មាស​អី​ទាំងអស់ ផ្ទុយទៅវិញ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ បានដឹង​​ថា គាត់​មាន​ជាងគេ គាត់​មានអំណាច មាន​លុយ​ច្រើន​ជាងគេ ទើប​គាត់​ជា​បុរស​ខ្លាំង​ជាងគេ ទើប​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ហ៊ាន​ប្រឆាំង​គាត់»។

លោក អាឡិច លើកឡើង​ថា ក្នុង​ពេល​លោក ហ៊ុន សែន កំពុង​មាន​អំណាច​ពេញដៃ​បែបនេះ ប្រាកដជា​រក​ឃើញ​បទល្មើស​ឬ​អំពើពុករលួយ​របស់​លោក​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​លោក​អស់អំណាច​នោះ ប្រាកដ​នឹង​ត្រូវ​បាន​គេ​រក​ឃើញ​អំពើពុករលួយ​ជាច្រើន​ដូច​ករណី​អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី​ដែរ៖ «នៅ​ពេល​ដែល​លោក ហ៊ុន សែន អស់អំណាច គឺ​ប្រជាជន​ខ្មែរ មិន​ត្រឹម​សង្ស័យ​ជា​ខ្លាំង​ទេ ពួកគេ​នឹង​ដឹង​ច្បាស់ ​១០០ភាគរយ​ដោយមាន​ឯកសារ និង​មាន​ភស្តុតាង​ដែល​នឹង​បង្ហាញ​ថា គាត់ (លោ ក ហ៊ុន សែន ) ជា​មនុស្ស​មហា​ពុករលួយ​ខ្លាំង»។

ជុំវិញ​ការ​ចោទសួរ​រឿង​លោក ហ៊ុន សែន មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ប្រាក់ខែ​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បញ្ជាក់​ថា មនុស្ស​មិន​គួរ​មាន​ចម្ងល់​ចង់​ដឹង​ពី​ប្រភព​លុយ​របស់​លោក ហ៊ុន សែន មក​ពី​ណា​បាន​នាឡិកា​មក​ពី​ណា និង​ទ្រព្យសម្បត្តិ​មក​ពី​ណា​នោះ​ទេ​។ លោក សុខ ឥសាន អះអាង​ថា ប្រាក់​លោក ហ៊ុន សែន ជា​ប្រាក់​ស្របច្បាប់ មិនមែន​បាន​មក​ដោយសារ​ជួញដូរ​ថ្នាំញៀន​ទេ៖ «គេ​ប្រមុខរដ្ឋ គេ​នាយករដ្ឋមន្ត្រី គេ​មានការ​ទទួលខុសត្រូវ ហើយ​បើ​កាល​ណា​យើង​ដេញដោល តាំងពី​រឿង​បុគ្គល តាំងពី​រឿង​ខោស្លីប តាំងពី​រឿង​ក្រម៉ា គេ​ស្លៀក​មក អាហ្នឹង វា​អត់​ត្រូវ​រឿង​ទេ វា​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​របស់​គេ​ហើយ។ អា​ហ្នឹង​ខ្ញុំ​ចង់​ជម្រាប​ប្អូន​អ៊ីចឹង»។

របាយការណ៍ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វី​នេស (Global Witness) ផ្សាយ​កាលពី​ឆ្នាំ​២០១៦ បង្ហាញ​ថា ត្រកូល "​ហ៊ុន​" កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន ។ គ្រួសារ​ត្រកូល "​ហ៊ុន​" បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ​២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​។ ចំនួន​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹកប្រាក់​ដែល​ដាក់​ចេញ​ឱ្យ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល "​ហ៊ុន​" ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួងពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លបល វីនេស អះអាង​ថា ពួកគេ​មាន​ភាគហ៊ុន​ច្រើនជាង​នេះ ប៉ុន្តែ​លាក់​ព័ត៌មាន​។ ប្រទេស​កម្ពុជា នៅតែ​បន្ត​ជាប់​ចំណាត់ថ្នាក់​អាក្រក់​ជាង​ប្រទេស​នានា ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក​ខាង​ប្រព្រឹត្តិ​អំពើពុករលួយ​។ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​បង្ហាញ​សន្ទស្សន៍​នៃ​ការ​វាយតម្លៃ​ពី​អំពើពុករលួយ​ឆ្នាំ​២០២០ ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៦០ ក្នុងចំណោម​ប្រទេស និង​ដែនដី​សរុប​ចំនួន ១៨០ ដែល​ចំណាត់ថ្នាក់​នេះ អន់​ជាង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ​(Myanmar)​ វៀតណាម និង​ឡាវ ទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។