អ្នកឃ្លាំមើលលើកឡើងថា មេដឹកនាំកម្ពុជា បានបង្ហាញពីគោលជំហរមិនច្បាស់លាស់ នៅក្នុងការដោះស្រាយវិវាទនៅព្រំដែនក្នុងតំបន់ប្រាសាទតាមាន់ធំ។ ការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញគោលជំហរដោះស្រាយបញ្ហាព្រំដែនទាំងផ្លូវការទូត និងផ្លូវយោធា និងបាននិយាយផ្ចាញ់ផ្ចាល ឱ្យក្រុមអ្នកប្រឆាំង លើកទ័ពទៅធ្វើសង្គ្រាម នៅសមរភូមិជួរមុខ។
មិនខុសពីរឿងវិវាទដែនសមុទ្រនៅក្នុងតំបន់ដែលអះអាងថា«ត្រួតស៊ីគ្នា» និងបញ្ហាកោះគជ់ នោះឡើយ ក្នុងរឿងវិវាទនៅប្រាសាទតាមាន់ធំ នៅលើភ្នំដងរែក មេដឹកនាំកម្ពុជា នៅតែប្រកាន់គោលជំហរចរចាទ្វេភាគីជាមួយថៃ ខណៈអ្នកឃ្លាំមើល បារម្ភថា ភាគីថៃប្រើប្រាស់វិធីត្រជាក់ ដើម្បីបន្ថយភាពតានតឹងជាមួយកម្ពុជា ដើម្បីទប់មិនឱ្យកម្ពុជា យកបញ្ហាវិវាទនេះ ប្ដឹងទៅតុលាការអន្តរជាតិ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែមីនា ថា ការលើកឡើងរបស់មេដឹកនាំកម្ពុជា ជុំវិញការដោះស្រាយវិវាទព្រំដែន នៅប្រាសាទតាមាន់ធំ នោះ មានភាពមិនច្បាស់លាស់ និងមានលក្ខណៈជាវោហារសាស្ត្រ ប៉ុន្តែគ្មានការអនុវត្តន៍។
លោក អ៊ុំ សំអាន៖ «វិធីធ្វើសង្គ្រាម មិនមែនជាវិធីវៃឆ្លាតនោះទេ ហើយវ៉ៃហើយមិនប្ដឹងថៃទៅតុលាការអន្តរជាតិ អ៊ីចឹងយើងនឹងបាត់បង់ប្រាសាទតាមាន់តូចទាំងស្រុង ហើយប្រាសាទតាមាន់ធំ និងតាក្របី អាចនឹងបាត់ពាក់កណ្ដាល ឬបាត់ទាំងស្រុង បើសិនជាយើងមិនប្ដឹងទៅតុលាការអន្តរជាតិនោះទេ ហើយនៅតែបន្តចរចាទ្វេភាគី»។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមពិធីបិទសន្និបាតសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ថា បញ្ហាព្រំដែន គួរតែដោះស្រាយដោយការចរចាដោយសន្តិវិធី និងបច្ចេកទេស ជាជាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដែលធ្វើឱ្យខាតបង់ទាំងសងខាង។ តែទោះជាយ៉ាងនេះក្ដី លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជានឹងប្រើប្រាស់គ្រប់មធ្យោបាយ រួមទាំងកម្លាំងយោធា ប្រសិនបើមានការបំពានណាមួយដោយប្រដាប់អាវុធ ឬក្រុមអ្នកប្រឆាំងថៃ ដែលលោកហៅថា ជាអ្នកជ្រុលនិយម មកលើបូរណភាពទឹកដីកម្ពុជា។
លោក ហ៊ុន ម៉ាណែត៖ «កម្ពុជាកាលឆ្នាំ២០០៨ យើងអត់មាន ស្រែកអ្ហេកអ្ហកទេ។ ប៉ុន្តែ តែអ្នកឯង (ថៃ) ចូលរំលោភ ប្រើវិធីសាស្ត្រ កងកម្លាំងប្រដាប់អាវុធ យើងប្រើវិធីសាស្ត្រត្រៀមគ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារបូរណភាពទឹកដីរបស់យើង រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ម្ដងទៀត អត់ខ្លាចទេ ខ្ញុំសុំបញ្ជាក់។ ប៉ុន្តែរដ្ឋាភិបាលមិនចង់ឱ្យមានសង្គ្រាមផ្ទុះឡើងទេ ព្រោះវាលំបាក»។
ទោះជាបែបនេះក្ដី កន្លងមកមេដឹកនាំថៃ បានអះអាងថា តំបន់ប្រាសាទតាមាន់ធំ គឺជាទឹកដីរបស់ថៃ ដែលមិនទាន់កំណត់ព្រំដែន ហើយក្រោយការលើកឡើងនេះ មេដឹកនាំកម្ពុជាមិនបានធ្វើកំណត់ទូត ដើម្បីតវ៉ាជុំវិញការអះអាងរបស់ភាគីថៃនេះឡើយ។
ផ្ទុយទៅវិញ លោក ហ៊ុន ម៉ាណែត បានប្រកាសបែបឌឺដងទៅកាន់អ្នកប្រឆាំង ដោយបំពាក់អាវុធ និងផ្ដល់ក្របខ័ណ្ឌយោធាដល់ពួកគេ ហើយបញ្ជូនទៅយាមនៅព្រំដែនកម្ពុជា-ថៃ រយៈពេល ៦ខែ បន្ទាប់ពីលោកបានចោទក្រុមអ្នកប្រឆាំងថា មានបំណងបំផុសបំផុលឱ្យកម្ពុជា និងថៃ ផ្ទុះសង្គ្រាមនៅព្រំដែន ដោយលើកយកបញ្ហាកោះគជ់ និងប្រាសាទតាមាន់ធំ មកធ្វើជាដើមហេតុ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេស (Norway) លោក ម៉ែន ណាត យល់ឃើញថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត មានភាពមិនច្បាស់លាស់ និងខ្វះគុណតម្លៃ ដោយការលើកឡើងរបស់លោក ហាក់មានបំណងធ្វើប្រជាភិថុតិ និងវាយប្រហារអ្នករិះគន់ ជាជាងការបង្ហាញពីគោលនយោបាយ ដែលមានភាពច្បាស់លាស់ និងប្រាកដប្រជា។
លោក ម៉ែន ណាត៖ «អ្វីដែលលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន លើកឡើង គឺកំពុងយកពិន្ទុទស្សនជាតិនិយម ពីកម្ពុជា ដែលគ្មានផលប្រយោជន៍អ្វីចំណេញសម្រាប់ការចរចាលើបូរណភាពទឹកដីនោះទេ។ គ្រាន់តែស្អំចិត្តប្រជាពលរដ្ឋឱ្យស្ងាត់ស្ងៀមប៉ុណ្ណឹងហើយ ស្ងាត់ៗ ក៏បន្តការចរចាទ្វេភាគី រួចសម្រេចចិត្តបោះបង់ចោលនូវកោះគជ់ និងសម្រេចចិត្តឱ្យថៃហ្នឹង បន្តគ្រប់គ្រងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ពាក់កណ្ដាលទៀត ហើយបោះបង់ចោលប្រាសាទតាមាន់តូច»។
ពាក់ព័ន្ធទៅនឹងវិវាទនៅព្រំដែនប្រាសាទតាមាន់ធំនេះ កាលពីពេលកន្លងទៅ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងថៃ បានជួបពិភាក្សាគ្នា នៅក្នុងជួបប្រជុំមួយនៅប្រទេសវៀតណាម (Vietnam)។ ក្នុងកិច្ចពិភាក្សាទ្វេភាគីនេះ ភាគីនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាទុកបញ្ហានេះ ឱ្យគណៈកម្មការតំបន់របស់ប្រទេសទាំងពីរជាអ្នកដោះស្រាយ ដោយអះអាងថា វិវាទនៅប្រាសាទតាមាន់ធំ មិនមែនជាបញ្ហាធំដុំ ដែលត្រូវយកមកពិភាក្សាក្នុងក្របខ័ណ្ឌអន្តរជាតិនោះឡើយ។ ដោយឡែក ក្រសួងការពារជាតិថៃបានស្នើដល់ពលរដ្ឋខ្លួន ឱ្យឈប់ការបង្ហាញអត្តសញ្ញាណជាតិ នៅក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយអះអាងថា ដើម្បីបង្ការកុំឱ្យមានជម្លោះជាមួយកម្ពុជា។
តែយ៉ាងណាក្ដី កងទ័ពប្រទេសទាំងពីរ បានបន្តចល័ត និងបង្កើនការដើរល្បាតនៅតាមព្រំដែនត្រង់តំបន់មានជម្លោះ ខណៈយោធាថៃ បានធ្វើសមយុទ្ធខាងផ្លូវអាកាស ដោយមានការបើកយន្តហោះចម្បាំង (F-16) ក្បែរតំបន់ជាប់ព្រំដែនកម្ពុជា នៅប្រាសាទតាមាន់ធំ ទៀតផង។ មេទ័ពថៃ ប្រចាំនៅតំបន់ភូមិភាគ២ អះអាងថា សមយុទ្ធផ្លូវអាកាសនេះ គឺជាភារកិច្ចការពារតាមព្រំដែន ដែលទាហានថៃ តែងតែអនុវត្តធ្វើជាធម្មតា។
អ្នកឃ្លាំមើលកម្ពុជាលើកឡើងថា ដើម្បីបញ្ចប់វិវាទរឿងព្រំដែនជាមួយថៃ ភាគីកម្ពុជា គួរតែលើកយករឿងនេះ ប្ដឹងទៅតុលាការអន្តរជាតិ និងផ្ញើកំណត់ទូតទៅកាន់រដ្ឋាភិបាលថៃ ឱ្យត្រៀមខ្លួន ហើយការធ្វើរបៀបនេះ នឹងអាចបញ្ចៀសទំនាស់រវាងកម្ពុជា និងថៃ តាមផ្លូវយោធា និងបង្ការកុំឱ្យពលរដ្ឋនៃប្រទេសទាំងពីរមានអរិភាពជាមួយគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។