អ្នកតាមដាននយោបាយ៖ លោក ហ៊ុន សែន ជាអ្នកធ្វើឱ្យបែកបាក់ផ្ទៃក្នុងបក្សកាន់អំណាច

អ្នកតាមដានបញ្ហានយោបាយ និងមន្ត្រីគណបក្សប្រឆាំងលើកឡើងស្រដៀងគ្នាថា ការល្មោមអំណាចរបស់លោក ហ៊ុន សែន កំពុងធ្វើឱ្យផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាកាន់តែបែកបាក់គ្នា និងមិនមែនដោយសារគណបក្សប្រឆាំង ដូចការចោទប្រកាន់ពីលោក ហ៊ុន សែន ឡើយ។

ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បន្ត​ចោទ​ប្រកាន់​ជា​ថ្មី​លើ​ក្រុម​គណបក្ស​ប្រឆាំង ថា​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​បែក​បាក់​គ្នា ជាពិសេស ក្នុង​ចំណោម​ក្រុម​និយម​ខាង​អតីត​រដ្ឋមន្ត្រី​ក្រសួង​ផ្ទៃ​លោក ស ខេង ជាមួយ​ក្រុម​របស់​លោក​។

អតីត​តំណាងរាស្រ្ដ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ំ សំអាន លើកឡើង​ថា លោក ហ៊ុន សែន ខ្លួន​ឯង​ជា​អ្នក​ធ្វើ​ឲ្យ​ផ្ទៃ​ក្នុង​បក្ស​កាន់​អំណាច​បែក​បាក់​គ្នា ដោយសារ​តែ​មហិច្ឆតា​ប្រមូល​យក​អំណាច​ក្នុង​បក្ស​មក​ក្ដោបក្ដាប់​តែ​ម្នាក់​ឯង ដើម្បី​ត្រៀម​ផ្ទេរ​ទៅ​ឱ្យ​កូន ហើយ​បន្ត​ព្យាយាម​ផាត់​ចោល​ឥទ្ធិពល​នៃ​មេដឹកនាំ​បក្ស​សំខាន់​ៗ ដទៃ​ទៀត​ដូចជា លោក ស ខេង និង​លោក សាយ ឈុំ ជាដើម​។

ចុង​ក្រោយ​លោក ហ៊ុន សែន សុខ​ចិត្ត​ទៅ​ដណ្ដើម​តំណែង​លោក សាយ ឈុំ ដើម្បី​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា ហើយ​សុខ​ចិត្ត​ឱ្យ​លោក សាយ ឈុំ ដើរ​ទាត់​ខ្យល់ គ្មាន​ការងារ​ធ្វើ​ទៅ​។ ហើយ​លោក ស ខេង ឱ្យ​ទៅ​ធ្វើ​ជា​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ​អី​ទៅ ប៉ុន្តែ​អត់​មាន​តំណែង​អី​កាន់​ទាំង​អស់​។ យ៉ាងហោចណាស់ គួរ​តែ​ឱ្យ​លោក ស ខេង ធ្វើ​ជា​ប្រធាន​រដ្ឋសភា ឬ​ធ្វើ​ជា​អនុប្រធាន​ព្រឹទ្ធសភា បន្ទាប់​ពី​គាត់ (ហ៊ុន សែន) អី​ទៅ បាន​សម។

—  លោក អ៊ំ សំអាន

ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ចូលរួម​ក្នុង​ពិធី​បំពាក់​ឋានន្តរស័ក្ដិ ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ដល់​លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន នៅ​ថ្ងៃ​ទី​២១ មីនា ដែល​ធ្វើ​ឱ្យ​អ្នក​ពាក់​ផ្កាយ​៥ កើន​ដល់​៥​នាក់ ក្នុង​នោះ មាន​លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ប៉ុន្តែ​ផាត់​ចោល លោក ស ខេង ដែល​ជា​អ្នក​មាន​ឥទ្ធិពល​បំផុត​មួយ​ក្នុង​បក្ស​កាន់​អំណាច។

ប៉ុន្តែ​លោក ហ៊ុន សែន បកស្រាយ​ថា ការ​មិន​ផ្ដល់​ឋានន្តរស័ក្ដិ​ផ្កាយ​៥​ដល់​លោក ស ខេង ដោយសារ​លោក ស ខេង ជា​អ្នក​កាន់​ខាង​មន្ត្រី​ស៊ីវិល។ លោក​ថែម​ទាំង​ព្រមាន​តាម​កម្ទេច​ក្រុម​គណបក្ស​ប្រឆាំង ដែល​លោក​ចោទ​ថា ជា​អ្នក​តាម​បំបែកបំបាក់​ផ្ទៃ​ក្នុង​បក្ស​កាន់​អំណាច​។

អ្នក​ដែល​ធ្លាប់​បំបែកបំបាក់​គណបក្ស​ប្រជាជន​ទាំង​ប៉ុន្មាន គឺ​បែក​ខ្លួន​ឯង​ទាំង​អស់។ ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំ​ហ៊ាន​ធ្វើ បែក​ខ្លួន​ឯង​ទាំង​អស់។ បក្ស​ប៉ុន្មាន​ហើយ ចង់​បំបែក​គណបក្ស​ប្រជាជន ប៉ុន្តែ​ចង់​បញ្ចប់ លទ្ធផល​គឺ​បែក​ខ្លួន​ឯង​ទាំង​អស់។ ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​កិច្ច​ការងារ​នេះ ដោយ​មិន​ទុក​ឱ្យ​អ្នក​ឯង​រួច​ខ្លួន​ទេ។

—  លោក ហ៊ុន សែន

ប៉ុន្តែ​អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ មើល​ឃើញ​ថា លោក ហ៊ុន សែន ចង់​កម្ទេច​ក្រុម​លោក ស ខេង ឱ្យ​អស់​ចេញ​ពី​ផ្ទៃ​ក្នុង​គណបក្សប្រជាជន​កម្ពុជា ពីព្រោះ​លោក​ ស ខេង មាន​កម្លាំង​ធំ​ទាំង​នៅ​ក្នុង​ផ្ទៃ​បក្ស​និង​ក្នុង​ក្របខណ្ឌ​រាជការ​។ លោក​ថា លោក ហ៊ុន សែន មាន​វ័យ​កាន់​តែ​ចាស់​ជរា ដូច្នេះ​លោក​មិន​ចង់​ឱ្យ​មាន​ឧបសគ្គ​រារាំង​ផែនការ​ផ្ទេរ​តំណែង​ប្រធាន​បក្ស​ទៅ​កូន​ប្រុស​របស​លោក​គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះ​ទេ។

លោក ហ៊ុន​​ សែន លើកហេតុ​ផល​ថា លោក ស ខេង ជា​ស៊ីវិល ហើយ​ចុះ​លោកតា ជា ស៊ីម លោកតា ហេង សំរិន ជាស៊ីវិលដែរតើ ម្ដេច​ឱ្យ​គាត់​ពាក់​ផ្កាយ​៥​ទៅ​បាន​? ដូច្នេះ ការ​មិន​ឱ្យ​លោក ស ខេង ពាក់​ផ្កាយ​៥​នេះ មិន​មែន​មក​ពី​ហេតុផល លោក ស ខេង ស៊ីវិល​ទេ គឺ​លោក ហ៊ុន សែន ចង់​បំបែក​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​រុញ​ក្រុម​លោក ស ខេង ចេញ។ គឺ​លោក ហ៊ុន សែន ជា​អ្នក​បំបែក​ផ្ទៃ​ដោយ​ខ្លួន​ឯង គ្មាន​គណបក្ស​ប្រឆាំង​ឯណា​មាន​លទ្ធភាព​ចូល​ទៅ​បំបែក​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។

—  លោក គឹម សុខ

អ្នក​តាម​ដាន​បញ្ហា​នយោបាយ​លើកឡើង​ថា លោក ហ៊ុន សែន ​បាន​ប្រើប្រាស់​គ្រប់​ឧបាកល​ទុច្ចរិត​ដោយ​រំលោភ​ច្បាប់​ជាតិ​និង​អន្តរជាតិ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ក្នុង​ការ​តាម​កម្ទេច​គណបក្ស​ប្រឆាំង មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ ដូច​ជា​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៧ និង​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចាប់ចង​មន្ត្រី​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត និង​ការ​តាម​ទិញ​ទឹក​ចិត្ត​មន្ត្រី​បក្ស​ប្រឆាំង​ឱ្យ​ចុះចូល​ជាដើម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។