កំពង់ផែ​ទ័ព​ជើងទឹក​រាម​នឹង​ត្រូវ​សម្ពោធ​នៅ​ដើម​ខែ​មេសា ហើយ​នាវា​ជប៉ុន​នឹង​ចូល​ចត​មុន​

អ្នក​តាមដាន​ស្ថានការណ៍​លើកឡើង​ថា កម្ពុជា​នៅតែ​ត្រូវ​ដោះស្រាយ​បញ្ហា​មន្ទិល​សង្ស័យ​រឿង​វត្តមាន​យោធា​ចិន​នៅ​ផែ​នេះ។

កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ដែល​ត្រូវ​បាន​សាងសង់ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន នឹង​ត្រូវ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​មេសា ឆាប់ៗ​នេះ។ អ្នក​តាមដាន​ស្ថានការណ៍​លើកឡើង​ថា កម្ពុជា​នៅតែ​ត្រូវ​ដោះស្រាយ​បញ្ហា​មន្ទិល​សង្ស័យ​រឿង​វត្តមាន​យោធា​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ព្រោះ​រឿង​នេះ​នៅតែ​ជា​បញ្ហា​រសើប​សម្រាប់​សន្តិសុខ​ក្នុង​តំបន់។

កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​នាវា​ជប៉ុន​ចូល​ចត​មុន​គេ​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម ក្រោយ​កំពង់ផែ​នេះ​ត្រូវ​បាន​សាងសង់​រួច និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជំហាន​ទី ១ នៅ​ដើម​ខែ​មេសា ខាង​មុខ​នេះ។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​លោក វង្ស ពិសេន ក្នុង​ជំនួប​ផ្ទាល់​ជាមួយ​នាយ​ការិយាល័យ​សេនានុព័ន្ធ​ជប៉ុន​ថ្មី​ប្រចាំ​នៅ​កម្ពុជា លោក ហារ៉ា តាកាស៊ី (Hara Takashi) នៅ​ព្រឹក​ថ្ងៃ​ទី ១៨ មីនា។

លោក វង្ស ពិសេន គូស​បញ្ជាក់​ថា ការ​ផ្ដល់​អាទិភាព​ឱ្យ​នាវា​ជប៉ុន​ចូល​ចត​មុន​គេ ដែល​លោក​ហៅ​ថា ជា «ប្រវត្តិសាស្ត្រ» នេះ គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន មាន​គោលជំហរ​ខ្ពស់​ក្នុង​កិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​ឱ្យ​ដឹង​លើ​ទំព័រ​ហ្វេសប៊ុក​ថា មន្ត្រី​ជប៉ុន​បាន​ឆ្លើយ​តប​ទៅ​លោក វង្ស ពិសេន វិញ​ថា ការ​យល់ព្រម​ឱ្យ​នាវា​ជប៉ុន​ចូល​ចត​មុន​គេ​នៅ​កំពង់ផែ​រាម​នេះ «បង្ហាញ​ពី​តម្លាភាព​ក្នុង​ការ​ពង្រឹង​សន្តិសុខ​អន្តរជាតិ»។

ជុំវិញ​រឿង​នេះ អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ យល់​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​នាវា​ជប៉ុន​ចូល​ចត​មុន​គេ ក្រោយ​ការ​សម្ពោធ​កំពង់ផែ​រាម​នេះ គឺ​ដើម្បី​សម្រួល​ភាព​តានតឹង​ជុំវិញ​ការ​ចោទ​ប្រកាន់​រឿង​វត្តមាន​យោធា​ចិន​នៅ​កំពង់ផែ​រាម ព្រោះ​ជប៉ុន​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក ហើយ​ជប៉ុន​មិនមែន​ជា​គូ​ប្រជែង​ចំពោះ​មុខ​របស់​ចិន​ក្នុង​បញ្ហា​នេះ​ទេ។

ដើម្បី​ជម្រះ​ឱ្យ​អស់​មន្ទិល​សង្ស័យ មានតែ​ដំណោះស្រាយ​ពីរ​យ៉ាង​ទេ។ ទី​មួយ អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​យោធា​អាមេរិក ជប៉ុន ចិន រុស្ស៊ី ឬ​អឺរ៉ុប ជាដើម ចូលរួម​ពិនិត្យ​រួមគ្នា​នៅ​តំបន់​កងទ័ពជើងទឹក​សមុទ្រ​រាម។ ដំណោះស្រាយ​ទីពីរ ទាល់តែ​ស្ដារ​ប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ ឱ្យ​កម្ពុជា​មាន​គណបក្ស​ប្រឆាំង។ គណបក្ស​ប្រឆាំង គឺជា​មុខមាត់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ក៏​ជា​បង្អែក​នៃ​ទំនុក​ចិត្ត​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ពិនិត្យ​មើល និង​តាមដាន​ការ​ប្រតិបត្តិ​រវាង​រដ្ឋាភិបាល​ជាមួយ​នឹង​ទំនាក់ទំនង​យោធា​នៃ​បណ្ដា​ប្រទេស​នានា ដូចជា ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត ជាដើម។

—  លោក គឹម សុខ អ្នក​អត្ថាធិប្បាយ​នយោបាយ

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​ក្នុង​ការ​អនុញ្ញាត​ឱ្យ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ឈរ​ជើង​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ដែល​បញ្ហា​នេះ​កំពុង​បង្ក​ជា​កង្វល់​ទាក់ទង​នឹង​បញ្ហា​អសន្តិសុខ​តំបន់​ទាំងមូល ព្រោះ​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន និង​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​ចិន​ខាងត្បូង​ផ្ដាច់មុខ​តែ​ម្នាក់​ឯង។ កងទ័ព​រំដោះ​ប្រជាជន​ចិន គឺជា​អ្នក​ជួយ​សាងសង់​កំពង់ផែ និង​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា។

ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ មាន​តែ​នាវា​ចម្បាំង​ចិន​ប៉ុណ្ណោះ​ដែល​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​ចូល​ចត​នៅ​កំពង់ផែ​រាម ខណៈ​នាវា​ចម្បាំង​របស់​សហរដ្ឋអាមេរិក កាណាដា និង​ជប៉ុន ជាដើម ត្រូវ​បាន​ភាគី​កម្ពុជា​បង្វែរ​ឱ្យ​ទៅ​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​វិញ។ កាលពី​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ ថ្មីៗ​នេះ រូបភាព​ផ្កាយរណប​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បង្ហាញ​ថា មាន​នាវា​ចម្បាំង ២ គ្រឿង​ទៀត​របស់​ចិន បាន​ចូល​ចត​នៅ​កំពង់ផែ​ថ្មី ដែល​ចិន​បាន​ស្ថាបនា​ក្នុង​មូលដ្ឋាន​ទ័ព​រាម នៅ​ទល់​មុខ​គ្នា​នឹង​នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​ទៀត​ដែល​បាន​ចត​នៅ​ទីនោះ តាំង​តែ​ពី​ឆ្នាំ​មុន។ តាម​គម្រោង ភាគី​ចិន​នឹង​ប្រគល់​គ្រឿង​បរិក្ខារ​ថ្មីៗ​ជាច្រើន​នៅ​ឯ​មូលដ្ឋាន​ទ័ព​រាម បូករួម​ទាំង​កំពង់ផែ និង​នាវា​ចម្បាំង ២ គ្រឿង ដល់​កម្ពុជា។

អ្នកនាំពាក្យ​កងទ័ពជើងទឹក​កម្ពុជា​លោក ថោង សូលីម៉ូ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP (Associated Press) ថា ពិធី​សម្ពោធ​កំពង់ផែ​ជើងទឹក​រាម​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ០២ មេសា ក្រោម​អធិបតីភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​លោក វង្ស ពិសេន អះអាង​ក្នុង​ជំនួប​ជាមួយ​មន្ត្រី​យោធា​ជប៉ុន​ថា ជំហរ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​គឺ​នឹង​បើក​ចំហ​ឱ្យ​នាវា​ប្រទេស​ដទៃ​ដែល​មក​ធ្វើ​ទស្សនកិច្ច ឬ​ធ្វើ​សម​យុទ្ធ​នៅ​កម្ពុជា ចូល​ចត​នៅ​កំពង់ផែ​រាម ក្រោយ​ពី​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជំហាន​ទី​មួយ និង​បន្ទាប់ពី​មាន​ការ​ចូល​ចត​របស់​នាវា​ជប៉ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។