មន្ត្រីសហជីពឲ្យដឹងថា គណៈកម្មការជំនាញនៃរដ្ឋសភា ដែលទទួលបន្ទុកពាក្យបណ្ដឹងសន្យាថានឹងលើកបញ្ហាប្រាក់ឈ្នួល តាមការទាមទារ របស់កម្មករ ទៅពិភាក្សាលម្អិតជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលជួបគ្នានៅវិមានរដ្ឋសភា។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ អះអាងថាការចរចារឿងប្រាក់ខែគោលសមរម្យ ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ទាំងពីរគណបក្សនយោបាយ មិនទាន់ទទួលបានលទ្ធផលជាដុំកំភួនអ្វីនៅឡើយទេ ក្រៅពីការសន្យាថានឹងយកការសន្ទនាទ្វេភាគីកាលពីព្រឹកថ្ងៃទី ១៣ តុលា ទៅជជីកដេញដោលជាមួយស្ថាប័នជំនាញនៃក្រសួងការងារ នៅព្រឹកថ្ងៃទី ១៤ តុលា បន្តទៀត។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ឲ្យដឹងក្រោយជួបជាមួយ សមាជិកសភា ថាការចរចារឿងប្រាក់ខែគោលដូចការទាមទាររបស់កម្មករនោះ នូវមិនទាន់បានសម្រេចអ្វីទាំងអស់នៅឡើយទេ។ លោកថ្លែងបន្តថា គណៈកម្មការជំនាញនៃរដ្ឋសភា ទាំងពីរគណបក្សនយោបាយ បានអះអាងថាការដំឡើងបាន ឬថាមិនបានយ៉ាងណានោះ នឹងត្រូវលើកឡើងជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងការជជែកដេញដោលនៅវិមានរដ្ឋសភា។ លោកបន្តថា៖ «ទាក់ទងទៅនឹងកិច្ចប្រជុំនៅការិយាល័យទីមួយនៃរដ្ឋសភាមិញ គឺយើងបានពិភាក្សាទៅលើសំណើរបស់សហព័ន្ធសហជីព ដែលបានស្នើកាលពីថ្ងៃទីម្សិលមិញ។ ទីមួយគណៈកម្មការរដ្ឋសភាគាត់នឹងធ្វើការកោះហៅ ឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីមកធ្វើការពិភាក្សាជុំវិញសំណើរបស់សហជីព។ ក្នុងនោះគាត់ក៏បានត្រៀមអញ្ជើញខាងភាគីនិយោជិកឲ្យចូលរួមក្នុងការពិភាក្សានេះដែរ»។
យ៉ាងណាក៏ដោយក្រុមមេដឹកនាំសហជីពព្រមានថា បើរដ្ឋាភិបាលនៅមិនអាចដំឡើងប្រាក់ខែបានដូចការចង់បានរបស់កម្មករទេ នៅព្រឹកថ្ងៃទី ១៤ តុលា កម្មករនឹងបន្តតវ៉ាឡើងវិញហើយក្នុងទ្រង់ទ្រាយធំថែមទៀតផង។
នៅព្រឹកថ្ងៃអង្គារទី១៤ តុលា បើតាមគម្រោងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចូលទៅរដ្ឋសភា ដើម្បីឆ្លើយសំណួរពីលទ្ធភាពនៃការដំឡើងប្រាក់ខែគោលសម្រាប់កម្មករ។ ការចូលទៅឆ្លើយរបស់ លោករដ្ឋមន្ត្រីនេះ ជាភាពកម្រមួយ ក្នុងពេល៤អាណត្តិកន្លងទៅ គឺជាការឆ្លើយតបតាមការកោះអញ្ជើញពីគណៈកម្មការទីប្រាំបីនៃរដ្ឋសភា។
ដោយឡែកអនុប្រធានគណៈកម្មការទី១០ និង ជាសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា លោក សិទ្ធ ប៊ុនហុក ថ្លែងនៅចំពោះមុខមេដឹកនាំសហជីពទាំង៦ កាលពីព្រឹកថ្ងៃទី ១៣ តុលា ថា ទុក្ខរបស់ប្រជាពលរដ្ឋគឺជាទុក្ខរបស់អ្នកតំណាងរាស្ត្រដែរ។ លោកអះអាងថា ហេតុនេះចាំបាច់ណាស់ ត្រូវរួមគ្នាដោះស្រាយក្នុងរឿងនេះ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងលោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងមន្ត្រីនាំពាក្យក្រសួងការងារបានទេដោយទូរស័ព្ទ មិនអាចហៅចូលបាននៅថ្ងៃទី ១៣ តុលា។
បើទោះជាបែបណាលោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងអង្កេត និង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អះអាងដោយមុតមាំថាក្នុងនាមជាសមាជិកសភានឹងចាត់វិធានការក្នុងរឿងនេះ តាមមធ្យោបាយនានា ដើម្បីទម្លាយភាពជាប់គាំងនេះ។ លោកបន្តថា «យើងនឹងយកកម្មករដែលគាត់លើកឡើងនេះ ទៅជជែកពិភាក្សាជាមួយពួកគាត់បាទ ហើយនៅការងារមួយចំនួនទៀត។ យើងនឹងធ្វើអន្តរាគមន៍ តាមសមត្ថកិច្ចរបស់រដ្ឋសភា ដូចជាយើងអាចធ្វើសំណើទៅនាយករដ្ឋមន្ត្រី ឬទៅស្ថាប័នរដ្ឋពាក់ព័ន្ធ»។
លោក ប៉ាវ ស៊ីណា និយាយថាសំណូមពររបស់សហជីព គ្មានអ្វីក្រៅពីស្នើឲ្យរដ្ឋាភិបាល ដោះស្រាយប្រាក់ខែគោលដល់កម្មករឲ្យបានសមរម្យ និងទម្លាក់ចោលបទចោទប្រឆាំងសហជីព។ លើសពីនេះទៀត លោកស្នើឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញ ចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធលើសលប់ ជាពិសេសនៅតាមតំបន់សេដ្ឋកិច្ចពិសេស។ ក្នុងន័យនេះលោកចាត់ទុកថា ជាកម្លាំងដែលទុកបម្រើឲ្យឈ្មួញហើយប្រឆាំងកម្មករទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។