ក្រុមបុគ្គលិក និងកម្មករនៃព្រលានយន្តហោះ អន្តរជាតិខេត្តសៀមរាប ជាង១០០នាក់បាននាំគ្នាធ្វើកូដកម្មជាថ្មីទៀត ប្រឆាំងនិងអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអេស ស៊ី អេ ខេមស៍ (SCA/CAMS) កាលពីព្រឹកថ្ងៃច័ន្ទទី២៤ ខែវិច្ឆិកា។
ក្រុមកម្មករចោទអ្នកគ្រប់គ្រងជនជាតិបារាំងថា បានរំលោភលើសិទ្ធិការងាររបស់កម្មករខ្មែរ ដែលមានចែងនៅក្នុងអនុសញ្ញារួមជាច្រើនចំណុច។
សហជីពកម្មករព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ព្រមានថា គេនឹងដឹកនាំបុគ្គលិកកម្មករ ធ្វើកូដកម្ម ចាប់ពីពេលនេះតទៅដោយមិន កំណត់ថ្ងៃបញ្ឈប់ទេ ប្រសិនបើអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ អេស ស៊ី អេ ខេមស៍ (SCA/CAMS) នៅតែប្រកាន់ឥរិយាបថរឹងត្អឹង មិនចេញមកចរចារកដំណោះស្រាយ។
តាំងតែពីម៉ោង៨ព្រឹកថ្ងៃច័ន្ទ សហជីព បានដឹកនាំបុគ្គលិកកម្មករប្រមាណជាង១០០នាក់ ធ្វើកូដកម្ម នៅមុខច្រកទ្វារចូលព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។
ប្រធានសហជីពកម្មករ ឧស្សាហកម្មទេសចរណ៍កម្ពុជានៃព្រលានយន្តហោះសៀមរាប គឺ លោក រ៉ន រ៉ាវ៉ាន់ មានប្រសាសន៍ថា សហជីពកម្មករទាមទារឱ្យអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ ដែលជាជនជាតិបារាំង គោរពតាមលក្ខខណ្ឌ៧ចំណុច ដូចជាឱ្យក្រុមហ៊ុនបញ្ឈប់ការជួលបុគ្គលិកពីខាងក្រៅ មកធ្វើការ ឱ្យក្រុមហ៊ុនពិនិត្យមើលឡើងវិញលើ ប្រាក់បៀរវត្ស របស់បុគ្គលិកផ្នែកបើកបរ ទាមទារឱ្យក្រុមហ៊ុនត្រូវបើកប្រាក់ឧបត្ថម្ភថ្លៃអាហារផ្សេង ពីប្រាក់ខែ ជៀសវាងរដ្ឋកាត់យកពន្ធ និងទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកម្នាក់ឈ្មោះ និន កុសល មកត្រឡប់ចូលធ្វើការវិញជាដើម។
លោក រ៉ន រ៉ាវ៉ាន់ បញ្ជាក់ថា បញ្ហាទាំងនេះបានកើតមានតាំងតែពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ។ កាលណោះកម្មករធ្លាប់ធ្វើកូដកម្មម្ដងមកហើយ។ នៅពេលកម្មករតវ៉ា អាជ្ញាធរខេត្តសៀមរាប ធ្លាប់ចេញមុខជួយសម្របសម្រួល ឱ្យដាក់បញ្ចូលបញ្ហាទាំងអស់ទៅក្នុងអនុសញ្ញារួមថ្មី រវាងក្រុមហ៊ុននិងកម្មករ ក៏ប៉ុន្តែនៅពេលដែលសហជីពយកបញ្ហាទាំងអស់ ដាក់បញ្ចូលទៅក្នុងអនុសញ្ញារួមថ្មីបែរជាក្រុមហ៊ុន មិនគោរពតាមដដែល។ លោក រ៉ន រ៉ាវ៉ាន បញ្ជាក់ថាការធ្វើកូដកម្មពេលនេះ គឺជាការដាក់សម្ពាធឱ្យតំណាងក្រុមហ៊ុនត្រូវតែចេញមុខមកចរចា៖ «បើសិនណាខាងភាគីក្រុមហ៊ុនមិនមានចេតនាដោះស្រាយ គឺយើងនឹងបន្តធ្វើរហូតទាល់តែមានដំណោះស្រាយ ពីព្រោះលើកនេះមិនអាចផ្អាកនៅកណ្ដាលទីបានទេ»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប ដើម្បីសុំការបកស្រាយជុំវិញការចោទប្រកាន់នេះ បានថាយ៉ាងណានៅឡើយ។
បន្ទាប់ពីកូដកម្មចាប់ផ្ដើម នៅមុខព្រលានយន្តហោះ ក្រុមហ៊ុន និងអាជ្ញាធរបានរាយបណ្ដាក់កម្លាំងសន្តិសុខឯកជន កងទាហាន និងប៉ូលិសប្រដាប់ដោយខែលនិងដំបងជាច្រើន ដើម្បីចាំរារាំងនៅច្រកខ្លោងទ្វារចូល។
ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាប លោក ច័ន្ទ សុខុមចិត្តា មានប្រសាសន៍ថា កាលពីឆ្នាំ២០១៣ ទំនាស់រវាងកម្មករ និងអ្នកគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ត្រូវបានអាជ្ញាធរប្រឹងប្រែងដោះស្រាយ ឱ្យសុខនិងគ្នាម្ដងមកហើយ តាមរយៈឱ្យដាក់បញ្ចូលបញ្ហាទាំងឡាយទៅក្នុងអនុសញ្ញារួម។ ក៏ប៉ុន្តែថ្មីៗនេះលោក ទទួលបានលិខិតជូនដំណឹងពីសហជីពធ្វើកូដកម្ម ដោយថា ក្រុមហ៊ុនមិនបានគោរពតាមអនុសញ្ញារួម។ លោក ច័ន្ទ សុខុមចិត្តា បញ្ជាក់ថា មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្តសៀមរាប ក៏ប្រឹងប្រែងដោះស្រាយបញ្ហានេះ ដោយមិនចង់ឱ្យធ្វើកូដកម្មទេ៖ «គាត់បានស្នើឱ្យដកលោក ភួង សុជាតិ និងលោក សា រ៉ុម ចេញពីអ្នកគ្រប់គ្រងអាហ្នឹង ជាចំណុចថ្មី។ បើនិយាយទៅគាត់សុំធ្វើកូដកម្មនេះមាន៧ចំណុច ប៉ុន្តែ៥ចំណុចក្រុមប្រឹក្សាអាជ្ញាកណ្ដាលកាត់ហើយ គាត់ធ្វើកូដកម្ម។ ២ចំណុចទៀតថ្មីអត់អាចធ្វើកូដកម្ម ទាមទារ២ចំណុចហ្នឹងទេ។ គឺពហុជំនាញនេះមួយដែរត្រូវតែបញ្ជូនទៅទៀត ខ្ញុំអត់ដោះស្រាយកើតទេ»។
កាលពីម៉ោងជាង១០ព្រឹកថ្ងៃច័ន្ទ ក្រុមកម្មករបានបញ្ជូនតំណាងរបស់គេ៥នាក់ ឱ្យចូលទៅក្នុងព្រលានយន្តហោះ ដើម្បីជួបចរចាជាមួយប្រធានអាកាសចរណ៍ស៊ីវិល ក៏ប៉ុន្តែការជួបជជែកជាង២ម៉ោងមិនទទួលបានលទ្ធផលអ្វីឡើយ។
អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តសៀមរាប ដែលតាមឃ្លាំមើលកូដកម្មនោះ លោក សួស ណារិន សំដែងការព្រួយបារម្ភ ខ្លាចក្រែងមានការប៉ះទង្គិចគ្នារវាងកម្មករដែលធ្វើកូដកម្ម ជាមួយនិងកម្លាំងប៉ូលិស ទាហាន និងសន្តិសុខឯកជនជាច្រើននាក់ ដែលរាយបណ្ដាក់នៅខាងមុខនោះ។ លោក សួស ណារិន ផ្ដល់អនុសាសន៍ថា ខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍ មិនអាចឱ្យសមត្ថកិច្ចប្រើហិង្សា បង្ក្រាបទៅលើអ្នកតវ៉ា ដូចជានៅទីក្រុងភ្នំពេញបានទេ យកល្អគឺអាជ្ញាធរត្រូវតែប្រញាប់ចេញមុខដោះស្រាយ ដើម្បីបញ្ចប់បញ្ហាទាំងឡាយ ដើម្បីកុំឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។