ក្រុម​យុវជន​ខ្លះ​ចាត់​ទុក​វិធី​ស្នាម​ញញឹម​ខ្មែរ​បំផុស​ស្មារតី​ជាតិ​និយម ​និង​បង្ហាញ​គុណតម្លៃ​ប្រាសាទ​បុរាណ​កេរមរតក​ដូនតា

0:00 / 0:00

ក្រុម​សិល្បករ​ និង​ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប​បាន​ដើរ​ហែ​ក្បូន​ទ្រង់ទ្រាយ​ធំ​ក្នុង​ពិធី​ស្នាម​ញញឹម​ខ្មែរលើកទី២ នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត ដើម្បី​បំផុស​ស្មារតី​ជាតិ​និយម ​និង​បង្ហាញ​ពី​គុណតម្លៃ​ប្រាសាទ​បុរាណ​កេរ​មរតក​ដូនតា​ ក្នុង​បំណង​ផ្សព្វផ្សាយ​ពី​ទេសចរណ៍វប្បធម៌។

ពួកគេ​ស្លៀក​ពាក់​ឈុត​បុរាណ បង្ហាញ​កាយ​វិការ​រស់រវើក រំលឹក​គុណ​បុព្វបុរស​ខ្មែរ និង​ដើម្បី​អបអរ ខួប​លើក​ទី​ ២០ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជ្យ​របស់​ព្រះ​មហាក្សត្រ សម្តេច ព្រះនរោត្ដម សីហមុនី។

មនុស្ស​រាប់​ពាន់​នាក់ ភាគ​ច្រើន​ជា​យុវជន និង​សិល្បករ​បាន​ចូលរួម​ពិធី​ស្នាមញញឹម​ខ្មែរ​លើក​ទី​​២​ នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត រយៈពេល​ពេល ២ថ្ងៃ ចាប់ពី​ថ្ងៃ​ទី២៩ ដល់​ថ្ងៃ​ទី​៣០ខែ​តុលា។

ពួកគេ​បាន​ដើរ​ហែក្បួន​ចម្រុះគ្នា​តាម​ទម្រង់​ប្រពៃណី​ជាតិ ដោយ​យុវជន​ខ្លះ​ស្លៀកពាក់​ប្រពៃណី​រួមមាន ឈុត​​​​​ល្ខោន​ខោល ល្បុក្កតោ ឈុត​ព្រះមុនីឥសី មេទ័ព​សម័យ​បុរាណ និង​ឈុត​ស្តេច​សម័យ​អង្គរ អម​ដោយ​គ្រូអាចារ្យ​ស្លៀក​ស បែប​ព្រហ្មញ្ញ​សាសនា​ជាដើម។ ពិធី​នេះ​ធ្វើឡើង​ ដើម្បី​បង្ហាញ​ឱ្យ​កូនខ្មែរ​ជំនាន់​ក្រោយ និង​ភ្ញៀវ​ទេសចរ​បាន​ឃើញ​នូវ​ទិដ្ឋភាព​អាណាចក្រ​អង្គរ បំណង​ពញ្ញាក់​អារម្មណ៍​ឱ្យ​កូន​ខ្មែរ​​ដឹងគុណ​បុព្វ​បុរស​ខ្មែរ​ ដែល​ពលី​ជីវិត​ការពារ​ទឹកដី។

សិល្បករ​ខ្មែរ​គ្រង​ឈុត​មេទ័ព​សម័យ​អង្គរ លោក លាង ឧត្តម ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា វត្តមាន​របស់​លោក​ ដែល​ចូលរួម​កម្ម​វិធី​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​ស្នាដៃ​វប្បធម៌​ខ្មែរ និង​បង្ហាញ​ពី​ភាព​អង់អាច​មេទ័ព​សម័យ​បុរាណ ធ្វើ​ចម្បាំង​ការពារ​ប្រជានុរាស្ត្រ។

លោក លាង ឧត្តម៖«ការ​ស្លៀកពាក់​នេះ​បង្ហាញ​ពី​មេទ័ព​អង់​អាច​ក្លាហាន​នា​សម័យ​អង្គរ​។ រាល់​មេទ័ព​ទាំង​អស់​សុទ្ធ​តែ​មាន​ស្នាដៃ​បន្សល់​ទុក​នៅ​ក្នុង​អង្គរវត្ត ជាពិសេស ​អ្នក​ដែល​ជួយ​ថែ​ទាំ​មរតក​ជាតិ»។

យុវជន​មួយ​រូប​ទៀត ​គ្រង​ឈុត​​អប្សរា កញ្ញា សំអុល សុមនា យល់​ថា កញ្ញា​ចូលរួម​​វិធី​នេះ​ គឺដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ភ្ញៀវ​ទេសចរ​ស្គាល់​ពី​វប្បធម៌​ខ្មែរ ដែល​មាន​ទំនៀមទម្លាប់​ល្អ​ផូរផង់ និង​ថ្លៃថ្នូរ​ លើកមុខ​មាត់​ជាតិ​ខ្មែរ។ កញ្ញា​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​រួម​គាំទ្រ និង​ផ្តល់​តម្លៃ​ផលិត​ផល​ខ្មែរ​ ព្រម​ទាំង​សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ។

កញ្ញា សំអុល សុមនា៖«ចង់​ឱ្យ​បងប្អូន​ខ្មែរ​ទាំង​អស់​គ្នា​ចូលរួម​លើក​ស្ទួយ​ និង​គាំទ្រ​ស្នាដៃ​ខ្មែរ​យើង ដូចជា​ពេល​មាន​បុណ្យ​ទាន​ និង​កម្ម​វិធី​អ្វី​មួយ​សូម​ឱ្យ​ចូលរួម​ស្លៀក​ពាក់​ខោអាវ​បូរាណ​ឱ្យ​ភ្ញៀវ​បរទេស​ស្គាល់​ខ្មែរ​យើង​កាន់​តែ​ច្បាស់»។

យុវជន​ម្នាក់​ទៀត គឺកញ្ញា ឡេ លីមី និយាយ​ថា កញ្ញា​ស្លៀកពាក់​ឈុត​ប្រពៃណី​មក​ចូល​រួម​វិធី​នេះ ដើម្បី​លើក​កម្ពស់​តម្លៃ​ស្ត្រី​ខ្មែរ​បង្ហាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ស្គាល់​អំពី​សំលៀក​បំពាក់​ស្ត្រី​ខ្មែរ​កាល​ពី​បុរាណ។

កញ្ញា ឡេលីមី៖«ស្នាម​ញញឹម​គឺ​ជា​សិល្បៈ​មួយ​ ដែល​មាន​ភាព​ទាក់ទាញ ​ដូចជា​ យើង​ញញឹម​ដាក់​ភ្ញៀវ​បរទេស​ទៅ​គេ​ពេញ​ចិត្ត​ថា ប្រទេស​កម្ពុជា​ពិត​ជា​រួសរាយ​មែន ដែល​ទទួល​ស្វាគមន៍​ពួកគេ​យ៉ាង​កក់​ក្តៅ»។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សមាគម​សិល្បករ​ខ្មែរ អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​រួមគ្នា​រៀបចំ​កម្មវិធី «ស្នាម​ញញឹម​ខ្មែរលើកទី២ » ក្រោម​ប្រធាន​បទ" យើង​រួមគ្នា​ ដើម្បី​វប្បធម៌ទេសចរណ៍" ដើម្បី​ជំរុញ​បង្កើត​ព្រឹត្តិការណ៍​សកម្មភាព​សិល្បៈ​វប្បធម៌ ព្រម​ទាំង​សកម្មភាព​ផ្សេងៗ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ។

អាជ្ញាធរ​ថា ព្រឹត្តិការណ៍​នេះ​ គឺ​ដើម្បី​បំផុស​ស្នាម​ញញឹម​​ពលរដ្ឋ​ខ្មែរ​ តាម​រយ:​ការ​តាំង​ពិព័រណ៍​ស្នាដៃ​ផ្សេងៗ​ របស់​ខ្មែរ បង្ហាញ​ទៅកាន់​ពិភពលោក ដែល​ជា​ផ្នែក​មួយ​​នៃ​ការ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ជាតិ ​រុញ​វិស័យ​ទេសចរណ៍ ឱ្យ​ងើប​ឡើង​វិញ។

កម្មវិធី​នេះ ​មាន​ការ​តាំង​បង្ហាញ​ពិព័រណ៍​មុខ​ម្ហូប​ខ្មែរ បន្លែ​ធម្មជាតិ អនុផល​ព្រៃឈើ​ សិប្បកម្ម​ និង​ផលិតផល​ចម្រុះ​របស់​ខ្មែរ​ជាដើម។

អាជ្ញាធរ​អះអាង​ថា ពិធី​នេះ​មាន​មនុស្ស​ចូល​រួម​ជាង ៣ម៉ឺន​នាក់ (៣០.៩៧៨) ក្នុង​នោះ​មាន​សិល្បករ​ជាង ៥០០​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៣​ពាន់នាក់ (៣.១៧៨)។ ព្រឹត្តិការណ៍​នេះ​មាន​សិល្បករ​ល្បីៗ ​ស្លៀក​ពាក់​ឈុត​បុរាណ លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ រាំ​របាំ​ប្រពៃណី និង​អម​ដោយ​តន្ត្រីករ​សម័យ​បុរាណ​ជាដើម។

រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា បាន​ថ្លែង​ក្នុង​វិធី​នោះ​ថា​ កម្មវិធី​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដើម្បី​បង្ហាញ​ឱ្យ​កូនខ្មែរ​ និង​ភ្ញៀវ​ទេសចរ​ស្គាល់​ នូវ​ពិធី​ឡើង​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​បុរាណ រហូត​ដល់​បច្ចុប្បន្ន។

អ្នកស្រី ភៀង សកុណា៖«យើង​ដឹង​ហើយ​ពេល​ស្ដេច​ឡើង​គ្រង​រាជ សព្វ​ថ្ងៃ​ យើង​ធ្វើ​មិន​បាន​ដូច​ពី​មុន​ទេ!ប៉ុន្តែ​យើង​ត្រូវ​ដឹង​ក្នុង​នាម​ខ្មែរ​ថា សម័យ​អង្គរ​មាន​កិត្តិសព្ទ​ល្បីល្បាញ​ដល់​កម្រិត​ណា?​ដូច្នេះ​ហើយ​នៅ​ក្នុង​ពិធី​ឡើង​គ្រងរាជ​របស់​ព្រះមហាក្សត្រ​ខ្មែរ តែងតែ​មាន​នូវ​វត្ថុ​បញ្ចក្សត្រ​មួយ​ចំនួន និង​កេតនភណ្ឌ​ចាំបាច់ ក្នុង​ការ​ឡើង​គ្រងរាជ»។

អាជីវក​លក់​វត្ថុ​អនុស្សាវរីយ លោក មាគ ស៊ន យល់​ថា ពិធី​នេះ​មាន​សារៈសំខាន់​ណាស់ ផ្តល់​ឱកាស​ឱ្យ​លោក​បង្ហាញ​ស្នាដៃ​ច្នៃប្រឌិត​ផលិត​ផលខ្មែរ​ ផ្សព្វផ្សាយ​ប្រាប់​ភ្ញៀវ​ទេសចរ។ លោក​យល់​ថា ព្រឹត្តិការណ៍​នេះ ​ជាផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​កើន​ឡើងវិញ។

លោក មាគ ស៊ន៖«នេះ​ជា​ឱកាស​ក្នុង​ការ​បើក​បង្ហាញ​វប្បធម៌​របស់​យើង​ និង​បងប្អូន​គាំទ្រ​ផលិតផល​ខ្មែរ​យើង ហើយ​តាម​កម្មវិធី​ស្នាម​ញញឹម​នេះ​ ក៏​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​និយម​ងាក​មក​ប្រើប្រាស់​ផល​ខ្មែរ​ច្រើន»។

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​រួមគ្នា​រៀបចំ​កម្មវិធី «ស្នាម​ញញឹម​នៃ​កម្ពុជា​លើកទី១» ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ក្នុងបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ដើម្បី​រុញ​វិស័យ​ទេសចរណ៍​ឱ្យ​​ងើប​ឡើង​វិញ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ញាំញី​ដោយ​បទ​ឧក្រិដ្ឋ​ធំៗ​ មួយ​ចំនួន ដូច​ជា ​ការ​ជួញ​ដូរ​មនុស្ស ការ​ឆបោក​តាម​អនឡាញ ការ​ចាប់​ជំរិត និង​អំពើ​ហិង្សា​ផ្សេងៗ ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ញញើត​មក​ទស្សនា​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។