សំណុំរឿងឆបោករបស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលមានទំនាក់ទំនងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅតែមិនទាន់អាចដោះស្រាយចេញនៅឡើយទេ ទោះបីជា បានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំហើយក្ដី។
ក្រុមជនរងគ្រោះរាប់រយនាក់នៅតែបន្តស្រែកទាមទារឲ្យរដ្ឋាភិបាល ពន្លឿនដំណោះស្រាយ ដើម្បីឲ្យក្រុមអ្នកទទួលខុសក្នុងសំណុំរឿងឆបោកនេះ ចេញមុខសងលុយទៅពួកគាត់វិញ ខណៈជនរងគ្រោះខ្លះ បានឈឺស្លាប់ជាបន្តបន្ទាប់ ដោយសាររង់ចាំដំណោះស្រាយ ហើយគ្មានប្រាក់សងទៅធនាគារ។
កាលពីពេលថ្មីៗនេះ ក្រុមជនរងគ្រោះជាច្រើននាក់ បាននាំគ្នាទៅតវ៉ានៅខាងមុខតុលាការខេត្តសៀមរាប ជំរុញឲ្យចាត់វិធានការឲ្យលឿន ពីព្រោះ បុគ្គលិកធនាគារបានបង្ខំពួកគាត់ ឲ្យលក់ដីស្រែ និងដីផ្ទះសម្បែង ដើម្បីប្រមូលលុយសងទៅធនាគារវិញ។
ក្នុងការតវ៉ានេះ មានជនរងគ្រោះខ្លះបានលើកឡើងទាំងឈឺចាប់ថា ពួកគាត់ជឿទុកចិត្ត ហ៊ានយកប្លង់ដី និងផ្ទះសម្បែង ទៅបញ្ចាំនៅធនាគារ ដើម្បីយកលុយទៅវិនិយោគជាមួយក្រុមហ៊ុន ឡេង ចាន់ណា គឺដោយសារពួកគាត់ជឿជាក់លើការឃោសនាថា ក្រុមហ៊ុននេះ គឺមានលោក ហ៊ុន ម៉ាណែត និងមន្ត្រីជិតស្និទ្ធរបស់លោក ហ៊ុន ម៉ាណែត នៅពីក្រោយ។
ជុំវិញរឿងនេះ តុលាការបានសម្រេចឃុំខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្សពួកប្រមាណ ១០ នាក់ តាំងពីដើមឆ្នាំ ២០២៤ ពីបទឆបោក និងសម្អាតប្រាក់ ប៉ុន្តែសំណុំរឿងនេះហាក់នៅទ្រឹង ហើយលុយ ក៏មិនទាន់បានសងត្រឡប់ទៅជនរងគ្រោះវិញដែរ៕
#នេះជាគំនិតរបស់អ្នកគូររូបត្លុក!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
