អង្គភាពប្រឆាំងព័ត៌មានក្លែងក្លាយថៃ បានបដិសេធការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលថា «ក្រសួងការពារជាតិថៃ បញ្ជាមិនឱ្យពលរដ្ឋកម្ពុជា និងថៃ ធ្វើកិច្ចកម្មលើប្រាសាទតាមាន់ធំ» នោះ គឺជាព័ត៌មានមិនពិត ដែលអាចបង្កើតជម្លោះរវាងប្រទេសទាំងពីរ។ ការចេញមកប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃមួយចំនួន បានផ្សព្វផ្សាយជុំវិញបញ្ហានេះ ខុសពីខ្លឹមសារដើម ដោយក្ដោបព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ខណៈអ្នកនយោបាយ និងពលរដ្ឋថៃមួយចំនួន បានព្យាយាមទៅច្រៀងចម្រៀងជាតិ នៅប្រាសាទតាមាន់ធំ។
ក្រសួងការពារជាតិថៃ តាមរយៈអង្គភាពប្រឆាំងព័ត៌មានក្លែងក្លាយថៃ (Anti-Fake News Center Thailand) កាលពីថ្ងៃទី១១ ខែមីនា បានបញ្ជាក់ថា ក្រសួងមិនបានបញ្ជាឱ្យហាមពលរដ្ឋកម្ពុជា និងថៃ ធ្វើសកម្មភាពនៅប្រាសាទតាមាន់ធំ នោះទេ ដោយក្រសួងការពារជាតិថៃ បានស្នើសុំកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការបង្ហាញពីអត្តសញ្ញាណជាតិ នៅក្នុងតំបន់ព្រំដែន ដែលអាចបង្កើតទៅជាជម្លោះរវាងប្រទេស និងប្រទេស។
ក្រសួងការពារជាតិថៃលើកឡើងថា តំបន់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ព្រំដែន ប្រាសាទតាមាន់ធំ ជាប់ព្រំដែនខេត្តឧត្តរមានជ័យ និងខេត្ត ឧប៊ុន រាឆាថានី (Ubon Ratchathani) ជាប់ទឹកដីខេត្តព្រះវិហាររបស់កម្ពុជា គឺជាតំបន់រសើប ដែលត្រូវតែមើលថែយ៉ាងប្រុងប្រយ័ត្ន ដើម្បីរក្សាសណ្ដាប់ធ្នាប់ ទប់ស្កាត់ជម្លោះ និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ នៅក្នុងកិច្ចព្រមព្រៀងរួមរវាងគណៈកម្មាធិការព្រំដែនកម្ពុជា និងថៃ។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិថៃ បញ្ជាក់ថា ពលរដ្ឋនៅតែអាចធ្វើដំណើរ ធ្វើពាណិជ្ជកម្ម និងចូលទៅទស្សនាបានដូចធម្មតា ប៉ុន្តែ សូមជៀសវាងសកម្មភាព ដែលអាចបណ្ដាលឱ្យមានការយល់ច្រឡំនៅក្នុងតំបន់ ដែលងាយរងគ្រោះ ឬបង្កើតជម្លោះរវាងប្រជាជននៃប្រទេសទាំងពីរ។
នេះជាលើកទី ២ ហើយដែលក្រសួងការពារជាតិថៃ ចេញមកបំភ្លឺចំពោះរឿងវិវាទនៅតំបន់ប្រាសាទតាមាន់ធំ ដោយកន្លងទៅរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយ ដែលថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានទាក់ទងទៅលោក ដើម្បីនិយាយសុំទោស រឿងពលរដ្ឋខ្មែរ ច្រៀងចម្រៀងមនសិការជាតិ នៅមុខប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ដែលបង្កឱ្យមានទំនាស់រវាងកងទ័ពនៃប្រទេសទាំងពី។ កាលនោះ លោក ភូមិថាំ បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត មិនបានសុំទោសលោកនោះទេ ដោយត្រឹមតែបង្ហាញការសោកស្ដាយ។
ការចេញមកបញ្ជាក់របស់ក្រសួងការពារជាតិថៃនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងរបស់ថៃមួយ បានរៀបចំក្បួនដង្ហែបក្សទៅកាន់ខេត្តសុរិន្ទ(Surin) ដើម្បីប្រារព្ធកម្មវិធីច្រៀងបទភ្លេងជាតិថៃ នៅប្រាសាទតាមាន់ធំ កាលពីថ្ងៃអាទិត្យ ទី៩ ខែមីនា ប៉ុន្ដែ ត្រូវយោធាថៃហាមឃាត់ និងស្នើឱ្យផ្លាស់ប្ដូរទីតាំងទៅប្រាសាទ បានភ្លួង (BanPhluang) ក្បែរនោះវិញ។ ករណីស្រដៀងគ្នាមួយទៀត បានកើតឡើង កាលពីថ្ងៃទី១០ ខែកុម្ភៈ គឺមានករណីព្រះសង្ឃ និងដូនជីជនជាតិថៃមួយក្រុម បាននាំគ្នាធ្វើដំណើរទៅប្រាសាទតាមាន់ធំ ដើម្បីច្រៀងចម្រៀងជាតិថៃ ប៉ុន្តែ ត្រូវអាជ្ញាធរថៃហាមឃាត់ បណ្ដាលឱ្យមានការតវ៉ាតឹងសរសៃកដាក់គ្នា រវាងក្រុមព្រះសង្ឃ និងអាជ្ញាធរ។
បញ្ហានេះ បានធ្វើឱ្យអ្នកខេត្តសុរិន្ទ ដែលរស់នៅក្បែរតំបន់ប្រាសាទតាមាន់ធំ ចេញមកអង្វរក្រុមអ្នកជាតិនិយម កុំឱ្យមកបង្កើតស្ថានការណ៍នៅតំបន់ប្រាសាទមួយនេះ ដែលអាចបង្កទៅជាការប្រឈមមុខដាក់គ្នាខាងផ្នែកយោធា។
ទាក់ទិនរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ១៣ ខែមីនា ថា បញ្ហាវិវាទរឿងព្រំដែន រវាងកម្ពុជា និងថៃ មានភាពមិនច្បាស់លាស់ ដោយរដ្ឋាភិបាលប្រទេសទាំងពីរ បានលើកឡើងអំពីទំនាក់ទំនងល្អរវាងគ្នានឹងគ្នា លើផ្នែកការទូត ប៉ុន្តែ ស្ថាប័នការពារជាតិ នៃប្រទេសទាំងពីរ បែរជាមានការចល័តទ័ពស្ងាត់ៗ ទៅវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ កិច្ចការព្រំដែននៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឡាំ ជា ដើម្បីសុំការឆ្លើយតប ជុំវិញបញ្ហានៅពេលនេះបានទេ នៅថ្ងៃទី១៣ ខែមីនា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណា តយល់ឃើញថា ភាគីថៃបានប្រើប្រាស់វិធីត្រជាក់ ដើម្បីបន្ថយភាពតានតឹងជាមួយកម្ពុជា ក្នុងគោលបំណងកុំឱ្យកម្ពុជាលើកយកបញ្ហានេះ ប្ដឹងទៅតុលាការអន្តរជាតិ ដូចករណីប្រាសាទព្រះវិហារ ដែលតុលាការអន្តរជាតិទីក្រុងឡាអេ សម្រេចឱ្យកម្ពុជាឈ្នះក្ដីចំនួន ២ដង។
ពាក់ព័ន្ធនឹងរឿងព្រំដែននេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីដ ស្ងៀមផុង្ស (Maris Sangiampongsa) បានអះអាងថា កន្លងទៅ លោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក្នុងឱកាសជួបប្រជុំនៅប្រទេសវៀតណាម (Vietnam) ដោយក្នុងជំនួបនោះ អ្នកទាំងពីរបានពិភាក្សាគ្នា រឿងភាពចម្រូងចម្រាសនៅព្រំដែនប្រាសាទតាមាន់ធំ។ ក្នុងកិច្ចពិភាក្សាទ្វេភាគីនេះ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នា ទុកបញ្ហានេះ ឱ្យគណៈកម្មការតំបន់របស់ប្រទេសទាំងពីរជាអ្នកដោះស្រាយ ដោយអះអាងថា វិវាទនៅប្រាសាទតាមាន់ធំ មិនមែនជាបញ្ហាធំដុំ ដែលត្រូវយកមកពិភាក្សាក្នុងក្របខ័ណ្ឌអន្តរជាតិនោះឡើយ។
ទោះបីជារដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរលើកឡើងបែបនេះក្ដី បើក្រឡេកមើលតាមព្រំដែនវិញ កងទ័ពប្រទេសទាំងពីរ បានចល័ត និងបង្កើនការដើរល្បាតនៅតាមព្រំដែនត្រង់តំបន់មានជម្លោះ ខណៈយោធាថៃ បានធ្វើសមយុទ្ធខាងផ្លូវអាកាស ដោយមានការបើកយន្តហោះចម្បាំង (F-16) នៅជាប់ព្រំដែនកម្ពុជា នៅតំបន់ប្រាសាទតាមាន់ធំទៀតផង។
ជុំវិញការចល័តទ័ព ទៅកាន់តំបន់ភូមិភាគ២ ក្នុងភូមិភាគឦសាន ជាប់ព្រំដែនកម្ពុជានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ បានអះអាងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៣ ខែមីនា ថា គឺជាភារកិច្ចការពារតាមព្រំដែន ដែលទាហានថៃ តែងតែអនុវត្តជាធម្មតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។