មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទទួលស្គាល់ថា ភាគីវៀតណាមពិតជាមិនបានសុំសិទ្ធិក្នុងការសាងសង់អគារចម្លងទំរង់ ប្រាសាទអង្គរវត្ត ពីភាគីកម្ពុជានោះទេ ហើយក្រសួងបានបញ្ជូនមន្ត្រីជំនាញចុះស្រាវជ្រាវរឿងនេះ និងដោះស្រាយបញ្ហាទៅតាមដំណាក់កាលនីមួយៗ។ ក្រុមយុវជន និងសង្គមស៊ីវិល លើកឡើងថា រឿងវៀតណាមដែលបានលួចចម្លងស្ថាបត្យកម្ម អច្ឆរិយខ្មែរប្រាសាទអង្គរវត្ត ដោយមិនបានសុំសិទ្ធិពីភាគីកម្ពុជាធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃវប្បធម៌ខ្មែរ។
មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទទួលស្គាល់ថា ក្នុងការសាងសង់សំណង់ប្រាសាទនៅលើទឹកដីវៀតណាមកន្លងមក គឺជាការខុសឆ្គងមួយ ដោយសារតែភាគីវៀតណាមមិនបានសុំសិទ្ធិ និងផ្តល់ដំណឹងជូនភាគីកម្ពុជាឱ្យបានដឹងនោះទេ ក្នុងការសាងសង់ប្រាសាទដែលយករចនាបថតាមប្រាសាទអង្គវត្តខ្មែរ។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៤ ខែកុម្ភៈ បញ្ជាក់ថា ភាគីវៀតណាមពិតជាមិនបានសុំសិទ្ធិក្នុងការសាងសង់ប្រាសាទនេះពីប្រទេសកម្ពុជានោះទេ ហើយលោកថា ក្រសួងក៍បានបញ្ជូនមន្ត្រីជំនាញចុះត្រួតពិនិត្យស្រាវជ្រាវក្នុងករណីនេះដែរ។ លោកអះអាងថា ប្រសិនបើកម្ពុជារកឃើញថា ក្នុងការសាងសង់ប្រាសាទនៅលើទឹកដីវៀតណាមនោះ ដោយមានការលួចចម្លងពីប្រាសាទអង្គរខ្មែរ ភាគីកម្ពុជានឹងចាត់វិធានការទៅតាមដំណាក់កាលនីមួយៗ៖ « យើងគ្រាន់ចង់ថា នេះជាជ្រុងមួយកាលណាវៀតណាមអត់សុំការអនុញ្ញាតគាត់ខុសហើយ។ អញ្ចឹងយើងក៍អត់ដឹងដល់ម៉ោងនេះថាសង់របៀបម៉េច ត្រូវធ្វើឱ្យដូចអង្គរវត្តទាំងអស់នៅលើទឹកដីហ្នុង អាហ្នឹងអត់បានទេ យើងមាននីតិវិធីធ្វើតទៀត »។
ក្រុមយុវជន និងសង្គមស៊ីវិល យល់ថា ការសាងសង់ដោយបានលួចចម្លងបែបបថរចនាប្រាសាទអង្គរវត្តនៅលើទឹកដីវៀតណាម ដោយមិនបានចរចាជាមួយកម្ពុជាបែបនេះ មិនបានឆ្លុះបញ្ជាំងឱ្យឃើញថា ភាគីវៀតណាមជួយលើកកម្ពស់វប្បធម៌ខ្មែរឱ្យសកលលោកបានស្គាល់នោះទេ។
ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង លើកឡើងថា វាជាការគួរឱ្យភ្ញាក់ផ្អើល នៅពេលដែលមានជាតិមួយលួចចម្លងស្នាដៃពីបូរាណកាលរបស់កម្ពុជា ដោយភាគីកម្ពុជាមិនបានដឹងពីការសាងសង់ចម្លងស្ថាបត្យកម្មអច្ឆរិយខ្មែរ។ លោកបន្តថា ប្រាសាទអង្គរវត្តជានិមិត្តរូបនៃដួងព្រលឹងបុព្វបុរសខ្មែរ ប្រសិនបើវៀតណាមលួចចម្លងស្នាដៃកេរ្តិ៍ដំណែលដូនតាខ្មែរក្នុងការផ្សព្វផ្សាយលើទឹករបស់ខ្លួនដោយគ្មានការអនុញ្ញាតពីភាគីកម្ពុជា វាជារឿងអសីលធម៌ ហើយក្រសួងវិចិត្រសិល្បៈ ត្រូវតែជួបពិភាក្សាជាមួយអង្គទូតវៀតណាមបកស្រាយឱ្យបានច្បាស់លាស់៖ «យើងធ្លាប់អះអាងថា ជាមិត្តភក្តិ។ មិត្តភក្តិគេមិនមែនកេងប្រវ័ញ្ចគ្នាទៅវិញទៅមកទេ។ ក្រសួងវប្បធម៌ត្រូវតែទទួលខុសត្រូវបកស្រាយចំពោះមុខមហាជនប្រសិនបើគ្មានការអនុញ្ញាត តាមរយៈតំណាងស្ថាប័នរដ្ឋត្រូវតែធ្វើកំណត់ទូត បញ្ជូនព័ត៌មានបញ្ជាក់ពីភាគីវៀតណាមឱ្យខានតែបាន »។
គេហទំព័រវៀតណាមមួយឈ្មោះ Foody.VN បង្ហាញ ប្រាសាទមួយស្រដៀងនឹងប្រាសាទអង្គរវត្តស្ថិតនៅចំកណ្តាលទីក្រុងដាណាំង (Da Nang) នៃប្រទសវៀតណាម។ គេហទំព័រនោះបញ្ជាក់ថា ការសាងសង់ស្ថាបត្យកម្មប្រាសាទអង្គរវត្តនេះ គឺបានយកគម្រូតាមតំបន់ប្រវត្តិសាស្ត្រវប្បធម៌បុរាណល្អបំផុត ដែលមានលក្ខណៈពិសេសអច្ឆរិយៈតែមួយគត់របស់ពិភពលោកនៅទឹកដីប្រទេសកម្ពុជា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបកស្រាយជុំវិញរឿងនេះពីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានទេនៅថ្ងៃទី៤ ខែកុម្ភៈ។
ជុំវិញរឿងនេះ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ថាប្រាសាទអង្គរវត្ត គឺជាស្នាដៃដ៏អស្ចារ្យដែលបុព្វបុរសខិតខំកសាងបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ មិនគួរណាបណ្តោយឱ្យជនបរទេសឈ្លានពានរំលោភកម្មសិទ្ធិបញ្ញាចម្លងបែបរចនាបថវប្បធម៌ខ្មែរបែបនេះឡើយ។ លោកជំរុញដល់រដ្ឋាភិបាលកម្ពុជាឱ្យតវ៉ាឬចរចាជាមួយភាគីវៀតណាមដើម្បីកុំឱ្យមានការលួចចម្លងបែបប្រាសាទអង្គរវត្តខ្មែរទាំងស្រុង និងមានប្រើប្រាស់ខុសពីអត្ថន័យនៃដួងព្រលឹងជាតិខ្មែរ៖ «អញ្ចឹងបើអាជ្ញាធរកម្ពុជាបញ្ជាក់ថា គ្មានការឯកភាពគ្នាណាមួយទេ កម្ពុជាចាំបាច់ត្រូវដាក់ឯកសារមួយចំនួនដើម្បីជំនាស់នឹងការសាងសង់ដែលមានលក្ខណៈចម្លងបែបនេះ។ ព្រោះអីបេតិកភណ្ឌជាតិប្រាសាទអង្គរវត្ត គឺមានតម្លៃខ្នាតពិភពលោក »។
កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅអាជ្ញាធរថៃក៍បានរៀបចំពិធីបុកគ្រឹះលើកដំបូងនិងផ្សព្វផ្សាយសារនិងរូបថតនៃគម្រោង និងការដ្ឋានសំណង់ប្រាសាទថ្មមួយនៅក្នុងប្រទេសថៃ ដែលប្រហាក់ប្រហែលនឹងប្លង់នៃប្រាសាទអង្គរវត្ត។ ការដ្ឋានសំណង់នេះត្រូវបានសង្ស័យថា ថៃកំពុងចម្លងប្រាសាទអង្គរវត្តឬហៅថាអង្គរវត្តទី២ ដែលថៃប្រសិទ្ធិនាមថា «ប្រាសាទសីហនគរ» ស្ថិតក្នុងបរិវេណវត្តមួយនៅឃុំបានសឹង្គ (BanSing) ស្រុកនាងរ៉ង (Neangrong) ខេត្តបុរីរម្យ (Boryram)នៃប្រទេសថៃ។
អំឡុងឆ្នាំ២០១៥ រដ្ឋាភិបាលឥណ្ឌាក៍បានព្រមផ្អាកការសាង់សង់ប្រាសាទមួយនៅលើប្រទេសរបស់ខ្លួន ដែលបានយកលំនាំរចនាបថតាមប្រាសាទអង្គរវត្តខ្មែរក្រោយពីប្រជាពលរដ្ឋខ្មែរថ្កាលទោសពីការកសាងប្រាសាទនោះ និងមានការជួយអន្តរាយគមន៍ពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។
ទោះជាយ៉ាងណា ក្រុមយុវជន និងសង្គមស៊ីវិលជំរុញដល់រដ្ឋាភិបាលកម្ពុជាត្រូវជជែកជាមួយភាគីវៀតណាមឱ្យបកស្រាយពីការកសាងសំណង់នៅលើទឹកដីវៀតណាមនេះ ដែលបានលួចយកគម្រូតាមប្រាសាទអង្គរវត្តដោយគ្មានការអនុញ្ញាត។ ពួកគេយល់ថា ការសាងសង់ចម្លងតាមប្រាសាទអង្គរវត្តខ្មែរនៅប្រទេសវៀតណាមនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានតម្លៃមនុស្សជាតិលេចធ្លោជាសកល និងបានធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃវប្បធម៌ខ្មែរ។
គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានដាក់ប្រាសាទទាំងឡាយនៅក្នុងតំបន់អង្គរទាំងមូល ព្រមទាំងបរិវេណ និងព្រៃព្រឹក្សានៅតំបន់អង្គរ ដែលមានទំហំប្រមាណជាង ៤០០គីឡូម៉ែត្រការ៉េ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅខែធ្នូ ឆ្នាំ១៩៩២។
មន្រ្តីជំនាញរបស់កម្ពុជាអះអាងថា ដោយសារប្រាសាទអង្គរបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក តាមច្បាប់អន្តរជាតិ ប្រាសាទនេះក៏ត្រូវបានការពារជាសម្បត្តិវប្បធម៌ដែលមានការរក្សាសិទ្ធិ មិនអាចប្រទេសណាឬជនណាចម្លងឬធ្វើតាមបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។