ពលរដ្ឋ អ្នកការពារសិទ្ធិមនុស្ស និងអ្នកតាមដានបញ្ហានយោបាយ និងសង្គមយល់ថាមេកងអង្គរក្ស លោក ហ៊ុន សែន មិនទៅចូលរួមសវនាការទៅតាមការកោះហៅរបស់តុលាការនេះ ដោយសារពួកគេភ័យខ្លាច និងមិនចង់បង្ហាញអ្នកបញ្ជាពីក្រោយសំណុំរឿងបោកគ្រាប់បែកលើហ្វូងបាតុករកាលពីឆ្នាំ១៩៩៧។
ពលរដ្ឋ អ្នកការពារសិទ្ធិមនុស្ស និងអ្នកតាមដានបញ្ហានយោបាយ និងសង្គមយល់ឃើញស្រដៀងគ្នាថា លោក ហ៊ីង ប៊ុនហៀង និង ហ៊ុយ ពិសិដ្ឋ ទំនងជាភ័យខ្លាចការបង្ហាញខ្លួននៅចំពោះមុខតុលាការយុត្តិធម៌នៃប្រទេសបារាំង ដោយសារតែពួកគេអាចជាអ្នករៀបចំផែនការដូចការចោទប្រកាន់។
តំណាងក្រុមយុវជនគាំទ្រគណបក្សសង្រ្គោះជាតិនៅប្រទេសកូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត មើលឃើញថា ជនត្រូវចោទទាំង២រូបនេះអាចដឹងច្បាស់ថាខ្លួនជាប់ពាក់ព័ន្ធទើបមិនហ៊ានចូលសវនាការ។
និយាយបានថាគាត់ខ្លាចស្រមោលខ្លួនឯង។ គេហៅថា គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ។ អ៊ីចឹង គាត់មានការភ័យខ្លាចបានគាត់មិនទៅចូលរួមក្នុងការជំនុំជម្រះក្ដីហ្នឹង
— លោក យ៉ង់ ស៊ីណេត
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ចៅក្រមបានចេញដីកាចាប់ខ្លួន លោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការកងអង្គរក្ស លោក ហ៊ុន សែន មេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងលោក ហ៊ុយ ពិសិដ្ឋ ធ្លាប់ជាមេបញ្ជាការកងពលតូចលេខ៧០ បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ និងជានាយករងខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការរៀបចំផែនការ វាយប្រហារដោយគ្រាប់បែកលើការតវ៉ារបស់កម្មករ និងអ្នកគាំទ្រគណបក្សប្រឆាំង នៅភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
ទាក់ទងនឹងសវនាការ ដែលគ្មានជនត្រូវចោទនេះ អ្នកនាង លឹម គីមស័រ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានសង្ស័យថារឿងក្ដីនេះនឹងមិនមានយុត្តិធម៌ពេញលេញ នៅពេលដែលអាជ្ញាធរពាក់ព័ន្ធមិនបាននាំខ្លួនអ្នកពាក់ព័ន្ធចូលឆ្លើយឆ្លងគ្នាបង្ហាញការពិត។
សម្រាប់បុគ្គល ដែលមានឥទ្ធិពលខ្លាំងជាអ្នកជំនិតរបស់លោក ហ៊ុន សែន ទៀតហ្នឹង ខ្ញុំគិតថាពួកគាត់អាចមានវិធីសាស្ត្រផ្សេងៗ ក្នុងការការពារខ្លួនឯង ហើយមួយទៀតវាអាចថាលោក ហ៊ុន សែន គាត់បារម្ភពីរឿងក្ដីពាក់ព័ន្ធជាមួយគាត់ដែរ អ៊ីចឹងគឺគាត់អាចមានទំនាក់ទំនងក្រៅផ្លូវការ ជាមួយរដ្ឋាភិបាល ឬជាមួយតុលាការបារាំង ដើម្បីការពារទៅលើមនុស្សរបស់គាត់
— អ្នកនាង លឹម គីមស័រ
ដីកាចាប់ខ្លួន មេកងអង្គរក្សទាំង២នាក់នេះ គឺទៅតាមបណ្ដឹងរបស់លោក សម រង្ស៊ី។ តុលាការបារាំងក៏បានកោះហៅអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការវាយប្រហារដែរ ប៉ុន្តែរដ្ឋាភិបាលបារាំងបានរារាំងការចាប់ខ្លួនលោក ហ៊ុន សែន ក្រោមហេតុផលថាជាប្រមុខរដ្ឋាភិបាលមានអភ័យឯកសិទ្ធិ។
ពលរដ្ឋខ្មែររស់នៅប្រទេសបារាំង លោក ទេព មនោរម្យ យល់ឃើញថា មេកងអង្គរក្សលោក ហ៊ុន សែន ទំនងចង់ទទួលទោសជំនួសមេខ្លោងនៃរឿងនេះ គឺលោក ហ៊ុន សែន។
ប្រហែលជាគាត់ទុកឱ្យតុលាការហ្នឹងកាត់ទោសចុះ គាត់សុខចិត្តបដិសេធពីចម្ងាយ ហើយគាត់មិនហ៊ានមកទទួលទោសចំពោះមុខតុលាការបារាំងជាតុលាការឯករាជ្យ មិនលម្អៀងទៅខាងណានោះ
— លោក ទេព មនោរម្យ
បើទោះជាបែបណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែមីនាថា ជនរងគ្រោះនឹងអាចទទួលបានយុត្តិធម៌ពីតុលាការបារាំង បើទោះបីជា គូភាគីមិនមានវត្តមាននៅតុលាការក៏ដោយ។
ធ្វើមិនដឹងមិនឮយ៉ាងណាក៏ដោយ ដំណើរការនីតិវិធីគេគឺទៅមុខហើយ។ គេនឹងមានហេតុផលបញ្ជាក់យ៉ាងច្បាស់ឱ្យសមស្របតាមផ្លូវច្បាប់ ដែលគេមាន គេបានចែង។ ការបដិសេធ ការមិនទទួលយកហ្នឹងមិនមែនមានឥទ្ធិពលលើអំណាចរបស់តុលាការ ប្រទេសបារាំងដែលគេទាំងអស់គ្នាចាត់ទុកថាជាតុលាការមួយ ដែលផ្ដល់ភាពយុត្តិធម៌ទេ
— លោក ស៊ឹង សែនករុណា
ករណីគប់គ្រាប់បែកទៅលើហ្វូងបាតុករកាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខមន្ទីររដ្ឋសភាចាស់ ដែលមានគោលដៅសម្លាប់មេដឹកនាំបាតុកម្ម លោក សម រង្ស៊ី បានសម្លាប់មនុស្សចំនួន១៦នាក់ និងជាង១៥០នាក់របួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។