យុវជន​មួយ​ចំនួន​ធ្វើ​យុទ្ធនាការ​លើ​ហ្វេសប៊ុក ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង

0:00 / 0:00

យុវជន​មួយ​ចំនួន រួម​គ្នា​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​អប់រំ​លើ​បណ្ដាញ​សង្គម​ហ្វេស៊បុក កុំ​ឲ្យ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង និង​ថត​បង្ហោះ​ស្រា​លើ​ហ្វេសប៊ុក​ត​ទៅ​ទៀត ដើម្បី​ចូល​រួម​កាត់​បន្ថយ​ការ​ប្រើ ប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា។ អ្នក​ជំនាញ​ផ្នែក​សុខភាព​ចាត់​ទុក​យុទ្ធនាការ​នេះ​ថា ជា​ប្រការ​ល្អ​មួយ និង ការ​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពន្លឿន​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​ឲ្យ​បាន​ឆាប់ ។

យុទ្ធនាការ​កុំ​បង្ហោះ​ស្រា​លើ​ហ្វេសប៊ុក​នេះ ជា​យុទ្ធនាការ​ថ្មី​មួយ​ទៀត ដើម្បី​ចូល​រួម​កាត់​បន្ថយ​ការ​ប្រើ ប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា។យុទ្ធការ​នេះ ចូលរួម​ផ្ដើម​គំនិត​ដោយ​អតីត​អ្នក​ទោស​មនសិការ និង ជា​អ្នក កែម ឡីនិយម មួយ​រូប គឺ​យុវជន គង់ រ៉ៃយ៉ា ព្រម​ទាំង​យុវជន​ប្រមាណ ១០០នាក់​ផ្សេង​ទៀត។

យុវជន គង់ រ៉ៃយ៉ា ប្រាប់​អាស៊ី​សេរី​ថា យុទ្ធនាការ​កុំ​បង្ហោះ​ស្រា​លើ​ហ្វេស៊បុក​នេះ​ ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ ចន្ទ​សប្ដាហ៍​មុន ហើយ​គ្រោង​ធ្វើ​រយៈ​ពេល ៦ខែ ដើម្បី​ឈាន​ទៅ​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិត​គ្រឿង​ស្រវឹង។ លោក​មើល​ឃើញ​ថា បន្ទាប់​ពី​យុទ្ធនាការ​នេះ​ចាប់​ផ្ដើម​ភ្លាម គឺ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​គាំទ្រ និង​ចូល​រួម​អនុវត្ត​តាម៖ «ជា​ដំបូង យើង​ស្នើសុំ​ប្រជា​ពលរដ្ឋ កុំ​បង្ហោះ​គ្រឿង​ស្រវឹង ឬ​ការ​ផឹក​ស៊ី​គ្រឿង​ស្រវឹង​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក បន្ទាប់​មក​ទៀត យើង​នឹង​និយាយ​អំពី​ផលវិបាក នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​បន្ត​មក​ទៀត យើង​នឹង​យុទ្ធនាការ ឬ​ធ្វើ​ការ​សកម្មភាព​ផ្សេងៗ ដើម្បី​ជំរុញ​ទៅ​ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស ខាង​រដ្ឋាភិបាល ឲ្យ​យក​សេចក្តី​ព្រាង​ច្បាប់​ដែល​បាន​ជាប់​គាំង តាំង​ពី​ឆ្នាំ២០១៥ មក ពន្លឿន​ពិនិត្យ​សា​ជា​ថ្មី និង​អនុម័ត​ឲ្យ​បាន​ឆាប់»។

យុវជន គង់ រ៉ៃយ៉ាង សង្កេត​ឃើញ​ថា ​គ្រឿង​ស្រវឹង ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ដោយ​មនុស្ស​ស្ទើរ​គ្រប់​វ័យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក​មិនទាន់​ឃើញ​រដ្ឋាភិបាល​មាន​ចំណាត់​ការ​ជាក់ស្ដែង​ណាមួយ​ដើម្បី​កាត់​បន្ថយ​នៅ​ឡើយ​ទេ។ យុវជន​រូប​នេះ​យល់ថា ប្រសិនបើ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​ត្រូវ​បាន​អនុម័ត និង​អនុវត្ត​មែន​នោះ វា​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​កម្ពុជា ដែល​កំពុង​រងគ្រោះ​ដោយសារ​ការ​រីក​រាល​ដាល​នៃ​ការប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង៖ « យើង​ឃើញ​ថា សេចក្ដី​ព្រាង​ច្បាប់​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ស្រវឹង​មាន​ការ​យឺតយ៉ាវ​ខ្លាំង​មែនទែន ចំណាយ​ពេល​ដល់​ទៅ ៥ឆ្នាំ ហើយ​នៅ​តែ​មិន អាច​អនុម័ត និង​ពិនិត្យ​ចប់​ទៀត។ ទោះ​ជា​យ៉ាង​ណា យើង​សង្កេត​ឃើញ​ថា បើ​ច្បាប់​គ្រប់គ្រង​បក្ស​នយោបាយ ប្រើ​ពេល​តែ​ប៉ុន្មាន​ខែ អនុម័ត​បាន​ភ្លាម ហើយ​ច្បាប់​គ្រប់​គ្រង​អង្គការ​សង្គម ស៊ីវិល ប្រើ​ពេល​តែ​មួយ​ភ្លែត​អនុម័ត​បាន​ភ្លាម ។ នេះ​បង្ហាញ​ពី​ឆន្ទៈ​ខុស​គ្នា​ក្នុង​ការ​ទប់​ស្កាត់​ទី១ ...»

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។ ទោះ​ជា​យ៉ាង​ណា លោក ផៃ ស៊ីផាន ធ្លាប់​បាន​បញ្ជាក់​កន្លង​មក​ថា សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​គ្រឿងស្រវឹង​នោះ​បាន​រុញ​ទៅ​ខាង អន្តរ​ក្រសួង​វិញ រួម​មាន ក្រសួងសុខាភិបាល​ជាដើម ដើម្បី​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត ​ព្រោះ​ខ្លាច​ច្បាប់​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ចំណូល​ពន្ធ​ដា​របស់​ជាតិ​ ប៉ះពាល់​ការងារ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​វិស័យ​គ្រឿងស្រវឹង​ និង​ប្រឆាំង​ចំពោះ​ចំណង់​ចំណូលចិត្ត​ ឬ​ការ​ប្រើ​ប្រាស់​ជា​ប្រចាំ​ថៃ្ង​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ទាក់ទង​នឹង​ករណី​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ សុំ​មិន​ទាន់​ឆ្លើយ​តប​ទេ ដោយ​សារ​កំពុង​ជាប់​រវល់​រឿង​ទប់​ស្កាត់​វីរុស​កូរ៉ូណា។

អង្គការ​សង្គម​ស៊ីវិល​និង​អ្នកតស៊ូ​មតិ​រឿង​គ្រឿងស្រវឹង​តែងតែ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ​ពន្លឿន​ដំណើរការ​​តាក់តែង​ច្បាប់​គ្រប់គ្រង​ផលិតផល​គ្រឿងស្រវឹង​ឱ្យ​បាន​ឆាប់រហ័ស​ដោយសារ​ពួកគេ​មើល​ឃើញ​ថា​គ្រឿងស្រវឹង​កំពុង​បំពុល និង​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​សង្គម​តាមរយៈ​ឥទ្ធិពល​អវិជ្ជមាន​របស់​វា​។

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​លោក​ មុំ​ គង់​ គាំទ្រ​ចំពោះ​យុទ្ធនាការ​របស់​យុវជន​កម្ពុជា ដែល​ចង់​ឲ្យ​មាន​ការ​កាត់​បន្ថយ​គ្រឿងស្រវឹង​នៅ​កម្ពុជា។ លោក​ទទួល​ស្គាល់​ថា ការ​ប្រើប្រាស់​គ្រឿងស្រវឹង​នៅ​កម្ពុជា មិន​បាន​ថយ​ចុះ​ទេ ​ដោយ​សារ​តែ​កម្ពុជា​ពុំ​ទាន់​មាន​ច្បាប់​ទប់ស្កាត់ ខណៈ​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ក្រុមហ៊ុន​គ្រឿងស្រវឹង កំពុង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ហើយ​ជ្រាប​ចូល​ទៅ​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ជ្រៅ៖ « សកម្មភាព​របស់​យុវជន​នេះ បង្ហាញ​ថា គាត់​បាន​យល់​ដឹង​អំពី​គ្រោះថ្នាក់​បង្ក​ដោយ​គ្រឿង​ស្រវឹង ដូច្នេះ​មិន​ត្រឹម​តែ​សម្រាប់​ខ្លួន​គាត់​ទេ គាត់​ចង់​ឲ្យ​យុវជន​ទូទៅ យល់​ជ្រាប​បញ្ហា​នេះ​ដែរ ហើយ​មួយ​ទៀត​នោះ​គឺ ពួក​គាត់​ធ្វើ​ឡើង​ក្នុង​គោល​បំណង​មួយ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់ ព្រោះ​មាន​តែ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ទេ ទើប​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង បាន ព្រោះ​គ្រាន់​តែ​ការ​អប់រំ​មិន​អាច​កាត់​បន្ថយ​បាន​ទេ »

អ្នកជំនាញ​ផ្នែក​សុខភាព​រូប​នេះ ក៏​ចូល​រួម​ស្នើសុំ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​អនុម័ត​ច្បាប់​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​ដូច​នៅ​ប្រទេស​ជាតិ​ខាង​កម្ពុជា មាន​ដូច​ជា ថៃ​ជាដើម។ លោក​បញ្ជាក់​ថា គ្រឿងស្រវឹង បង្ក​ឲ្យ​មាន​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ចំនួន ៤ធំៗ រួមមាន បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឲ្យ​មាន​ជំងឺ​ជាង ២រយ​មុខ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា និង​អសន្តិសុខ ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ភាព​ក្រីក្រ​ជា​ដើម។ ដូច្នេះ ផល​ប៉ះពាល់​នៃ​គ្រឿងស្រវឹង​នេះ​មាន​ទំហំ​ធំធេង​ជាង​ផល​ប្រយោជន៍​ ដែល​ទទួល​បាន​ពី​គ្រឿង​ស្រវឹង​ទៅ​ទៀត៖ « ការ​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​ប្រទេស​ថៃ បង្ហាញ​ថា ពន្ធ​ដែល​គេ​ប្រមូល​បាន​ពី​គ្រឿង​ស្រវឹង​នោះ គឺ​មាន​ដល់​ទៅ ៧រយ ៥០ពាន់​លាន​បាត​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​ការ​ចំណាយ ទៅ​លើ​សង្គម​វិញ ដូច​ជា ការ​ព្យាបាល​អ្នក​ជំងឺ ទុក្ខ​វេទនា​របស់​ប្រជា​ពលរដ្ឋ គឺ​ចំណាយ​ច្រើន​ដែរ ដែល​មាន​ន័យ​ថា ព័ន្ធ​ដែល​បាន​ពី​គ្រឿង​ស្រវឹង មិន​គ្រប់​គ្រាន់​សម្រាប់​ទូទាត់​ជាមួយ​អ្វី​គ្រឿង ស្រវឹង​ផ្ដល់​ផល​ប៉ះ​ពាល់​នោះ​ទេ »

ក្រុម​យុវជន និង​ភាគី​ពាក់ព័ន្ធ​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​បង្កើត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​គ្រឿងស្រវឹង​អះអាង​ថា​ បើ​សិន​ជា​មាន​ច្បាប់​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​នេះ ​​កម្ពុជា​នឹង​អាច​កាត់បន្ថយ​ហានិភ័យ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​គ្រឿងស្រវឹង ​ដូចជា ​អំពើ​ហិង្សា ​និង​គ្រោះថ្នាក់​ចរាចរណ៍​ជា​ដើម។ លើស​ពី​នេះ​ ច្បាប់​នេះ​នឹង​ក្លាយ​ជា​យន្តការ​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​សុខភាព​សាធារណៈ​សុខុមាលភាព​សង្គម​ សីលធម៌​សង្គម​ព្រមទាំង​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​និង​បង្កើត​ភាពជា​ដៃគូ​ពិត ប្រាកដ​រវាង​បុរស​និង​ស្ត្រី៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។