កម្មករ​នៅ​កំពង់ចាម​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​តំណាង​សហជីព​ចូល​ធ្វើ​ការ

តំណាង​កម្មករ​កំពុង​ប្រឈម​មុខ​ជាមួយ​បញ្ហា​ផ្សេងៗ បន្ទាប់​ពី​ការ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​បាន​ស្ងាត់​ទៅ​វិញ។ តំណាង​កម្មករ​នៅ​ខេត្ត​កំពង់ចាម ជា​ច្រើន​នាក់ ត្រូវ​បាន​ខាង​ភាគី​រោងចក្រ​មិន​ទាន់​ឱ្យ​ចូល​ធ្វើ​ការ​វិញ​ឡើយ ជា​ហេតុ​ធ្វើ​ឱ្យ​កម្មករ​នាំ​គ្នា​តវ៉ា​មិន​ព្រម​ចូល​ធ្វើ​ការ ដើម្បី​ទាមទារ​ឱ្យ​តំណាង​របស់​ពួក​គាត់​បាន​ចូល​ធ្វើ​ការ​ឡើង​វិញ ពីព្រោះ​ពួក​គាត់​យល់​ថា ការ​បាត់​បង់​សហជីព គឺ​ធ្វើ​ឱ្យ​កម្មករ​ត្រូវ​ធ្វើ​ការ​ដោយ​មិន​ស្ងប់​ចិត្ត និង​មាន​គំនាប​ផ្សេងៗ​ពី​រោងចក្រ។

0:00 / 0:00

កាល​ពី​ថ្ងៃ​ទី​១០ មករា ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា នៃ​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co Ltd) លោក ចន ធាង បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ដឹក​នាំ​សហជីព​លោក​មួយ​ចំនួន ត្រូវ​បាន​ខាង​ភាគី​រោងចក្រ​ព្យួរ​ការងារ​រយៈពេល ៤​ខែ ដោយ​គិត​ថ្លៃ​ឈ្នួល ៥០​ភាគរយ និង​គំរាម​ថា​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ពី​បទ​បាន​ញុះញង់​កម្មករ​ឱ្យ​ធ្វើ​បាតុកម្ម​នា​ពេល​កន្លង​ទៅ។ លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ​វា​ជា​រឿង​មិន​ត្រឹមត្រូវ ពីព្រោះ​លោក​បាន​ធ្វើ​ឱ្យ​តាម​ការ​ចង់​បាន​របស់​កម្មករ​នូវ​ការ​ដំឡើង​ប្រាក់​ខែ​គោល​សមរម្យ​សម្រាប់​ការ​រស់​នៅ​ក្នុង​សង្គម។

កម្មករ​រោងចក្រ មេតថេក ខេមបូឌា ជាច្រើន​រយ​នាក់ នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ ដោយ​មិន​ព្រម​ចូល​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​១៤ មករា ដរាប​ណា​ភាគី​រោងចក្រ​មិន​យល់​ព្រម​អនុញ្ញាត​ឱ្យ​តំណាង​សហជីព​របស់​ពួក​គាត់​បាន​វិល​ត្រឡប់​ចូល​ធ្វើ​ការ​ជា​ធម្មតា​វិញ​នោះ។

កម្មករ​រោងចក្រ​ម្នាក់​ដែល​ធ្វើ​ការ​រយៈពេល ២​ឆ្នាំ​មក​ហើយ គឺ​អ្នកស្រី លឹម ឡៃហ៊ាង បាន​មាន​ប្រសាសន៍​ថា ពួក​គាត់​នាំ​គ្នា​មក​ឈរ​តវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត ដើម្បី​ទាមទារ​ឱ្យ​តំណាង​របស់​អ្នកស្រី​ជិត ១០​នាក់ បាន​ចូល​ធ្វើ​ការ​ដូច​ដើម​វិញ។ អ្នកស្រី​បន្ត​ថា ការ​បាត់​បង់​សហជីព ប្រៀប​ដូច​ជា​ការ​បាត់​បង់​ឪពុក​ម្តាយ ដែល​វា​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​បាប ឬ​គាប​សង្កត់​ពី​សំណាក់​ភាគី​រោងចក្រ ពីព្រោះ​កម្មករ​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា បើ​គ្មាន​មេ​នោះ​ទេ។

អ្នកស្រី លឹម ឡៃហ៊ាង៖ «បើ​មាន​សហជីព ខ្ញុំ​មាន​បញ្ហា​អី​ខ្ញុំ​អាច​ទាក់ទង​ទៅ​សហជីព​ឱ្យ​ជួយ​ខ្ញុំ​បាន ចុះ​បើ​អត់​មាន​សហជីព អត់​មាន​នរណា​អាច​ទាមទារ​អី​បាន មាន​អ្នក​ណា​គេ​ជួយ​យើង? អ៊ីចឹង ខ្ញុំ​ទាមទារ​ហៅ​សហជីព​ទាំងអស់​ចូល​វិញ ខាង​សហជីព​សហព័ន្ធ។ បើ​អត់​បាន​ចូល ខ្ញុំ​អត់​ព្រម កម្មករ​ទាំងអស់​គេ​ទោះ​ជា​អ្នក​ចូល​ក៏​អារម្មណ៍​អត់​នឹងនរ​ដែរ។ អ្នក​នៅ​ខាង​ក្រៅ​ហ្នឹង ក្នុង​ចិត្ត​ក្នុង​បេះដូង ទាមទារ​ឱ្យ​តែ​សហជីព​ចូល​តែ​ប៉ុណ្ណឹង​ទេ»

អ្នកស្រី​បន្ថែម​ថា ក្រៅ​ពី​តម្រូវ​ឱ្យ​ភាគី​រោងចក្រ​យល់​ព្រម​ឱ្យ​តំណាង​របស់​គាត់​ចូល​ធ្វើ​ការ​នោះ កម្មករ​ក៏​ទាមទារ​ឱ្យ​ភាគី​រោងចក្រ​ដក​ពាក្យ​បណ្ដឹង​ចេញ​វិញ ពីព្រោះ​កម្មករ​យល់​ថា តំណាង​សហជីព​របស់​ខ្លួន គឺ​ធ្វើ​ដើម្បី​កម្មករ ដោយ​មិន​មាន​អ្វី​ខុស​នោះ​ឡើយ។

ចំណែក​ឯ​កម្មករ​មួយ​រូប​ទៀត ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ពួក​គាត់​បាន​ចូល​ធ្វើ​ការ​ដោយ​គ្មាន​តំណាង​សហជីព​មក កម្មករ​តែង​រង​ការ​គាប​សង្កត់​ជាច្រើន​ពី​សំណាក់​ភាគី​រោងចក្រ ទាំង​ការ​និយាយ​ស្តី និង​គំនាប​ផ្សេងៗ​ទៀត​ជាដើម៖ «ឧទាហរណ៍​ទៅ​បន្ទប់​ទឹក​អី ទៅ​យូរ​ក៏​មិន​បាន ឧទាហរណ៍​គ្នា​ជួប​គ្នា​សួរ​គ្នា​ថា ទៅ​ណា​ទៅ​ណី​អី ក៏​មិន​បាន សុទ្ធតែ​ពួក​យើង​ពួក​និយាយ​គ្នា​ថា​ឱ្យ​ពួក​ខ្ញុំ​សុទ្ធតែ​អី​ណា​អី​ណី។ អត់​ពាក់​មួក​កាត់​លុយ។ គាប​សង្កត់​ហ្នឹង ដូច​ថា​មក​យឺត ១០​នាទី ជួន​កាល​ឡាន​ខូច​ឡាន​អី​ហ្នឹង គេ​ដេញ​ពួក​ខ្ញុំ​អត់​ឱ្យ​ចូល​ធ្វើ​ការ​ទេ»

អតីត​ប្រធាន​ផ្នែក​រដ្ឋបាល និង​បច្ចុប្បន្ន​ជា​អ្នក​បកប្រែ​ភាសា​ចិន នៅ​ក្នុង​រោងចក្រ មេតថេក ខេមបូឌា លោក សម សីហា បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​ចំពោះ​ការ​តវ៉ា​របស់​កម្មករ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ថ្មីៗ​នេះ ខាង​ភាគី​រោងចក្រ​បាន​ទទួល​លិខិត​អញ្ជើញ​ពី​ខាង​មន្ទីរ​ការងារ​ខេត្ត ដើម្បី​ទៅ​ដោះស្រាយ​នៅ​ថ្ងៃ​ទី​១៥ មករា ជុំវិញ​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​រោងចក្រ។

អភិបាល​រង​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​ផ្នែក​ដោះស្រាយ​ទំនាស់​កូដកម្ម និង​បាតុកម្ម លោក ជីម លាវ បាន​មាន​ប្រសាសន៍​ថា ខាង​អាជ្ញាធរ​នឹង​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ជុំវិញ​បញ្ហា​នេះ រវាង​ភាគី​រោងចក្រ និង​ភាគី​តំណាង​កម្មករ។ ប៉ុន្តែ លោក​ចង់​ឱ្យ​កម្មករ​ទាំងអស់​នាំ​គ្នា​ចូល​ធ្វើ​ការ​ដូច​ធម្មតា​វិញ ហើយ​ប្រសិន​បើ​មាន​ការ​ទាមទារ ឬ​ការ​មិន​ពេញ​ចិត្ត​ណា​មួយ គប្បី​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​សំណុំ​បែប​បទ​ត្រឹមត្រូវ ជៀសវាង​ការ​មិន​ព្រម​ចូល​ធ្វើ​ការ ដែល​ធ្វើ​ឱ្យ​ខាត​បង់​ប្រយោជន៍​ទាំង​សង​ខាង។

លោក ជីម លាវ៖ «ចង់​ឱ្យ​កម្មករ​ចូល​ធ្វើ​ការ រីឯ​ការ​ទាមទារ​យ៉ាង​ម៉េច​នោះ យើង​ចេះ​តែ​តាម​ទារ​ទៅ។ យើង​ដាក់​ញត្តិ​ដាក់​អី​ទៅ​ទាមទារ​ទៅ។ ចង់​ធ្វើ​ម៉េច​យើង​ធ្វើ​ការ​បាន​សន្តិភាព​ទាំងអស់​គ្នា កុំ​ឱ្យ​មាន​បញ្ហា។ អ្វី​ដែល​កម្មករ​ទាមទារ​ឱ្យ​តំណាង​យើង​ធ្វើ​ការ យើង​ទាមទារ​ទៅ​ខាង​សហជីព​ហ្នឹង គាត់​ក៏​មាន​មេ​គាត់។ បាទ! ឱ្យ​មេ​គាត់​មក​ចរចា​ជាមួយ​រោងចក្រ ឬ​ក៏​មេ​គាត់​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ ប្រសិន​បើ​មិន​អាច​ទំនាក់ទំនង​បាន ជួប​ខ្ញុំ​ផ្ទាល់​ក៏​បាន​ដែរ។ ខ្ញុំ​នឹង​ទៅ​ដល់​រោងចក្រ​ទាំងអស់​គ្នា ពិភាក្សា​គ្នា ឬ​ក៏​អញ្ជើញ​ភាគី​រោងចក្រ និង​តំណាង​សហជីព​មក​ជជែក​គ្នា​នៅ​សាលា​ខេត្ត​ក៏​បាន​ដែរ»

លោក​បន្ត​ថា ជា​ការ​ប្រសើរ​បំផុត ទាំង​ភាគី​រោងចក្រ និង​ភាគី​កម្មករ គប្បី​ធ្វើ​យ៉ាង​ណា​ត្រូវ​គោរព​គោលការណ៍​ច្បាប់​ជា​ធំ។ ប្រសិន​បើ​មាន​បញ្ហា​ពិបាក​ដោះស្រាយ ភាគី​ទាំង​ពីរ​គប្បី​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច ដើម្បី​ធ្វើ​ជា​អាជ្ញា​កណ្ដាល​ក្នុង​ការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទាំងអស់ ជៀសវាង​ការ​ធ្វើ​អ្វី​មួយ​ទៅ​តាម​ការ​នឹក​ឃើញ ប្រៀប​ដូច​ជា​មិន​មាន​ច្បាប់​ទម្លាប់​សម្រាប់​គ្រប់គ្រង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។