ក្រុមប្រឹក្សាឃុំពីរនាក់មកពីគណបក្សភ្លើងទៀននៅខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅរាជធានីភ្នំពេញ ដោយគ្មានមូលហេតុ។ គ្រួសាររិះគន់ចំណាត់ការនេះថា ជាការធ្វើទុក្ខបុកម្នេញលើសំឡេងប្រឆាំង ហើយទាមទារឱ្យដោះលែងសកម្មជនទាំងនោះឱ្យមានសេរីភាពឡើងវិញ។
សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀននៅស្រុកចំការលើ ខេត្តកំពង់ចាម និងជាជំទប់ទី២ ឃុំជយោ លោក ម៉ៅ ហេន នៅព្រឹកថ្ងៃទី១៧ ខែមីនា។ ចំណែកជំទប់ទី២ ឃុំតាប្រុក ស្រុកចំការលើ មកពីបក្សភ្លើងទៀនម្នាក់ទៀត គឺលោក កាន់ គុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅល្ងាចថ្ងៃទី១៦ ខែមីនា។ គ្រួសារចាត់ទុកការចាប់ខ្លួនសមាជិកបក្សប្រឆាំងនេះថាជាការធ្វើទុក្ខបុកម្នេញលើអ្នកមាននិន្នាការផ្ទុយរដ្ឋាភិបាល។
ប្រពន្ធលោក ម៉ៅ ហេន គឺលោកស្រី មៀច ទៀង ប្រាប់វិទ្យុអាស៊ីសេរីថា សមត្ថកិច្ចជាច្រើននាក់បានលួចឆ្មក់ចាប់ប្ដីលោកស្រីនៅមុខសាលាបឋមសិក្សាជយោ អំឡុងពេលគាត់ធ្វើដំណើរទៅធ្វើការនៅសាលាឃុំ ដោយគ្មានដីកាចាប់ខ្លួនឡើយ។ លោកស្រីព្រួយបារម្ភពីសុវត្ថិភាព និងសុខភាពប្ដី ដែលជាជនពិការជើង និងមានបញ្ហាសុខភាពប្រចាំកាយ។ លោកស្រីទាមទារឱ្យសមត្ថកិច្ចដោះលែងប្តីត្រឡប់មកផ្ទះវិញ ពីព្រោះគាត់ជាសកម្មជនបក្សប្រឆាំងម្នាក់ដែលបម្រើពលរដ្ឋនៅមូលដ្ឋានដ៏ស្មោះកន្លងមក។
ប្ដីខ្ញុំ គឺគាត់អត់ដែលធ្វើទុក្ខបុកម្នេញអ្វី ទៅលើប្រជាពលរដ្ឋទេ គាត់មិនខុសផង ហើយសមត្ថកិច្ចមកចាប់គាត់ញាត់ឡាន ដោយគ្មានដីកាអ្វីទាំងអស់ ខ្ញុំដូចពិបាកដែរដល់អ៊ីចឹង ខ្ញុំស្នើសុំឱ្យសមត្ថកិច្ចដោះលែង អនុវត្តគ្រោះគាត់មក ពីព្រោះគាត់អត់ដែលធ្វើអ្វីខុសទេ គាត់ធ្វើការរាល់ថ្ងៃនេះ ដើម្បីតែប្រជាពលរដ្ឋប៉ុណ្ណោះ។
— លោកស្រី មៀច ទៀង ប្រពន្ធលោក ម៉ៅ ហេន
ចំណែកកូនស្រីលោក កាន់ គុន គឺលោកស្រី កាន់ វណ្ណី ប្រាប់វិទ្យុអាស៊ីសេរីដែរថា សមត្ថកិច្ចស្រុកចំការលើ និងខេត្តកំពង់ចាម ជិត ១០នាក់ ជិះឡានបីគ្រឿងសម្រុកចូលចាប់ឪពុកលោកស្រី បណ្ដើរចេញពីចម្ការស្វាយចន្ទី នៅក្បែរផ្ទះ ហើយរុញបញ្ចូលឡានដឹកចេញទៅបាត់។ លោកស្រីចាត់ទុកការចាប់ខ្លួននេះ ពាក់ព័ន្ធរឿងនយោបាយ ពីព្រោះឪពុករបស់លោកស្រីមិន ដែលមានទំនាស់ជាមួយអ្នកណាឡើយ។
សមត្ថកិច្ចចាប់ឪពុកខ្ញុំអ៊ីចឹង គឺអត់មានប្រជាធិបតេយ្យសោះ បើគាត់ខុសសូមចេញដីកាមក ឪពុកខ្ញុំធ្វើការនៅសាលាឃុំតើ ខ្ញុំគិតថាជារឿងនយោបាយច្រើនជាង ពីព្រោះខ្ញុំក៏បានដឹងពីឪពុកខ្ញុំខ្លះៗ ដែរថា គាត់ជាអ្នកនយោបាយគឺអ្នកណាក៏ស្គាល់ និងចូលចិត្តគាត់ដែរ ដោយសារគាត់ចូលរួមជាមួយបក្សប្រឆាំងតាំងពីដំបូងអើយមក ខ្ញុំសុំអំពាវនាវដល់រដ្ឋាភិបាលដោះលែងឪពុករបស់ខ្ញុំមកវិញ គាត់អត់មានកំហុសអ្វីទេ ហើយអង្គការផ្សេងៗសូមជួយអន្តរាគមន៍ឱ្យដោះលែងឪពុករបស់ខ្ញុំបានមកវិញផង
— លោកស្រី កាន់ វណ្ណី កូនស្រីលោក កាន់ គុន
ឆ្លើយតបរឿងនេះ ស្នងការខេត្តកំពង់ចាមលោក ហេង វុទ្ធី ប្រាប់វិទ្យុស៊ីសេរីតាមប្រព័ន្ធតេឡេក្រាមថា សមត្ថកិច្ចពិតជាបានចុះចាប់ខ្លួនលោក គាន់ គុន និងលោក ម៉ៅ ហេន មែន។ លោកឱ្យដឹងថា សមាជិកបក្សប្រឆាំងពីរនាក់នោះ ត្រូវបានបញ្ជូនទៅរាជធានីភ្នំពេញហើយ។ លោក ហេង វុទ្ធី បដិសេធបញ្ជាក់ពីមូលហេតុពាក់ព័ន្ធការចាប់ខ្លួននេះ ដោយលោករុញឱ្យទៅសួរសមត្ថកិច្ចនៅក្រុងភ្នំពេញវិញ។
ចំណែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មិនទាន់ឆ្លើយតបនឹងសំណួររបស់វិទ្យុអាស៊ីសេរី តាមប្រព័ន្ធតេឡេក្រាមនៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។
មកទល់ពេលនេះ មានសកម្មជនបក្សប្រឆាំងនៅខេត្តកំពង់ចាមជិត ១០នាក់ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់។ ក្នុងនោះភាគច្រើនត្រូវបានតុលាការដោះលែងវិញ ក្រោយពីពួកគាត់ប្រកាសចុះចូលជាមួយបក្សកាន់អំណាច។ លើសពីនេះ តុលាការខេត្តកំពង់ចាម ក៏បានសើរើសំណុំរឿងចាស់ៗកោះហៅ និងចេញដីកាចាប់ខ្លួនសកម្មជនបក្សប្រឆាំងនៅខេត្តនេះបន្ថែមទៀត ក្រោមបទ ញុះញង់ ក្លែងឯកសារ និងរួមគំនិតក្បត់។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថាការចាប់ខ្លួនមនុស្សដោយគ្មានដីកា និងមិនប្រាប់ពីមូលហេតុឱ្យសាមីខ្លួន និងក្រុមគ្រួសារបានដឹងជាមុនជាការ រំលោភសិទ្ធិ និងបំពានគោលការណ៍ច្បាប់។ លោកទទូចឱ្យអាជ្ញាធរគួរពិចារណាដោះលែងពួកគាត់ត្រឡប់មកផ្ទះវិញ ដើម្បីធានានូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងអ្នកនយោបាយ ព្រមទាំងបញ្ចៀសការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ពាក់ព័ន្ធបញ្ហាហ្នឹងដែរ ខ្ញុំសូមឱ្យអ្នកនយោបាយបន្តជជែកគ្នាលើបញ្ហានយោបាយ ហើយបើកលំហទៅ មានតែការជជែកគ្នាហ្នឹងទេដែលធ្វើឱ្យលំហនយោបាយ សេរីភាពរបស់អ្នកនយោបាយមានភាពប្រសើរសម្រាប់ប្រទេសកម្ពុជាយើង ពីព្រោះវេលាកាន់តែទៅរកឆ្នាំ២០២៧ ២០២៨ ដែលអ្នកនយោបាយតែងតែប្រើប្រាស់វោហារសាស្ត្រ ដើម្បីយុទ្ធនាការបោះឆ្នោត។
— លោក យិន ម៉េងលី អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក
រយៈពេលជាង ១ឆ្នាំ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សកម្មជននយោបាយ សកម្មជនសង្គម សហជីព និងប្រជាពលរដ្ឋជាង ១០០នាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់។ ក្នុងនោះមនុស្សជាង ៧០នាក់ កំពុងជាប់ឃុំ និងមួយចំនួនទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ ក្រោមលក្ខខណ្ឌធ្វើវីដេអូសុំទោសចេញពីពន្ធនាគារ ឬប្រកាសចុះចូលជាមួយបក្សកាន់អំណាច។
ក្រុមអង្គការជាតិ អន្តរជាតិ រួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំៗ ថ្កោលទោសជាបន្តបន្ទាប់ ថាការចាប់ឃុំខ្លួនទាំងនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយទាមទារឱ្យដោះលែងពួកគាត់វិញជាបន្ទាន់ និងឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។